៨ ចំនុចសញ្ញាបញ្ជាក់ថាអ្នកកំពុងខ្វះប្រូតេអ៊ីន
Connect with us

គួរដឹង

៨ ចំនុចសញ្ញាបញ្ជាក់ថាអ្នកកំពុងខ្វះប្រូតេអ៊ីន

បើចេញ​រោគសញ្ញាទាំងនេះ អាចថាយើងកំពុង​ខ្វះប្រូតេអ៊ីនហើយ

ប្រូតេអ៊ីន​គឺ​មាន​តួនាទី​សំខាន់​ក្នុង​ដំណើរការ​របស់​រាងកាយ ហើយ​បើ​យើង​មាន​កង្វះ​ប្រូតេអ៊ីន រាងកាយ​របស់​យើង​នឹង​មាន​បញ្ហា។ តើ​រោគសញ្ញា​អ្វី​ខ្លះ​បង្ហាញ​ថា​យើង​មាន​កង្វះ​ប្រូតេអ៊ីន?​

១. ឃ្លាន​អាហារ

ប្រសិនជា​យើង​តែង​តែ​មាន​អារម្មណ៍​ឃ្លាន នោះ​អាច​មក​ពី​អាហារ​ដែលយើង​ញ៉ាំ​​មាន​ប្រូតេអ៊ីន​តិច​តែ​មាន​កាបូអ៊ីដ្រាត និង​ស្ករ​ច្រើន។ បញ្ហា​គឺ​មក​ពី​យើង​ញ៉ាំ​អាហារ​មាន​កាឡូរី​ច្រើន​ ហើយ​មាន​​បរិមាណ​ប្រូតេអ៊ីន​ទាប​បើ​ប្រៀបធៀប​នឹង​បរិមាណកាឡូរី។

២. បាត់បង់​ម៉ាស់​សាច់ដុំ និង​ឈឺ​សន្លាក់

សាច់ដុំ​គឺ​ជា​កន្លែង​ស្តុក​ប្រូតេអ៊ីន។ បើ​សាច់ដុំ​ចុះ​ខ្សោយ មាន​ការ​ឈឺចាប់ និង​បាត់បង់​ម៉ាស់​ ទាំង​នេះ​អាច​ជា​រោគសញ្ញា​នៃ​កង្វះ​ប្រូតេអ៊ីន។ ការសិក្សា​មួយ​បាន​លើកឡើង​ថា​បញ្ហា​នេះ​តែង​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់។ ប្រូតេអ៊ីន​គឺ​សំខាន់​សម្រាប់​ការ​រក្សា និង​ការ​លូតលាស់​សាច់ដុំ។

៣. បញ្ហា​ស្បែក និង​ក្រចក

កង្វះ​ប្រូតេអ៊ីន​អាច​បណ្ដាល​ឲ្យ​ក្រចក​ខ្សោយ និង​ផុយស្រួយ​ងាយ​បាក់ ហើយ​ក្នុង​ករណី​ខ្លះ​ទៀត​អាច​មាន​ខ្សែ​ឆ្នូត​ពណ៌​ស និង​ស្នាម​អុជៗ​ពណ៌​ត្នោត​លើ​ក្រចក។ ក្រៅ​ពីក្រចក​ ​ស្បែកក៏​ទទួល​រង​ផល​ប៉ះពាល់​ដែរ។ ដោយ​ប្រូតេអ៊ីន​ជួយ​ការ​ផលិត​ឡើង​វិញ​នៃ​កោសិកា ការ​ផលិត​កោសិកា​ថ្មី និង​ជំនួស​កោសិកា​ដែល​ងាប់ នៅ​ពេល​ខ្វះ​ប្រូតេអ៊ីន យើង​អាច​នឹង​ឃើញ​ថា​ស្បែក​របស់​យើង​ស្ងួត របក និង​ប្រេះ​ជា​ដើម។

៤. សក់ជ្រុះ

សក់​របស់​យើង​បង្កើត​ដោយ​ប្រូតេអ៊ីន ៩០%​ដែល​មាន​ឈ្មោះថា keratin។ ប្រសិនជា​យើង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់ សក់របស់យើង​នឹង​ស្តើង ហើយ​ពណ៌​សក់​ក៏​មាន​ការ​ប្រែប្រួល។ នេះ​មក​ពី​រាងកាយ​ឈប់​ប្រើប្រាស់​ប្រូតេអ៊ីន​សម្រាប់​ការ​លូត​លាស់​នៃ​សក់ ​និង​ងាក​មក​​រក្សា​ទុក​វិញ។

៥. ថ្លើម​មាន​ខ្លាញ់​ច្រើន

ថ្លើម​មាន​ខ្លាញ់​ច្រើន​គឺជា​រោគសញ្ញា​ទូទៅ​មួយ​នៃ​កង្វះ​ប្រូតេអ៊ីន ហើយ​បើ​យើង​ទុកចោល​មិន​ព្យាបាល​អាច​បណ្ដាល​ឲ្យ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ការ​រលាក ស្លាក​ស្នាម​នៅ​ថ្លើម និង​ថ្លើម​ចុះខ្សោយ។

៦. ហានិភ័យ​ការបាក់​ឆ្អឹង

ដូច​សាច់ដុំ​ដែរ ការ​ទទួល​បាន​ប្រូតេអ៊ីន​តិច​អាច​ប៉ះពាល់​ដល់​ឆ្អឹង។ រាងកាយ​ទទួល​បាន​ប្រូតេអ៊ីន​មិន​គ្រប់គ្រាន់​អាច​បណ្ដាល​ឲ្យ​ឆ្អឹង​ចុះ​ខ្សោយ និង​បង្កើន​ហានិភ័យ​នៃ​ការ​បាក់​ឆ្អឹង។ នេះ​មក​ពី​រាងកាយ​ត្រូវការ​ប្រូតេអ៊ីន​ដើម្បី​ស្រួប​យក​កាល់ស្យូម និង​ជួយ​ការ​ធ្វើ​មេតាបូលីស​របស់​ឆ្អឹង។

៧. គេង​មិន​គ្រប់គ្រាន់

នៅ​ពេល​មាន​បញ្ហា​ក្នុង​ការ​គេង​ ឬ​គេង​មិន​គ្រប់គ្រាន់ នេះ​អាច​ទាក់ទង​ទៅ​នឹង​បញ្ហា​កង្វះ​ប្រូតេអ៊ីន។ ប្រូតេអ៊ីន​ដែល​បាន​មក​ពី​អាហារ​ដើរតួ​ជា​អ្នក​បង្កើត​អ័រម៉ូន tryptophan ដែល​ជា​អាស៊ីតអាមីណូ​ជួយ​ឲ្យ​យើង​ងងុយ​គេង។

៨. បញ្ហា​ក្នុង​ការ​គិត និង​ពិបាក​ផ្ចង់​អារម្មណ៍ (Brain fog)

ការ​ទទួល​បាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​គឺ​សំខាន់​សម្រាប់​សុខភាព​ខួរក្បាល។ ប្រសិន​ជា​យើង​ជួប​ប្រទះ​បញ្ហា​ដូចជា​ការ​ចងចាំ​ខ្សោយ ឬ​ពិបាក​ក្នុង​ការ​រៀន នេះ​ជា​សញ្ញា​នៃ​កង្វះ​ប្រូតេអ៊ីន។

យោងតាម​ក្រសួង​កសិកម្ម​សហរដ្ឋអាមេរិក គេ​ណែនាំ​ឲ្យ​ទទួល​បាន​ប្រូតេអ៊ីន​ ៥៦ក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស​ និង​៤៦ក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ស្ត្រី។​ រីឯ​កូន​ក្មេង​ចាប់ពី​១៩​ទៅ៣៤​ក្រាម​ផ្អែក​ទៅ​តាម​អាយុ។ ដោយឡែក​ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ឬ​អ្នក​មាន​ជំងឺ​បរិមាណ​ប្រូតេអ៊ីន​ក៏​មាន​ការ​ប្រែ​ប្រួល​ដែរ។

ត្រួតពិនិត្យដោយ៖ Dr.គឹម កាណែល

ដោយ៖ ថាត់ រ័ត្នមូនីតា

ប្រភព៖ វេជ្ជបណ្ឌិត កម្ពុជា

គួរដឹង15 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ15 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង16 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ16 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ16 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK