រឿង សត្វលាធ្លាក់អណ្តូង៖ ផ្តល់មេរៀនដ៏មានតម្លៃនៃការជំនះតស៊ូឧបសគ្គនៅក្នុងជីវិត
Connect with us

គួរដឹង

រឿង សត្វលាធ្លាក់អណ្តូង៖ ផ្តល់មេរៀនដ៏មានតម្លៃនៃការជំនះតស៊ូឧបសគ្គនៅក្នុងជីវិត

ជាការពិតណាស់សម្រាប់មនុស្សទូទៅដែលថា អ្នកណាក៏មិនចង់ឲ្យជីវិតរបស់ខ្លួនជួបឧបសគ្គ គ្រោះភ័យអន្ដរាយទាំងឡាយទាំងពួងឡើយ។ សូម្បីតែការជូនពរគ្នា ឬការបន់ស្រន់បួងសួងអ្វីៗក៏យើងម្នាក់ៗតែងតែប្រាថ្នាឲ្យជីវិតបានរួចផុតពីរគឺឧបសគ្គ និងឧបទ្រពចង្រៃទាំងនោះដែរ។ ប៉ុន្តែឧបសគ្គ និងជីវិតពិតរបស់មនុស្ស វាប្រៀបបានដូចជាស្រមោលអន្ទោលតាមប្រាណដូច្នោះ បើយើងត្រូវការពន្លឺកាន់តែខ្លាំង យើងនឹងឃើញស្រមោលកាន់តែច្បាស់ និងផ្ទុយទៅវិញ បើមិនចង់ឃើញស្រមោលទេ មានជម្រើសតែម្យ៉ាងតែប៉ុណ្ណោះគឺយើងត្រូវតែរស់ក្នុងទីងងឹត។ តើយើងសុខចិត្តទទួលយកជម្រើសបែបនេះឬ? ឥទ្ធិពលរបស់ឧបសគ្គ ប្រៀបដូចជាកំលាំងខ្យល់បក់
ដូច្នោះដែរ…«ខ្លែងដែលហោះឡើងខ្ពស់ទៅលើ លុះត្រាតែមានតែខ្យល់បក់បញ្ច្រាស ពុំមែនហោះបណ្ដោយខ្យល់នោះទេ» «ទាល់តែមានរលកនិងខ្យល់ព្យុះធំៗ ទើបមានអ្នកដើរកប៉ាល់ដ៏ពូកែៗ»

មានសត្វលាមួយក្បាលបានរអិលជើងធ្លាក់ទៅក្នុងអណ្ដូងដែលរីងស្ងួតមួយ។ ម្ចាស់របស់វាព្យាយាមរកវិធីជួយវាឲ្យឡើងផុតពីអណ្ដូងនោះ ប៉ុន្តែក្រោយពីខំព្យាយាមអស់ជាច្រើនម៉ោងហើយក៏នៅតែមិនអាចជួយទាញសត្វលានោះឲ្យចេញពីអណ្ដូងបាន សត្វលាបានត្រឹមតែស្រែកថ្ងួចថ្ងូរយ៉ាងសែនទារុណ្ឌនៅក្នុងអណ្ដូង ទីបំផុតម្ចាស់នឹកអស់សង្ឃឹមថានឹងគ្មានផ្លូវណាអាចជួយសង្គ្រោះសត្វលាដ៏កម្សត់នេះបានទៀតទេ ហើយម្យ៉ាងទៀតគាត់គិតថា សត្វលាមួយក្បាលនេះវាមានអាយុច្រើនណាស់ទៅហើយ មិនសមនឹងតម្លៃដែលត្រូវខំហត់នឿយលំបាកក្នុងការអូសវាចេញពីអណ្ដូងនោះទេ រីឯអណ្ដូងនោះក៏មុខជាមិនអាចប្រើការអ្វីទៀតបាន ដែលមិនយូរមិនឆាប់ក៏នឹងត្រូវលុបចោលមិនខាន។ គិតដូច្នោះហើយ ម្ចាស់លាក៏ចេញទៅតាមរកអ្នកភូមិឲ្យនាំគ្នាមកជួយលុបអណ្ដូងនឹងកប់សត្វលានេះទៅជាមួយតែម្ដងទៅដើម្បីកុំឲ្យវេទនាភ្នែកឃើញវារងទារុណ្ឌកម្មតទៅទៀត។ អ្នកភូមិក៏នាំគ្នាយកចបកាប់ ចបប៉ែលនឹងបង្គីមកជួយលើកដីចាក់បំពេញអណ្ដូង។

នៅពេលនោះ សត្វលាក៏ដឹងទៀតថា ជតាកម្មរបស់ខ្លួនកំពុងតែឈានទៅរកផ្លូវណាហើយ។ក្រោយពីយំទួញសោកសង្រេងមួយសន្ទុះ វាក៏ឈប់យំ។ ពេលលែងឮសម្រែករបស់សត្វលា ម្ចាស់លានឹងអ្នកភូមិដែលមកជួយចាក់ដីនឹកឆ្ងល់ស្មានតែសត្វលាដាច់ដង្ហើមស្លាប់ទៅហើយ? តែពេលដែលពួកគេនាំគ្នាឈ្ងោកមើលទៅបាតអណ្ដូង ស្រាប់តែអ្វីៗបែរជាផ្ទុយពីការស្មានរបស់ពួកគេទៅវិញ។ នៅពេលមនុស្សនៅខាងលើចាក់ដីទម្លាក់ទៅ ដីក៏ធ្លាក់ទៅចំពីលើខ្នងរបស់សត្វលា តែលាបានគ្រវីខ្លួនរលាស់ដីចេញឲ្យជ្រុះធ្លាក់ទៅក្រោម រួចវាក៏ប្រឹងលើកជើងមកឈរពីលើគំនរដីនោះវិញ។

សត្វលាធ្វើតាមវិធីនេះជាបន្ដបន្ទាប់។ រាល់ពេលដែលគេចាក់ដីទៅ សត្វលាក៏កាន់តែឈរបានខ្ពស់បន្តិចម្ដងៗ រហូតទាល់តែគេចាក់ដីឡើងដល់មាត់អណ្ដូងក្នុងខណៈពេលដែលអ្នកស្រុកគ្រប់គ្នាកំពុងតែស្រឡាំងកាំងនោះ សត្វលាក៏បោះជំហានចេញមកក្រៅអណ្ដូង ហើយបោលគេចយ៉ាងលឿនចេញពីអណ្ដូងនោះទៅ។ សត្វលាដែលធ្លាប់តែយំត្អូញត្អែរឲ្យគេជួយ តែក្រោយមកវាបានប្រើដីដែលគេចាក់ទម្លាក់ដើម្បីកប់ខ្លួនវានោះ យកមកធ្វើជាកាំជណ្ដើរឡើងរហូតដល់មាត់អណ្ដូង ហើយបានរួចជីវិតក្នុងពេលនោះទៅ។

លោកអាប្រាហាម លិនខូលន៍ ត្រូវបានគេលើកតម្កើនជាខ្លាំងដោយសារតែលោកអាចប្រឈមមុខនឹងឧបសគ្គដែលអ្នកដទៃទទួលស្គាល់មុខជាមិនអាចយកឈ្នះបាន….តែលោកអាចធ្វើបាន។ ក្ដីបរាជ័យ ក្ដីអសង្ឃឹម ក្ដីទុក្ខលំបាកក្នុងរយៈកាលដំបូងៗនៃជីវិតបានប្រែក្លាយឲ្យទៅជាភាពឈ្លាសវៃមុតស្រួចដែលមនុស្សធម្មតាទូទៅមិនដែលជួបប្រទះ។ លិនខូលន៍ មានមធ្យោបាយពិសេសផ្ទាល់ខ្លួនម្យ៉ាងដែលអាចសាងកម្លាំងចិត្តដល់ខ្លួនជាជាងទទួលការចុះចាញ់ ដែលទោះជាគ្មានសង្ឃឹមថាឈ្នះក៏ដោយ។

លោកប្រៃអាន់ ទ្រេស៊ីល ធ្លាប់មានមតិមួយគួរឲ្យចាប់អារម្មណ៏ថា ប្រសិនបើយើងមើលទៅវិបត្តិអ្វីមួយដោយដកខ្លួនមកឈរពីចម្ងាយវាក៏នឹងក្លាយជា«ស្ថាន៍ការណ៍»អ្វីមួយ។ ពេលយើងវិភាគត្រិះរិះពីស្ថានការណ៍ នោះគឺជាការចោទឆ្លើយ។ ប៉ុន្ដែបើយើងរិះរកពីវិធីយកឈ្នះលើវា នោះវាក៏នឹងក្លាយមកជា«ឱកាស»។ ហេតុនេះវិបត្តិមុខជានឹងក្លាយជាឱកាស។ វិបត្តិតែងជួយឲ្យយើងបានពង្រឹងពង្រីកសក្ដានុពល ដើម្បីបំពេញដល់ការពេញចិត្តក្នុងជីវិត។ ដរាបណាយើងគិតថាវាជាឱកាស ពេលមានវិបត្តកាន់តែធំវានឹងធ្វើអ្វីៗឲ្យជីវិតបានកាន់តែច្រើនយ៉ាងនោះដែរ ប៉ុន្ដែបើយើងពុំទាន់ដែលធ្លាប់បានចូលប្រឡូកសាកល្បងចោទឆ្លើយអ្វីនៅឡើយទេ យើងពិតជាពុំមានថ្ងៃដឹងថាតើខ្លួនមានសមត្ថភាពដល់កម្រិតណានោះឡើយ។

ជាពិតណាស់ យើងត្រូវតែមានបទពិសោធក្នុងជីវិត ក្ដីលំបាក ឬការប្រថុយថានទាំឡើយ…អ្វីទាំងនេះវាអាស្រ័យនៅត្រង់ថា តើយើងដោះស្រាយជាមួយវាដូចម្ដេច។ ក្រោយពេលដែលយើងដោះស្រាយ ទោះបីជាឈ្នះ ឬចាញ់វាសុទ្ធតែជាមេរៀនល្អៗសម្រាប់យើងទៅថ្ងៃក្រោយ។លោកណាប៉ូលលេអុង ហ៊ីលធ្លាប់បាននិយាយថា «ប្រសិនបើយើងសម្លឹងទៅរឿងដែលកន្លងទៅនៃជីវិត យើងនឹងមើលឃើញថាអ្វីដែលកើតឡើងចំពោះរូបយើងសុទ្ធតែជារឿងល្អៗទាំងអស់»

សូម្បីតែសត្វលាដែលធ្លាប់តែទន់ជ្រាយ យំអណ្តឺតអណ្តក…តែវាបានកែប្រែមច្ចុរាជដែលប៉ុនប៉ងយាយីជីវិតខ្លួនឲ្យក្លាយមកជាសេនាជួយជាកម្លាំងជំរុញខ្លួនឲ្យឆ្លងផុតពីឧបសគ្គ…ហេតុនេះ យើងសូមជួនចំណងដៃដល់លោកអ្នកម្យ៉ាងគឺ«ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ….អ្នកតែងទទួលបានពរជ័យដ៏មានតម្លៃជានិច្ច»៕

ដកស្រង់់ដោយ៖ Mindbooks

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK