កុំ​រំលង​! ទម្លាប់​អ្វីខ្លះ​ល្អ​ចំពោះ​សរ​សៃ​ប្រសាទ​?
Connect with us

គួរដឹង

កុំ​រំលង​! ទម្លាប់​អ្វីខ្លះ​ល្អ​ចំពោះ​សរ​សៃ​ប្រសាទ​?

​ប្រព័ន្ធ​សរ​សៃ​ប្រសាទ ​ដើរតួនាទី​យ៉ាង​ចាំបាច់​ក្នុង​រាងកាយ​ ដោយ​វា​ទទួលខុសត្រូវ​សម្រាប់​មុខងារ​ផ្សេងៗ​គ្នា​នៃ​រាងកាយ​ ចាប់ពី​ការរំលាយ​អាហារ​ ដល់​ប្រតិកម្ម​តប​​នឹង​ស្ថានភាព​ផ្សេងៗ​ដែល​អ្នក​ជួបប្រទះ​។​

ប្រព័ន្ធ​ស​រសៃ​ប្រសាទ ​ក៏​ទទួល​ខុសត្រូវ​ចំពោះ​កម្រិត​នៃ​ភាព​ស្ត្រេ​ស​ ដែល​មានន័យថា​ ប្រសិនបើ​អ្នកថែរក្សា​វា​មិនបាន​ត្រឹមត្រូវ ឬ​នៅពេល​ប្រព័ន្ធ​សរ​សៃ​ប្រសាទ​ មាន​បញ្ហា​វា​អាច​បង្ក​ជំងឺ​ផ្សេងៗ រួមទាំង​ជំងឺផ្លូវចិត្ត​ផងដែរ​។ ទោះជា​យ៉ាងណា ​កុំ​បារម្ភ​ពេក​ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​រក្សា​ប្រព័ន្ធ​ស​រសៃ​ប្រសាទ ៖

១. គ្រប់គ្រង​ជំ​ងឹ​ទឹកនោមផ្អែម​

​អ្នកជំងឺ​ទឹកនោមផ្អែម ​ងាយ​នឹង​ជួបប្រទះ​បញ្ហា​ខូច​ស​រសៃ​ប្រសាទ​ណាស់ ​ដោយសារ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ កើន​ខ្ពស់​។ បញ្ហា​ខូច​សរ​សៃ​ប្រសាទ ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ​ច្រើន​កើតឡើង​ត្រង់​ប្រអប់ជើង ប៉ុន្តែ​វា​ក៏​អាច​បង្ក​ផលប៉ះពាល់​ដល់​ជើង ដៃ និង​ប្រអប់ដៃ​ផងដែរ​។ ដើម្បី​ជាការ​ប្រសើរ​ ចូរ​ជួប​យ​ជាមួយ​គ្រូពេទ្យ​ជំនាញ ​ឱ្យបាន​ទៀងទាត់​ និង​អនុវត្តតាម​ការណែនាំ ឬ​វេជ្ជបញ្ជា​។​

២. ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B

​វីតាមីន B គឺជា​សារធាតុចិញ្ចឹម​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​សរ​សៃ​ប្រសាទ ​និង​ដើម្បី​ដំណើរការ​មុខងារ​បាន​យ៉ាង​ល្អ​។ នេះហើយ​ជា​មូលហេតុ​ ដែល​អ្នក​គួរ​រួមបញ្ចូល​អាហារ​​សម្បូរ​ទៅដោយ​វីតាមីន B ក្នុង​របប​អា​ហារ​ប្រចាំថ្ងៃ​។​

៣. រក្សា​ទម្ងន់​ត្រឹមត្រូវ​មួយ​

​ភាពធាត់​ជ្រុល​ អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ លើ​សុខភាព​រាងកាយ​ទាំងមូល ក៏ដូចជា​សរ​សៃ​ប្រសាទ​។ ដូច្នេះ ​ដើម្បី​ជាការ​ប្រសើរ​ចូរ​រក្សា​ឱ្យបាន​នូវ​ទម្ងន់​ត្រឹមត្រូវ​មួយ​ តាមរយៈ​ជម្រើស​នៃ​របប​អាហារ ​និង​ការធ្វើ​លំ​ហាត់ប្រាណ​។​

៤. ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​

​ដើម្បី​រក្សាបាន​នូវ​សុខភាព​ប្រព័ន្ធ​ស​រសៃ​ប្រសាទ​ល្អប្រសើរ ចូរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ជាប្រចាំ​។ នេះ​ក៏​ព្រោះតែ ​ការធ្វើ​លំ​ហាត់ប្រាណ​ ជួយ​ទប់ស្កាត់​ភាពធាត់​ជ្រុល ​និង​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។​

៥. ចៀសវាង​ការជក់បារី ​និង​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក​

​ជាតិពុល​ក្នុង​បារី​ ដែល​ជ្រាបចូល​ក្នុង​រាងកាយ ​អាច​បង្ក​ការបំផ្លាញ​ស​រសៃ​ប្រសាទ​គួរឱ្យ​បារម្ភ​។ អ្នក​ក៏​គួរ​ចៀសវាង​ ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក​ដែរ ក៏​ព្រោះ​វា​អាច​ជះ​ផលប៉ះពាល់​ដូច​ទៅនឹង​បារី​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

ប្រភព៖ thmeythmey.com

Trending

Copyright © 2019 ANARCHAK