គន្លឹះ​គ្រប់គ្រង ១០ ចំនុច​ដើម្បីដុសខាត់ខ្លួនក្លាយជា​មេដឹកនាំដ៏គួរឲគោរព
Connect with us

គួរដឹង

គន្លឹះ​គ្រប់គ្រង ១០ ចំនុច​ដើម្បីដុសខាត់ខ្លួនក្លាយជា​មេដឹកនាំដ៏គួរឲគោរព

សហគ្រិន​រៀនសូត្រ​អ្វីៗ​ថ្មី​រាល់ថ្ងៃ ប៉ុន្តែ​គន្លឹះ​ទាំងនេះ​នឹង​ជួយ​អ្នក​ឱ្យ​ឈាន​មុខ​គេ​ក្នុង​វិស័យ​ដែល​អ្នក​កំពុងតែ​ប្រឡូក។ អាជីវកម្ម​ជោគជ័យ​មិន​តម្រូវ​ឱ្យ​មាន​គំនិត​អស្ចារ្យ​និង​សីលធម៌​ការងារល្អ​អ្វី​ទេ តែ​វា​ត្រូវ​ការ​មនុស្ស​ដែល​មាន​សមត្ថភាព។ ដើម្បី​ធ្វើ​ការ​បាន​ល្អ​ជាមួយ​អ្នក​ដទៃ អ្នក​ត្រូវ​មាន​ជំនាញ​ខាង​ភាព​ជាអ្នកដឹកនាំ​និង​គ្រប់គ្រង។ គន្លឹះខាងក្រោម​នេះ​អាច​ជួយ​អ្នក​ឱ្យ​សន្សំ​ពេល​បាន​២០​ឆ្នាំ​ដើម្បី​ប្រមូល​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​៖

១/ មិន​ត្រូវ​បោះបង់​ចោល​

ភាពជាសហគ្រិន​មិន​មែន​សម្រាប់​មនុស្ស​ដែល​មាន​ឆន្ទៈ​ទន់ជ្រាយ​និង​ឆាប់​បោះបង់​ចោល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​វា​ស្ថិត​នៅ​ក្នុង​មនុស្ស​ដែល​ជឿជាក់​លើសមត្ថភាព​​​ និងគំនិតខ្លួនឯង និង​ទុក​ចិត្ត​លើ​មនុស្ស​ក្នុង​ក្រុម​របស់​គេ។​ ការបោះបង់​គម្រោង​ចោល​ មិនថា​តូច​ឬ​ធំ​ទេ​ មិនត្រឹមតែ​នាំ​ឱ្យ​ខាត​ប្រយោជន៍​ខ្លួនឯង​ទេ​ តែ​ថែម​ទាំង​ខាត​ប្រយោជន៍​មនុស្ស​ដែល​អ្នក​ដឹកនាំ​ទៅទៀត។​

២/ មនុស្ស​នៅ​ជុំវិញ​ខ្លួនអ្នក​ជាអ្វី​ៗ​គ្រប់​យ៉ាង

ការអនុវត្ត​គំនិតអ្វី​មួយ​មាន​ភាព​លំបាក​រាប់រយ​ដង​នៅពេល​អ្នក​មិន​មាន​មនុស្ស​ជំនាញ​នៅ​ក្បែរ។ អ្នក​ត្រូវ​តែ​ស្វែងរក​មនុស្ស​ដែល​មាន​សមត្ថភាព​ល្អ​បំផុត​សម្រាប់​គម្រោង​របស់អ្នក។ ​ពេល​រក​បាន​ហើយ​ ត្រូវ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​រក្សា​មនុស្ស​បែបនោះ​កុំ​ឱ្យ​ចាក់​ចេញ​ពី​អ្នក។

៣/ មុខជំនួញ​រីកចម្រើន​ត្រូវការ​មនុស្ស​​ចេះអភិវឌ្ឍខ្លួន

មនុស្សគ្រប់គ្នា​សុទ្ធ​តែ​ជា​សមិទ្ធផល​ដែល​កំពុង​អភិវឌ្ឍ។ មនុស្ស​ដែល​មាន​វិជ្ជាជីវៈ​មិនត្រឹមតែ​មាន​សមត្ថភាព​ធ្វើការ​ទេ ប៉ុន្តែ​ក៏ជាមនុស្ស​ដែល​មាន​ឥរិយាបថ​វិជ្ជមាន​ក្នុង​ការអភិវឌ្ឍ​ខ្លួន​និង​រៀន​មិន​ឈប់​ដែរ។​

៤/ បរាជ័យ​ជាសច្ចភាព​ដែល​ត្រូវ​ទទួល​ស្គាល់

មុខ​ជំនួញ​គ្រប់​ប្រភេទ​សុទ្ធ​តែ​មាន​ដំណាក់​ជោគជ័យ​និងបរាជ័យ​។ ដើម្បី​កុំ​ឱ្យ​ភ័យ​ខ្លាច​បរាជ័យ​ អ្នក​ត្រូវ​រៀន​ទទួល​ស្គាល់​បរាជ័យ​ថា​ជា​បទ​ពិសោធន៍​និង​ឱកាស​ដើម្បី​រីក​ចម្រើន។ យ៉ាងហោចណាស់​​អ្នក​មិន​ត្រូវ​បោះបង់​ការព្យាយាម​ធ្វើ​គម្រោង​របស់​អ្នក​ដោយសារអ្នក​បាន​ប្រឈម​នឹង​បរាជ័យ​បន្តិចបន្តួច​ឡើយ។​

៥/ ធ្វើជាត្រី​ធំ​ក្នុង​ត្រពាំង​តូច​ជា​ឱកាស​ល្អ​បំផុត​ដើម្បី​ជោគជ័យ

អ្នក​មិន​អាច​គ្រប់​គ្រង​មច្ឆា​ទាំង​អស់​ក្នុង​ត្រពាំង​ធំ​បាន​ទេ បើ​អ្នក​ជា​ត្រី​តូច​។ ដូច្នេះ​អ្នក​ត្រូវ​ត្រឡប់​ស្ថានការវិញ។ កុំ​រើស​យក​ក្រុម​ការងារ​ដែល​អ្នក​មិន​អាច​គ្រប់គ្រងបាន ហើយ​អ្នក​ត្រូវ​តែ​រក្សា​អំណាច​ក្នុង​របៀប​មួយ​ដែល​គេគោរព និង​មិន​ត្រូវ​ធ្វើ​ខ្លួន​ជា​មនុស្ស​បំពាន​គេឯង​ឡើយ។

៦/ ផ្តោត​ពាណិជ្ជកម្ម​អ្វី​មួយ​ឱ្យ​ល្អ​បំផុត​រួច​ចាំ​ពង្រីក​តាម​ក្រោយ

តើ​អ្នក​ចង់​ធ្វើ​អ្វី​​តែមួយ​ឱ្យ​អស្ចារ្យ​ ឬ​ចង់​ធ្វើ​កិច្ចការ​ជាច្រើន​តែ​ក្នុង​កម្រិត​ធម្មតាៗ? ពេល​ចាប់ផ្តើម​អាជីវកម្ម​អ្វី​មួយ​ អ្នក​ត្រូវ​ផ្តោត​ធ្វើ​ឱ្យ​បាន​លេខ១ ក្នុង​វិស័យ​របស់​អ្នក។ នៅពេល​អ្នក​សម្រេច​បាន​គោលដៅ​មួយ​ហើយ អ្នក​អាច​ពង្រីក​ខ្លួន​ ឬ​បន្ត​ធ្វើ​គម្រោង​ធំៗជាង​នេះ​បាន​យ៉ាងងាយ។​

៧/ ដើម្បី​ប្រកួត​ប្រជែងថ្នាក់ជាតិ​ អ្នក​ត្រូវ​បង្កើត​ក្រុម​ដ៏អស្ចារ្យមួយ

ការប្រកួត​ថ្នាក់​ជាតិ​ទាម​ទារ​ទេពកោសល្យ​ច្រើន​ណាស់។ ​បើ​មាន​ក្រុម​ការងារ​អន់​ជាង​គេ អ្នក​ប្រហែល​ត្រូវ​ប្រកួត​ជាមួយ​ខ្លួនឯង​វិញ​ប្រសើរជាង។ មុន​នឹង​បោះ​ជំហាន​ទៅ​ប្រកួត​ថ្នាក់ជាតិ​ អ្នក​ត្រូវ​ព្យាយាម​បង្កើត​ក្រុម​ការងារ​ដ៏អស្ចារ្យមួយ​ដែល​មាន​ជំនាញ​ចម្រុះ មាន​បុគ្គលិកលក្ខណៈ ផ្សេងៗគ្នា និងមានឆន្ទៈច្រើន​ តែជាក្រុម​ដែល​មាន​គោល​ដៅរួម។

៨/ មេដឹកនាំ​មាន​ចិត្ត​មុតស្រួច​ជាមនុស្ស​ដែល​គេ​ងាយ​ទុកចិត្ត​បំផុត

ការធ្វើ​ជា​មេដឹកនាំ​អស្ចារ្យ​មិនមែន​គ្រាន់តែ​អង្គុយ​ចាំ​តែ​ស្រែកបញ្ជាគេឯងទេ។ ផ្ទុយទៅវិញ​ អ្នក​ត្រូវ​ចុះ​ប្រឡូកក្នុង​ការងារ​ផ្ទាល់​។ តាមពិតទៅ​ អ្នក​គួរតែ​ជា​មនុស្ស​ដែល​ខំធ្វើការ​ច្រើន​ជាងគេ​បំផុតក្នុង​ក្រុម​ហ៊ុន។ បើធ្វើ​បែប​នេះ​បាន​អ្នក​នឹង​ស្គាល់​ស្ថានភាព​ការងារ​ ហើយ​ដឹកនាំ​គេ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ព្រមទាំង​បង្កើត​បាន​ទំនាក់ទំនងល្អ​ថែម​ទៀត​ផង។

៩/ កុំ​ធ្វើ​ជាមនុស្ស​ល្មោភ

ចំណុច​មួយ​នេះ​ហាក់ដូចជា​ច្បាស់​ណាស់ ប៉ុន្តែ​មាន​មេដឹកនាំ​ជាច្រើន​នៅ​តែ​ភ្លេច​ខ្លួន។ កុំធ្វើ​ជា​មនុស្ស​​មិន​ចេះ​ឆ្អែតនឹងលុយ​ អំណាច និងធនធាន។ ក្រុមការងារ​នឹង​មិន​ចូល​ចិត្ត​មេដឹកនាំ​ដែលមាន​ចរិត​បែបនេះ​ទេ​ ហើយ​យូរៗទៅ​ភាពល្មោភនេះ​នឹង​ទាញ​អ្នក​ធ្លាក់​រណ្តៅ​វិញ។ ជំនួស​មក​វិញ ត្រូវ​ព្យាយាម​ចែក​រំលែក​អ្វីៗ​ដែល​អ្នករកបាន និង​ប្រើប្រាស់​ផល​ចំណេញ​ដើម្បីប្រយោជន៍​សង្គម។​

១០/ កុំ​ឱ្យ​អ្នកដទៃ​បរាជ័យ​ជំនួស​អ្នក

អ្នក​ត្រូវតែ​ទទួលខុសត្រូវ​ទាំង​ជោគជ័យ​និង​បរាជ័យ​របស់អ្នក។ ពេល​អ្នក​បង្កើត​កំហុស​ត្រូវតែ​ទទួលស្គាល់​ថាវា​ជាកំហុស​របស់អ្នក ហើយ​មិន​ត្រូវ​ស្តីបន្ទោស​គេ​ឡើយ។ គ្រប់​កាលៈទេសៈ​ទាំង​អស់​អ្នក​ត្រូវ​តែ​ប្រកាន់​ទំនួល​ខុសត្រូវ គឺទទួល​ទាំងខុស​ ទទួល​ទាំងត្រូវ។

ប្រែសម្រួល៖ វេហា

ប្រភព៖ Entrepreneur

ដកស្រង់ដោយ៖ thephnompenhtimes.com  

Trending

Copyright © 2019 ANARCHAK