ប្រយ័ត្នឲបានខ្ពស់! សីតុណ្ហភាព​ក្តៅ​បំផុតក្នុង​កំណត់​ត្រា​របស់ផែន​ដី ក៏​មិន​អាច​សម្លាប់​កូវីដ ១៩​ បាន​ដែរ
Connect with us

គួរដឹង

ប្រយ័ត្នឲបានខ្ពស់! សីតុណ្ហភាព​ក្តៅ​បំផុតក្នុង​កំណត់​ត្រា​របស់ផែន​ដី ក៏​មិន​អាច​សម្លាប់​កូវីដ ១៩​ បាន​ដែរ

ការពិសោធ​ថ្មី​មួយ ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​បារាំង បាន​រក​ឃើញ​ថា វីរុស​កូរ៉ូណា ឬកូវីដ ១៩ អាច​រស់​នៅ​ក្នុង​សីតុណ្ហភាព​ខ្ពស់បំផុត​មួយ ដែល​មិន​ធ្លាប់មាន​លើ​​​ផែន​ដី នាំ​ឲ្យ​វីរុស​កំណាច​នេះ អាច​មាន​ជីវិត​យូរ​អង្វែង​ក្នុង​បរិយាកាស។

សាស្ត្រាចារ្យ Remi Charrel និង​មិត្ត​រួម​កាងារ​នៃ​សាកល​វិទ្យាល័យ Aix-Marseille ភាគ​ខាង​ត្បូង​ប្រទេស​បារាំង បាន​ប្រើ​កម្តៅ​ដល់​ទៅ ៦០​អង្សាសេ និង​រយៈ​ពេល​មួយ​ម៉ោង ដើម្បី​ដុត​សម្លាប់​វីរុស​កូវីដ ១៩ ដោយ​ជា​លទ្ធផល វីរុស​ដែល​ត្រូវ​ដុត​ដោយ​កម្តៅ​នេះ នៅ​តែ​មាន​លទ្ធភាព​អាច​ចម្លង​ទៅ​មនុស្ស​បាន។

តាម​លទ្ធផល​នៃ​ការ​សិក្សា​នេះ វីរុស​កូវីដ ១៩ គឺ​គ្រោះ​ថ្នាក់​ខ្លាំង​ចំពោះ​មនុស្ស​យើង ដោយ​សារ​តែ​កម្តៅ​លើ​ផែន​ដី មិន​ខ្ពស់​ដល់ ៦០ អង្សាសេ​នោះទេ ខណៈ​កម្តៅ​ផែន​ដី​ធ្លាប់​ឡើង​ខ្ពស់​បំផុត គឺ​កើត​មាន​នៅ​ឧទ្យាន​ជាតិ Death Valley ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ាំ សហរដ្ឋអាមេរិក អំឡុង​ឆ្នាំ ១៩១៣ ដោយ​កាល​នោះ កម្តៅ​ផែន​ដី មាន​ត្រឹម​តែ ៥៦,៧ អង្សាសេ​ប៉ុណ្ណោះ។

យោង​តាម​ការ​អះអាង​ពី​អ្នក​វិទ្យាសាស្រ្ត​ខាង​លើ ពួក​គេ​បាន​ប្រើ​កម្តៅ​រហូត​ទល់​ជិត​ស្មើកម្តៅ​ពុះទឹក ទើប​អាច​សម្លាប់​វីរុស​កូវីដ ១៩ បាន នាំ​ឲ្យ​មាន​ក្តី​បារម្ភ​ជាខ្លាំង ពិសេស​ចំពោះ​បុគ្គលិក​មន្ទីរ​ពិសោធន៍​ជុំវិញ​ពិភពលោក ដែល​កំពុង​ធ្វើ​ការ​ងារ​ផ្ទាល់​ជាមួយ​វីរុស​នេះ ងាយ​នឹង​ឆ្លង​វីរុស​បំផុត។

តាម​ការ​ពិសោធ​នេះ រកឃើញ​ទៀត​ថា នៅ​ពេល​អ្នក​វិទ្យាសាស្ត្រ​ប្រើ​កម្តៅ​សម្លាប់​វីរុស​កូវីដ ១៩ វា​ក៏​អាស្រ័យ​ទៅ​លើ​បរិស្ថាន​ជុំ​វិញ​វិរុស​នោះ​ដែរ ដោយ​នៅ​ក្នុង​បរិស្ថាន​ស្អាត វីរុស​គឺ​បាន​ងាប់ គ្មាន​បញ្ចេញ​សកម្មភាព​អ្វី​នោះ​ឡើយ ខណៈ​ក្នុង​បរិស្ថាន​កខ្វក់ វីរុស គឺ​នៅ​មាន​បញ្ចេញ​សកម្មភាព​ក្រោយ​ដុត​សម្លាប់​ក្តី។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បារាំង បញ្ជាក់​ដែរ​ថា នៅ​ពេល​ប្រើ​សីតុណ្ហភាព ៩២ អង្សាសេ រយៈ​ពេល ១៥នាទី ទើប​អាច​ធ្វើ​ឲ្យ​វីរុស​នេះ បញ្ឈប់​សកម្មភាព​បាន៕

ប្រែសម្រួល៖ សុភា

ប្រភព៖ kampucheathmey.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK