មិនចប់ឡើយ! លោក​ដូណាល់ ត្រាំ​ ហាម​ឃាត់​លែង​ឲ្យ​មាន​កម្មវិធី​ TikTok របស់​ចិន​នៅ​អាមេរិក​
Connect with us

ថ្មីៗ

មិនចប់ឡើយ! លោក​ដូណាល់ ត្រាំ​ ហាម​ឃាត់​លែង​ឲ្យ​មាន​កម្មវិធី​ TikTok របស់​ចិន​នៅ​អាមេរិក​

ប្រធានាធិបតី​អាមេរិកលោក​ដូណាល់ ​ត្រាំ បាន​ប្រកាស​ថា​លោក​នឹង​ចេញក្រឹត្យ​មួយ​នៅថ្ងៃ​សៅរ៍​នេះ ដើម្បី​រារាំង​មិន​ឲ្យ​​កម្មវិធី​ Tik Tok របស់ចិន​ធ្វើ​ប្រតិបត្តិការ​នៅ​អាមេរិក​បាន​។ សេចក្តីប្រកាស​របស់​លោក​ដូណាល់ ត្រាំ​នេះ​ ធ្វើឡើង​ពីព្រោះតែ​អាជ្ញាធរ​សន្តិសុខ​អាមេរិកលើកឡើង​ពី​ក្តី​បារម្ភ​ដែលថា​ កម្មវិធី​បណ្តាញសង្គម​របស់​ចិន​មួយនេះ​ អាចជា​ឧបករណ៍​សម្រាប់​ស៊ើបការណ៍​របស់​រដ្ឋាភិបាល​ចិន​។ តើ​កម្មវិធី​ Tik Tok ពិតជា​ឧបករណ៍​ស៊ើបការណ៍​ឲ្យក្រុង​ប៉េកាំង​មែនឬ​យ៉ាងណា​? ក្រៅពី​សហរដ្ឋអាមេរិក​ តើមាន​ប្រទេស​ណាខ្លះទៀត​ដែល​ហាម​ឬ​មិនឲ្យប្រើ​ Tik Tok​?

តើ​ TikTok​ជាអ្វី​?

Tik Tok​ គឺជា​សេវាកម្ម​ចែក​រំលែក​វីដេអូ​តាម​បណ្តាញ​សង្គម​របស់​ចិន​ដែល​ត្រូវ​បាន​បង្កើត ដោយ​ក្រុមហ៊ុន​បាយដាន​ (ByteDance) ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ីនធ័រណេត​មួយ​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១២ មាន​មូលដ្ឋាន​នៅទី​ក្រុងប៉េកាំង​ប្រទេសចិន​។

វេទិកា​សង្គម​ Tik Tok បាន​ផ្ទុះ​ប្រជាប្រិយភាពខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ​ ជាពិសេស​យុវវ័យ​ក្មេងៗ​អាយុខ្ទង់​ ២០ ឆ្នាំ​ ពេញ​និយម​លេង​កម្មវិធី​ Tik Tok ហ្នឹង​ណាស់​ ហើយ​បើ​តាមការប៉ាន់ស្មាន​ មាន​មនុស្ស​ចំនួន​រាប់ពាន់លាន​នាក់​នៅទូទាំង​ពិភពលោក​កំពុង​ប្រើប្រាស់ឬ លេង​ Tik Tok។

មនុស្ស​រាប់​រយ​លាន​នាក់​ បាន​ងាក​មក​លេង​ TikTok ក្នុងគោល​បំណង​កម្សាន្ត​ និង​ត​ភ្ជាប់ទំនាក់ទំនង​។ ជាធម្មតា​ អ្នក​ប្រើ​កម្មវិធី​ Tik Tok​ បង្កើត​ជា​វីដេអូខ្លីៗ​ មាន​រយៈពេល​ប្រមាណ​ ១៥ វិនាទី​ ដើម្បី​ចែក​រំលែក​វីដេអូ​ដែល​វីដេអូ​ទាំងនោះ​ជារឿយៗ​ គឺជា​ការ​ធ្វើមាត់​ត្រាប់ច្រៀង​តាម​បទ​ចម្រៀង​ ឬក៏​រឿង​កំប្លុក​កំប្លែង​ផ្សេងៗ​ជាដើម។ល។

ហេតុអ្វី​បានជា​លោក​ដូណាល់​ ត្រាំ​ ចង់​ហាម​មិនឲ្យ​ប្រើ​ Tik Tok​ នៅ​អាមេរិក?

កម្មវិធី​ Tik Tok កំពុង​មាន​និង​កើន​ប្រជាប្រិញភាព​ខ្លាំង​។​ យុវវ័យ​អាមេរិក​កាន់តែច្រើនឡើងៗ បាននាំ​គ្នា​ងាកមក​លេង​ Tik Tok​។ បច្ចុប្បន្ននេះ​ អ្នក​ប្រើប្រាស់​កម្មវិធី​ Tik Tok សកម្ម​ប្រចាំ​ខែ​មាន​ចំនួន​ប្រមាណ​ ៨០០ លាន​នាក់​ ដែល​ភាគច្រើន​នៃ​អ្នកប្រើប្រាស់​ទាំងនោះ​ គឺនៅ​សហរដ្ឋអាមេរិក​ និងឥណ្ឌា​។ ហើយ​គិតតែ​នៅ​អាមេរិក​តែឯង​ អ្នកប្រើ​ Tik Tok សកម្មប្រចាំ​ខែ​ មាន​ចំនួន​ប្រមាណ​ ២៦,៥ លាន​នាក់​។

ដោយឡែក​ ខណៈពេល​ដែល​ Tik Tok កាន់តែ​ល្បី​និង​ពេញនិយម​ក្នុង​ចំណោមប្រជាជន​របស់​ខ្លួន​ អាមេរិក​ក៏ផ្តើម​មានចិត្ត​ព្រួយបារម្ភ​ថា Tik Tok អាចជា​ឧបករណ៍​ប្រើប្រាស់​ចិន​ ដើម្បី​ស៊ើបការណ៍​ពី​អាមេរិក​។

នៅ​ប៉ុន្មាន​សប្តាហ៍ថ្មីៗ​នេះ​ អាជ្ញាធរ​សន្តិសុខ​ និង​សមាជិក​សភា​អាមេរិក​ បាន​សម្តែង​នូវការភ័យខ្លាច​ថា​ កម្មវិធី​វីដេអូ​ដ៏ពេញនិយម​ Tik Tok​ អាចត្រូវ​បាន​គ្រប់គ្រង​ដោយ​ទីក្រុង​ប៉េកាំង​ ដើម្បី​ប្រមូលយក​ទិន្នន័យផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​អាមេរិក​។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ខ្លះទៀត​ បារម្ភ​ខ្លាចទៀតថា​ TikTok​ អាចជា​គោលដៅ​របស់​បរទេស​ដើម្បីលូកដៃ​ជ្រៀតជ្រៀត​ចូលក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ នាថ្ងៃទី​ ៣ ខែវិច្ឆិកាខាងមុខ​ ពោលគឺ​ដូចជាអ្វី​ដែលបាន​ធ្វើនៅ​លើ​ហ្វេសប៊ុក​ និង​ធ្វីតធឺ ​ក្នុងការ​បោះឆ្នោត​ឆ្នាំ នា ២០១៦​កន្លង​មក​។

ថ្លែង​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​កាលពីថ្ងៃ​សុក្រ​ម្សិលមិញ​ លោក​ដូណាល់ ត្រាំ​ បាន​និយាយថា​ នៅពេលដែល​ TikTok​ បង្កឲ្យ​មាន​ក្តី​ព្រួយបារម្ភ​ គេ​ត្រូវ​ហាមឃាត់​មិនឲ្យ​កម្មវិធី​នេះ​ មានវត្តមាន​នៅ​សហរដ្ឋអាមេរិក​ឡើយ​។

ទន្ទឹមគ្នានេះ​ លោកត្រាំ​ ក៏បាន​បន្ថែមទៀតថា​ លោក​នឹង​ចាត់វិធានការ​ភ្លាមៗ​ នៅ​ថ្ងៃសៅរ៍​ ទី ១​ សីហា​ តែម្តង​ ដោយ​ប្រើ​បទបញ្ជា​ពិសេស​របស់​ប្រធានាធិបតី​ បញ្ចេញ​ក្រឹត្យមួយ​ដើម្បីហាម​ Tik Tok​ ពីការ​ធ្វើប្រិតបត្តិការ​នៅក្នុង​ទឹកដី​អាមេរិក​។

ទោះយ៉ាងនេះក្តី​ គេ​នៅមិនទាន់​ដឹងច្បាស់​នៅឡើយ​នោះទេ​ ថា​លោក​ដូណាល់ ត្រាំ​ មាន​សិទ្ធិ​អំណាច​អ្វី​ពិសេស​ ក្នុងការ​ហាមឃាត់​ TikTok​។ បន្ថែមលើនេះ​ គេ​ ក៏នៅមិនទាន់​ច្បាស់ដែរ​ថាតើ​ការ​ហាមឃាត់​នោះ​ នឹង​ត្រូវអនុវត្ត​យ៉ាងដូចម្តេច​ ហើយនឹង​ត្រូវ​ប្រឈមនឹង​និតិវិធី​ច្បាប់​អ្វីខ្លះ​?

មានការ​រាយការណ៍​ថា​ ក្រុមហ៊ុន​ Microsoft​ ​ កំពុងពិភាក្សា​ទិញ​កម្មវិធី​TikTok ពីក្រុមហ៊ុន​ByteDance​។ ក៏ប៉ុន្តែ​ លោក Trump ហាក់​ដូចជាមាន​ការសង្ស័យ​ និង​មិនសប្បាយចិត្ត​ឡើយ​ចំពោះ​កិច្ចពិភាក្សា​លក់ដូរ​នេះ​។

ប្រសិនណាបើ​ក្រុមហ៊ុន​ Microsoft ពិតជា​ទិញយក​ TikTok បាន​មែននោះ​ វានឹងក្លាយ​ទៅជា​ដៃគូប្រជែង​ដ៏ខ្លាំង​មួយ​ របស់​បណ្តាញសង្គម​ហ្វេសប៊ុក​ និង​ យូរធូប​ ព្រមទាំងក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សដទៃ​ទៀត​របស់​អាមេរិក​ ដែលនេះ​នឹងធ្វើឲ្យ​មានការ​ផ្លាស់ប្តូរ​ខ្លាំង​នូវទិដ្ឋភាព​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​នៅប្រទេស​អាមេរិក​។

គួរគូសបញ្ជាក់ជូនដែរថា​ អាមេរិក​មិនមែនជា​ប្រទេសទី ១​នោះទេ​ ដែលចង់​ហាមមិនឲ្យ​ប្រើ កម្មវិធី​ TikTok របស់​ចិន​។ ជាក់ស្តែង​ ប្រទេសឥណ្ឌា​ បាន​សម្រេច​ហាមមិនឲ្យ​ប្រើ​ TikTok រួចហើយ​កាលពីចុង​ខែមិថុនា​កន្លងទៅ​ ដោយសារតែ​បារម្ភពី​បញ្ហាសន្តិសុខ​ និង​សិទ្ធិឯកជន ស្របពេលដែល​ប្រទេសផ្សេងទៀត​ត្រូវបាន​គេរាយការណ៍​ដែរថា​ កំពុង​ចាត់វិធានការ​ស្រដៀងគ្នានេះ។ ក្នុងចំណោមនោះ​ មាន​អូស្រ្តាលីដែលជាប្រទេស​បាន​ហាមឃាត់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ធំរបស់ចិន​ Huawei​ និង​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ ZTE​ ក៏​កំពុងពិចារណា​ហាមមិនឲ្យប្រើ​ TikTok​ ក្នុង​ប្រទេស​របស់​ខ្លួន​ដែរ​។

ប្រតិកម្ម​របស់​ក្រុមហ៊ុន​ TikTok ​ចំពោះ​ក្តី​បារម្ភ​របស់​អាមេរិក

បន្ទាប់ពី​មន្រ្តីសន្តិសុខ​​ ហើយនិង​សមាជិកសភា​អាមេរិក​ បាន​សម្តែង​នូវការ​ភ័យខ្លាច​ថា​ កម្មវិធី TikTok អាច​ត្រូវបាន​ប្រើប្រាស់​ដោយទីក្រុង​ប៉េកាំងសម្រាប់​គោលបំណង​មិនសមហេតុផល​ ក្រុមហ៊ុន​ TikTokក៏បាន​ចេញមុខ​បដិសេធ​ចំពោះ​ការលើកឡើង​ខាងលើ​ភ្លាមៗ​ផងដែរ​។

ជាក់ស្តែង​ ក្រុមហ៊ុន​ នៅសប្តាហ៍នេះ​ បាន​ចេញមុខ​ធានាសន្យា​យ៉ាង​ម៉ឺងម៉ាត់​ នូវ​តម្លាភាពរួមទាំង​បានធានា​អះអាងថា​ ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ត្រូវបាន​ទុកដាក់​ប្រកបដោយ​សុវត្ថិភាពខ្ពស់​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ TikTok​ គឺ​លោក​ Kevin Mayer បាន​និយាយនៅ​ក្នុងសេចក្តី​ប្រកាសមួយ​នាសប្តាហ៍នេះ​ថា​ “ក្រុមហ៊ុន​ TikTok មិនមែនជា​ឧបករណ៍​នយោបាយ​នោះទេ​ ហើយក្រុមហ៊ុន​ ក៏មិន​ដែល​ទទួលយក​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លក្ខណៈ​នយោបាយ​ដែរ​”។ ជាមួយគ្នានេះ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ TikTok រូបនេះ បាន​សង្កត់ធ្ងន់ទៀត​ថា​ គោលបំណងតែ​មួយគត់​របស់​ក្រុមហ៊ុន​ គឺនៅតែជា​វេទិកា​ដ៏​រស់រវើក​ និង​សកម្ម​សម្រាប់​អ្នកប្រើប្រាស់​ដើម្បី​ទទួលបាន​ភាពរីករាយ​”៕

ប្រភព៖ www.rfi.fr

គួរដឹង18 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ18 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង19 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ19 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ19 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK