វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់អ្នកឧស្សាហ៍ឈាមច្រមុះ គួរស្វែងយល់ពីបញ្ហានេះ!
Connect with us

គួរដឹង

វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់អ្នកឧស្សាហ៍ឈាមច្រមុះ គួរស្វែងយល់ពីបញ្ហានេះ!

​ច្រមុះ​មនុស្ស​មាន​រន្ធ​ពីរ​ ​ខណ្ឌ​ចែក​ដោយ​រនាំង​ឆ្អឹងខ្ចី​។​ ​នៅត្រង់​ឆ្អឹងខ្ចី​ជាប់នឹង​ចុង​ច្រមុះ​ ​គឺជា​កន្លែង​សើម​ជាប់​ជានិច្ច​ ​និង​ជាទី​ជួបគ្នា​នៃ​ពពួក​សរសៃឈាម​តូច​ៗ​ ​ដែល​ងាយ​នឹង​ដាច់​ចេញឈាម​ណាស់​។​

​ចំណុច​ប្រសព្វ​រវាង​ចុង​ច្រមុះ​និង​រនាំង​ឆ្អឹងខ្ចី​នេះ​ ​ពិតជា​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​និង​ធ្លាយ​ចេញឈាម​ខ្លាំង​ភ្លាម​ៗ​ ​គ្រាន់តែ​តឹង​សរសៃឈាម​ ​ឬ​គ្រាន់តែ​លូក​កូនដៃ​កេះ​ខូង​ក្នុង​ច្រមុះ​ធ្ងន់​ដៃ​បន្តិច​ក៏​ឈាម​ច្រមុះ​ដែរ​។​ ​ជាពិសេស​ ​នៅ​ពេល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ ​ផ្ទៃ​មុខឡើងក្រហម​ ​សរសៃឈាម​ចាប់ផ្តើម​រីក​ ​និង​បើ​មាន​កណ្តាស់​តែមួយ​ឆែត​ផង​ ​នោះ​ច្បាស់​ណាស់​នឹង​ធ្លាយ​សរសៃឈាម​ ​បណ្តាល​ឱ្យ​ចេញឈាម​តាម​ច្រមុះ​ភ្លាម​។​ ​ថ្វីបើ​ការ​ឈាម​ច្រមុះ​មាន​អា​កា​រៈ​សញ្ញា​ស្រាល​ ​ក៏ប៉ុន្តែ​នៅ​កម្ពុជា​ហាក់​មាន​កើត​ញឹកញាប់​ណាស់​ ​មិនថា​ចំពោះ​កុមារ​ ​មនុស្ស​ពេញវ័យ​ ​ឬក៏​មនុស្សចាស់​ឡើយ​។​

​តាម​ការ​កត់​សម្គាល់​របស់​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ឈាម​ច្រមុះ​មាន​អា​កា​រៈ​ធម្មតា​មិន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ​និង​ព្រួយបារម្ភ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​ ​តែ​អ្វី​ដែល​គួរ​បារម្ភ​និង​ប្រុងប្រយ័ត្ន​នោះ​ ​គឺ​នៅពេលដែល​មានការ​ហូរ​ឈាម​ច្រើនពេក​។​ ​ដ្បិត​ថា​ ​ឈាម​ច្រមុះ​មិន​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃក្រោយ​ ​ក៏ប៉ុន្តែ​ប្រសិនបើ​ហូរ​ឈាម​ច្រើន​ ​និង​អូស​បន្លាយពេល​យូរ​អាច​នឹង​បាត់បង់​ឈាម​ច្រើន​។​ ​ក្នុង​ករណី​ហូរ​ឈាម​តាម​ច្រមុះ​ច្រើន​មិន​ឈប់​អាច​ជា​មូលហេតុ​សមស្រប​គួរ​គិតគូរ​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​។​

​ដោយ​គោរព​តាម​អនុសាសន៍​របស់​វេជ្ជបណ្ឌិត​ ​គេ​អាច​បញ្ឈប់​ករណី​ឈាម​ច្រមុះ​ធម្មតា​បាន​យ៉ាង​មានប្រសិទ្ធិភាព​។​ ​ដំបូងបង្អស់​អ្វី​ដែល​គួរ​ចងចាំ​និង​ចៀសវាង​នោះ​ ​គឺ​មិន​ត្រូវ​ងើយក្បាល​ទៅ​ក្រោយ​ដូច​ការណែនាំ​របស់​ចាស់​ពីមុន​ឡើយ​ ​ព្រោះ​ពេល​ងើយ​ឈាម​នៅតែ​បន្ត​ហូរចេញ​មក​ដដែល​ ​ហើយ​ក្នុង​ករណី​ចេញឈាម​ច្រើន​ ​អាច​ហូរ​ចូល​ទៅ​តាមផ្លូវ​ដង្ហើម​ ​ឬ​ផ្លូវ​អាហារ​ដែល​បង្ក​ទៅជា​ផល​អាក្រក់​បំផុត​ ​បើ​ឈាម​នោះ​ហូរ​ចូល​ទៅ​ក្នុង​សួត​មិនមែន​ចូល​ទៅ​ក្នុង​ក្រពះ​។​ ​អ្វី​ដែលគេ​ត្រូវធ្វើ​នៅ​ជំហាន​បន្ទាប់​ ​គឺ​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់​ ​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​ ​ឬ​ចៀសវាង​កុំ​ឱ្យ​មាន​សម្ពាធ​ឈាម​ឡើង​ ​ព្រោះ​បើ​សម្ពាធ​ឈាម​ឡើង​គួរតែ​បញ្ចុះ​ឈាម​សិន​ ​ទើប​បញ្ឈប់​កា​រហូរ​ឈាម​នោះ​។​

​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​សង្កត់ធ្ងន់​ថា​ ​ដើម្បី​បញ្ឈប់​ករណី​ឈាម​ច្រមុះ​ ​ជា​ធម្មតា​គេ​ត្រូវ​រក្សា​ជំហរ​ ​ឱន​ក្បាល​ទៅមុខ​បន្តិច​ ​ហើយ​ញើសសម្បោរ​បញ្ចេញ​កំណក​ដុំ​ឈាម​តូច​ៗ​ឱ្យ​ឆាប់​បំផុត​ ​ភ្លាម​នោះ​ត្រូវ​ច្របាច់​ច្រមុះ​ភ្ជិត​រន្ធ​ទាំងពីរ​ឱ្យ​បាន​យ៉ាងហោច​១​០​ ​ទៅ​១​៥​នាទី​ ​ដើម្បី​បំបិទ​រន្ធ​សរសៃឈាម​។​

​គួរ​កត់​សម្គាល់​ថា​ ​កា​រហូរ​ឈាម​ច្រមុះ​ច្រើន​ ​ដែល​អាចប​ង្ក​គ្រោះថ្នាក់​គួរ​ឱ្យ​បារម្ភ​នោះ​ ​គឺ​កើត​ចំពោះ​អ្នក​រលាក​ច្រមុះ​ឬ​អា​ឡាក់​ស៊ី​ច្រមុះ​រ៉ាំរ៉ៃ​ ​អ្នកទទួល​ទាន​ថ្នាំ​ប​ង្រា​វ​ឈាម​ជាប្រចាំ​ (​ថ្នាំ​អាស្ពីរីន​ ​Aspirin​) ​អ្នក​ហិត​កូកាអ៊ីន​ (​Cocaine​) ​អ្នក​ផ្ដាសាយ​រ៉ាំរ៉ៃ​ ​និង​២​០​% ​នៃ​ស្ត្រី​មានផ្ទៃពោះ​ ​ដែល​ភាគច្រើន​ងាយ​នឹង​ឈាម​ច្រមុះ​ណាស់​។​

​ចំណែក​អ្នក​ពុំ​ធ្លាប់​មាន​ប្រវត្តិ​ជំងឺ​ដូច​ខាងលើ​ ​តែ​មាន​អា​កា​រៈ​ឈាម​ច្រមុះ​ហូរ​ជោគ​ជាំ​ ​ឬ​ហូរ​ឈាម​ច្រើន​ម្តង​ហើយ​ម្តងទៀត​ ​ជា​អា​កា​រៈ​គួរតែ​ប្រុងប្រយ័ត្ន​ ​ព្រោះ​វា​ជា​រោគសញ្ញា​សម្គាល់​ថា​ ​មាន​ជំងឺ​នៅ​ក្នុង​ច្រមុះ​ ​ពោល​គឺ​អាច​កើតមាន​ដុំ​ពក​ដុះ​នៅត្រង់​ច្រមុះ​ ​ឬ​មហារីក​ច្រមុះ​។​ ​ដុំ​ពក​ដុះ​នៅត្រង់​ច្រមុះ​ ​ឬ​កើត​មហារីក​ច្រមុះ​ ​ក្រៅពី​បង្ហាញ​អា​កា​រៈ​ច្រមុះ​ហូរ​ឈាម​ច្រើន​ ​នៅ​មាន​អា​កា​រៈ​គួរ​កត់​សម្គាល់​មួយ​ចំនួន​ទៀត​ ​ដូចជា​ឈឺក្បាល​ ​ហឹងត្រចៀក​ ​វិលមុខ​ ​និង​ស្រវាំងភ្នែក​ជាដើម​ ​ដែល​អស់ទាំង​នេះ​សុទ្ធ​សឹង​ជា​រោគសញ្ញា​បង្ហាញ​ពី​អា​កា​រៈ​កើត​មហារីក​ច្រមុះ​។​ ​ក្នុងករណីនេះ​ ​គេ​គួរ​ប្រុងប្រយ័ត្ន​និង​រួសរាន់​នាំទៅ​ជួប​គ្រូ​ពេ​ទ្រ​ច្រមុះ​។​

​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍ថា​ ​ទោះ​អា​កា​រៈ​ឈាម​ច្រមុះ​ ​ដែល​ភាគច្រើន​ពុំមែន​ជា​រោគសញ្ញា​ធ្ងន់ធ្ងរ​ក៏​ពិតមែន​ ​ប៉ុន្តែ​ការថែទាំ​អនាម័យ​សុខភាព​ច្រមុះ​ ​ជា​រឿង​ចាំបាច់​ ​ដើម្បី​បញ្ចៀស​ការ​ឈាម​ច្រមុះ​។​ ​ដើម្បី​បញ្ចៀស​គ្រោះ​ឈាម​ច្រមុះ​ ​លោក​វេជ្ជបណ្ឌិត​ណែនាំ​ឱ្យ​ឧ​ស្សាហ៍​លាប​វ៉ា​សេ​លីន​ (​Vase​line​) ​ក្នុង​ច្រមុះ​៕​

ប្រភព៖ www.interconrooster.com

Trending

Copyright © 2019 ANARCHAK