ហេតុអ្វីបានជាការលក់តាមបណ្តាញសង្គម Facebook មួយចំនួនបរាជ័យ?
Connect with us

គួរដឹង

ហេតុអ្វីបានជាការលក់តាមបណ្តាញសង្គម Facebook មួយចំនួនបរាជ័យ?

ដោយសារកំនើននៃការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនានា ពិសេសបណ្តាញសង្គម Facebook មានការកើនឡើងគួរឲ្យកត់សម្គាល់ វាបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងមួយចំនួន ងាកមកប្រើប្រាស់បណ្តាញសង្គមនេះជាជំនួយក្នុងការផ្សព្វផ្សាយ ព្រមទាំងលក់ដូរផលិតផល និងសេវាកម្មរបស់ខ្លួនយ៉ាងច្រើនកុះករ។

មូលហេតុចម្បងមួយទៀតដែលបងប្អូនប្រជាពលរដ្ឋយើងជ្រើសរើសបណ្តាញសង្គម Facebook នេះជាជាងប្រព័ន្ធផ្សព្វផ្សាយនានា នោះគឺដោយសារប្រសិទ្ធភាពនៃការចំណាយ និងប្រសិទ្ធផលនៃការទទួលបានមកវិញល្អគួរជាទីពេញចិត្ត។ យ៉ាងណាមិញ ដោយសារចំនួនដ៏ច្រើននៃអ្នកលក់នៅលើប្រព័ន្ធអនឡាញនេះ បានធ្វើឲ្យទីផ្សារនៃការលក់ និងផ្សព្វផ្សាយផលិតផលមានសភាពតូចចង្អៀតពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុធ្វើឲ្យមុខរបរមួយចំនួនត្រូវបិទទ្វាជាបន្តបន្ទាប់។

តើមូលហេតុអ្វីខ្លះដែលធ្វើឲ្យមុខរបរទាំងនោះបរាជ័យ?

១. ការដាក់យុទ្ធសាស្ត្រ និងកំណត់គោលដៅមិនច្បាស់លាស់

ជាការពិតណាស់ ការដាក់យុទ្ធសាស្ត្រ និងកំណត់គោលដៅឲ្យបានច្បាស់លាស់គឺពិតជារឿងដ៏សំខាន់ ដែលបងប្អូនយើងភាគច្រើនមើលរំលង និងមិនបានយកចិត្តទុកដាក់ទៅលើវាប៉ុន្មាននោះទេ ដោយពួកគាត់គិតថាមុខរបររបស់ពួកគាត់ជាប្រភេទមុខរបរធុនតូច ដូច្នេះមិនចាំបាច់មានយុទ្ធសាស្ត្រ ឬគោលដៅអ្វីនោះទេ។ ការគិតបែបនេះហើយទើបធ្វើឲ្យមុខរបរធុនតូចនៅលើបណ្តាញសង្គម Facebook ប្រមាណ62% ត្រូវបានបិទទ្វាទៅវិញបន្ទាប់ពីបើកបានប្រហែល ៦ខែទៅ១ឆ្នាំ​ នេះបើយោងតាមការស្រាវជ្រាវរបស់លោក​ Neil Patel ដែលជាសហគ្រិន និងអ្នកធ្វើទីផ្សារដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិក និងធ្លាប់ត្រូវបានអតីតប្រធានាធិបតីអាមេរិកលោក Barack Obama ចាត់ទុកថាជាកំពូលសហគ្រិនម្នាក់ក្នុងចំណោមកំពូលសហគ្រិនទាំង១០០នៅលើពិភពលោក។

២. ការរៀបចំមាទិការទីផ្សារខុស

ការធ្វើមាទិការទីផ្សារ ដែលភាសាអង់គ្លេសហៅថា Content Marketing គឺជារឿងមួយដែលពិបាកបន្តិច ព្រោះវាទាមទារឲ្យអ្នកបង្កើតមាទិការទីផ្សារនោះមានភាពច្នៃប្រឌិតខ្ពស់ និងមានភាពអំណត់អត់ធន់ក្នុងការធ្វើវា ព្រមទាំងចេះសាកល្បងនូវវិធីសាស្ត្រផ្សេងៗ ដើម្បីស្វែងរកវិធីសាស្ត្រដ៏ល្អបំផុតមួយសម្រាប់មុខជំនួញរបស់ខ្លួន។ អ្នកលក់អនឡាញជាច្រើនបានប្រើប្រាស់វិធីសាស្ត្រស្រដៀងៗគ្នាក្នុងការផ្សព្វផ្សាយ ដូចជាការ Post ពីវីឌីអូកំប្លែង ​វីឌីអូ​មនោសញ្ជេតនា​ ឬប្រើប្រាស់ការសរសេរដែលមានសភាព Drama ដើម្បីទាក់ទាញឲ្យមានមនុស្សចូលមើល និង Like Page របស់ខ្លួន។ ការធ្វើបែបនេះមិនមែនថាមិនល្អទាំងស្រុងនោះទេ ក៏ប៉ុន្តែវិធីសាស្ត្រនេះគឺមិនមានស្ថេរភាពយូរអង្វែងឡើយ ដោយវាអាចធ្វើឲ្យមាទិការរបស់យើងមានភាពរញ៉េរញ៉ៃ ហើយអាចបណ្តាលឲ្យអ្នកដែលតាមដាន Page របស់យើងធុញ និងឈានដល់ការ Unlike និង Unfollow page ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ធ្វើឲ្យអតិថិជនរបស់យើង មិនសូវមានទំនុកចិត្តទៅលើការជាវ និងប្រើប្រាស់ផលិតផល ឬសេវាកម្មយើងថែមទៀតផង។

៣. ការផ្តោតលើការលក់ច្រើនជាងការសាងកេរ្តិ៍ឈ្មោះ

យោងតាមការស្រាវជ្រាវរបស់គេហទំព័រភ្នាក់ងារទីផ្សារ Business 2 Community បានបង្ហាញថា អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ភាគច្រើនមិនចាប់អារម្មណ៍ទៅលើកពាណិជ្ជកម្មលក់ផលិតផលប៉ុន្មាននោះទេ ដោយសារមូលហេតុធំៗពីរគឺ ទំនុកចិត្ត និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនទៅលើផលិតផល ឬសេវាកម្មដែលបានផ្សព្វផ្សាយនោះ។ ដូច្នេះអ្វីដែលម្ចាស់អាជីវកម្មអនឡាញ ពិសេសប្រភេទអាជីវកម្មធុនតូចរឹតតែចាំបាច់ធ្វើនោះគឺ ការកសាងកេរ្តិ៍ឈ្មោះ ឬម៉ាកសញ្ញា (Brand) របស់ខ្លួនទើបជាការប្រសើរ ដើម្បីទាញយកទំនុកចិត្តពីអតិថិជន ក៏ដូចជាផ្សព្វផ្សាយឲ្យមានគេស្គាល់ពីខ្លួនឲ្យបានកាន់តែច្រើនជាងមុនបន្ថែមទៀត៕

ប្រភព៖ kumnit.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK