តើអាមេរិកពិតជាសុខចិត្តចូលខ្លួនមកធ្វើសង្រ្គាមជាមួយចិនដើម្បីការពារតៃវ៉ាន់ឬ?
Connect with us

គួរដឹង

តើអាមេរិកពិតជាសុខចិត្តចូលខ្លួនមកធ្វើសង្រ្គាមជាមួយចិនដើម្បីការពារតៃវ៉ាន់ឬ?

នៅ​ក្នុង​ជម្លោះ​រឿងតៃវ៉ាន់ ចិន​ប្រថុយ​នឹង​សង្រ្គាម​ជាមួយ​អាមេរិក ដោយសារ​តែ​​តៃវ៉ាន់​ធ្លាប់​ជា​ទឹកដី​មួយ​របស់​ចិន​ផង​ ហើយ​លើស​ពីនេះ​ទៅទៀត តៃវ៉ាន់​ក៏​មាន​សារៈសំខាន់​ខ្លាំង​ផងដែរ សម្រាប់​សន្តិសុខជាតិ​ចិន នៅ​ក្នុងបរិបទ​នៃ​ភូមិសាស្រ្ត​នយោបាយ​បច្ចុប្បន្ន។ ចុះចំពោះអាមេរិក​វិញ? តើ​តៃវ៉ាន់​មាន​សារៈសំខាន់​ប៉ុណ្ណា ទើប​អាមេរិកខិតខំ​ការពារ​? តើ​អាមេរិក​ពិត​ជា​សុខចិត្តចូលខ្លួន​មក​ធ្វើ​សង្រ្គាម​ជាមួយចិន ដើម្បី​មក​ការពារតៃវ៉ាន់ដែរ​ឬ​ទេ?

បើ​គេ​មើល​មួយភ្លែត គេ​អាច​និយាយ​បាន​ថា អាមេរិក​ជួយការពារតៃវ៉ាន់ គឺ​ដោយសារ​តែ​តៃវ៉ាន់​ប្រកាន់​នូវ​របប​ននយោបាយ​ប្រជាធិបតេយ្យ​សេរី​តាម​បែបលោកខាងលិច ហើយ​ចិន​ដឹកនាំ​ដោយ​របបកុម្មុយនិស្ត។ ក៏ប៉ុន្តែ តាមការពិត​ទៅ ហេតុផល​នេះអាច​ពន្យល់​បានតែ​មួយ​ផ្នែក​តូចប៉ុណ្ណោះ អំពី​នយោបាយ​អាមេរិក​ចំពោះតៃវ៉ាន់។

បើយើងមើលទៅលើ​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ មាន​ប្រទេស​ជាច្រើន​ រួមមាន​ដូចជា​តួកគី អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត និង​ប្រទេស​ជាច្រើន​ផ្សេងទៀត ជាពិសេស នៅ​តំបន់​មជ្ឈិមបូព៌ា គឺ​សុទ្ធតែ​ជា​ប្រទេស​ដែល​មិនមែន​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ តែ​អាមេរិក​នៅតែ​យក​ធ្វើ​ជា​មិត្ត ដើម្បី​ផលប្រយោជន៍​ជាតិ។

បើ​យើងក្រឡេក​មើល​ទៅ​កាន់​អតីតកាល​វិញ យើង​ក៏​អាច​មើល​ឃើញ​ដែរ​ថា នៅ​ក្រោយ​ឆ្នាំ១៩៤៩ ពេល​ដែល​អាមេរិក​ទទួលស្គាល់​តៃវ៉ាន់ ហើយ​មិន​ទទួលស្គាល់​ចិនដីគោក ព្រមទាំង​ចងសម្ព័ន្ធមិត្ត​​ជាមួយតៃវ៉ាន់ ដើម្បី​ប្រឆាំង​នឹង​ចិន​នោះ តៃវ៉ាន់​ក៏​មិនមែន​ជា​ប្រទេស​ប្រជាធិបតេយ្យ​នោះដែរ។ ផ្ទុយទៅវិញ តៃវ៉ាន់​នៅពេល​នោះ ក៏​ជា​ប្រទេសស្ថិតក្រោម​របបសឹក​​ផ្តាច់ការ​មួយដែរ រហូត​ទាល់តែ​ដល់សម័យកាល​លោក​ប្រធានាធិបតី លី តេងហ៊ុយ​ ក្នុងអំឡុងដើមទសវត្សរ៍​ទី៩០ ទើប​តៃវ៉ាន់​ធ្វើ​កំណែទម្រង់​មក​រក​លទ្ធិប្រជាធិបតេយ្យ។

ដូច្នេះ នៅ​ពេល​នោះ អាមេរិក​ជ្រើសរើស​យក​តៃវ៉ាន់ គឺ​មិនមែន​ជា​ជម្រើស​ដោយ​កត្តា​ប្រជាធិបតេយ្យ​នោះទេ តែ​ជា​ជម្រើស​ដោយ​កត្តា​មនោគមន៍​វិជ្ជា។ ទាំង​ចិន​ដីគោក និង​តៃវ៉ាន់ គឺ​សុទ្ធតែ​ជា​ប្រទេស​ផ្តាច់ការ​ដូចគ្នា គ្រាន់តែ​មួយ​កុម្មុយនិស្ត ហើយ​មួយទៀត​មិនមែន​កុម្មុយនិស្ត។

ក្រោយ​មក​ទៀត នៅពេល​ដែល​អាមេរិក​ផ្លាស់ប្តូរ​ជំហរ ដោយ​លែង​ទទួលស្គាល់​តៃវ៉ាន់ ហើយ​ងាក​មក​ទទួលស្គាល់​ចិនដីគោកវិញ នៅ​ឆ្នាំ១៩៧៩​នោះ ក្រៅតែ​ពី​កត្តា​សេដ្ឋកិច្ច ដោយសារ​តែ​អាមេរិក​សំឡឹង​ឃើញ​សក្តានុពល​នៃ​ទីផ្សារចិន កត្តា​មនោគមន៍​វិជ្ជា​ក៏​នៅតែ​មាន​ចំណែក​ដ៏​មួយ​ផងដែរ ពីព្រោះ​ថា នៅពេលនោះ ចិន និង​សហភាព​សូវៀត ដែល​ធ្លាប់​ជា​ប្លុក​កុម្មុយនិស្ត​ជាមួយគ្នា ត្រូវ​​បែកបាក់​គ្នា ហើយ​អាមេរិក​សំឡឹង​ឃើញ​ចិន​ជា​សន្លឹកបៀរ​ដ៏សំខាន់មួយ នៅ​ក្នុង​សង្រ្គាម​ត្រជាក់​ជាមួយ​សូវៀត។

ក៏ប៉ុន្តែ នៅពេលនោះ ថ្វីដ្បិត​តែ​អាមេរិក​លែង​ទទួលស្គាល់​តៃវ៉ាន់​ជារដ្ឋ​ឯករាជ្យ តែ​អាមេរិក​នៅតែ​បន្ត​​រក្សា​ទំនាក់ទំនង​​ជាមួយតៃវ៉ាន់ ហើយ​សភា​អាមេរិក​ថែម​ទាំង​បាន​អនុម័ត​ច្បាប់​មួយ​ ឈ្មោះ​​ថា Taiwan Relations Act ដែល​​កំណត់​ឲ្យ​អាមេរិក​ត្រូវ​ជួយ​ផ្តល់​ជំនួយ​យោធា​ដើម្បី​ធ្វើ​យ៉ាងណា​ពង្រឹង​សមត្ថភាព​ទ័ព​តៃវ៉ាន់ ក្នុងការ​ការពារខ្លួន។

ច្បាប់​នេះ​ហើយ ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង រវាង​អាមេរិក​និង​តៃវ៉ាន់ ហើយ​អាមេរិក​តែងតែ​​ផ្គត់ផ្គង់​សព្វាវុធ​ទំនើបៗ​​ទៅ​ឲ្យ​តៃវ៉ាន់ តាំង​ពី​ពេលនោះ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។ ក៏ប៉ុន្តែ សំណួរ​សួរ​ថា ក្រៅពី​ផ្តល់​សព្វាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ តើ​អាមេរិក​​នឹង​ហ៊ាន​ចូលខ្លួន​មក​ធ្វើ​សង្រ្គាម​ទល់​នឹង​ចិន ដើម្បី​ជួយការពារ​តៃវ៉ាន់​ដែរ​ឬទេ?

ចម្លើយ គឺ « មិនប្រាកដ » ហើយ​តាមការពិតទៅ ​ភាព​មិនប្រាកដប្រជា​នេះ វា​គឺ​ជា​យុទ្ធសាស្រ្ត​ជាផ្លូវការ​របស់​អាមេរិក​ចំពោះ​តៃវ៉ាន់​តាំង​ពី​ដើមរៀងមក។ យុទ្ធសាស្រ្ត ដែល​គេ​តែងតែ​​ហៅ​តាមភាសា​អង់គ្លេសថា « Strategic Ambiguity »។

សម្រាប់​អាមេរិក ការបង្ហាញ​ជំហរ​មិន​ប្រាកដប្រជានេះ (មិនប្រាកដប្រជាទាំងចំពោះ​ចិន និង​ទាំង​ចំពោះតៃវ៉ាន់) គឺ​ជា​នយោបាយ​ដ៏​សំខាន់មួយ ដើម្បី​បញ្ចៀសសង្រ្គាម​នៅតៃវ៉ាន់ ពោលគឺ អាមេរិក​មិន​ចង់​ឲ្យ​ចិន​មើល​ឃើញ​ថា អាមេរិក​ប្រាកដ​ជា​មិន​ចូល​ជួយតៃវ៉ាន់ ដើម្បី​កុំឲ្យ​ចិន​បានចិត្ត​ចូល​ឈ្លានពានតៃវ៉ាន់ ហើយ​​អាមេរិក​ក៏​មិន​ធានាច្បាស់លាស់​ថា​នឹង​​ចូល​ជួយតៃវ៉ាន់ ដើម្បី​កុំ​ឲ្យ​មេដឹកនាំតៃវ៉ាន់​បាន​ចិត្ត ប្រកាស​ឯករាជ្យ នាំ​ឲ្យ​ចិន​ចូល​ឈ្លានពាន ហើយ​ត្រូវ​ផ្ទុះសង្រ្គាម។

តាមការពិត​ទៅ ភាពមិនប្រាកដ​ប្រជា​នេះ ប្រហែល​ជា​មិនមែន​ត្រឹមតែ​ជា​យុទ្ធសាស្ត្រ​ដែល​បង្ហាញ​ចេញមក​ខាង​ក្រៅនោះទេ។ នៅ​ខាងក្នុង​ឯណោះវិញ អាមេរិក​ក៏ប្រហែល​ជា​មិន​ប្រាកដ​ខ្លួនឯង​នោះដែរ​ថា តើ​នឹង​សុខចិត្ត​ចូលខ្លួន​ធ្វើ​សង្រ្គាម​ជាមួយចិន ដើម្បី​ការពារតៃវ៉ាន់?

ម្ខាង យើង​អាច​មើល​ឃើញ​ថា តៃវ៉ាន់​បច្ចុប្បន្ន​នេះ ក្រៅតែ​ពីមាន​ម៉ូដែល​សេដ្ឋកិច្ច និង​នយោបាយ​តាមបែបលោកខាងលិច​ត្រូវ​នឹង​អាមេរិក តៃវ៉ាន់​ក៏​មាន​សារៈសំខាន់​ខ្លាំង​ផងដែរ សម្រាប់​អាមេរិក នៅ​ក្នុង​បរិបទ​​ភូមិសាស្រ្ត​នយោបាយ​នៃ​ការ​ប្រជែងគ្នា​កាន់តែ​ខ្លាំង​ជាមួយ​នឹង​ចិន។ ការការពារតៃវ៉ាន់ គឺ​ជា​ចំណុច​សំខាន់​មួយ នៅ​ក្នុង​យុទ្ធសាស្រ្ត​អាមេរិក​នៅ​អាស៊ី ទាំង​នៅ​ក្នុង​រចនាសម្ព័ន្ធ​សន្តិសុខរួម ជាមួយ​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ទាំង​បញ្ហា​នៅសមុទ្រ​ចិន​ខាង​ត្បូង និង​ទាំង​នៅ​ក្នុង​យុទ្ធសាស្រ្ត​កាន់តែ​ទូលាយ​មួយទៀត គឺ​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក។

ក៏ប៉ុន្តែ ម្ខាងទៀត ចិន ថ្វីដ្បិតតែ​ជា​គូប្រជែង​ដ៏​ធំ​របស់​អាមេរិក ខាង​ផ្នែក​ភូមិសាស្រ្ត​នយោបាយ ក៏ប៉ុន្តែ​ ខាងផ្នែក​សេដ្ឋកិច្ចវិញ ចិនគឺ​ជា​ទីផ្សារ​ដ៏​សំខាន់​មួយ ដែល​អាមេរិក​​នៅតែ​ត្រូវការ​ខ្លាំង។ ហើយ​ម្យ៉ាងទៀត វិស័យការពារជាតិ​របស់​ចិន​ក៏​មាន​ភាពចម្រើន​ជឿនលឿន​ជាង​មុន​យ៉ាង​ដាច់​ឆ្ងាយ​ផងដែរ។ ដូច្នេះ សង្រ្គាម​ជាមួយ​ចិន បើ​ទោះបីជា​ចុងក្រោយ​ទៅ អាមេរិក​អាច​យក​ឈ្នះ​ចិន​បាន​ក៏ដោយ អាមេរិកខ្លួនឯងក៏​ប្រាកដ​ជា​នឹង​រង​ការ​ខូចខាត​យ៉ាង​សម្បើម​ដែរ។

ម្យ៉ាង​ទៀត គេ​ក៏​មិន​ត្រូវ​មើល​រំលង​ផងដែរ ពី​កត្តា​ដ៏រឹតតែ​សំខាន់​ជាងនេះ​ទៅទៀត គឺ​កត្តា​ប្រជាជន។ ប្រសិនបើ​គេ​អាច​ទាញ​យក​មេរៀន​ដ៏សំខាន់​តែមួយ ពី​សង្រ្គាម​នៅវៀតណាម គេឃើញថា ​នៅ​ក្នុងការ​ធ្វើ​សង្រ្គាម បើ​ខ្វះការគាំទ្រ​ពី​ប្រជាជន បើទោះជា​មាន​កម្លាំង​ទ័ពខ្លាំងលើស​​លើ​គូសត្រូវ​យ៉ាង​ខ្លាំង​ក៏ដោយ ក៏​នៅតែ​ត្រូវ​បរាជ័យ​បានដែរ។ ហើយ​​បើ​យើង​មើល​ទៅលើ​ការ​ស្ទាបស្ទង់មតិ​ថ្មីៗ​ចុងក្រោយ នៅ​អាមេរិក​បច្ចុប្បន្ន​នេះ មាន​ប្រជាជន​ភាគតិច​ ពោលគឺ​ត្រឹមតែ​ប្រមាណ​ជា ៣៥%​ប៉ុណ្ណោះ ដែល​គាំទ្រ​ឲ្យ​អាមេរិក​ចូលខ្លួន​មក​ធ្វើ​សង្រ្គាម​ ដើម្បី​ការពារតៃវ៉ាន់៕

ប្រភព៖ www.rfi.com

Trending

Copyright © 2019 ANARCHAK