˝កុំស្លាប់ដូចពស់កុំរស់ដូចកង្កែប˝
Connect with us

គួរដឹង

˝កុំស្លាប់ដូចពស់កុំរស់ដូចកង្កែប˝

#កុំស្លាប់ដូចពស់កុំរស់ដូចកង្កែប

តាំងពីយូរយារមកហើយ គឺមានសុភាសិតមួយពោលបានថា ”កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប“ តើលោកចង់មានន័យដូចម្តេច?

មនុស្សគ្រប់រូប មិនអាចជៀសផុតពីសេចក្តីស្លាប់បានឡើយ តែមុននឹងយើងស្លាប់ មនុស្សគប្បីបន្សល់ទុកនូវស្នាដៃល្អៗ និងពោរពេញ ដោយកេរិ៍្ត ឈ្មោះ បោះសំលេង បើនៅរស់វិញ មនុស្សគប្បីកែខៃជីវិតឲ្យប្រសើថ្លៃថ្លា និងអភិវឌ្ឍន៍រីកចម្រើន។ អាស្រ័យហេតុនេះហើយ ទើបមានសុភាសិតមួយពោល ថា «កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប» ។

តើសុភាសិតខាងលើេនះ មានអត្ថន័យខ្លឹមសារយ៉ាងដូចមេ្តច? ចូរស្ដាប់ការបកស្រាយខាងក្រោមនេះជាការត្រិះរិះពិចារណាទាំងអស់គ្នា។

ដើម្បីកុំឲ្យយល់ច្រឡំ ក្នុងការដោះស្រាយបញ្ហខាងលើ យើងគប្បីយល់អត្ថន័យនៃពាក្យ (រស់ និងស្លាប់) ឲ្យបានច្បាស់លាស់ជាមុនសិន។ រស់គឺជា ការរក្សាជីវិតឲ្យគង់នៅ ។ ស្លាប់ គឺការរលត់ផុតសង្ខារ ។

ឯ​”សត្វកង្កែប”​ វិញ ជាប្រភេទសត្វលោតសស៊ីសត្វល្អិតជាអាហារ វាស្លូតបូតគ្មានពឹស និងមិនអាចធ្វើអ្វី ដែលប៉ះពាល់ដល់ជីវិតអ្នកណាម្នាក់ឡើយ ។ តែការរស់ នៅរបស់សត្វប្រភេទនេះ ក៏មិនបានសុខជា មិនបានរស់ដោយស្រួលនោះទេ ព្រោះវាជាសត្វមិនឆ្លាត វារស់នៅក្នុងរន្ធ តែវាមិនអាចមាន សមត្ថភាព ជីកកកាយបង្កើតរន្ធ ដើម្បីជីវិតរស់នៅរបស់វាទេ គឺវាតែងតែ ចូលរស់នៅក្នុងរន្ធក្តាម និងរន្ធសត្វផ្សេងៗ ដែលទំនេរ ។ ជួនកាលវារស់នៅតាមគម្ពោត ក្បែរមាត់ទឹក ។ កង្កែបគ្មានពឹស គ្មានចង្កូម គ្មានធ្មង់ សម្រាប់ការពារខ្លួនរបស់វាទេ ជាហេតុធ្វើឲ្យវាងាយក្នុងការយាយីដល់ជីវិតរបស់វា ពីសំណាក់មនុស្ស និងសត្វដទៃទៀត ។ ដូចនេះការរស់នៅរបស់កង្កែប ពោពេញដោយភាពភិតភ័យ និងគ្មានការអភិវឌ្ឍន៍ជីវិតរស់នៅឲ្យបានល្អឡើយ។

ឯពាក្យ ”កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប“ ក្នុងន័យធៀបវិញ គឺសំដៅការរស់ និងការស្លាប់របស់មនុស្ស ។ គឺមានន័យថា មនុស្សគប្បី ត្រូវបន្សល់ទុកនូវស្នាដៃ និងកេរដំណែលផ្សេងៗ ដែលខ្លួនខំកែច្នៃរិះរកវិធីបង្កើតឡើង កាលពីខ្លួននៅរស់ ។ ដូចនេះមនុស្សគប្បី ឧស្សាហ៍ ព្យាយាម ធ្វើការងារ ផ្សេងៗ ជាច្រើន……។ ជៀសវាងការស្លាប់ទៅដោយសោះសូន្យទទេ គ្មានបន្សល់ទុកអ្វីក្រៅពីកេរ្តិ៍ឈ្មោះអាក្រក់ ស្អុយរលួយងំគួរឲ្យស្អប់ខ្ពើម ដែលជារឿងមិនល្អ ។ ឯកុំរស់ដូចកង្កែបវិញ គឺមានន័យថា មនុស្សម្នាគ្រប់សញ្ជាតិទាំងអស់ គប្បីចេះកែខៃការរស់នៅឲ្យបានល្អប្រសើរ អភិវឌ្ឍន៍ រីកចម្រើន មានសេរីភាព និងសុភមង្គល់ ។ មនុស្ស មិនត្រូវរស់ដោយពឹងលើកម្លាំងអ្នកដទៃ រស់ស្តាប់តាមតែការបញ្ជារបស់គេ ឬរស់នៅក្រោមការប្រមាថមើលងាយ ជិះជាន់ កៀបសង្កត់ សព្វបែបយ៉ាង ទាំងផ្លូវកាយវាចារចិត្ត ហើយចេះតែសំងំទ្រាំរស់ដោយគ្មានការតស៊ូបម្រាស់ ផ្លាស់ប្តូរជោគ វាសនារបស់ខ្លួន ។

ដូចនេះមនុស្សត្រូវរស់ដោយកិត្តិយសថ្លៃថ្នូរ បើស្លាប់ក៏ត្រូវបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ ល្អប្រសើរ តួយ៉ាងដូចជាសម្តេចសង្ឃរាជ ជួន ណាត ថ្វីត្បិតព្រះអង្គបានសុគត ចាកលោកនេះយ៉ាងយូរណាស់ទៅហើយក្តី ក៏កិត្តិស័ព្ទរបស់ព្រះអង្គ នៅតែល្បីរន្ធឺសុះសាយ គ្មានថ្ងៃនិងសាបសូន្យឡើយ ក៏ព្រោះតែស្នាដៃទាំងឡាយ ដែលព្រះអង្គបានបន្សល់ទុកមុនពេលព្រះអង្គសុគត ។ ដូចនេះ មនុស្សត្រូវតែកែច្នៃជីរិតរស់នៅឲ្យបានថ្លៃថ្នូរ និងត្រូវបង្កើតស្នាដៃ ទុកជាកេរដំណែល សម្រាប់កូនចៅជំនាន់ក្រោយជាបន្តទៀត ។

សរុបសេចក្តីមក មនុស្សមិនត្រូវស្លាប់ដោយឥតប្រយោជន៍ ហើយក៏មិនត្រូវរស់ ដោយ ឥតន័យខ្លឹមសារនោះដែរ។

ឆ្លងតាមការបកស្រាយខាងលើឃើញថា ប្រធានបទនេះ ពិតជាមានអត្ថន័យល្អត្រឹមត្រូវសម្រាប់ទូន្មានដល់ជន្នានុជនទាំងឡាយ អោយចេះខ្វល់ខ្វាយ កែច្នៃជីវិតរស់នៅឲ្យបានល្អ និងខិតខំបង្កើតស្នាដៃផ្សេងៗ ទុកជាកេរដំណែល ដល់កូនចៅជំនាន់ក្រោយ មុននឹងខ្លួនលាចាកលោកនេះទៅ។ ដូចនេះកុលបុត្រកុលធីតាខ្មែរទាំងឡាយអើយ គួរខិតខំរៀនសូត្រ បង្កើតស្នាដៃល្អៗសម្រាប់ការរស់នៅរបស់ខ្លួនផង សម្រាប់ជាកេរដំណែលទុកឲ្យកូនចៅក្នុងពេលអនាគតផង៕

អត្ថបទយោងដោយ៖ លោកសាស្រ្តាចារ្យ ជៀប អង្គាវឌ្ឍនា

សម្រួលអត្ថបទដោយ៖ មនោ​ វិជ្ជា

Trending

Copyright © 2019 ANARCHAK