ផ្លូវជាតិសំខាន់ៗចំនួន ៤ ត​ភ្ជាប់​ពី​រាជធានី​ទាក់ទាញ​ការវិនិយោគ​លើ​បុរី និង​លំនៅដ្ឋានច្រើនជាងគេ
Connect with us

ថ្មីៗ

ផ្លូវជាតិសំខាន់ៗចំនួន ៤ ត​ភ្ជាប់​ពី​រាជធានី​ទាក់ទាញ​ការវិនិយោគ​លើ​បុរី និង​លំនៅដ្ឋានច្រើនជាងគេ

ភ្នំពេញៈ លំនៅដ្ឋាន​ក្លាយ​ផ្នែក​សំខាន់​និង​មាន​តម្រូវការ​ច្រើនជាងគេ បើ​ប្រៀបធៀប​ទៅនឹង​ប្រភេទ​អចលនវត្ថុ​ដទៃទៀត ដូចជា ដីធ្លី ខុន​ដូ ជាដើម។
ជាក់ស្តែង​ការវិនិយោគ​លើ​លំនៅដ្ឋាន​បច្ចុប្បន្ន បាន​រីក​សាយភាយ​ទៅកាន់​តំបន់​ជាយក្រុង ដោយហេតុថា ទីក្រុង​ភ្នំពេញ​មាន​កំណើនប្រជាជន និង​តម្រូវ​ការរស់នៅ​ច្រើន។ នៅក្បែរ​តំបន់​ផ្លូវជាតិ​ចំនួន៣ខ្សែ ដែល​កំពុងមាន​សន្ទុះ​កំណើន​នៃ​លំនៅដ្ឋាន។

ផ្លូវជាតិ​លេខ១

ផ្លូវជាតិ​លេខ១បាន និង​កំពុង​បន្ត​មាន​ភាព​រីកចម្រើន​លឿន​ជាងគេ បន្ទាប់ពី​ផ្លូវ​នេះ​ត្រូវបាន​ស្ថាបនា និង​ពង្រីក​ចប់​ដោយសារ​ជំនួយ​របស់​ប្រទេស​ជប៉ុន។

ជាក់ស្តែង​បុរី​ជ​ជាច្រើន ពិសេស​បុរី​ប៉េង ហួត​ដែល​ធំជាងគេ និង​ល្បីល្បាញ​ជាងគេ​បាន​ពង្រីក​អាណាចក្រ​នៅ​តំបន់​នេះ ជាមួយ​មជ្ឈមណ្ឌល​កំសាន្ត​លំដាប់​អន្តរជាតិ​យូរ៉ូ ផាក ផ្សារ​ទំនើប​Peng Hourt Eco Mall និង​បុរីតូចៗជាច្រើន​ទៀត​បាននិងកំពុង​ពង្រីក​ខ្លួន​យ៉ាងសកម្ម និង​បាន​ពង្រីក​ដល់​ទឹកដី​ស្រុក​កៀនស្វាយ។ និន្នាការ​នៃ​ការអភិវឌ្ឍ​នេះ​នឹង​រីក​សាយភាយ​ដល់​ស្ពាន​អ្នក​លឿង នៅ​រយៈពេល៥ទៅ១០ឆ្នាំ​ខាងមុខ​ទៀត។

ផ្លូវជាតិ​លេខ ៦

តំបន់​ជាប់​ផ្លូវជាតិ​លេខ៦ មាន​ភាព​រីកចម្រើន​ជា​គំហុក ទៅលើ​បុរី​លំនៅដ្ឋាន ព្រោះ​នៅ​តំបន់​នេះ មាន​ស្ថានភាព​អំណោយផល ទីតាំង​ភូមិសាស្ត្រ​ងាយស្រួល​ចេញចូល មាន​ស្ពាន​ឆ្លង​ច្រើន និង​មិនសូវ​ជាមាន​ការរំខាន់​ច្រើន​ពី​រថយន្ត​ដឹកទំនិញធំៗ មាន​សុវត្ថិភាព​សាក​សម​សម្រាប់​ការធ្វើដំណើរ។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Amatak Property Service និង​ជា​អ្នកជំនាញ​លើ​វិស័យ​អចលនទ្រព្យ អស់​រយៈពេល​ជាច្រើន​ឆ្នាំ បាន​រៀបរាប់​កាលពីពេលថ្មីៗនេះ​ថា តំបន់​ជាប់មាត់​ផ្លូវជាតិ​លេខ៦នេះ មានការ​អភិវឌ្ឍ​លើ​វិស័យ​បុរី លំនៅដ្ឋាន​មិនតិចជាង ១០គម្រោង​ឡើយ។ សព្វថ្ងៃ​កំពុងមាន​ការសាងសង់​ជា​បន្តបន្ទាប់។ ម្យ៉ាង​តំបន់​នេះ​មាន​គម្រោង​អភិវឌ្ឍ​ច្រើន មិន​ថា​ជា​ស្ថាប័នរដ្ឋ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សំណង់​អគារធំៗ និង អគារ​ខុន​ដូ​ផងដែរ។

ផ្លូវជាតិ​លេខ ៣

បើតាម​ឱ្យដឹងពី​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីពេល​កន្លងមក​នេះ​ថា ការសាងសង់​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ៣ បើតាម​គម្រោង​នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ ២០២២ ប៉ុន្តែ​ដោយសារ​ការសាងសង់​មាន​ភាពរលូន​ល្អ ទើប​អនុញ្ញាតឱ្យ​បញ្ចប់​នៅ​ចុងឆ្នាំ ២០២១ វិញ។

ដោយសារ​វឌ្ឍនភាព​នៃ​ផ្លូវជាតិ​មួយ​ខ្សែ​នេះ បាន​បណ្តាលឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅដ្ឋាន​មួយចំនួន ចាប់អារម្មណ៍​អំពី​សក្តានុពល​ភូមិសាស្ត្រ ងាក​មក​វិនិយោគ​លើ​វិស័យ​លំនៅដ្ឋាន​កាន់តែច្រើន។

យោងតាម​ប្រសាសន៍​របស់​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម ឱ្យដឹងថា ការវិនិយោគ​ទាំងអស់នេះ គឺ​អ្នក​អភិវឌ្ឍ​សុទ្ធតែ​បាន​សិក្សា ពី​សក្តានុពល​តំបន់​យ៉ាង​លម្អិត ម្យ៉ាង​រាប់​គិតពី​ចំនុច​ចោមចៅ​មក គឺមាន​តម្រូវការ​ខ្ពស់ បន្ទាប់ពី​ផែនការ​អភិវឌ្ឍ​និង​ពង្រីក​ក្រុង​ត្រូវបាន​អនុវត្ត។

ផ្លូវជាតិ​លេខ ៤

តំបន់​ជាប់​ផ្លូវជាតិ​នេះ កំពុង​ពង្រីក​វិសាលភាព​វិស័យ លំនៅដ្ឋាន​ដោយហេតុថា​តម្រូវការ​នៃ​ការរស់នៅ​កាន់តែច្រើន និង​ចំនួន​ប្រជាជន​កើនឡើង​នៅតាម​តំបន់​នេះ។

អ្នកជំនាញ​អចលនទ្រព្យ​ជាច្រើនរូប​ធ្លាប់បាន​ពន្យល់ថា គ្រប់​តំបន់​ជាយក្រុង​ទាំងអស់ ក្នុងនោះ​តំបន់​ក្បែរផ្លូវ​ជាតិ​លេខ៤ផ្ទាល់ មាន​ភាព​លេចធ្លោ​ដែលជា​កត្តា​ទាក់ទាញ​គម្រោង​អភិវឌ្ឍន៍​នានា។ ភាគច្រើន​លំនៅដ្ឋាន​ក្បែរ​តំបន់​នោះ​ច្រើន តែ​ជា​លំនៅដ្ឋាន​កម្រិត​មធ្យម ឬ​ក្រោម​មធ្យម សុទ្ធសឹងតែ​ជាការ​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ៕

ប្រភព៖ www.propertyarea.asia

Trending

Copyright © 2019 ANARCHAK