ចំពោះនរណាមិនដឹងទេ តែចំពោះ ជែកម៉ា គ្មានឡើយពាក្យថា​ "បោះបង់"!
Connect with us

ពួកគេជានរណា

ចំពោះនរណាមិនដឹងទេ តែចំពោះ ជែកម៉ា គ្មានឡើយពាក្យថា​ “បោះបង់”!

នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា នៅលើបណ្ដាញពត៌មាន និងបណ្ដាញសង្គមផ្សេងៗ មានបុរស ជោគជ័យមួយរូប ដែលតែងត្រូវបានគេលើកឡើងមកបង្ហាញជាគំរូដល់មនុស្សនានា។ គាត់គឺ ជែកម៉ា (Jack Ma) កំពូល មហាសេដ្ឋីជនជាតិចិន និងជា សប្បុរសជនដ៏សកម្មមួយរូប។

លោក ជែកម៉ា កើតនៅឆ្នាំ 1964 នៅទីក្រុង ហាងចូវ (Hangzhou) ប្រទេសចិន ហើយសព្វថ្ងៃលោកបាននិងកំពុងបន្តនៅ លើវិថីជោគជ័យជា បន្តបន្ទាប់។

គាត់មានឈ្មោះបោះសម្លេងក្រោយពីបានធ្វើជាស្ថាបនិក និងនាយកប្រតិបត្តិ ក្រុមហ៊ុន អាលីបាបា (Alibaba Group) ដែលជាក្រុមហ៊ុន អ៊ីនធឺណែតខ្នាតយក្សមួយបម្រើវិស័យពាណិជ្ជកម្មនៅជុំវិញពិភពលោក។ តែមុននឹងឈានដល់ចំណុច កំពូលនេះ លោកមានប្រវត្តិតស៊ូមិន តិចទេ។

កាលនៅក្មេងគាត់សង្វាតប្រែងប្រែងរៀនភាសាអង់គ្លេស និងព្យាយាមអនុវត្តនិយាយជាមួយជនបរទេសនៅសណ្ឋាគារ ក្បែរផ្ទះគាត់ និងថែមទាំងជូនពួកគេដើរលេងដើម្បីមានឱកាសនិយាយអង់គ្លេសកាន់តែច្រើន។ នៅពេលដើរជាមួយពួក បរទេសយូរទៅ គេក៏ដាក់ឈ្មោះ ក្រៅឱ្យគាត់ថា “ជែក” ជំនួសឈ្មោះដើមរបស់គាត់ដែលពិបាកហៅ។

រឿងគួរឱ្យចាប់អារម្មណ៍នោះគឺថា ក្រោយបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ លោក ម៉ា បានដាក់ពាក្យសុំធ្វើការនៅ 30 កន្លែងផ្សេងគ្នាតែត្រូវ បានគេបដិសេធរហូត។ ជាពិសេស នៅពេលលោកសុំធ្វើការនៅភោជនីយដ្ឋានមួយ ក្នុងចំណោម អ្នក ដាក់ពាក្យទាំង 24 នាក់គឺ 23នាក់ត្រូវ បានគេជ្រើសរើស។ ម្នាក់ដែលនៅសល់នោះគឺរូបលោកម៉ានោះឯង។

តែបរាជ័យផ្ទួនៗមិនមែនជាអ្វីដែលលោកម៉ាចុះញ៉មឡើយ។ លោកនៅតែដើរទៅមុខ ជាមួយគំនិតវិជ្ជមាននិងភាពឈ្លៀសវៃរបស់លោកក្នុង ការប្រឡូកក្នុងវិស័យជំនួញជាពិសេសគឺ ការយកអ៊ីនធឺណែតជាអាទិភាព ដោយលោកចាប់អារម្មណ៍វា ដំបូងនៅពេលលោកធ្វើដំណើរទៅ សហរដ្ឋអាមេរិកនៅឆ្នាំ 1994។ ពេលនោះហើយជាពន្លកនៃការរីកដុះដាលរបស់ អាលីបាបា (Alibaba) ដែលជា Website ទិញលក់ទំនិញ Online ដ៏ធំមួយលើលោក។

មកទល់ពេលនេះលោក ជែកម៉ា មានទ្រព្យសម្បត្តិប្រមាណ 27.7 ពាន់លានដុល្លារ (គិតត្រឹមខែសីហា ឆ្នាំ2016) និងជាសហគ្រិនជនជាតិចិន ដីគោកដំបូងបំផុតដែលបានចូលក្នុងគម្របទស្សនាវដ្ដី ហ្វប (Forbes)។ លោកមានសម្រង់ពាក្យជាច្រើនឃ្លាក្នុងវិស័យជំនួញ និងជីវិត។ ក្នុងនោះមានដូចជា ៖”យើងមិនខ្វះទេលុយ។ តែអ្វីដែលយើងខ្វះគឺធនធាន មនុស្សដែលមានក្ដីស្រមៃខ្ពស់ និងហ៊ានលះបង់ដើម្បីសម្រេចក្ដីស្រមៃនោះ”៕

ដោយ៖ ហេង សន្យា
ប្រភព៖ Jack_Ma

Trending

Copyright © 2019 ANARCHAK