ដំណឹងល្អ! មេសហជីពថាកម្មករប្រមូលសំរាម ព្រមចូលធ្វើការវិញហើយ
Connect with us

ថ្មីៗ

ដំណឹងល្អ! មេសហជីពថាកម្មករប្រមូលសំរាម ព្រមចូលធ្វើការវិញហើយ

លោក ទូច កុសល ប្រធាន​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា ផ្ញើសារមកកាន់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាមថា៖«កម្មករ ចេញឡាន [ប្រមូលសំរាម] ហើយ»។

លោក កៅ សាវ៉ាត ប្រធានសហជីពរបស់កម្មករស៊ីនទ្រី ហើយក៏ជាអ្នកបើកឡានប្រមូលសំរាមដែរនោះ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា៖«[កម្មករប្រមូលសំរាម] ព្រមចូលធ្វើការវិញ នៅល្ងាច [ថ្ងៃទី១៤តុលា] ហ្នឹងហើយ ដោយសារមានដំណោះស្រាយពីបងអភិបាលរងរាជធានីភ្នំពេញទាំងពីររូប និងអគ្គនាយកក្រុមហ៊ុន ស៊ីន​ ទ្រី»។
នៅរសៀលថ្ងៃទី១៤ ខែតុលានេះ មេសហជីព តំណាងក្រុមហ៊ុន ស៊ីន ទ្រី អភិបាលរងសាលារាជធានីភ្នំពេញ និង អ្នកពាក់ព័ន្ធផ្សេងទៀត បានជួបប្រជុំពិភាក្សាគ្នាជាថ្មី ដើម្បីរកដំណោះស្រាយជូនកម្មករប្រមូលសំរាម។ ការបើកកិច្ចប្រជុំជាថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីកម្មករប្រមូលសំរាម បានដាក់ញត្តិទៅសាលារាជធានីភ្នំពេញ ដើម្បីបន្តសុំឲ្យជួយរកដំណោះស្រាយ។


លោក កៅ សាវ៉ាត អះអាងថា ក្រុមហ៊ុន ស៊ីន ទ្រី យល់ព្រមឯកភាពលើសំណើរបស់កម្មករប្រមូលសំរាមហើយ។ លោក មានប្រសាសន៍ថា៖«គាត់ [ម្ចាស់ក្រុមហ៊ុន ស៊ីន ទ្រី] នឹងទូទាត់អត្ថប្រយោជន៍ទាំងអស់ហ្នឹង ក្នុងខែកុម្ភៈ [ឆ្នាំ២០២១]…ដល់ [កម្មករ] ទាំងអស់ ទាំង២១៥០នាក់»។ លោក បន្ថែមថា៖«ពួកគាត់ កំពុងរៀបចឡានបណ្តើរៗហើយ ឥឡូវកំពុងបញ្ឆេះ [ឡាន] ហើយ កំពុងរៀបចំចាក់ប្រេង ចាប់ផ្តើមបន្តការងារពីឥឡូវទៅហើយ»។
កម្មករប្រមូលសំរាមជាង២ពាន់នាក់ បានចាប់ផ្តើមធ្វើកូដកម្មមិនចេញប្រមូលសំរាមពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០មក ដើម្បីសុំឲ្យក្រុមហ៊ុន ស៊ីន ទ្រី ផ្តល់នូវអ្វីដែលពួកគេទាមទារ។ ពួកគេ ទាមទារ៥ចំណុច គឺប្រាក់អតីតភាពការងារ ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន និង ប្រាក់ខែចុងក្រោយ។ អ្វីដែលពួកគេ ចង់បានបំផុតក្នុងចំណោម៥ចំណុចនេះ គឺ ប្រាក់អតីតភាពការងារនិងប្រាក់ឈប់សម្រាកប្រចាំឆ្នាំ។


លោក កៅ សាវ៉ាត និយាយជាមួយសារព័ត៌មានថ្មីៗថា ក្រុមហ៊ុន ស៊ីន ទ្រី នឹងបើកប្រាក់ជូនកម្មករប្រមូលសំរាម នៅខែកុម្ភៈ ឆ្នាំ២០២១។ លោក ពុំបានបញ្ជាក់ឡើយថា ប្រាក់ ដែលក្រុមហ៊ុន នឹងបើកជូនកម្មករប្រមូលសំរាម ជាប្រាក់អ្វី តែទំនងជាលោក ចង់សំដៅលើប្រាក់អតីតភាពការងារនិងប្រាក់ឈប់សម្រាកប្រចាំឆ្នាំ៕

ប្រភព៖ www.thmeythmey.com

Trending

Copyright © 2019 ANARCHAK