១១ ចំណុចបង្ហាញប្រាប់ពីមូលហេតុ និងផលប៉ះពាល់នៃអ្នកគិតច្រើនពេក
Connect with us

គួរដឹង

១១ ចំណុចបង្ហាញប្រាប់ពីមូលហេតុ និងផលប៉ះពាល់នៃអ្នកគិតច្រើនពេក

តើហេតុអ្វីបានជាអ្នកគិតច្រើន? អ្នកគិតច្រើនទៅលើបញ្ហាអ្វីខ្លះ? ពេលដែលអ្នកគិតច្រើនតើវាមានផលប៉ះពាល់អ្វីខ្លះដល់អ្នក និងសុខភាពរប​ស់អ្នក?

ការគិតច្រើនពេកគឺបណ្ដាលមកពី ការព្រួយបារម្ភពីបញ្ហាអនាគតពេក ការគិតតែពីភាពអវិជ្ជមាន ពិបាកក្នុងការជ្រើសរើសនិងការសម្រេចចិត្តជាដើម។ ចំពោះមនុស្សដែលគិតពីបញ្ហាស្មុគស្មាញច្រើនពេក នឹងធ្វើឲ្យប៉ះពាល់ដល់ការសម្រាកលង់លក់រប​ស់ពួកគេ ពេលខ្លះធ្វើឲ្យពួកគេភ្ញាក់ទាំងកណ្ដាលអាធ្រាត្រ ដើម្បីមកអង្គុយគិតពីវាព្រោះតែនៅមានអារម្មណ៍រសាប់រសល់ជាមួយនឹងបញ្ហាទាំងនោះ។ ១១ចំណុចខាងក្រោមនេះនឹងបង្ហាញប្រាប់ពីមូលហេតុនិងផលប៉ះពាល់នៃអ្នកគិតច្រើនពេក៖

 ការគិតពិចារណាហួសហេតុពេកគឺជាសម្លេងនៃការរិះគន់ដែលតែងតែព្យាយាមបំផ្លាញអ្នក ពីព្រោះវាធ្វើឲ្យមនុស្សគ្រប់គ្នានិងអ្វីៗជុំវិញអ្នកសង្ស័យ។ ហើយវាក៏ជាអ្នកធ្វើឲ្យអ្នកមានភាពស្រពិចស្រពិលមិនឈប់ដែរ ដែលជាហេតុធ្វើឲ្យយើងត្រូវតែគិតពីវាមិនចេះចប់មិនចេះហើយសោះ។ ចំពោះសម្លេងនៃការរិះគន់នេះដែរ វានឹងរារាំងអ្នកមិនឲ្យធ្វើតាមនូវអ្វីដែលជាសភាវគតិរបស់អ្នកឡើយ។

 ការគិតច្រើនពេកនឹងធ្វើឲ្យអ្នកបង្កើតនូវបញ្ហាជាច្រើន ហើយវានឹងនាំឲ្យអ្នកកាន់តែស្មុគស្មាញឡើងៗ។ ភាគច្រើនសំណួរដែលតែងតែចោទសួរនោះគឺ “ចុះបើសិនជា…” “ហេតុអ្វីបានជា…”។ល។ នេះគឺជាសំណួរដែលអ្នកតែងតែសួរខ្លួនឯង នៅពេលដែលអ្នកមានភាពសង្ស័យ ភាពមិនច្បាស់លាស់ទៅលើអ្វីមួយឬក៏ទៅលើនរណាម្នាក់។

 វាគឺជាសិល្បៈនៃការគិតច្រើនអំពីអ្វីដែលអ្នកបានបំផ្លាញមុនពេលវាចាប់ផ្ដើម ហើយអ្នកក៏ចាប់ផ្ដើមដាក់ទណ្ឌកម្ម ធ្វើបាបខ្លួនឯងខ្លាំងៗដោយការរំឮកវាមកគិតសារជាថ្មី។

 ប្រសិនបើអ្នកគឺជាប្រភេទមនុស្សដែលគិតច្រើនហួសហេតុពេក នោះអ្នកនឹងត្រូវទូលរែកនូវបញ្ហាជាច្រើនហើយត្រូវដោះស្រាយវាទាំងអស់ ព្រោះអ្នកចង់ដឹង ចង់ឃើញ ចង់ឮ ចង់យល់ពីមូលហេតុ ហើយអ្នកចង់វិភាគនិងឆ្លុះបញ្ចាំងពីវាឲ្យបានច្បាស់(រឿងដែលអត់បានការ ឬមួយក៏ជាការស្រម៉ៃដែលមិនមែនជាការពិតជាដើម)។ មិនមែនមានន័យថាមិនឲ្យអ្នកគិត មិនឲ្យអ្នកវិភាគអ្វីនោះទេ តែអ្នកត្រូវគិតចំពោះបញ្ហាដែលសំខាន់ ដែលជួយស្រោចស្រង់សង្គមជាតិឲ្យរីកចម្រើន។

 ការគិតពិចារណាហួសហេតុអាចជាប៉ារាស៊ីត ដែលធ្វើឲ្យខ្លួនអ្នកក្លាយជាជនរងគ្រោះ ហើយវាចាំបំផ្លាញសុភមង្គលរបស់អ្នក និងភាពជាម្ចាស់ការលើខ្លួនអ្នកឲ្យបាត់បង់ទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង។ ចិត្តគឺជារឿងស្មុគស្មាញនិងស្រស់ស្អាត ហើយមានមនុស្សតែម្នាក់គត់ដែលអាចបំផ្លាញខ្លួនអ្នកបាននោះគឺខ្លួនអ្នកនេះហើយ។

 អ្នកគិតពីបញ្ហា ដើម្បីគ្រប់គ្រងអនាគត និងផ្លាស់ប្ដូរអតីតកាលរបស់អ្នក​​ រឿងទាំងពីរនេះគ្មានប្រយោជន៍ទេ ព្រោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ធុញថប់ បារម្ភ និងស្ដាយក្រោយជាមួយនឹងរឿងនេះលើសដើម។ ការគិតច្រើនពេកគឺជាទម្លាប់មួយដ៏អាក្រក់ ដែលវាអាចនឹងឆក់យកនូវភាពសប្បាយរីករាយ សេរីភាព ភាពជឿជាក់ ភាពក្លាហាន ហើយប​ង្កឲ្យអ្នកទទួលរងនូវភាពឈឺចាប់។

 នៅពេលដែលអ្នកចង់សម្រាក ឬមួយក៏ព្យាយាមគេងឲ្យលក់ដើម្បីបំបាត់នូវទុក្ខកង្វល់ ភាពខ្វល់ខ្វាយ និងបញ្ហាស្មុគស្មាញផ្សេងៗ តែខួរក្បាលរបស់នៅតែបន្តការគិត បន្ដការធ្វើការបន្ថែម ព្រោះអារម្មណ៍ព្រួយបារម្ភរបស់អ្នកធ្វើឲ្យខួរក្បាលមិនបានសម្រាកគ្រប់គ្រាន់។

 បញ្ឈប់ការគិតជ្រុលពេក បើសិនជាអ្នកមិនអាចគ្រប់គ្រងស្ថានការណ៍បាន។ម្យ៉ាងទៀតអ្នកអាចគ្រប់គ្រងបានតែអ្វីដែលកំពុងកើតឡើងនៅក្នុងគំនិតរបស់អ្នក ហើយអ្នកអាចមានឥទ្ធិពលទៅលើពិភពលោក តែអ្នកមិនអាចគ្រប់គ្រងឬផ្លាស់ប្ដូរអ្វីដែលមាននៅលើពិភពលោកនេះបានទេ។ វាអាចជារឿងដែលគួរឲ្យធុញទ្រាន់ ជាពិសេសនៅពេលអ្នកគិតថាចក្ខុវិស័យរបស់អ្នកនៅជុំវិញអ្នកគឺខ្ពស់ជាងការបញ្ចេញមតិរប​ស់អ្នកដទៃ។

 ការគិតច្រើនពេកមិនបានផ្ដល់នូវអំណាចដល់អ្នកលើអ្វីៗដែលហួសពីការគ្រប់គ្រងរបស់អ្នកទេ​ នោះហើយជាមូលហេតុដែលអ្នកគួរតែអនុញ្ញាតិឲ្យខ្លួនឯងរស់នៅក្នុងបច្ចុប្បន្ន រស់នៅជាមួយនឹងភាពសប្បាយរីករាយ។

១០ ឈប់ព្រួយបារម្ភអំពីអ្វីដែលបានកើតឡើងនៅក្នុងអតីតកាល ឬ មួយក៏នឹងមានអ្វីកើតឡើងនៅថ្ងៃស្អែក ពោលគឺអ្នកគួរតែផ្ដោតទៅលើអ្វីដែលអ្នកអាចគ្រប់គ្រងបាននាពេលបច្ចុប្បន្ននេះ។ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ រីករាយនៅថ្ងៃនេះ គិតពីអ្វីដែលវិជ្ជមាន និង រំពឹងគិតថានឹងមានអ្វីដែលល្អចូលមកក្នុងជិវិតរបស់អ្នក ធ្វើឲ្យអ្នកក្លាយជាមនុស្សថ្មីម្នាក់។

១១ នៅពេលដែលអ្នកមិនអនុញ្ញាតិឲ្យខួរក្បាលរបស់អ្នកគិតពីបញ្ហាដែលអត់ប្រយោជន៍ឬ ក៏ស្មុគស្មាញ នោះអ្នកនឹងមានសន្តិភាពខាងផ្លូវអារម្មណ៍ មានភាពជឿជាក់ មានទំនុកចិត្តខ្ពស់លើខ្លួនឯង ហើយជិវិតអ្នកជួបតែភាពរីករាយនិងមានសុភមង្គល។

ដូចនេះនៅក្នុងអត្ថបទនេះមិនមែនមិនឲ្យអ្នកគិតពីរឿងអនាគត ឬរឿងអ្វីផ្សេងនោះទេ គ្រាន់តែក្រើនរំឮកដាស់តឿនដល់អ្នក កុំឲ្យគិតទៅលើបញ្ហាអ្វីមួយស្មុគស្មាញពេក ឬក៏ធ្ងន់ធ្ងរពេក ព្រោះវានឹងធ្វើឲ្យអ្នកកាន់តែវិលវល់នឹងឈឺក្បាលលើសដើម គិតអ្វីក៏មិនចេញ ធ្វើអ្វីក៏បរាជ័យដែរ៕

ប្រភពkumnit.com  

Trending

Copyright © 2019 ANARCHAK