បឹងយក្សឡោម៖ បន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុន បានក្លាយជារមណីយដ្ឋានធម្មជាតិ
Connect with us

ទេសចរណ៍

បឹងយក្សឡោម៖ បន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុន បានក្លាយជារមណីយដ្ឋានធម្មជាតិ

បឹងយក្សឡោម ជាបឹងមួយស្ថិតនៅចំកណ្តាលភ្នំក្នុងឃុំយក្សឡោម ស្រុកបានលុង ខេត្តរតនៈគិរី។ បឹងយក្សឡោម ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលគ្មានពីរក្នុងប្រទេស ដែលបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុនមកម៉េ្លះ។ ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា ដុះអមជុំវិញបឹងដែលជាម្លប់សម្រាប់កម្សាន្ត រីឯផៃ្ទទឹកមានពណ៌‌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឲ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះឡើយ។

រមណីយដ្ឋានបឹងយក្សឡោម មានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីទីក្រុងបានលុង ដែលជាបេះដូងនៃខេត្តរតនៈគិរី។ បឹងនេះមានបរិមាត្រ ២៦១២ម៉ែត្រ ដែលមានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ​៥០ម៉ែត្រ។ ដោយសារតែខេត្តនេះ ជាខេត្តមួយសម្បូរទៅដោយសម្បត្តិធម្មជាតិបែបនេះ បានជាធ្វើឲ្យបណ្តាប្រជាជន ដែលរស់នៅជុំវិញខេត្តនេះនាំគ្នាទៅរស់នៅទីនោះ។

ដោយសារការមកតាំងទីថ្មីនេះហើយ ទើបគេឃើញឥឡូវនេះខេត្តរតនគីរី កាន់តែមានសភាពអ៊ូអរ ហើយដីនៅទីនោះក៏ត្រូវប៉ាន់ និងឡើងថៃ្លស្រឺតៗដែរ។ ពេលដែលយើងធ្វើដំណើរទៅដល់បឹងយក្សឡោមភ្លាម នៅពីមុខត្រូវ បានគេដាក់បារ៉ាសឲ្យឈប់ ដើម្បីបង់ប្រាក់មុននឹងចូលទៅកម្សាន្តនៅទីនោះ។ សំបុត្រចូលទស្សនាសម្រាប់ខែ្មរ ៣០០រៀល បរទេស ១ដុល្លារ ម៉ូតូ​៥០០រៀល រថយន្តតូច​១៥០០រៀល រថយន្តធំ ២០០០រៀល និងកង់ ៣០០រៀល។

ភ្ញៀវទេសចរគ្រប់ៗគ្នា ដែលទៅទស្សនានៅ បឹងយក្សឡោម បានសរសើរមិនដាច់ពីមាត់ឡើយថា បឹងនេះមានទេសភាពស្អាត ទឹកបឹង មានពណ៌‌ខៀវស្រងាត់ បើមុជទៅឆ្ងាយ កាន់តែត្រជាក់ទៅៗ ដែលធ្វើឲ្យអ្នកដែលបានទៅកម្សាន្តនៅទីនោះមិនចង់ត្រឡប់មកវិញ ឡើយ យើងក្រលេកមើល ទៅខាងឆេ្វងដៃ មុននឹងចូលទៅ អាងហែលទឹកនោះ យើងនឹងឃើញខ្ទមជនជាតិព្នងពីរដែលគេសង់ឡើង ដើម្បីឲ្យភ្ញៀវទេសចរ ឃើញថានោះជាខ្ទមតំណាងឲ្យកូនស្រី កូនប្រុស ហើយភ្ញៀវទេសចរអាចថតរូប ឡើង និងចុះបានដោយសេរី។

កាលពីមុនប្រជាជនរស់នៅជុំវិញ បឹងយក្សឡោមមានជំនឿថា បឹងនេះមានអារក្សទឹក និងអារក្សភ្នំថែរក្សាការពារ ពួក គេមិនហ៊ានកាប់ ឆ្ការព្រៃនៅទីនោះឡើយ ព្រោះខ្លាចបង្កគ្រោះថ្នាក់ដល់ពួកគេ ជាងនេះទៅទៀត ពេលដែលកូនចៅរបស់ពួកគេ មានជំងឺម្តងៗពួក គេតែងយកជ្រូក មាន់ ទាទៅ សែនដើម្បីសុំសេចក្តីសុខ តែពេលនេះជំនឿទាំងអស់នោះត្រូវបានសាបរលាបអស់ ទៅហើយ ដោយគេគ្រាន់តែទុកទីនោះ ជាកនែ្លងរមណីយដ្ឋានសម្រាប់កម្សាន្តប៉ុណ្ណោះ៕

ចុចអាន៖ ខេត្តកំពត បានក្លាយជាទីតាំងដ៏ល្បីល្បាញយ៉ាងឆាប់រហ័សសម្រាប់អ្នកទេសចរណ៏ជាតិ និងអន្តរជាតិ

ចុចអាន៖ ខេត្តបាត់ដំបង៖ ខេត្តដែលមាន​ភោគសម្បត្តិធម្មជាតិ​ និង​សំនល់​វប្បធម៌​បុរាណ​ជា​ច្រើន

Trending

Copyright © 2019 ANARCHAK