គតិអប់រំ៖ សុភាសិត​ដ៏មាន​តម្លៃ​ ៧ ​ឃ្លា​របស់​ជនជាតិ​កូរ៉េ​
Connect with us

គួរដឹង

គតិអប់រំ៖ សុភាសិត​ដ៏មាន​តម្លៃ​ ៧ ​ឃ្លា​របស់​ជនជាតិ​កូរ៉េ​

១) ទោះបីអ្នកស្គាល់ផ្លូវមួយច្បាស់ប៉ុណ្ណាក្តី សូម​កុំ​ភ្លេចឆ្លៀតសួរគេ​បញ្ជាក់​ម្តងទៀត

អត្ថន័យ៖ ចំពោះ​រឿង​អ្វី​ក៏​ដោយ ទោះ​បី​ជា​អ្នក​ច្បាស់​ខ្លាំង​យ៉ាង​ណា ក៏​កុំមានជំនឿជាក់ជ្រុលហួសហេតុ​ខ្លាំង​ពេក ពីព្រោះថា​ អ្វីៗ​សុទ្ធ​តែ​អាចប្រែប្រួល និងមិនអាចរំពឹងទុកមុនបាន​រហូត​នោះ​ទេ។

២) រទះទទេរ រមែងលាន់សម្លេងខ្លាំង

អត្ថន័យ៖ មានន័យស្រដៀងនឹងឃ្លាថា មេមាន់ដែលស្រែកខ្លាំង រមែងពងមិនច្រើនដូចមេមាន់ដែលសំងំក្រោបពងឡើយ។ វាមានអត្ថន័យដូច​នឹង​សុភាសិតខ្មែរយើង​មួយ​ដែរ នោះ​គឺ «ឆ្កែព្រុសមិនដែលខាំ»។ សម្រាប់មនុស្សវិញ មិនសំខាន់ថា អ្នកពូកែនិយាយ ឬពូកែអួតអាងប៉ុណ្ណាទេ សំខាន់ គឺលទ្ធផលដែលអ្នកធ្វើសម្រេចប៉ុណ្ណោះ។

៣) ទីណាមានឆន្ទៈ ទីនោះ​តែង​មានផ្លូវ

អត្ថន័យ៖ ឲ្យតែមនុស្សមានឆន្ទៈ និងមានបំណងច្បាស់លាស់មុតមាំ ទោះ​ធ្វើ​កិច្ចការ​អ្វី​ក៏​ដោយវាពិត​ជា​អាចទៅរួច ឬ​ប្រាកដ​ជា​មានវិធីសាស្រ្តដែលអាចធ្វើទៅបាន។ បើមនុស្សមានឆន្ទៈដើម្បីសម្រេចអ្វីមួយហើយ​ នោះគេនឹងព្យាយាមស្វែងរកវិធីសាស្រ្តដើម្បីធ្វើវាឲ្យបាន​ដូច​គ្នា។

៤) គ្រាប់សណ្តែកតែងតែដុះចេញពីកន្លែង ដែលគេដាក់ដាំ​វានោះ

អត្ថន័យ៖ ស្រដៀងគ្នានឹងសុភាសិតខ្មែរមួយ គឺ ស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់។ សម្រាប់ជីវិតរស់នៅវិញ គឺក្មេងៗ តែងតែមើល​ឃើញ​អ្វីដែលឪពុកម្តាយ ឬ​មនុស្ស​ជុំវិញ​ខ្លួនវា​ប្រព្រឹត្ត ហើយវានឹងធ្វើតាមគំរូទាំងអស់នោះ។ អ៊ីចឹងមានន័យថា ប្រសិនបើក្មេងនោះសំដែងចេញអកប្បកិរិយាបែបណា នោះមានន័យថា ឪពុកម្តាយរបស់គេក៏ប្រហែលជាមានអកប្បកិរិយាបែបនោះ​ដូច​គ្នា​ដែរ។

៥) ពេល​ចាប់ផ្តើម គឺ​អ្នក​សម្រេច​លទ្ធផល​បានពាក់កណ្តាល​រួច​បាត់​ទៅ​ហើយ

អត្ថន័យ៖ គ្រប់កិច្ចការទាំង​អស់ ការចាប់ផ្តើមគឺសំខាន់​ខ្លាំងណាស់ ពីព្រោះកិច្ចការភាគ​ច្រើន​នៅ​លើ​លោក​នេះ​ មិន​អាច​ទទួល​បាន​ផ្លែ​ផ្កា ក៏​ដោយសារ​តែ​ការមិនព្រមចាប់ផ្តើម​នេះ​ឯង។ ដូចនេះបើអ្នកចាប់ផ្តើម​ធ្វើ​អ្វី​មួយ ទោះបីលទ្ធផលចុងក្រោយបែប​ណា​ក្តី ប៉ុន្តែមានន័យថា អ្នកសម្រេចលទ្ធផលបានពាក់កណ្តាល​មុន​រួច​ស្រេច​ទៅហើយ។

៦) កុំព្យាយាម​យក​ដៃ បាំងមេឃ

អត្ថន័យ៖ អ្នកអាចបិទបាំងមេឃបាន ដោយអ្នកគ្រាន់តែយកម្រាមដៃបិទកែវភ្នែកទាំងពីររបស់ខ្លួន ប៉ុន្តែ​ត្រូវ​ចាំ​ថាមេឃនៅតែជាមេឃដដែល។ ​ដូចនេះ​អ្នកមិនគួរព្យាយាម បិទបាំងការពិតដែលធ្លាប់កើតឡើងចំពោះ​រូប​អ្នកឡើយ ពីព្រោះអ្នកដទៃគង់តែដឹងនៅថ្ងៃណាមួយ​ជាក់​ជា​មិនខាន។ សូមចងចាំថា នៅ​លើ​លោក​នេះមានរបស់បីយ៉ាងដែល​យើង​មិនអាចលាក់បាន នោះ​គឺព្រះអាទិត្យ ព្រះច័ន្ទ្រ និងការពិត។ ហេតុ​ដូចនេះ​ហើយ ទោះ​បី​ធ្វើ​អ្វី​ក៏​ដោយចូរស្មោះត្រង់ ចំពោះ​ខ្លួន​ឯង ហើយ​និង​អ្នក​ដទៃ។

៧) សត្វស្វា ក៏គង់នឹងធ្លាក់ពីដើមឈើ

អត្ថន័យ៖ ទោះបីអ្នកជំនាញ​ខ្លាំង​ប៉ុណ្ណាក៏ដោយ ក៏រមែងនឹងធ្វេសប្រហែស ឬបង្កើតកំហុសណាមួយ​ជាក់​មិនខាន។ ប៉ុន្តែ​សូម​កុំ​មាន​ការ​ភ័យ​ខ្លាច ក្នុង​ការ​បង្កើត​កំហុស​ដោយ​អចេតនា​បែប​នោះ​អី។ ត្រូវ​ចាំ​ថា រាល់​កំហុស​ឆ្គង ហើយ​និង​ការ​បរាជ័យ វា​នឹង​ក្លាយ​ទៅ​ជា​បទពិសោធន៍​ដ៏​មាន​តម្លៃ ដែល​នឹង​បង្រៀន​អ្នក​អោយ​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​រឹង​មាំ​ម្នាក់។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ បើ​អ្នក​ធ្លាក់​ពី​លើ​មែកឈើ​ហើយ តើ​អ្នក​មាន​ភាព​ក្លាហាន ឡើង​ទៅ​លើ​ដើមឈើ​នោះ​ម្ដង​ទៀត ដែរ​ឬ​ក៏​អត់?

ប្រភព​ពី​៖ Tin Soklim – ទីន សុខលីម

ថ្មីៗ2 weeks ago

សូមត្រៀម!!! ប្រទេសថៃជូនដំណឹងមកកម្ពុជា អាចនឹងបើកទឹកទម្លាក់មក ហើយបើថៃទម្លាក់ទឹក ខេត្តបន្ទាយមានជ័យ នឹងទទួលរងផលប៉ះពាល់បន្ថែម

គួរដឹង4 weeks ago

គតិអប់រំ៖ សុភាសិត​ដ៏មាន​តម្លៃ​ ៧ ​ឃ្លា​របស់​ជនជាតិ​កូរ៉េ​

ពីនេះពីនោះ2 weeks ago

ចិត្តបុណ្យណាស់! ឧកញ៉ា ឌួង ឆាយ បរិច្ចាគ១០ម៉ឺនដុល្លារ ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

ថ្មីៗ2 weeks ago

ត្រៀម!!! ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក FBI នឹងបើកការិយាល័យនៅកម្ពុជា ដើម្បីជួយតាមដានស៊ើបអង្កេតករណីប្រភេទនេះ

ពីនេះពីនោះ2 weeks ago

គ្រោះធម្មជាតិ ! នារីរបាំបុរាណ ស្រស់ស្អាតម្នាក់នេះ ត្រូវបា ត់ ប ង់ ជី វិ ត ព្រោះរលំផ្ទះសង្កត់

Trending

Copyright © 2019 ANARCHAK