លោក ឌូ​ទើ​តេ នៅតែ​ប្រកាន់​ជំហរ«ពងមាន់​មិនអាច​ជល់​នឹង​ថ្ម​»ចំពោះបញ្ហាសមុទ្រ​ចិន​ខាងត្បូង
Connect with us

ថ្មីៗ

លោក ឌូ​ទើ​តេ នៅតែ​ប្រកាន់​ជំហរ«ពងមាន់​មិនអាច​ជល់​នឹង​ថ្ម​»ចំពោះបញ្ហាសមុទ្រ​ចិន​ខាងត្បូង

លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ប្រើប្រាស់​សុន្ទរកថា​ប្រចាំឆ្នាំ​ទៅកាន់​ប្រជាជាតិ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែកក្កដា ដើម្បី​ប្រកាស​ជាថ្មី​ជំហរ​របស់​ហ្វីលីពីន​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ តាំងពី​ឡើងកាន់តំណែង​២០១៦ មក លោក ឌូ​ទើ​តេ មាន​ជំហរ​ទន់ភ្លន់​ខ្លាំង​លើ​បញ្ហា​មួយ​នេះ ដោយ​លោក​និយាយ​ម្ដង​ហើយ​ម្ដង​ទៀតថា ហ្វីលីពីន គ្មាន​សមត្ថភាព​អ្វី​ទាំងអស់​ដើម្បី​ទៅ​តទល់​នឹង​ចិន​ដែលជា​មហាអំណាច​ពិភពលោក​នោះឡើយ​។

​ខណៈ​ហ្វីលីពីន​មាន​សាលក្រម​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​អន្តរជាតិ​ឆ្នាំ​២០១៦ ដើម្បី​ទាមទារ​កម្មសិទ្ធិ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ហ្វីលីពីន​ហៅថា សមុទ្រ​ខាងលិច​ក្ដី លោក ឌូ​ទើ​តេ នៅតែ​គ្មាន​ផែនការ​ដើម្បី​ទាមទារ​សិទ្ធិ​គ្រប់គ្រង​ប្រជុំ​កោះ​ដែល​ចិន​កំពុង​ត្រួតត្រា​ដែរ​។ បើតាម​លោក ឌូ​ទើ​តេ មិន​ថា​ប្រើ​កម្លាំងបាយ ឬ​កម្លាំង​អ្វី​ផ្សេង​ឡើយ ហ្វីលីពីន មិនអាច​ចូល​គ្រប់គ្រង​ទឹកដី​ទាំងនោះ​បានឡើយ ដ្បិត​វា​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​រវាង​ហ្វីលីពីន និង​ចិន ហើយ​ហ្វីលីពីន​នឹងត្រូវ​ចិន​បំបាក់​មិន​ខាន​។​

«​ឥឡូវ​មាន​អ្នក​រិះគន់​ជាច្រើន​អះអាងថា រដ្ឋាភិបាល​មិនបាន​ធ្វើ​ដើម្បី​យក​សមុទ្រ​ចិន​ខាងត្បូង​មកវិញ​ឡើយ​។ អ្នកដឹង​ទេ ប្រសិនយើង​មិនទាន់​ត្រៀមខ្លួន​ធ្វើសង្គ្រាម​ទេ យើ​ងគួរ​ផ្អាក​សិន​ទៅ​។ ចិន​ក៏​ទាមទារ​។ យើង​ក៏​ទាមទារ​។ ចិន​មាន​អាវុធ​។ យើង​អត់​មាន​ផង​។​» នេះ​ជាការ​លើកឡើង​របស់លោក ឌូ​ទើ​តេ ដែល​បន្តថា លោក​មិនអាច​អូស​ហ្វីលីពីន​ទៅធ្វើ​សង្គ្រាម​ជាមួយ​ចិន​បានឡើយ ហើយ​ទុក​ឲ្យ​ប្រធានាធិបតី​ផ្សេង​ធ្វើ​ចុះ​។

​បើតាម​សារព័ត៌មាន Rappler ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​និយាយ​ត្រង់ៗ​ទៀតថា និយាយ​ដល់​រឿង​សមុទ្រ​ចិន​ខាងត្បូង​នេះ លោក​សារភាពថា លោក​មិនបានការ​ឡើយ​។​

​តាមពិតទៅ លោក ឌូ​ទើ​តេ រង​ការរិះគន់​ខ្លាំង​រឿង​ជំហរ​មិន​ទាមទារ​ទឹកដី​ព្រោះ​ខ្លាច​សង្គ្រាម​នេះ​។ មន្ត្រី និង​អតីតមន្ត្រី​ហ្វីលីពីន​ជាច្រើន មិន​ពេញ​ចិត្តនឹង​ហេតុផល​បែបនេះ​ឡើយ ព្រោះ​ហ្វីលីពីន​មាន​សិទ្ធិ​ដើម្បី​ទាមទារ​អ្វី​ដែលជា​របស់ខ្លួន​។ លោក Antonio Carpio អតីត​ចៅក្រម​តុលាការ​កំពូល​ហ្វីលីពីន ជា​អ្នក​ចេញមុខ​រិះគន់​លោក ឌូ​ទើ​តេ ខ្លាំងជាងគេ​។ លោក​ចាត់ទុក​មូលហេតុ​ខាងលើ ជាការ​បន្លាច​ប្រជាជន​ហ្វីលីពីន​តែប៉ុណ្ណោះ​។​

​ប្រាំ​ឆ្នាំ​មកនេះ ហ្វីលីពីន​ក្រោម​ការដឹកនាំ​របស់លោក ឌូ​ទើ​តេ ងាក​ទៅរក​ចិន​ខ្លាំង ហើយ​បែរខ្នង​ដាក់​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​ចាស់​ឆ្នាំ​។ ដោយសារ​ចង់បាន​ទំនាក់ទំនង​ជិតស្និទ្ធ​នេះ រដ្ឋាភិបាល​លោក ឌូ​ទើ​តេ ក៏​មិនសូវ​ធ្វើ​សកម្ម​ភាពខ្លាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែរ ដោយបាន​ត្រឹម​ចេញ​សេចក្ដីថ្លែងការណ៍​ម្ដងម្កាល​ប៉ុណ្ណោះ​៕

ប្រភព៖ thmeythmey.com

គួរដឹង21 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ21 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង21 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ22 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ22 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK