អ៊ុន សិទ្ធា បំផុស​ស្មារតី​កូន​ខ្មែរ​ឲ្យ​ចូលរួម​ថែរក្សា ​និង​ការពារ​កេរ្តិ៍​ដំណែល​សិល្បៈ​ល្ខោនខោល​
Connect with us

ពីនេះពីនោះ

អ៊ុន សិទ្ធា បំផុស​ស្មារតី​កូន​ខ្មែរ​ឲ្យ​ចូលរួម​ថែរក្សា ​និង​ការពារ​កេរ្តិ៍​ដំណែល​សិល្បៈ​ល្ខោនខោល​

ដើម្បី​ជា​ផ្នែក​មួយ នៃ​ការចូលរួម​ថែរក្សា​ និង​ការពារ​កេរ្តិ៍​ដំណែល​វប្បធម៌​បុរាណ​ខ្មែរ​ គឺ​វិស័យ​សិល្បៈ​ល្ខោនខោល​នោះ ​តារា​សម្ដែង​ប្រុស​ លោក អ៊ុន សិទ្ធា បាន​ធ្វើការ​អំពាវនាវ​យ៉ាង​ទទូច​ដល់​កូន​ខ្មែរ​ទាំងអស់​ឲ្យ​នាំគ្នា​គាំទ្រ ​និង​លើក​តម្កើង​តម្លៃ​មរតក​ល្ខោនខោល​ដែល​ដូនតា​បាន​បន្សល់​ទុក​តាំងពី​យូរ​លង់​ណាស់​មកហើយ​។​

ការ​អំពាវនាវ​របស់​ លោក អ៊ុន សិទ្ធា នេះ​បាន​ធ្វើឡើង​អំឡុង​ពេល​ដែល​លោក​បាន​បង្ហាញ​វត្តមាន​ចូលរួម​សម្ដែង​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ នៃ​កងយោធពលខេមរភូមិន្ទ ស្តា​ត​ចាស់ ខណៈ​មានការ​រៀបចំ​សម្ដែង​ល្ខោនខោល​ ដើម្បី​ផ្សព្វផ្សាយ​ និង​ស្វែងរក​មូលនិធិ​ឆ្ពោះ​ទៅ​កាន់​ព្រឹត្តិការណ៍​សម្ដែង​ល្ខោនខោល​ខ្នាត​ធំ​ ក្នុង​ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ស្ម័គ្រចិត្ត​ពី​តារា​សម្ដែង​ប្រុស​ចំនួន​១៩​រូប​។​

លោក អ៊ុន សិទ្ធា បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា ​ឈាម​ខ្មែរ​តែមួយ រួមគ្នា​រក្សា​ថែ កេរ្តិ៍​ដំណែល ដូនតា​ ល្ខោនខោល​ ​ចូលរួម​រក្សា​ថែ​ផ្តើម​ចេញពី​កូន​ខ្មែរ​គ្រប់ៗ​រូប​។

សារ​របស់ លោក អ៊ុន សិទ្ធា នេះ​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​គាំទ្រ​ច្រើន​ពី​សំណាក់​មហា​ជន ​ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នាំគ្នា​បន្ត​ការ​ស៊ែរ​ចែករំលែក​ផង​ដែរ។

ជា​មួយ​គ្នា​នេះ​ដែរ​ រឿង​កាន់តែ​ពិសេស​ និង​ចាប់អារម្មណ៍​ទៅទៀត​នោះ ​គឺ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​អំពាវនាវ​ខាងលើនេះ ​លោក អ៊ុន សិទ្ធា ក៏បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ស្ថិត​ក្នុង​សម្លៀកបំពាក់​គ្រង​ឈុត​មេទ័ព​ស្វា​ ល្ខោនខោល​ ​យ៉ាង​ស្រស់​សង្ហា​ទៀត​ផង​។​ ទិដ្ឋភាព​នេះ​ បាន​បង្ហាញ​ថា​ លោក​ពិតជា​ស្រលាញ់ ​និង​គាំទ្រ​ខ្លាំង​ចំពោះ​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ​ល្ខោនខោល​ ដែល​កូន​ខ្មែរ​គ្រប់រូប​គួរ​តែ​យក​គំរូ​តាម​ក្នុង​ការ​ចូលរួម​ថែរក្សា ​និង​ការពារ​កេរ្តិ៍​ដំណែល​មួយ​នេះ​៕

 
ប្រភព៖ news-kh.com

Trending

Copyright © 2019 ANARCHAK