ដឹងទេអ្នកចូលគេងយប់ជ្រៅ មានភាពវៃឆ្លាតជាង អ្នកចូលគេងពីព្រលប់?
Connect with us

គួរដឹង

ដឹងទេអ្នកចូលគេងយប់ជ្រៅ មានភាពវៃឆ្លាតជាង អ្នកចូលគេងពីព្រលប់?

ប្រសិនបើអ្នកនិយាយថា អ្នកពិតជាអស់កម្លាំងណាស់ ដោយសារតែនៅរៀន ដល់យប់ជ្រៅពេកនោះ ម្តាយរបស់អ្នកប្រាកដជា ស្តីបន្ទោសឲ្យអ្នក រួចប្រាប់ឲ្យអ្នកចូលគេងឲ្យបានលឿនវិញជាមិនខាន។

ដូចគ្នានឹងកន្លែងការងារដែរ ប្រសិនបើអ្នកប្រាប់ចៅហ្វាយថា អ្នកមកយឺត ដោយសារតែអ្នកនៅស្រាវជ្រាវ  ឬបញ្ចប់ការងារដល់យប់ពេកនោះ  អ្នកប្រាកដជាត្រូវស្តីបន្ទោសយ៉ាងដំណំមិនខានទេ ដោយសារនេះគ្រាន់តែជាលេស។

យូរៗទៅ អ្នកក៏ទម្លាប់ចូលគេងយឺត ទោះជាបីជាអ្នកគ្មានអ្វីត្រូវធ្វើ  ឬអស់កម្លាំងពីថ្ងៃក៏ដោយ។ នោះហើយជាពេល ដែលគំនិតរបស់អ្នកផុសឡើង ដោយមិនដឹងខ្លួន ព្រោះតែគ្មានអ្វីមករំខានអ្នកឡើយ។ ហេតុនេះទើបបានជាគេ លើកឡើងថាអ្នកគេងយប់ជ្រៅ ឆ្លាតជាងអ្នកដែលចូលគេងពីព្រលប់។  តាមការសិក្សាស្រាវជ្រាវ បានបន្ថែមថា មិនត្រឹមតែឆ្លាតប៉ុណ្ណោះទេ គឺថែមទាំងមានគំនិតច្នៃប្រឌិតខ្ពស់ទៀតផង!

ចុះហេតុអ្វី បានជាបែបនេះ?  

# ពួកគេមានការគិតប្រកបទៅដោយភាពច្នៃប្រឌិត

ការស្រាវជ្រាវមួយដែលបាន ធ្វើឡើងដោយ Catholic University of the Sacred Heart នៅឯ Milan បានសិក្សាលើមនុស្ស ប្រុស-ស្រី ចំនួន ១២០ នាក់ ដោយឲ្យពួកគេឆ្លើយនូវសំនួរបំពេញខ្លួនឯង រួចគេបានធ្វើការបែងចែកទៅជា ក្រុមពេលយប់ និងក្រុមពេលព្រឹក តាមចម្លើយរបស់ពួកគេ។

បន្ទាប់មក គេបានធ្វើតេស្តបន្ថែម ដើម្បីសាកល្បងវាស់វែង សមត្ថភាពច្នៃប្រឌិតរបស់ពួកគេ។ ជាដំបូងពួកគេត្រូវបានឲ្យគូររូប តាមដែលគេបានដាក់ឲ្យ។ បន្ទាប់មកទៀត ពួកគេត្រូវបានប្រាប់ឲ្យ គូសបំពេញរូបភាពដែលខ្វះចន្លោះ រួចដាក់ចំណងជើងរូបភាព។ តេស្តចុងក្រោយបង្អស់ គេប្រគល់ក្រដាសម្នាក់មួយសន្លឹក ដែលមានគូសបន្ទាត់ត្រង់ចំនួន ៣០លើនោះ រួចប្រាប់ឲ្យប្រើបន្ទាត់នោះ មកបង្កើតជារូបអ្វីផ្សេងៗ និងដាក់ចំណងជើងផង។

ក្រោយមក ក្រុមអ្នកស្រាវជ្រាវ បានធ្វើការពិនិត្យលទ្ធផល។ ពួកគេពិនិត្យ វិនិច្ឆ័យរួបភាព ទៅតាមភាពបត់បែន ភាពរស់រវើក និងភាពល្អិតល្អន់។ លទ្ធផលបានបង្ហាញថា អ្នកដែលនៅក្រុមពេលយប់ (អ្នកគេងយប់ជ្រៅ) ធ្វើបានល្អតាមលក្ខណៈវិនិច្ឆ័យគ្រប់តេស្ត  ខណៈពេលដែលក្រុមអ្នកគេងពីព្រលប់  ភ្ញាក់ពីព្រលឹម  ធ្វើមិនបានលើសពី ៥០ ពិន្ទុផង។

អ្នកដែលភ្ញាក់ពីព្រឹក  អាចទាញយកផលប្រយោជន៍បាន ដោយអាចទៅធ្វើសកម្មភាពក្នុងជីវភាពប្រចាំថ្ងៃ ដូចជាទៅកន្លែងហាត់ប្រាណ  ទៅផឹកកាហ្វេ  និងអាចទៅធ្វើការបានលឿងជាងគេ  ប៉ុន្តែអ្នកចូលគេងយប់ជ្រៅវិញ  ទាញផលប្រយោជន៍ពីពេលយប់ ដែលជាពេលដ៏ល្អឥតខ្ចោះសម្រាប់គិត និងបង្កើតអ្វីដែលថ្មី។  យោងតាមក្រុមអ្នកស្រាវជ្រាវ អ្នកដែលចូលគេងយឺតបង្ហាញពី “វិញ្ញាណ និងសមត្ថភាពមិនធម្មតា សម្រាប់ដោះស្រាយបញ្ហា ដោយស្វ័យប្រវត្តិ”។ 

# ពួកគេមិនចាំបាច់ពិបាកគេងថ្ងៃ

អ្នកដែលក្រោកពីព្រលឹម សុទ្ធតែមានទម្លាប់គេងត្រឹមត្រូវ គឺភ្ញាក់ពីព្រឹកព្រលឹម និងចូលគេងពីព្រលប់។  តែផ្ទុយមកវិញ អ្នកក្រោកពីព្រលឹម ភាគច្រើនតែងតែអស់កម្លាំង នៅពេលថ្ងៃរសៀលទៅវិញ។  នេះហើយ ជាហេតុផលដែលបាន បង្អាក់ផលិតភាពធាតុគីមី ដែលមាននៅក្នុងខួរក្បាល។

ក្រុមអ្នកស្រាវជ្រាវនៅ សាកលវិទ្យាល័យ Liege នៅប្រទេស Belgium បានសិក្សាលើ “មនុស្សដែលតែងតែភ្ញាក់ពីព្រលឹម” ១៥ នាក់ និង “មនុស្សដែលតែងតែចូលគេងយឺត” ១៥ នាក់ដូចគ្នា។ អ្នកស្រាវជ្រាវ បានវាស់សកម្មភាពខួរក្បាល របស់អ្នកចូលរួមទាំង ៣០ នាក់ នៅពេលក្រោកពីដំណេកម្តង និងវាស់នៅ ១០ ម៉ោងកន្លះក្រោយទៀត។

ទាំងអ្នកដែលចូលគេងយប់ជ្រៅ ទាំងអ្នកក្រោកពីព្រលឹម សុទ្ធតែមានកម្រិតផលិតភាពដូចគ្នា នៅពេលដែលពួកគេភ្ញាក់ពីដំណេក។ ប៉ុន្តែទោះជាយ៉ាងណា នៅរយៈពេល ១០ ម៉ោងក្រោយមក អ្នកដែលចូលគេងពីព្រលប់ រួចភ្ញាក់ពីព្រលឹម មានកម្រិតសកម្មភាពខួរក្បាលទាប បណ្តាលឲ្យខ្វះការយកចិត្តទុកដាក់ ជាងអ្នកចូលគេងយប់ឆ្ងាយណាស់។

នេះមានន័យថា ទោះជាមានថ្ងៃរះមិនឲ្យអ្នកងងុយគេងក៏ដោយ ក៏អ្នកដែលចូលគេងយឺតមានផលិតភាពខ្ពស់ជាងដែរ។ ហេតុនេះ ទើបអ្នកចូលគេងយប់ជ្រៅ មានភាពវៃឆ្លាតជាង ក៏ព្រោះតែពួកគេមានវដ្តដំណេកល្អជាង ធ្វើឲ្យពួកគេអាចធ្វើការបានច្រើននៅពេលថ្ងៃ។

# ពួកគេមិនមានបញ្ហាស្រ្តេស

ការសិក្សាមួយផ្សេងទៀត ដែលបានអនុវត្តដោយ អ្នកវិទ្យាសាស្ដ្រនៅឯ Westminster បានធ្វើតេស្តទឹកមាត់ របស់បុរស និងស្ត្រីចំនួន ៤២ នាក់ អស់រយៈពេលពីរថ្ងៃ។ គោលបំណង គឺដើម្បីវិភាគកម្រិតអរម៉ូនស្ត្រេស ដែលគេហៅថា cortisol មាននៅក្នុងរាងកាយ។ លទ្ធផល បានបញ្ជាក់ថា អ្នកដែលក្រោកពីព្រលឹមមាន កម្រិត cortisol ខ្ពស់ជាង អ្នកដែលចូលគេងយប់ជ្រៅ។

អ្នកក្រោកព្រឹកព្រលឹមអាចធ្វើការបានមុន និងអាចដោះស្រាយបញ្ហាបានមុនពិតមែន តែថាមពលរបស់ពួកគេ គឺមិនដូចអ្នកដែលចូលគេងយឺតទេ។ ជាក់ស្តែង អ្នកគេងយប់ជ្រៅ អាចធ្វើការបានយូរ និងប្រកបដោយកម្លាំង ជាពិសេស មិនងាយងងុយគេង ក្រោយបរិភោគអាហារថ្ងៃត្រង់នោះទេ។

ជាងនេះទៅទៀត អ្នកចូលគេងលឿន និងក្រោកពីព្រឹក ភាគច្រើនមានបញ្ហាឈឺសាច់ដុំ រោគសញ្ញាផ្តាសាយ និងឈឺក្បាល។ ជាពិសេស ឧស្សាហ៍មាន អារម្មណ៍មិនល្អ ឆាប់ខឹង និងឆាប់អស់កម្លាំង៕ 

ប្រភព៖ ELITE DAILY | Lifehack

ដកស្រង់ដោយ៖ khmerload.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK