អង្គការ WHO បង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី ក្រោយរុស្ស៊ីប្រកាសជោគជ័យ លើការអភិវឌ្ឍវ៉ាក់សាំង COVID-19
Connect with us

ថ្មីៗ

អង្គការ WHO បង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី ក្រោយរុស្ស៊ីប្រកាសជោគជ័យ លើការអភិវឌ្ឍវ៉ាក់សាំង COVID-19

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានអះអាងថា ខ្លួនកំពុងតែធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី ពាក់ព័ន្ធនឹងវ៉ាក់សាំង COVID-19 ដែលនឹងអាចយកទៅចាក់ការពារអាយុជីវិតមនុស្ស ជាលើកដំបូងនៅលើពិភពលោក។ នេះបើតាមសម្តីអ្នកនាំពាក្យ WHO ដែលត្រូវបានដកស្រង់ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។

អ្នកនាំពាក្យ WHO លោក ថារីក ហ្សាសារេវិក (Tarik Jasarevic) បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយ តាមរយៈវីដេអូអនឡាញថា «យើងកំពុងតែធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរពាក់ព័ន្ធនានា របស់សហព័ន្ធរុស្ស៊ី ហើយកិច្ចពិភាក្សានានាក៏កំពុងបន្តផងដែរ ដើម្បីធ្វើការកំណត់គុណភាពជាលើកដំបូង នៃវ៉ាក់សាំងរបស់រុស្ស៊ី ដោយក្រុមជំនាញអន្តរជាតិរបស់ WHO»។

អ្នកនាំពាក្យ WHO ខាងលើនេះបានសង្កត់ធ្ងន់ថា ការកំណត់លក្ខណៈសម្បត្តិនៃវ៉ាក់សាំងនានា គឺតម្រូវឲ្យមានការពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់ ទៅលើទិន្នន័យពាក់ព័ន្ធគ្រប់បែបយ៉ាង ទើបយើងអាចដឹងថា វាពិតជាមានសុវត្ថិភាព និងប្រសិទ្ធមែនឬអត់។ អ្នកនាំពាក្យ WHO អះអាងទៀតថា «ប្រទេសនានាមានស្ថាប័នជាតិរបស់ពួកគេ ដែលអាចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ឬថ្នាំព្យាបាល នៅក្នុងដែនដីរបស់ពួកគេបាន»

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសរបស់លោកបានអនុម័តជាផ្លូវការ នូវវ៉ាក់សាំងដំបូងបំផុតលើលោក ដែលអាចប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី (COVID-19)។ រដ្ឋាភិបាលរុស្ស៊ី បានអះអាងទៀតថា វ៉ាក់សាំងរបស់រុស្ស៊ីនឹងត្រូវចាប់ផ្តើមផលិត នៅចុងខែសីហានេះ ឬក៏ដើមខែកញ្ញាខាងមុខ ហើយបុគ្គលិកសុខាភិបាលរុស្ស៊ី នឹងក្លាយក្រុមមនុស្សដែលត្រូវចាក់វ៉ាក់សាំង អភិវឌ្ឍឡើងដោយវិទ្យាស្ថាន ហ្គាម៉ាឡេយ៉ា (Gamleya) នៃទីក្រុងម៉ូស្គូនេះមុនគេ។

ការបង្កើនល្បឿនអភិវឌ្ឍវ៉ាក់សាំងរបស់រុស្ស៊ី ត្រូវបានអន្តរជាតិមើលឃើញថា ជាការព្យាយាមយកឈ្នះការប្រណាំងប្រជែងជាលក្ខណៈសកល ចំពោះការអភិវឌ្ឍវ៉ាក់សាំង ដែលគ្រប់ប្រទេសត្រូវការជាទីបំផុត ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ក៏បានបង្ហាញការព្រួយបារម្ភ ចំពោះប្រសិទ្ធភាពវ៉ាក់សាំងរុស្ស៊ី និងធ្លាប់ចោទរុស្ស៊ីដែរថា បានព្យាយាមលួចទិន្នន័យផលិតវ៉ាក់សាំងរបស់ពួកគេផងដែរ ទាំងដែលមហាអំណាចទាំងនោះ មិនទាន់អាចផលិតបានជោគជ័យផងនោះ៕

ប្រភព៖ freshnewasis.com

Trending

Copyright © 2019 ANARCHAK