សូមគាំទ្រ! វៀតណាម​បាន​បោះតង់​តាម​ព្រំដែន ​២៥៦​កន្លែង តែ​ត្រូវបាន​កម្ពុជា​តវ៉ា​ឱ្យ​រុះ​រើចេញ​វិញ​
Connect with us

ថ្មីៗ

សូមគាំទ្រ! វៀតណាម​បាន​បោះតង់​តាម​ព្រំដែន ​២៥៦​កន្លែង តែ​ត្រូវបាន​កម្ពុជា​តវ៉ា​ឱ្យ​រុះ​រើចេញ​វិញ​

​ភ្នំពេញ​៖ វៀតណាម​បាន​បោះតង់​ឯកតោភាគី ចំនួន​២៥៦​កន្លែង នៅតាម​បណ្ដោយ​ព្រំដែន​ជាប់​កម្ពុជា នាពេល​កន្លងមក​។ ប៉ុន្តែ​បញ្ហា​នេះ ត្រូវបាន​អាជ្ញាធរ​កម្ពុជា តវ៉ា​ទាមទារ​ឱ្យ​វៀតណាម​រុះរើ​ចេញ​វិញ​ហើយ​។​

លោក ហ៊ូ សា​គុណ អគ្គ​ស្នងការរង​នគ​បាល​ជាតិ បាន​បញ្ជាក់ថា ចាប់តាំងពី​ករណី​មេរោគ​កូ​វីដ​-១៩ មក​ភាគី​វៀតណាម​បាន​បោះតង់​ដោយ​ឯកតោ​នៅតាម​ខេត្ត​មួយចំនួន ដែល​ជាប់​ព្រំប្រទល់​កម្ពុជា ហើយ​ទីតាំង​ដែល​វៀតណាម​បោះតង់​នោះ សុទ្ធតែជា​តំបន់​ដែល​មិនទាន់បាន​ឯកភាពគ្នា​ក្នុងការ​វាស់វែង​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​នៅឡើយ​។ ប៉ុន្តែ​ដោយសារ​មានការ​តវ៉ា​ពី​សំណាក់​រដ្ឋបាល​កម្ពុជា​នោះ ទើប​ភាគី​វៀតណាម បានសម្រេច​រើចេញ និង​ថក​ថយ ការបោះ​តង់​ជាច្រើន​កន្លែង​វិញ​។

​ថ្លែង​នៅក្នុង​ការអញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ដល់​មន្ត្រីនគរបាល នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ថ្ងៃទី​១០ មិថុនា លោក ហ៊ូ សា​គុណ បាន​បញ្ជាក់ថា​៖«​យើង​ឃើញថា​នៅ​ព្រំដែន​ជាមួយនឹង​ប្រទេស​វៀតណាម យើង​មើលឃើញថា មាន​ចំនួន​បោះតង់​ប្រាំបី​ត្រូវបាន​រើចេញ ហើយ​បាន​ដកថយ​ទៅក្រោយ​វិញ​។

ប៉ុន្តែ​ពីមុន​ពួកគេ​បានមក​បោះ​គៀក​នឹង​ព្រំដែន ហើយ​ការ​គេ​បោះ​នោះ​យើង​មិនអាច​និយាយថា​ជា​តំបន់ស​នោះទេ ពីព្រោះថា វា​មិនទាន់បាន​ឯកភាពគ្នា​ក្នុងការ​វាស់វែង​។ ដូច្នេះហើយ​ក្នុង​រយៈពេល​កន្លងទៅនេះ​ឃើញ​មាន​សាធារណមតិ​មួយចំនួន​គាត់​បាន​លើកឡើងថា ជា​តំបន់ស តែ​តាមពិតទៅ​វា​មិនមែនជា​តំបន់ស​ទេ វា​គឺជា​តំបន់​ដែល​មិនទាន់មាន​ការឯកភាព​គ្នា​ក្នុងការ​វាសវែង​ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​»​។

​បើតាម​អគ្គ​ស្នងការរង​នគរបាលជាតិ​រូបនេះ ទោះ​មានការ​រើចេញ​ខ្លះ​ក្តី ប៉ុន្តែ​វៀតណាម​នៅតែ​បន្ត​បោះតង់​នៅ​កន្លែង​ផ្សេងទៀត​ដែរ​។​«​តែ​ទោះជា​យ៉ាងនេះ​ក្តី​នៅ​រយៈពេល​ថ្មីៗ​នេះ​ពួកគេ​ក៏បាន​សង់​ឡើង​ចំនួន​ពីរ​កន្លែង​ផងដែរ ដូច្នេះ​យើង​ត្រូវ​ជូនដំណឹង​ទៅតាម​រដ្ឋបាល​ដែនដី​ខេត្ត​នីមួយៗ ដើម្បី​ធ្វើយ៉ាងណា​ប្រាប់​ដល់​ពួកគេ​(​វៀតណាម​)​កុំ​ឲ្យ​មាន​ផលប៉ះពាល​នៃ​ទំនាក់ទំនង និង​ផលប្រយោជន៍​រវាង​គ្នា និង​គ្នា ដោយសារតែ​បញ្ហា​ព្រំដែន​នោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហូ សា​គុណ​។

​កន្លងមក​យោធា​វៀតណាម​បាន​បោះតង់​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ខេត្តកណ្តាល​ចំនួន​៣១​កន្លែង និង​ជាប់​ខេត្តតាកែវ ៨៣​កន្លែង​ជាដើម​។ ដោយសារ​បញ្ហា​នេះ ទើប​ក្រសួងការបរទេស​កម្ពុ​ជា ក៏បាន​ផ្ញើ​កំណត់​ទូត​ទៅកាន់​ភាគី​វៀតណាម​ឱ្យ​រុះរើ​តង់​ចេញពី​តំបន់​ដែល​មិនទាន​ឯកភាពគ្នា​នេះ​។ មិនតែប៉ុណ្ណោះ​ក្រសួងការបរទេស ក៏បាន​កោះហៅ​ទូត​វៀតណាម​ប្រចាំ​កម្ពុជា មក​ពិភាក្សាគ្នា​ពី​បញ្ហា​បោះតង់​នៅតាម​ព្រំដែន​នេះ ។​កម្ពុជា បាន​ប្រាប់​ឲ្យ​វៀតណាម​រុះរើ​តង់ ដែល​ខ្លួន​បាន​បោះ​នៅលើ​តំបន់​ព្រំដែន​មិនទាន់​ឯកភាពគ្នា​ចេញ​ទាំងអស់​ទៀតផង​។

​កាលពី​ថ្ងៃទី​៥ តុលា ឆ្នាំ​២០១៩ រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម បាន​ខុះ​ហត្ថលេខា​លើ​ច្បាប់​ស្តីពី​សន្ធិសញ្ញា​បំពេញបន្ថែម​១៩៨៥ និង​២០០៥ ដោយមាន​ភ្ជាប់​ទាំង​ខ្លឹមសារ​ច្បាប់​ក្នុង​អត្ថបទ​ទាំងស្រុង​។ សន្ធិសញ្ញា​បំពេញបន្ថែម ដែល​រដ្ឋាភិបាល​កម្ពុជា​-​វៀតណាម ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៩​នេះ គឺ​ទទួលស្គាល់​បង្គោល​ព្រំដែន​ដែល​ភាគី​ទាំងពីរ បាន​បោះ​រួចរាល់​ចំនួន ៨៤​ភាគរយ​។ ចំណែក​សល់​១៦​ភាគរយ​ទៀត ភាគី​ទាំងពីរ​បន្ត​ពិភាក្សា និង​ដោះស្រាយ​បន្តទៀត​។

​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ ក៏​បានចេញ​ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ទាំងពីរ​នេះ កាល​ខែធ្នូ ឆ្នាំ​២០១៩​ទៀតផង​៕

ប្រភព៖ thmeythmey.com

ពីនេះពីនោះ1 hour ago

កម្ពុជា រកឃើញអ្នកជំងឺ កូវីដ១៩ ថ្មីចំនួន ១៥ នាក់ ជាអ្នកដំណើរមកពីអារ៉ាប់

ពីនេះពីនោះ15 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ18 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ21 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ22 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

Trending

Copyright © 2019 ANARCHAK