លោកឧកញ៉ា គួច ម៉េងលី៖ "កុំប្រឹងរកលុយវិនិយោគលើការអប់រំកូនរហូតភ្លេចផ្តល់ភាពកក់ក្តៅដល់កូន"
Connect with us

គួរដឹង

លោកឧកញ៉ា គួច ម៉េងលី៖ “កុំប្រឹងរកលុយវិនិយោគលើការអប់រំកូនរហូតភ្លេចផ្តល់ភាពកក់ក្តៅដល់កូន”

ក្នុង​កិច្ច​សម្ភាស​ជាមួយនឹង​អ្នក​សារ​ព័ត៌មាន​ ​កាលពីពេលកន្លងទៅ ​លោក​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​បាន​លើកឡើង​ថា​ ​ឪពុក​ម្ដាយ​សម័យ​ឥឡូវ​ចាប់ផ្ដើម​មានការ​យល់​ដឹង​ ​ទទួលស្គាល់​ ​និង​ឯកភាព​ថា​ វិ​ស័យ​អប់រំ​ ​គឺជា​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​កូន​ៗ​របស់​ពួកគាត់​។​

​ដូច្នេះ​ពួកគាត់​ខំ​យ៉ាងណា​ឱ្យ​កូន​ៗ​បាន​រៀន​នៅ​សាលា​ល្អ​ ​គឺ​សាលារៀន​ដែល​មានគុណ​ភាព​ខ្ពស់​ ​ទោះ​ជា​លំបាក​យ៉ាង​ណា​ក៏​ដោយ​ ​ដើម្បី​កូន​ទទួល​បាន​ការអប់រំ​មួយ​ដ៏​ល្អ​ប្រសើរ​។​ ​ជាមួយនឹង​គ្នា​នេះ​ ​ទោះ​មមាញឹក​នឹង​ការ​រកទទួលទាន​យ៉ាងណា​ ​ឪពុក​ម្ដាយ​ក៏​ពុំគួរ​ភ្លេច​តាមដាន​ពី​ការសិក្សា​របស់​កូន​ៗ​និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូន​ដែរ​។​

​លោក​ឧកញ៉ា​ ​មានប្រសាសន៍ថា​ ​នា​ពេល​បច្ចុប្បន្ន​ ​ជីវភាព​ពលរដ្ឋ​ខ្មែរ​ចាប់ផ្ដើម​ធូរធារ​ច្រើន​បើ​ធៀប​នឹង​រយៈពេល​កន្លងមក​។​ ​ឪពុក​ម្ដាយ​ខ្លះ​ខំ​រកទទួលទាន​ ​ដើម្បី​បញ្ជូន​កូន​ទៅ​រៀន​នៅ​សាលា​ឯកជន​ដែល​មាន​តម្លៃ​ខ្ពស់​និង​មានគុណ​ភាព​ល្អ​ដូច​អ្នកមាន​ជីវភាព​ធូរធារ​ឯទៀត​ដែរ​។​ ​ការ​និយម​បញ្ជូន​កូន​ទៅ​រៀន​នៅ​សាលា​ថ្លៃ​និង​មានគុណ​ភាព​បែប​នេះ​ ​ដោយសារតែ​ឪពុក​ម្ដាយ​គាត់​សង្ឃឹម​ថា​ ​ទៅ​ថ្ងៃក្រោយ​ឬ​១​០​ឆ្នាំក្រោយ​ ​កូន​របស់​ពួកគាត់​នឹង​មាន​ផ្លែផ្កា​ ​ពោល​គឺ​ចំណេះ​ដឹង​ ​ចំណេះ​ធ្វើ​ ​និង​មាន​បទ​ពិសោធ​ពិតប្រាកដ​ ​ដែល​អាច​ចូល​ប្រលូក​ក្នុង​សង្គម​ជាក់ស្ដែង​បាន​ល្អ​ប្រសើរ​ជាង​សាលា​មួយ​ចំនួន​ដែល​គ្មាន​គុណភាព​។​

