ថ្មីៗនេះ! អភិបាលក្រុង សំរេច​ហាម​រថយន្ត​ធុន​ធ្ងន់​ចរាចរ​លើផ្លូវ​៦០​ម៉ែត្រ ដើម្បី​កាត់បន្ថយ​ការស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​
Connect with us

ថ្មីៗ

ថ្មីៗនេះ! អភិបាលក្រុង សំរេច​ហាម​រថយន្ត​ធុន​ធ្ងន់​ចរាចរ​លើផ្លូវ​៦០​ម៉ែត្រ ដើម្បី​កាត់បន្ថយ​ការស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ហាម​រថយន្ត​ធុន​ធ្ងន់ ចរាចរ​តាម​ដងផ្លូវ​៦០​ម៉ែត្រ  ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​។ ការអនុវត្ត​វិធានការ​នេះ ដោយ​សង្កេតឃើញថា​ផ្លូវ​៦០​ម៉ែត្រ តែងតែមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយសារ​រថយន្ត​ធុន​ធ្ងន់​។

លោក កើត ឆែ អភិបាលរង​នៃ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា សាលា​រាជធានី​ភ្នំពេញ ដាក់ចេញ​វិធានការ​នេះ ក៏​ដើម្បី​កុំ​ឲ្យ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ មានការ​ខូចខាត​ដោយសារ​រថយន្ត​ធន់​ធ្ងន់ ដឹក​ដី និង​ដឹក​ខ្សាច់ ។​

​លោក កើត ឆែ បាន​និយាយ​ដូច្នេះ​ថា​៖«​សាលា​រាជធានី​ភ្នំពេញ មានបំណង​ឲ្យ​ក្រុមហ៊ុន រថយន្ត​ទាំងអស់​ពង្វាង​ទៅ​ផ្លូវ​និរោធ​វិញ ដើម្បី​កុំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ និង​ដើម្បី​ធានា​គុណភាព​ផ្លូវ​។ រថយន្ត​ទាំងនោះ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ធ្វើ​ឲ្យ​ប្រឡាក់​ថ្នល់ ហើយ​ពេល​គាត់​ចូលក្នុង​ក្រុង​វា​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​»​។  

​បើតាម​លោក កើត ឆែ សាលា​រាជធានី​នឹង​ទុកពេល​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ដែល​ដឹក​ខ្សាច់​នៅ​ផ្លូវ​៦០​ម៉ែត្រ​ចំនួន​២​ខែ រៀបចំ​បូម​ខ្សាច់​តាម​បំពង់​ទុយោ​វិញ ដើម្បី​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​រក្សា​គុណភាព​ផ្លូវ​។ 

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​៥​ខែ​កន្លងទៅ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៥​នាក់ របួសធ្ងន់​៧​នាក់ និង​ស្រាល​២​នាក់​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន​៕ 

ប្រភព៖ thmeythmey.com

Trending

Copyright © 2019 ANARCHAK