លោក សុខ ទូច៖ "ចៅហ្វាយខេត្ត ត្រូវជួយកសិករចងជាសមាគម ដើម្បីទាញផលពីពាណិជ្ជកម្មសេរី ហើយកុំថតតែរូបបង្ហោះ"
Connect with us

ថ្មីៗ

លោក សុខ ទូច៖ “ចៅហ្វាយខេត្ត ត្រូវជួយកសិករចងជាសមាគម ដើម្បីទាញផលពីពាណិជ្ជកម្មសេរី ហើយកុំថតតែរូបបង្ហោះ”

ភ្នំពេញ៖ អភិបាលខេត្តទាំងអស់ ត្រូវជួយកសិករ ក្នុងការរៀបចំជាសហគមន៍ និងជាប្រព័ន្ធ ពីខេត្តមួយទៅខេត្តមួយទៀត ដើម្បីទទួលបានផលពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន។ នេះជាការលើកឡើងរបស់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភា។

លោក សុខ ទូច មើលឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ វាផ្ដល់អត្ថប្រយោជន៍ទាំងចិន និងកម្ពុជា ។ ប៉ុន្តែកម្ពុជា ក៏ត្រូវត្រៀមខ្លួនឱ្យបានល្អដែរ ទើបអាចទទួលបានផលពីកិច្ចព្រមព្រៀងនេះ។ បើតាមលោក សុខ ទូច កម្ពុជាត្រូវការរៀបចំ និងដោះស្រាយបញ្ហាមួយចំនួន រួមមានការដឹកជញ្ជូន, ការិយាល័យធិបតេយ្យ, បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ: និងតម្លៃអគ្គិសនី។ ជាពិសេសពង្រឹងការវិនិយោគក្នុងស្រុក និងបច្ចេកទេសដាំដុះដល់កសិករ។

ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ពីសារប្រយោជន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាពកម្ពុជា បណ្ឌិតសភាចារ្យរូបនេះ បាននិយាយដូច្នេះថា៖« បើថ្លៃដើមផលិតថ្លៃ ការដឹកជញ្ជូនចំណាយច្រើន បូកជាមួយការចាយវាយលើការិយាល័យធិបតេយ្យ នោះផលិតផលមិនអាចលក់បានថោកជាងគេទេ។ ដូច្នេះហើយ ចាំបាច់ណាស់ដែលថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ ត្រូវជជែកពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយរួម លើកទឹកចិត្តដល់វិស័យឯកជនបង្កើនវិនិយោគនិងផលិតកម្មក្នុងស្រុក»។


សម្រាប់លោក សុខ ទូច  បើសិនតម្លៃថ្លៃដើមកាន់តែទាប ឱកាសប្រកួតប្រជែងមានកាន់តែខ្ពស់។ ក្រៅពីជំរុញឱ្យមានការពង្រឹងការប្រកួតប្រជែងហើយ លោក សុខ ទូច ក៏ស្នើឱ្យអភិបាលខេត្តទាំងអស់ ជួយរៀបចំជាសហគមន៍ និងជាប្រព័ន្ធ រវាងខេត្តនិងខេត្ត ដើម្បីធ្វើឱ្យទីផ្សារកសិកម្មឋិតឋេរ ដែលផ្ដល់ផលប្រយោជន៍ដល់កសិករ។ ក្នុងន័យនេះលោក សុខ ទូច ចង់ពន្យល់ថា បើខេត្តមួយ ដាំល្ពៅ ត្រឡាច ឬបន្លែផ្សេងៗនោះ គឺទុកឱ្យខេត្តនោះជាអ្នកផលិត និងផ្គត់ផ្គង់ក្នុងទីផ្សារ ឯខេត្តផ្សេងទៀតត្រូវដាំដំណាំ ផ្លែឈើផ្សេងក្រៅពីផលិតនោះ ដើម្បីកុំឱ្យជាន់ទីផ្សារគ្នា ហើយទទួលបានផលប្រយោជន៍ស្មើគ្នា។

«សូមឱ្យខេត្តនីមួយៗ ត្រូវចងជាសមាគម ដើម្បីអាចប្រកួតប្រជែងជាមួយពាណិជ្ជកម្មសេរីរបស់ចិន។ បើអត់ចងជាសមាគមទេ ទៅមិនរួច(មិនអាចប្រកួតប្រជែងទីផ្សារ)ដាច់ខាត។ នេះជាការលើកឡើងរបស់លោក សុខ ទូច ដែលបន្ថែមថា អភិបាលខេត្តត្រូវរៀបចំរបាយការណ៍ និងយុទ្ធសាស្ត្រជួយពលរដ្ឋ មិនមែនចាំតែថតរូបបង្ហោះតាមបណ្ដាញសង្គម ពេលឡើងមកប្រជុំម្ដងៗនោះទេ។

បើតាមប្រធានរាជបណ្ឌិត្យសភារូបនេះ ការចងជាសមាគមនឹងផ្ដល់ផលប្រយោជន៍៤យ៉ាង ដល់កសិករ និងខេត្តនីមួយៗ រួមមាន ពង្រីកទំហំដីធំ , ងាយស្រួលចុះអនុស្សារណៈយោគយល់គ្នា(MOU ) សម្រាប់ការទិញផលិត ,មានគ្រូជួយបណ្ដុះបណ្ដាលកសិករត្រឹមត្រូវ និងទំហំគុណភាពនៃបរិមាណផលិតផលអាចទទួលយកបាន។

ចិនបានអនុគ្រោះពន្ធលើទំនិញ៣៤០មុខរបស់កម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA )។  លោក សុខ សុភ័ក្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ទំនិញ៣៤០មុខនេះ ទទួលបានការអនុគ្រោះពន្ធ៩៥ភាគរយ ឬមិនគិតពន្ធតែម្ដង។ បានន័យថា ទំនិញទាំងនោះ ភាគច្រើនបង់ពន្ធនាំចូលទីផ្សារចិនតែ៥ភាគរយ។

ត្រង់ចំណុចនេះលោក សុខ សុភ័ក្រ បានលើកជាឧទាហរណ៍ថា ម្រេចកម្ពុជា ដែលត្រូវបង់ពន្ធ២០ភាគរយ កាលពីមុននោះ គឺមិនត្រូវបង់ពន្ធទៀតនោះទេ ក្រោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាធរមាន។ ក្រៅពីម្រេច ក៏មានផ្លែឈើ ត្រី សាច់ និងប្រភេទសត្វសមុទ្រផ្សេងទៀត ក៏រួចពន្ធផងដែរ។ ប៉ុន្តែអ្វីដែលជាកង្វល់នោះ គឺការប្រកួតប្រជែងទីផ្សារជាមួយចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ នោះក៏ព្រោះតែទំនិញរបស់ចិន មានតម្លៃថោកជាងទំនិញកម្ពុជា។

លោក គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ច បានបង្ហាញថា ផលិតផលបន្លែចិន មានតម្លៃថោកជាងផលិតផលក្នុងស្រុក ដូច្នេះកម្ពុជាអាចក្លាយជាកន្លែងបង្ហូរផលិតផលកសិកម្មបន្លែពីចិន។ ត្រង់ចំណុចនេះ លោក សេរីវឌ្ឍន៍ ជំរុញឱ្យកម្ពុជារៀបចំយុទ្ធសាស្ត្រ និងត្រៀមខ្លួនទប់ស្ថានការណ៍នេះ។

«ប្រសិនបើការរៀបចំខ្លួនឆ្លើយតបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន មិនគ្រប់គ្រាន់ទេនោះ នឹងធ្វើឱ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបាត់តុល្យភាព ហើយលំហូរពាណិជ្ជកម្មនឹងធ្ងន់ទៅខាងចិន។ លំហូរទំនិញពីចិននឹងហូរចូលមកទីផ្សារកម្ពុជា ហើយកម្ពុជា ត្រូវការរៀបចំខ្លួនជាចាំបាច់សម្រាប់ទប់លំហូរទំនិញរបស់ចិន ដើម្បីឱ្យកម្ពុជា អាចបង្កើនវិនិយោគនិងផលិតកម្មដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល ឬក៏សម្រាប់នាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារចិនវិញ»។ នេះបើតាមលោក គី សេរីវឌ្ឍន៍។

តែយ៉ាងណាលោក សុខ សុភ័ក្រ អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ វាមិនធ្វើឱ្យប៉ះពាល់ដល់សហគ្រិនធុនតូច និងមធ្យម (SME) និងវិស័យកសិកម្មនោះទេ ប៉ុន្តែវាជាការពង្រឹងសមត្ថភាព SME ក្នុងការប្រកួតប្រជែងទៅវិញ។ ជាពិសេសការធ្វើពិពិធកម្មពាណិជ្ជកម្ម សម្រាប់ការនាំចេញ។ បើតាមលោក សុខ សុភ័ក្រ ក្រុមការងារក្រសួង នឹងចុះទៅជួយ SME ជាពិសេសផ្នែកកសិកម្ម ពីរបៀបផលិតនាំចេញទៅប្រទេសចិន។

តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ កម្ពុជា ក៏បានផ្ដល់ការអនុគ្រោះពន្ធនាំចូលមុខទំនិញពីចិនដែរ។ កម្ពុជាបានអនុគ្រោះលើផលិតផលចិន រួមមាន ដែក គ្រឿងបន្លាស់ គ្រឿងបង្គុំ និងគ្រឿងចក្រធំជាដើម។ នេះបើតាមលោក សុខ សុភ័ក្រ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលបញ្ចប់នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA ) នាព្រឹកថ្ងៃទី២៨ កក្កដា។

កាលពីឆ្នាំ២០១៩ កម្ពុជានាំចេញទៅចិន មានទំហំទឹកប្រាក់ជាង ១០០០លានដុល្លារ ខណៈចិននាំចូលមកកម្ពុជាវិញ ជាង៦០០០លានដុល្លារ។ ទំនិញដែលកម្ពុជា នាំទៅទីផ្សារចិន ភាគច្រើន ជាប្រភេទផលិតផលកសិកម្ម ឯចិននាំមកកម្ពុជា ភាគច្រើនជាសម្ភារបច្ចេកទេស គ្រឿងបន្លាស់ និងគ្រឿងចក្រធំ។ នេះបើតាមការបញ្ជាក់របស់លោក លោក សុខ សុភ័ក្ត្រ  រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូនៃក្រសួងពាណិជ្ជកម្ម៕

ប្រភព៖ thmeythmey.com

គួរដឹង19 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ19 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង20 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ20 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ20 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK