អ្នកចិត្តវិទ្យារកឃើញសញ្ញាណចំនួន ៤ បញ្ជាក់ថាលោកអ្នកកំពុងញៀន FaceBook !
Connect with us

គួរដឹង

អ្នកចិត្តវិទ្យារកឃើញសញ្ញាណចំនួន ៤ បញ្ជាក់ថាលោកអ្នកកំពុងញៀន FaceBook !

ហ្វេសប៊ូក (Facebook) ជា​បណ្ដាញ​សង្គម​ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់​នៅ​ក្នុង​ស្រទាប់​​សង្គម​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ។ ប្រិយ​មិត្ត​ខ្លះ​ចាប់​ចិត្ត​នឹង Facebook ខ្លាំង​ពេក​រហូត​ដល់​បង្ក​ផល​អវិជ្ជមាន​ចំពោះ​ខ្លួន​គេ​វិញ។ អ្នក​ខ្លះ​ប្រើ Facebook ឈាន​ដល់​ដំណាក់កាល «ញៀន»។

នៅ​ពេល​ដែល​មនុស្ស​ញៀន​នឹង Facebook ហើយ គេ​ពិបាក​នឹង​កាត់​បន្ថយ​អារម្មណ៍​ដិតដាម​របស់​ចិត្ត​គេ​ចំពោះ Facebook ណាស់ ប៉ុន្តែ​មាន​តែ​លង់​ខ្លួន​ថែម​ទៀត។

និយាយ​ម្យ៉ាងទៀត នៅ​ពេល​ដែល​បុគ្គល​ម្នាក់​ឈាន​ដល់​ដំណាក់​កាល​ញៀន (addicted) ​នឹង​អ្វី​មួយ​ គេ​មិន​ងាយ ឬ​មិន​អាច​ដក​ខ្លួន​រួច​ទេ។ បញ្ហា​សំខាន់​ដោយសារ​មនុស្ស​ដែល​ឈាន​ដល់​ដំណាក់​កាល​ញៀន​នឹង​អ្វី​មួយ គេ​នឹង​មាន​ទំនោរ​ទៅ​រក​របស់​នោះ​ជា​ដរាប គ្មាន​ថ្ងៃ​ដក​ខ្លួន​រួច ប៉ុន្តែ​មាន​ផុង​ខ្លួន​ជ្រៅ​ទៅៗ។

ខាង​ក្រោម​នេះ​ជា​សូចនាករ​វាយតម្លៃ​របស់​អ្នក​ជំនាញ​ខាង​វិស័យ​ចិត្តវិទ្យា ដើម្បី​វាស់​ស្ទង់​ថា​បុគ្គល​ម្នាក់​ឈាន​ដល់​ដំណាក់កាល​ញៀន​នឹង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook។ ក្រៅពីនោះ អ្នក​ជំនាញ​ស្នើ​យោបល់​មួយ​ចំនួន ចំពោះ​អ្នក​ដែល​ចង់​កាត់​បន្ថយ​អត្រា​ញៀន​របស់​គេ។

ទាំង​នេះ​ជា​វិធី​កាត់​បន្ថយ​ទម្លាប់​អវិជ្ជមាន​របស់​លោក​អ្នក បើ​លោក​អ្នក​យល់​ថា​ការ​ប្រើ​ប្រាស់ Facebook របស់​លោក​អ្នក​មិន​មែន​នាំ​ឲ្យ​រីក​ចម្រើន​ការងារ ឬ​អាជីព​របស់​លោក​អ្នក​ទេ ប៉ុន្តែ​វា​បែរ​ជា​បំផ្លាញ​លោក​អ្នក​ទៅ​វិញ។ ចំពោះ​អស់​លោក​អ្នក​ដែល​ទទួល​លទ្ធផល​ល្អ​ពី Facebook សូម​បន្ត​ប្រើ​ទៀត​ចុះ។

​១- បុគ្គល​ដែល​មាន​ទម្លាប់​ទាញ scroll លើ​ទំព័រ Facebook ជា​រោគសញ្ញា​នៃ​ការ​បណ្ដែតបណ្ដោយ​ពេលវេលា ឬ​ការ​ចំណាយ​ពេល​វេលា​ទៅ​រឿង​ឥតប្រយោជន៍

​សូម​បញ្ជាក់​ថា​កាលណា​អ្នក​ប្រើប្រាស់ Facebook បន្ត​បើក​ទំព័រ Facebook កាន់​តែ​យូរ​កាលណា ក្រុមហ៊ុន Facebook កាន់​តែ​បាន​លុយ​ច្រើន​កាលនោះ។ ក្រុមហ៊ុន Facebook គេ​ប៉ិន​ប្រសប់​បង្ហោះ​ព័ត៌មាន​ផ្សេងៗ ដើម្បី​ឲ្យ​មនុស្ស scroll ចុះ scroll ឡើង។ ទី​បំផុត user នៅ​អែអង់​តែ​ពី​មុខ​អេក្រង់​ទំព័រ Facebook ហើយ​គ្មាន​ធ្វើ​អ្វី​កើត​ទេ។ កិច្ចការ​ដែល​ត្រូវ​ធ្វើ​ដើម្បី បាន​លុយ បែរ​ជា​មិន​ធ្វើ សុខចិត្ត​មក​អង្គុយ​បើក Facebook។ សូម​ធ្វើ​ពិសោធន៍​ដោយ​ខ្លួន​ឯង! បើ​មើល​ក្រឡា​ទៅ​មិន​សូវ​បាន​ចំណេញ​ពី Facebook ប៉ុន្តែ​បែរ​ជា​ខាត​ពេល​ឥត​ប្រយោជន៍ សូម​លោក​អ្នក​កែប្រែ​ទម្លាប់​ជា​បន្ទាន់។

២- ទម្លាប់​ចែករំលែក​មតិ​យោបល់ ឬ​រូបភាព​ផ្សេងៗ​នៅ​លើ​ Facebook ជា​សញ្ញា​បង្ហាញ​ថា​លោក​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​ឯកោ ឬ​ដំណាក់កាល​ពិបាក​សម្រេច​ចិត្ត

​ប្រសិនបើ​លោក​អ្នក​បង្ហោះ​ព័ត៌មាន​អំពី​ខ្លួន​ឯង​ច្រើន​ពេក​នៅ​លើ Facebook វា​ប្រៀប​បាន​នឹង​បើក​ចំហ​ការពិត​ខ្លួន​ឯង​ឲ្យ​គេ​ដឹង​ដូច្នោះ​ដែរ។ ពេល​ខ្លះ លោក​អ្នក​មិន​ចាំបាច់​បង្ហោះ​គ្រប់​សកម្មភាព​សព្វបែបយ៉ាង​ប្រចាំ​ថ្ងៃ​តាម Facebook ទេ។ នៅ​ពេល​ដែល​លោក​អ្នក​បង្ហោះ​សកម្មភាព​របស់​លោកអ្នក​កាន់តែ​ច្រើន វា​កាន់តែ​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ដឹង​ស្ថានការណ៍​របស់​អ្នក​កាន់​តែ​ច្បាស់។ បើ​បង្ហោះ​ status ល្អៗ ដែល​បង្ហាញ​ចំណុច​ខ្លាំង​របស់​លោក​អ្នក នោះ​មិន​ចោទ​ជា​បញ្ហា​អ្វី​ទេ។ ប៉ុន្តែ​បើ​បង្ហោះ​ចំណុច​ខ្សោយ​របស់​លោក​អ្នក នោះ​ប្រាកដ​ជា​បង្ហាញ​ឲ្យ​គេ​ឃើញ​ចំណុច​អវិជ្ជមាន​របស់​លោក​អ្នក​ហើយ។ ឧទាហរណ៍ បើ​សូម្បី​តែ​លោក​អ្នក​បរិភោគ​អ្វី​មួយ​ម៉ាត់​ក៏​បង្ហោះ​លើ Facebook ដែរ វា​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ដឹង​ថា​លោក​អ្នក​ជា​បុគ្គល​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ឯកោ​កំព្រា​រងា​ម្នាក់​ឯង។

អ្នក​ខ្លះ​ស្នើ​សុំ​យោបល់​តាម​ Facebook។ ចង់​ឬ​មិន​ចង់ វា​ជា​រោគ​សញ្ញា​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ដឹង​ថា​លោក​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​សម្រេច​ចិត្ត ឬ​ខ្វះ​ទំនុកចិត្ត​លើ​ខ្លួន​ឯង – ធ្វើ​ឲ្យ​គេ​វាយតម្លៃ​ថា​លោក​អ្នក​ជា​មនុស្ស​អន់ ទន់ជ្រាយ ផ្ដេកផ្ដួល សូម្បី​តែ​រឿង​តូច​កំប៉ិកកំប៉ុក​ក៏​បង្ហោះ​ឲ្យ​គេ​ដឹង ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ដទៃ។ ប្រសិនបើ​បង្ហោះ​ពាក្យ​សម្ដី​ផ្សេងៗ​ទៅ ស្រាប់​តែ​មាន​គេ​ឲ្យ​យោបល់​អាក្រក់ៗ​មក​លោក​អ្នក​វិញ។ លោក​អ្នក​អាច​នឹង​វាយបក​ទៅ​គេ​វិញ ដើម្បី​ការពារ «គំនិត​សួនតួ​និយម ឬ​គំនិត​បុគ្គល​សក្ការៈ​និយម – egoism» ឬ​តាម​ន័យ​ម្យ៉ាងទៀត​ថា​ឲ្យ​តម្លៃ​ខ្លួន​ឯង​ជ្រុល​ហួស​ការពិត ហាក់​ដូច​ជា​មាន​តែ​ឯង គ្មាន​អ្នកណា​ប្រៀបផ្ទឹម​បាន។

៣- ​លួច​បើក​មើល​រូប​គេ​តាម Facebook ហើយ​លួច​ស្រឡាញ់​គេ វា​ជា​រោគ​សញ្ញា​បង្ហាញ​ថា​បុគ្គល​ម្នាក់​កំពុង​អណ្ដែតអណ្ដូង​ក្នុង​សុបិន ឬ​ផ្គូផ្គង​ខុស​បែបបទ

ប្រើ Facebook យូរៗ​ទៅ នឹង​ធ្វើ​ឲ្យ​លោក​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​តាមដាន​រាល់​សកម្មភាព​របស់​អ្នកដទៃ។ តាមពិត ដើមចម​សំខាន់ៗ​ដែល​នាំ​ឲ្យ​កើត​សកម្មភាព​តាមដាន​អ្នកដទៃ​មាន​ពីរ​មូលហេតុ។ មូលហេតុ​មួយ​ណា​ក៏​ដូច​មួយ​ណា​ដែរ គឺ​សុទ្ធ​តែ​មិន​ល្អ​ទាំង​ពីរ។ ប្រសិនបើ​លោក​អ្នក​ឧស្សាហ៍​បើក​មើល Facebook របស់​សង្សារ​ចាស់ មានន័យ​ស្មើ​នឹង​លោក​អ្នក​កំពុង​បង្វែរ​ឆាកជីវិត​ទៅ​រក​អតីតកាល​វិញ ឬ​ចង់​វិល​ទៅ​រក​ស្នេហ៍ ព្រោះ​គិត​ថា «ឆ្នាំង​ចាស់​បាយ​ឆ្ងាញ់»។ សូម​លោក​អ្នក​ព្យាយាម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ជំនាញ​ខាង​ចិត្ត​វិទ្យា ប្រសិនបើ​ពិបាក​កាត់ផ្ដាច់​អារម្មណ៍​បែប​នេះ ឬ​ទំនោរ​បែប​នេះ។

ប្រសិនបើ​លោក​អ្នក​កំពុង​ចាប់ចិត្ត​ប្រតិព័ទ្ធ​នឹង​អ្នកណា​ម្នាក់ ហើយ​ឧស្សាហ៍​បើក​មើល​រូបថត​របស់​គេ យក​ល្អ លោក​អ្នក​បញ្ឈប់​សកម្មភាព​តាមដាន​របៀប​នេះ​ជា​បន្ទាន់ កាន់តែ​ឆាប់​កាលណា​កាន់តែ​ល្អ​កាល​ហ្នឹង។ អនុវត្ត​តាម​វិធី​ផ្សេង​វិញ បើ​ចាប់​ចិត្ត​លើ​គេ។ ដំបូង លោក​អ្នក​គួរ​ព្យាយាម​ផ្ញើ​ពាក្យពេចន៍​ផ្ដោះផ្ដង​វាចា​ទៅ​គេ។ បន្ទាប់​មក ណាត់​ជួប​មុខ​គ្នា​តែម្ដង។ ប្រការ​សំខាន់​នៅ​ក្នុង​ន័យ​នេះ ត្រង់​ថា​កុំ​ព្យាយាម​ប្រើ​វិធី​តាម​ដាន​ប្រវត្តិរូប​របស់​គេ ឬ​បើក​មើល​រូបថត​របស់​គេ​តាម Facebook វា​ឥតប្រយោជន៍​ទេ។ ហេងស៊យ គេ​បង្ហោះ​ប្រវត្តិរូប​ក្លែងក្លាយ ឬ​រូប​ថត​ក្លែងក្លាយ នាំ​តែ​ដេក​ឈឺចាប់​ចុកឈាម​ម្នាក់​ឯង​ឥត​អំពើ។

៤- ​ចង់​តែ​ឆែក​មើល Facebook រក​មើល​មាន​អ្នក​ណា​សុំ Add Friend ឬ​អ្នក​ណា​ផ្ញើ​អ្វី​មក ជា​រោគ​សញ្ញា​នៃ​ការ​ខ្វះ​អំណត់ និង​ចូលចិត្ត​ផ្គាប់ចិត្ត​គេ

​Facebook កេង​ចំណេញ​លើ​ស្ថានភាព​ដែល​លោកអ្នក​កំពុង​មាន​ចំណង់​ខ្លាំង​ចង់​ធ្វើ​ដូចម្ដេច​ក៏​ដោយ​ឲ្យ​តែ​មាន​អារម្មណ៍​ស្ងប់​សុខ។ នៅ​ក្នុង​ប្រអប់​សម្គាល់​មាន​អ្វី​ថ្មី (notification box) មាន​លេខ​ក្រហម​លោត​មក​លើ​ខ្ទង់​គណនី​របស់​អ្នក​ណា​ម្នាក់ សម្រាប់​ប្រាប់​ឲ្យ​ដឹង​ថា​អ្នកណា​សុំ​រាប់​អាន ផ្ញើ​អ្វី​មួយ ឬ​បង្ហោះ​អ្វី​មួយ​នៅ​លើ​ទំព័រ​របស់​គេ ប្រអប់​នោះ​នឹង​លោត​លេខ​ក្រហម​សម្រាប់​សម្គាល់។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា​នៅ​ពេល​ដែល​លោកអ្នក​សម្លឹង​ឃើញ​សញ្ញា​ក្រហម​នោះ ខួរក្បាល​នឹង​បញ្ចេញ​សារធាតុ dopamine ដែល​ជា​សារធាតុ​ភ្ញោច​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ចង់​បាន​ភាព​ត្រេកត្រអាល​នឹង​អ្វី​មួយ​ដូចជា៖ ចង់​ទទួល​ទាន​អាហារ។ល។

តាមពិត នៅ​ក្នុង​ទ្រឹស្ដី សារធាតុ dopamine មិន​ចោទ​ជា​បញ្ហា​ទេ ប៉ុន្តែ​នៅ​ក្នុង​ជីវិត​ជាក់ស្ដែង សារធាតុ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អាកប្បកិរិយា​អវិជ្ជមាន និង​បំផ្លាញ​ខ្លួន​ឯង។ ដូច្នេះ ប្រសិនបើ​លោក​អ្នក​សម្លឹង​ចាំ​មើល​សញ្ញា​ក្រហម​នៅ​ក្នុង​ប្រអប់ Notification box ក្រែង​អ្នក​ណា​សុំ Add Friend អ្នក​ណា​បង្ហោះ​អ្វី ឬ​អ្នក​ណា​ផ្ញើ​អ្វី​មក​ឲ្យ នោះ​យូរៗ​ទៅ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​អន្ទះសា ខ្វះ​ភាព​អត់ធ្មត់ និង​ពិបាក​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង៕

…អ្នក​លេង Facebook ​បន្តិច​ទៀត​កាន់តែ​ងាយស្រួល​ ព្រោះ​អាច​មើល​វីដេអូ​បណ្ដើរ ឆែក News Feed បណ្ដើរ…

​ប្រែ​សម្រួល ៖ អន សំអាង

ប្រភព៖ mainlife777.wordpress.com

Trending

Copyright © 2019 ANARCHAK