សម្តីជាកញ្ចក់ឆ្លុះចិត្ត “ព្រលឹងរបស់មនុស្សម្នាក់អាចចាំងចេញតាមរយៈសម្តីរបស់ខ្លួន”
Connect with us

គួរដឹង

សម្តីជាកញ្ចក់ឆ្លុះចិត្ត “ព្រលឹងរបស់មនុស្សម្នាក់អាចចាំងចេញតាមរយៈសម្តីរបស់ខ្លួន”

#សម្ដីជាកញ្ជក់ឆ្លុះចិត្ត

១. ពាក្យសម្តី និងអារម្មណ៍ គឺជាវត្ថុពីរយ៉ាងដែលមនុស្សយើងគ្រប់គ្នា ពិបាកគ្រប់គ្រងឱ្យស្ថិតនៅជាឧបេក្ខាណាស់។ គេថាអារម្មណ៍ប្រែប្រួលលឿនណាស់ ប៉ុន្តែ​ សម្តីក៏អាចប្រែប្រួលលឿនដូចគ្នា ប្រសិនបើគ្មានការត្រួតត្រាច្បាស់លាស់។ បណ្ឌិតតែងពោលថា “ការត្រួតត្រាសម្ដីជាការពិបាកជាងគេបង្អស់”។

ជនអសប្បុរស តែងក្រឡាស់ពាក្យសម្ដីរបស់ខ្លួនឱ្យប្រែប្រួលឥតទៀងទាត់ផង និងពុំអាចយកជាការបានផង។ តាមធម្មតា​ ធម្មជាតិនៃមនុស្សល្អតែងបញ្ចេញអាកប្បកិរិយាល្អ និងមានវាចាពីរោះគួរឱ្យចង់ស្ដាប់ ហើយពោរពេញដោយអត្ថន័យល្អ ឯពាក្យសម្ដីអាក្រក់ សម្ដីអសុរោះ សម្ដីច្រឡោមខាម គឺជាសម្ដីដែលនិយាយចេញពីមាត់មនុស្សអាក្រក់ និងបង្ហាញពីការខ្វះសីលធម៌។ ដើមឈើដែលគេកាប់ឱ្យនៅត្រឹមគល់ អាចដុះលូតលាស់ឡើងវិញបាន ឯសម្ដីហួស សម្ដីខ្វះការពិចារណា មិនមានវិធីណាកែខៃឡើងវិញបានទេ។ មែនទែនទៅ មនុស្សមានការអប់រំខ្ពស់ មិនដែលនិយាយវាយប្រហារអ្នកដទៃតាមការប្រើសម្ដីអាក្រក់ ឬសម្ដីអសុរោះនោះទេ ពីព្រោះសម្ដីក៏គេចាត់ទុកដូចជាអាវុធដ៏សាហាវមួយដែរ។

២. លោកអ្នកប្រាជ្ញបានពោលថា​ “ព្រលឹងរបស់មនុស្សម្នាក់អាចចាំងចេញតាមរយៈសម្តីរបស់ខ្លួន”។ តាមរយៈសម្ដី គេអាចឆ្លុះឃើញដល់ជម្រៅក្រអៅបេះដូងរបស់ជនដែលបាននិយាយនោះ។ នៅក្នុងលោកយើងនេះ តែងមានមនុស្សពីរប្រភេទ គឺមនុស្សអង់អាច១ និងមនុស្សកំសាក១ ដូច្នេះ សម្ដីអាចឱ្យយើងដឹងថា គេជាមនុស្សស្ថិតនៅក្នុងប្រភេទណាមួយនៃប្រភេទទាំងពីរនេះ។ មនុស្សអង់អាច មិនដែលរារែកចំពោះការប្រព្រឹត្តទង្វើល្អនោះទេ គេជាមនុស្សដែលទទួលបានជោគជ័យលើការត្រួតត្រាអារម្មណ៍ និងសម្ដីរបស់ខ្លួន ដោយមិនព្រមងាកចេញពីគន្លងនៃកុសលធម៌ឡើយ។ ចំណែក​មនុស្សកំសាក តែងស្អប់ខ្ពើមការនិយាយពាក្យពិត មិនហ៊ានប្រឈមមុខចំពោះការពិត និងមិនញញើតចំពោះការដកហូតយកសុភមង្គលពីអ្នកដទៃមកធ្វើជារបស់ខ្លួននោះទេ។ នៅក្នុងលោកយើងនេះ បុគ្គលទាំងឡាយណា ដែលក្បត់សម្បជញ្ញៈ និងកិបកេងប្រយោជន៍សារធាណៈ ក្នុងបំណងផ្គាប់ផ្គុនសេចក្តីរីករាយផ្ទាល់ខ្លួន ឬបំប៉ោងភាពអាត្មានិយមរបស់ខ្លួន សុទ្ធតែចាត់ទុកជាមនុស្សកំសាកទាំងអស់។

ប្រភព៖ ហ្វេសប៊ុក (Ratha Mom)

Trending

Copyright © 2019 ANARCHAK