ហេតុអ្វីត្រូវបណ្តោយឱ្យខ្លួនឯងល្ងង់?
Connect with us

បែបផែនជីវិត

ហេតុអ្វីត្រូវបណ្តោយឱ្យខ្លួនឯងល្ងង់?

មនុស្សគ្រប់គ្នាសុទ្ធតែទទួលស្គាល់អំពីតម្លៃនៃចំណេះដឹង ប៉ុន្តែក៏មានមនុស្សមិនតិចឡើយ ដែលបណ្តែតបណ្តោយឱ្យខ្លួនឯងល្ងង់ទៅវិញ។ គេយល់ច្បាស់ថា ចំណេះដឹងល្អ ប៉ុន្តែគេបែរជាយកលេសពីកត្តាផ្សេងៗ ដើម្បីបញ្ជាក់ថា គេគ្មានឱកាសទទួលបានចំណេះដឹង ដោយសារហេតុផលដ៏កម្សត់ណាមួយទៅវិញ។

ហេតុអ្វីត្រូវប្រើប្រាស់លេសដ៏កម្សត់ ដើម្បីបណ្តោយឱ្យជីវិតរបស់ខ្លួនកម្សត់ទៅវិញ? ជាទូទៅ មនុស្សកើតមកដើម្បីទទួលបានចំណេះដឹង មិនមែនដេកចាំចំណេះដឹងកើតឡើងចំពោះខ្លួននោះទេ។ មនុស្សមានមធ្យោបាយជាច្រើន និងសម្បូរបែបដើម្បីទទួលបានចំណេះដឹង ពិសេសក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ។

សៀវភៅរាប់សិបក្បាលដែលមានលក់នៅទីផ្សារ ដែលត្រូវតាមចំណង់ចំណូលចិត្ត ជំនាញឬការងារ ពិសេសចំណុចខ្សោយរបស់ខ្លួន។ ក្រៅពីសៀវភៅ ក្នុងវីដេអូ YouTube ដែលមានមេរៀនរាប់មិនអស់និងយ៉ាងសម្បូរបែប ហើយយើងអាចរៀនដោយឥតគិតថ្លៃ គ្រប់ពេលវេលានិងទីកន្លែង។ នៅមានវិធីជាច្រើនទៀត ដើម្បីទទួលបានចំណេះដឹង ប៉ុន្តែហេតុអ្វីបានជាយើងមិនប្តេជ្ញាចិត្តរៀន?

ចំណេះដឹងនាំយើងទៅរកពន្លឺ ហើយភាពល្ងង់ខ្លៅនឹងនាំយើងទៅរកទីងងឹត។ ប៉ុន្តែជាក់ស្តែង ក្នុងលោកនេះ គ្មានអ្វីដែលងងឹតជាងការមិនព្រមបើកភ្នែកមើលនោះទេ ហើយក៏គ្មានអ្នកណាម្នាក់ល្ងង់ជាងមនុស្សដែលមិនព្រមរៀននោះដែរ។ ជាទូទៅ យើងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានចំណេះដឹង ជាជាងបណ្តោយខ្លួនឱ្យរុំជិតដោយភាពល្ងង់ខ្លៅ៕

#តំណក់ទស្សនៈ #ចំណេះដឹង #ស្វ័យសិក្សា #ការអាន

ប្រភពអត្ថបទ៖ គ្រឹះស្ថានហាតប៊ុក

Trending

Copyright © 2019 ANARCHAK