​ពិតមែន​តែ​ការ​វិនិយោគ​លើ​ការអប់រំ​កូន​ៗ​នៅ​សាលា​ល្អ​ដែល​មានគុណ​ភាព​ខ្ពស់​ ​ព្រោះ​នៅ​ទីនោះ​មាន​សង្គម​មិត្ត​ភក្ដិ​ល្អ​ធ្វើ​ឱ្យ​កូន​ពួកគាត់​មិន​ខូច​ ​មិន​ប៉ោឡែ​ដូច​បង​ធំ​បង​តូច​ ​និង​មិន​ប្រើប្រាស់​គ្រឿងញៀន​ ​ប៉ុន្ដែ​លោក​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​កត់​សម្គាល់​ឃើញ​ថា​ ​មាន​អាណា​ព្យ​បាល​មួយ​ចំនួន​គាត់​ខំប្រឹង​រក​ប្រាក់​បង់ថ្លៃ​ការសិក្សា​ឱ្យ​កូន​រៀន​នៅ​សាលា​ល្អ​ ​គឺ​ប្រឹង​រហូតដល់​ភ្លេច​មើលការខុសត្រូវ​លើ​ការសិក្សា​របស់​កូន​ៗ​។​ ​ដូច្នេះ​ឪពុក​ម្ដាយ​គួរ​ចំណាយ​ពេលវេលា​ខ្លះ​សម្រាប់​កូន​ ​ដូចជា​បង្កើត​ដំណើរ​ក​ម្សាន្ត​ជាមួយ​កូន​ ​បង្កើត​ភាព​ស្និទ្ធស្នាល​ ​ពិភាក្សា​ ​និង​ប្រឹក្សា​ជាមួយ​កូន​ឱ្យ​បាន​ញឹកញាប់​ ​ដើម្បី​ឱ្យ​កូន​មាន​ភាព​កក់ក្ដៅ​នៅ​ក្នុង​ជីវិត​។​

​លោក​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​បញ្ជាក់​ថា​ ​ក្នុងនាម​ជា​ឪពុក​ម្ដាយ​ត្រូវ​ដឹង​ថា​ ​ក្មេង​ឆាប់​ពេញវ័យ​ខ្លាំង​ណាស់​ ​កាលណា​កូន​ធំ​ពេញវ័យ​ហើយ​ ​កូន​មិនសូវ​និយាយ​ស្ដី​រក​ឪពុក​ម្ដាយ​ទេ​ ​ហើយ​នៅ​ពេល​មានរឿង​ ​គឺ​តែងតែ​លាក់​នឹង​ឪពុក​ម្ដាយ​ ​ដោយ​មិន​ចង់​ឱ្យ​ឪពុក​ម្ដាយ​ដឹង​ឡើយ​។​ ​ដូច្នេះ​ក្នុងនាម​យើង​ជា​ឪពុក​ម្ដាយ​ត្រូវ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​កូន​ឱ្យ​មាន​ច្រើន​តាំងតែពី​កូន​នៅ​តូច​ៗ​មក​ម្ល៉េះ​។​ ​ឪពុក​ម្ដាយ​មិន​ត្រឹមតែ​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ ​និង​បង់ថ្លៃ​សាលា​ដែល​មានគុណ​ភាព​សម្រាប់​កូន​ប៉ុណ្ណោះ​ទេ​ ​តែ​ឪពុក​ម្ដាយ​ក៏​ត្រូវ​ដឹងឮ​ ​និង​ផ្ដល់​ភាព​កក់ក្ដៅ​គ្រប់បែបយ៉ាង​សម្រាប់​កូន​ផង​ដែរ​ ​ដើម្បី​កុំ​ឱ្យ​វិនិយោគ​លើ​ការអប់រំ​កូន​ៗ​ហើយ​ ​ដោយ​មិន​ទទួល​បានផល​ដូច​ក្ដី​បំណង​៕​

​ប្រភព៖ www.interconrooster.com

Trending

Copyright © 2019 ANARCHAK