“អានសៀវភៅច្រើន វានឹងបង្រៀនយើងឱ្យចេះមើលនូវអ្វីដែលសៀវភៅមិនមានសរសេរឱ្យដឹង ឬអ្នកប្រវត្តិសាស្រ្តខ្លះមិនបានរៀបរាប់ឱ្យចេះដឹង”
Connect with us

គួរដឹង

 “អានសៀវភៅច្រើន វានឹងបង្រៀនយើងឱ្យចេះមើលនូវអ្វីដែលសៀវភៅមិនមានសរសេរឱ្យដឹង ឬអ្នកប្រវត្តិសាស្រ្តខ្លះមិនបានរៀបរាប់ឱ្យចេះដឹង”

#អ្នកអាននិងអ្នកនយោបាយ

១. សង្គមនីមួយៗ គឺវាសុទ្ធតែមានប្រវត្តិសាស្ត្ររបស់ខ្លួន។ ប្រវត្តិសាស្រ្តថ្ងៃនេះ វាគឺជាសមិទ្ធផលនៃការសម្រេចចិត្តនយោបាយកាលពីម្សិលមិញ។ នយោបាយជាព្រលឹង រីឯប្រវត្តិសាស្រ្តជាកាយ។ មនុស្សម្នាក់ស្លាប់រស់ព្រោះតែចិត្តគំនិតខាងក្នុងខ្លួន (ព្រលឹង) ប្រៀបដូចជាសង្គមមួយស្លាប់រស់ព្រោះតែនយោបាយ។ ខ្ញុំធ្លាប់សរសេរនូវខ្លឹមសារគំនិតដែលថា “ការអាន វាពុំអាចធ្វើឱ្យយើងគ្រប់គ្នាក្លាយខ្លួនទៅជាមេដឹកនាំបានទេ តែវាអាចប្រាប់យើងឱ្យដឹងថា តើមេដឹកនាំប្រភេទណាដែលយើងគួរដើរតាម”។ នេះជាគំនិតស្នូលអំពីអំណានដែលយើងត្រូវដឹង ដ្បិតគ្មានជនសង្គមណាម្នាក់អាចរស់នៅគេចខ្លួនផុតពីរឿងនយោបាយទេ។ រដ្ឋបុរសក្រិកដ៏ល្បីឈ្មោះម្នាក់ ពេរីគ្លែស (Périclès) បានថ្លែងថា “គ្រាន់តែដោយសារអ្នកមិនចាប់អារម្មណ៍លើរឿងនយោបាយ គឺមិនមែនមានន័យថានយោបាយនឹងមិនចាប់អារម្មណ៍លើអ្នកទេ!”។ ទស្សនវិទូក្រិក ប្លាតុង (Plato) និយាយថា “អ្នកនឹងត្រូវវិនាសក្រោមការគ្រប់គ្រងរបស់មេដឹកនាំល្ងីល្ងើ ប្រសិនបើអ្នកមិនចាប់អារម្មណ៍លើកិច្ចការរបស់រដ្ឋាភិបាល”។ តើហេតុអ្វីត្រូវផ្សាភ្ជាប់អំណាន និងរឿងនយោបាយ?

២. ជីវិតរស់នៅប្រចាំថ្ងៃរបស់យើង មិនថាជាបុគ្គលណា អាយុណា និងជាបព្វជិតសាសនាណាទេ គឺសុទ្ធតែជាប់ទាក់ទងនឹងនយោបាយទាំងអស់ ទោះបីជាចង់ ឬមិនចង់ក៏ដោយ។ អ្នកចម្រៀងមិនចង់ដឹងឮរឿងនយោបាយ តែមុនឬក្រោយ ឬឱកាសណាមួយ គឺនឹងត្រូវអ្នកនយោបាយខ្លះខ្ចីប្រជាប្រិយភាពមកប្រើប្រាស់ទាញយកផលប្រយោជន៍នយោបាយ។ គ្រូ សិស្ស និស្សិត បញ្ញវន្ត មេសាសនាដែលមិនចង់ខ្វល់ខ្វាយនឹងរឿងនយោបាយ គឺនឹងត្រូវអ្នកនយោបាយខ្លះទាញឱ្យចូលកិច្ចការនយោបាយដោយស្វ័យប្រវត្តិនៅឱកាសចាំបាច់ណាមួយ។ នេះហៅថា “ឧបករណ៍នយោបាយ” ដ្បិតបើខ្វះតួសម្ដែង គឺត្រូវការទាញឱ្យមកជួយលេងល្ខោន។ ចង់ក៏ដោយ ឬមិនចង់ក៏ដោយ! ក្នុងរឿង “នគរ៣” មានមេដឹកនាំខ្លាំង ឆាវឆាវ (Cao Cao) ដែលធ្លាប់ប្រើយុទ្ធសាស្រ្តខ្ចីក្បាលអ្នកកាន់ស្បៀងដើម្បីយកលេសកុហកកងទ័ព ជំរុញកម្លាំងប្រយុទ្ធ។ រីចំណែកក្នុងវិស័យតែងនិពន្ធក៏អ៊ីចឹងដែរ។ តាមរយៈប្រវត្តិសាស្រ្តពីមុនៗ មានអ្នកខ្លះសរសេរសៀវភៅជំរុញបដិវត្តន៍។ អ្នកខ្លះប្រើសំណេរកម្ទេចបដិវត្តិន៍។ អ្នកខ្លះទៀតប្រើសំណេរឱ្យមនុស្សស្រឡាញ់សាមគ្គីគ្នា។ ក្នុងសង្គមមួយ បើវិស័យណាមួយមានចរន្តលេចធ្លោលឿនបំផុត គឺអ្នកនយោបាយខ្លះនឹងប្រើប្រាស់វិស័យនោះជាឧបករណ៍នយោបាយ ក្នុងករណីចាំបាច់។ នៅក្នុងអត្ថបទនេះ មានរឿងជាច្រើនដែលខ្ញុំនិយាយទៅពីរោះស្តាប់ និយាយទៅត្រឹមត្រូវ តែពេលខ្លះមិនត្រូវនិយាយ ឬមិនអាចនិយាយ។ តើអ្វីជាទំនាក់ទំនងរវាងអំណាន និងនយោបាយ?

៣. នយោបាយមានលើគ្រប់វិស័យទាំងអស់ ដូចជានយោបាយ សេដ្ឋកិច្ច នយោបាយអប់រំ នយោបាយពាណិជ្ជកម្ម ជាពិសេសនយោបាយដឹកនាំសង្គម។ ខ្ញុំមានចេតនាចង់ឱ្យយុវជនប្រឹងអាន អានដោយចេះពិចារណា ចេះថ្លឹងថ្លែង ចេះគិតដោយខ្លួនឯង និងទទួលខុសត្រូវលើវាសនាជីវិតដោយខ្លួនឯង ព្រមទាំងកុំរស់នៅក្រោមឆន្ទៈមនុស្សទុច្ចរិត។ បើយើងចេះអាន យើងសកម្មនឹងអំណានជាជាងដើរលេង គឺប្រៀបដូចជាយើងបានចូលរួមជួយសង្គមក្នុងផ្នែកណាមួយ ដែលជាតួនាទីរបស់យើងខ្លួនឯងក្នុងនាមជាម្ចាស់សង្គម។ ឬបើយ៉ាងហោចណាស់ ដល់ថ្ងៃបោះឆ្នោត យើងក៏ចេះប្រើអំណាចខ្លួនឱ្យត្រឹមត្រូវ ដឹងថាមេដឹកនាំណាដែលយើងគួរបោះឆ្នោតឱ្យដែរ។ យើងតែងនិយាយពីសង្គមប្រជាធិបតេយ្យ ស្របពេលខ្លួនឯងមិនមែនជាមនុស្សដែលមានការអប់រំត្រឹមត្រូវ។ យើងបន្ទោសរបៀបដឹកនាំផ្តាច់ការ ស្របពេលដែលពេលខ្លះ បើគេបណ្តោយយើងពេក យើងនឹងបង្កភាពអនាធិបតេយ្យដល់សង្គម។ បើកាលណាយើងបង្កហេតុដែលនាំឱ្យអនាធិបតេយ្យ គឺមានន័យថាយើងពុំទាន់យល់ពីសង្គមប្រជាធិបតេយ្យនៅឡើយទេ។ ការចូលរួមក្នុងសង្គមប្រជាធិបេតេយ្យ គឺត្រូវការការចូលរួមប្រកបទៅដោយចំណេះដឹង។ អវិជ្ជា គឺជាប្រភពនៃអំពើអាក្រក់។ សេរីភាពនៅនឹងដៃមនុស្សអវិជ្ជា គឺនឹងបង្កចលាចលដល់សង្គម។ អំណាចនៅនឹងមេដឹកនាំអវិជ្ជា គឺនឹងក្រាញអំណាច។ តើអ្វីទៅជាអំណានដើម្បីជ្រើសរើសមេដឹកនាំ?

៤. អំណានមានអំណាចខ្លាំងណាស់ បើយើងចេះប្រើប្រាស់ឱ្យត្រឹមត្រូវ។ យើងអាចប្រើអំណានដើម្បីសម្គាល់ចរិតមេដឹកនាំ។ តើយើងអាចសម្គាល់ចរិតមេដឹកនាំនយោបាយដោយរបៀបណា? ដាំមនុស្សឱ្យប្រុងគិតគុណធម៌ រើសមេដឹកនាំឱ្យមើលចរិត។ បើមេដឹកនាំមានចរិតជាអ្នកសឹកសង្គ្រាម ពេលកាន់អំណាចនឹងចូលចិត្តធ្វើសង្គ្រាម។ បើមេដឹកនាំជាអ្នករៀនសូត្រ ពេលឡើងកាន់អំណាច គឺនឹងគិតរឿងតែអប់រំ។ បើមេដឹកនាំជាអ្នកសាសនា ពេលឡើងកាន់អំណាចនឹងអាចស្លូតហួសហេតុ។ បើមេដឹកនាំជាអ្នកទស្សនវិជ្ជា ពេលកាន់អំណាចនឹងគិតតែរឿងទស្សនៈ គ្មានបច្ចេកទេសដឹកនាំតាមបែបយុទ្ធសាស្រ្ត។ បើមេដឹកនាំចរិតពាល ពេលឡើងកាន់អំណាចនឹងដើរបង្កហិង្សា។ និយាយដោយខ្លី និយាយដោយងាយយល់ បើមេដឹកនាំមានចរិតទំនោរទៅខាងរបបមូលធន គឺនឹងដឹកនាំសង្គមទៅរកមូលធននិយម។ បើមេដឹកនាំមានចរិតទំនោរទៅខាងសង្គមនិយម គឺនឹងដឹកនាំសង្គមទៅរករបបសង្គមនិយម (ពេលមានអំណាច)។ បើមេដឹកនាំមានចរិតប្រជាធិបតេយ្យ គឺនឹងដឹកនាំសង្គមទៅរបបនយោបាយតាមបែបប្រជាធិបតេយ្យ។ នេះជាចរិតលក្ខណៈអ្នកនយោបាយដែលយើងអាចសង្កេតខ្លួនឯង ដូចជានៅចិនមាន ម៉ៅ សេទុង (អ្នកសង្គមនិយម) និង ស៊ុនយ៉ាត សេន (អ្នកប្រជាធិបតេយ្យ) ឬនៅប្រទេសយើងពីមុនក៏មានផងដែរអ្នកនយោបាយមានចរិតទំនោររាជានិយម អ្នកនយោបាយមានចរិតទំនោរសង្គមនិយម អ្នកនយោបាយមានចរិតទំនោរប្រជាធិបតេយ្យនិយម។ល។

៥. រឿងទាំងនេះ វាជាប់ទាក់ទងនឹងប្រភពនៃការអប់រំដែរ ដ្បិតអ្នកខ្លះធ្លាប់ទៅរៀននៅបារាំង ចិន អាម៉េរិក សូវៀត។ ពេលណាយើងអានកាន់តែច្រើន យើងនឹងយល់ដឹងច្រើនអំពីអ្វីដែលអ្នកនយោបាយ ឬស្មេរមានទំនោរមិនចង់ឱ្យយើងដឹង។ នេះហើយដែលខ្ញុំតែងតែលើកឡើងថា “អានសៀវភៅច្រើន វានឹងបង្រៀនយើងឱ្យចេះមើលនូវអ្វីដែលសៀវភៅមិនមានសរសេរឱ្យដឹង ឬអ្នកប្រវត្តិសាស្រ្តខ្លះមិនបានរៀបរាប់ឱ្យចេះដឹង”។ ពេលណាយើងចេះមើល ចេះសង្កេត ចេះឆ្លុះបញ្ចាំង ចេះវិភាគ គឺយើងនឹងចេះរៀបចំអនាគតសង្គមខ្លួនស្របទៅតាមពេលវេលា កាលៈទេសៈ ទស្សនវិស័យវែងឆ្ងាយ ហួសពីមនុស្សដែលអានសៀវភៅតែមួយក្បាល ឬអាន សៀវភៅបានតិច ឬមិនអានសោះ ឬមនុស្សជ្រុលនិយម។ ស្រឡាញ់សង្គមពិត គឺត្រូវគិតរឿងអាន និងរឿងរៀនសូត្រដោយយកចិត្តទុកដាក់។ គ្មានរឿងធំដុំណាមួយដែលកើតឡើងតាមរបៀបធ្វើលេងៗទេ៕

“Just because you do not take an interest in politics doesn’t mean politics won’t take an interest in you!” – Pericles

ប្រភព៖ សៀវភៅអំណានជាអំណាច (កំណែបោះពុម្ពលើកទី២) ទាញយកសៀវភៅនេះ តាមរយៈតំណភ្ជាប់៖ http://bit.ly/2mjahfC

ដកស្រង់ដោយ៖ ប្រតិទិនទស្សនៈ

មតិយោបល់

ពីនេះពីនោះ4 weeks ago

មហាសប្បុរសពិតៗ ! ជនពិការដៃទាំងទ្វេរម្នាក់ សន្សំប្រាក់រាប់ឆ្នាំពីការសុំទាន ទិញដី ៥០ហិតា ពុះឡូត៍ចែកជូនអ្នកក្រីក្រ ៣០០គ្រួសារ

គួរដឹង4 weeks ago

មិនធម្មតាទេ ម្លូជាឱសថដ៏ពូកែ និងមានគុណសម្បត្តិដល់ម្លឹង!!!

ទាក់ទាញ4 weeks ago

​មិនដែលដឹងសោះ! ព្រះមហាក្សត្រខ្មែរទ្រង់មានរាជដំណាក់ប្រវត្តិសាស្ត្រមួយ ដែលសេនា​ប្រមុខ​ដ៏ឆ្នើម គីម​ អ៊ីល​សុង​ កូរ៉េខាងជើងកសាងថ្វាយ

ពីនេះពីនោះ4 weeks ago

ពិតជាក្ដុកក្ដួលណាស់ ! រឿងរ៉ាវជីវីតដ៏ជូរចត់របស់ សោម ស្រីនាថ ត្រូវបានលាតត្រដាង

គួរដឹង4 weeks ago

លោកវេជ្ជបណ្ឌិត គួច ម៉េងលី  ប្រាប់អ្នកកើត “តាអក” អាចប្រើ “អូសាវ៉ែល” ព្យាបាលបង្ក្រាបបាន

Trending

Copyright © 2019 ANARCHAK