ត្រូវដឹង! មូលហេតុបណ្ដាលឲ្យស្ត្រីពពោះកូនក្រៅស្បូន
Connect with us

គួរដឹង

ត្រូវដឹង! មូលហេតុបណ្ដាលឲ្យស្ត្រីពពោះកូនក្រៅស្បូន

កូន​ក្រៅ​ស្បូន គឺជា​ការ​កើត​ឡើង​នៅ​ពេល​ស៊ុត​បង្ក​កំណើត​ភ្ជាប់​ខ្លួន​វា​នៅ​កន្លែង​មួយ​ក្រៅ​ពី​ស្បូន។ ការ​មាន​ផ្ទៃពោះ​ស្ទើរតែ​ទាំងអស់​កើត​មាន​នៅ​ក្នុង​បំពង់​ដៃ​ស្បូន រួច​ត្រូវ​បន្ត​ដំណើរ​ទៅ​​ស្បូន ដើម្បី​កាច់​សំបុក បើ​មិន​ទៅ​ ហើយ​កាច់​សម្បុក​នៅ​ក្រៅ​ពី​ស្បូន វា​ទៅបង្កកំណើត​កូន​ក្រៅ​ស្បូន។ នេះ​ជា​ការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី។

លោក​បាន​បន្ត​ទៀត​ថា បំពង់​ដៃ​ស្បូន​តូច​ណាស់​មិន​អាច​រក្សា​អំប្រ៊ីយ៉ុង​ឲ្យ​លូតលាស់​ក្លាយ​ជា​ទារក​បាន​ទេ។ ដូច្នេះ​ស៊ុត​បង្ក​កំណើត​នៅ​ក្រៅ​ស្បូន មិន​អាច​វិវត្ត និង​លូតលាស់​បាន​ត្រឹម​ត្រូវ​ដូច​ក្នុង​ស្បូន​ឡើយ។ យើង​ត្រូវ​ដឹង​ថា ក្នុង​ចំណោម​ស្ត្រីមាន​ផ្ទៃពោះ ៥០ នាក់ អាច​មាន​ជំងឺ​កូន​ក្រៅ​ស្បូន ១នាក់។

តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​ស្ត្រីមានកូន​ក្រៅ​ស្បូន? វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​បកស្រាយ​ថា មាន​ច្រើន​យ៉ាង​ដូច​ខាងក្រោម៖

– ការ​បង្ក​​រោគ ឬ​ការ​រលាក​នៃ​បំពង់​ដៃ​ស្បូន​អាច​បណ្ដាល​ឲ្យ​ស្ទះ​ដៃស្បូន មួយផ្នែក ឬ​ទាំង​ស្រុង។
– ស្លាក​ស្នាម​ជាលិកា​ដៃស្បូន​ពី​ការ​ឆ្លង​មេរោគ​ពី​មុន ឬ​ដោយ​ការ​វះកាត់​នៅ​លើ​បំពង់​ដៃ​ស្បូន​ក៏​អាច​ជា​ការ​រារាំង​ចលនា​របស់​ស៊ុត​ផង​ដែរ។
– ការ​វះកាត់​ពី​មុន​នៅ​តំបន់​អាងត្រគាក ឬ​នៅ​លើ​បំពង់​ដៃស្បូន​អាច​បណ្ដាល​ឲ្យ​មាន​ការ​ជាប់​ពាក់ព័ន្ធ។
– ការ​លូតលាស់​មិន​ធម្មតា ឬ​ភាព​មិន​ប្រក្រតី​ពី​កំណើត អាច​បណ្ដាល​ឲ្យ​មាន​ភាព​មិន​ធម្មតា​នៅ​ក្នុង​រាង​របស់​បំពង់​ដៃស្បូន។

កូនក្រៅស្បូន

តើ​ស្ត្រី​ណា​ខ្លះ ដែល​មាន​ហានិភ័យ​ការ​មាន​ផ្ទៃពោះ កូន​ក្រៅ​ស្បូន? វេជ្ជបណ្ឌិត​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​រូប​នោះ​បាន​បន្ត​ទៀត​ថា កត្តា​ហានិភ័យ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​កូន​ក្រៅ​ស្បូន​រួម​មាន៖

– អាយុ​ពី ៣៥-៤៤ ឆ្នាំ
– ធ្លាប់​មាន​ផ្ទៃពោះ​កូន​ក្រៅ​ស្បូន​លើក​មុន
– ការ​វះកាត់​ឆ្អឹង​ត្រគាក ឬ​ពោះ​លើក​មុន
– ជំងឺ​រលាក​អាង​ត្រគាក (PID)
– ធ្លាប់​មាន​ការ​រំលូត​កូន​ជា​ច្រើន​លើក
– ធ្លាប់​ចង​បំពង់​មេ​ជីវិត ឬ​ដាក់​កង​ក្នុង​ស្បូន
– ជក់បារី
– ជំងឺ​ឈាមរដូវ (Endometriosis)
– កំពុង​ទទួល​ការ​ព្យាបាល​ឲ្យ​មាន​កូន ឬ​កំពុង​តែ​ប្រើប្រាស់​ថ្នាំ​ឲ្យ​មាន​កូន។

ចំពោះ​រោគ​សញ្ញា​មានផ្ទៃពោះ​ក្រៅ​ស្បូន​វិញ​មាន​ដូចជា ឈឺចាប់​នៅ​ក្នុង​ឆ្អឹង​ត្រគាក ពោះ ឬ​សូម្បី​តែ​ស្មា និង​ក ដោយសារ​តែ​ឈាម​នៃ​ការ​មាន​ផ្ទៃពោះ​វា​ហូរ​រាលដាល​ឡើង​ក្រោម​ដ្យ៉ាហ្វ្រេម (សន្ទះទ្រូង) ហូរ​ឈាម​តាម​ទ្វារមាស​តិច ឬ​ច្រើន​ជាង​បើ​ប្រៀប​នឹង​ឈាម​រដូវ​ធម្មតា រោគសញ្ញា​ក្រពះ​ពោះវៀន និង​ខ្សោយ​វិលមុខ ឬ​ដួល​សន្លប់៕

ត្រួតពិនិត្យដោយ Dr.ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
Medical news for Cambodia

Trending

Copyright © 2019 ANARCHAK