សូមជម្រាប! កម្ពុជានឹងមាន​ជំនន់​ទឹកភ្លៀង ជាមួយ​ខ្យល់​បក់​បោក​ខ្លាំង ចាប់ពី​ថ្ងៃ​ទី៧-៩ ខែតុលានេះ
Connect with us

ថ្មីៗ

សូមជម្រាប! កម្ពុជានឹងមាន​ជំនន់​ទឹកភ្លៀង ជាមួយ​ខ្យល់​បក់​បោក​ខ្លាំង ចាប់ពី​ថ្ងៃ​ទី៧-៩ ខែតុលានេះ

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនាព្រឹកថ្ងៃទី៥ ខែតុលានេះ បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន កា​រវិ​វត្ត​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់ សង្កេត​ឃើញ​ថា ប្រព័ន្ធ​សម្ពាធ​ទាប បាន​បន្ត​លាតសន្ធឹង​ឆ្លងកាត់​លើ​កម្ពុជា ដោយ​ភ្ជាប់​ទៅ​នឹង​សម្ពាធ​ទាប​មួយ​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង ។ ដោយឡែក​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង នឹង​អាច​កើត​មាន​ជា វិ​សម្ពាធ​ទាប (Tropical Depression) ឬ​ជា​ព្យុះ (Tropical Storm) ដើរ​សំដៅ​ឆ្ពោះ​ចូល​ដល់​លើ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី ៧ ខែតុលា ឆ្នាំ ២០២០ ។

ស្ថានភាព​អាកាសធាតុ​បែប​នេះ នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​ស្ទើរ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​អំឡុង​ចាប់ពី​ថ្ងៃ​ទី ៧ ដល់​ថ្ងៃ​ទី៩ ខែតុលា ឆ្នាំ ២០២០ នឹង​អាច​មាន​ភ្លៀង និង​ខ្យល់​កើនឡើង​។ ចំពោះ​បណ្តា​រាជធានី ខេត្ត​នៅ​ភាគ​ខាងត្បូង ខេត្ត​ខាងកើត​ជាប់​ប្រទេស​វៀតណាម និង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រនឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​ធ្វើ​ឲ្យ​ទី​ទំនាប​ក្បែរ​ផ្លូវទឹក តំបន់​ភ្នំ និង​តំបន់​ជួរ​ភ្នំក្រវាញ នៅ​ក្នុងភូមិ​សាស្ត្រ​នៃ​បណ្តា​ខេត្ត​ទាំងនោះ ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង ជាមួយ​គ្នា​នោះ នៅ​តំបន់​មាត់សមុទ្រ និង​នៅ​លើ​ផ្ទៃសមុទ្រ អាច​មាន​ភ្លៀង ខ្យល់​បក់​បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ៗ ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ពិសេស បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីប្រជុំជន ទី​ទំនាប​ក្បែរ​ផ្លូវទឹក និង​បងប្អូន​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន និង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បាតុភូត​ធម្មជាតិ​នេះ ហើយនឹង​ជម្រាប​ជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុង​ករណី​ចាំបាច់ ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

Trending

Copyright © 2019 ANARCHAK