អ៊ីតាលី ដំណើរការ​រ៉ូបូត​ជំនួសបុគ្គលិកពេទ្យ ដើម្បីកាត់បន្ថយការចម្លងវីរុសកូវីដ១៩ (មានវីដេអូ) - ANARCHAK
Connect with us

ពីនេះពីនោះ

អ៊ីតាលី ដំណើរការ​រ៉ូបូត​ជំនួសបុគ្គលិកពេទ្យ ដើម្បីកាត់បន្ថយការចម្លងវីរុសកូវីដ១៩ (មានវីដេអូ)

​វីរុសកូវីត១៩ បានឆ្លងរាលដាលដល់មនុស្សជាង ១ លាននាក់នៅក្នុងប្រទេសចំនួន ១៨១ ហើយវាបាន​ឆក់យកជីវិតមនុស្សជាច្រើន ជាពិសេស​បណ្តាប្រទេសនៅក្នុងតំបន់អ៊ឺរ៉ុប។ ​​ជាមួយគ្នានេះដែរ ​អ៊ីតាលី ដែលជាប្រទេស​រងគ្រោះខ្លាំងជាងគេ បានចាប់ផ្តើមចាត់វិធានការថ្មី​ ​ដោយការដំណើរការរ៉ូបូតពិសេស ​ដើម្បីកាត់បន្ថយការធ្វើទំនាក់ទំនងផ្ទាល់រវាងអ្នកជំងឺ និង វេជ្ជបណ្ឌិត ឬបុគ្គលិកបម្រើការនៅមន្ទីរពេទ្យ។


យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា មន្ទីរពេទ្យ Sircolo ក្នុងតំបន់​ Lombardy រដ្ឋ Varez ​បានចាប់ផ្តើមប្រើប្រាស់​រ៉ូបូតពិសេស​មានឈ្មោះថា​ ថមមី ដែល​វាទំហំប៉ុនកូនក្មេង​ និងមានអេក្រង់សំរាប់ផ្តល់ព័ត៌មាន ​ហើយជាពិសេសវាអាច​ឱ្យអ្នកជំងឺកត់ត្រាសារ ​រួចបញ្ជូន​ទៅឱ្យគ្រូពេទ្យបាន។

វេជ្ជបណ្ឌិត Francesco Dentali ​បាននិយាយថា៖

មានរ៉ូបូត ថមមី គឺដូចជាមានគិលានុប្បដ្ឋាយិកាម្នាក់អ៊ីចឹង ហើយយើងមិនចាំបាច់បារម្មណ៍រឿងឆ្លងមេរោគពីអ្នកជំងឺ​នោះទេ។​ រ៉ូបូតនេះ អាចអនុញ្ញាតឱ្យវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាធ្វើទំនាក់ទំនងជាមួយអ្នកជំងឺ ដោយមិនចាំបាច់ទៅជួបផ្ទាល់ ​ដូច្នេះវានឹងអាចកាត់បន្ថយហានិភ័យនៃការឆ្លងបាន។ ម្យ៉ាងវិញទៀត វាក៏អាចផ្តល់ពេលវេលាគ្រប់គ្រាន់សំរាប់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាទៅព្យាបាលអ្នកជំងឺផ្សេងទៀត ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបានដែរ។
សូមជម្រាបផងដែរថា បើគិតមកដល់ពេលនេះ មានបុគ្គលិកសុខាភិបាលអ៊ីតាលីជាង ៤,០០០ នាក់ហើយ ដែលបានឆ្លងវីរុសនេះពីអ្នកជំងឺ ហើយក្នុងនោះមានវេជ្ជបណ្ឌិតយ៉ាងហោចណាស់ ៦៦ នាក់បានស្លាប់បាត់បង់ជីវិត​​៕

 

ប្រភព៖ .khmerload.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK