ស្ថានទូត​នានា ​កំពុង​​ស្វះស្វែង​ជួយ​ដល់​ពលរដ្ឋ​របស់ខ្លួន​ឲ្យ​បាន​ចេញពី​កម្ពុជា
Connect with us

ថ្មីៗ

ស្ថានទូត​នានា ​កំពុង​​ស្វះស្វែង​ជួយ​ដល់​ពលរដ្ឋ​របស់ខ្លួន​ឲ្យ​បាន​ចេញពី​កម្ពុជា

ភ្នំពេញៈ ស្ថានទូត​នានា​នៅ​កម្ពុជា​កំពុង​ស្វះស្វែង​ជួយ​ដល់​ពលរដ្ឋ​របស់ខ្លួន​ឲ្យ​បាន​ចេញ​ពី​កម្ពុជា ខណៈ​ដែល​ក្រុមហ៊ុន​ហោះហើរ​បាន​លុបចោល​ជើងហោះហើរ ហើយ​ការរឹតបន្តឹង​ការធ្វើ​ដំណើរ​ចូល​កម្ពុជា​បាន​ចូល​ជា​ធរមាន នៅពេល​ដែល​កម្ពុជា​កំពុង​រៀបចំ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ដោយសារ​ជំងឺ​កូវីដ​ ១៩​។

ស្ថានទូត​អាល្លឺម៉ង់​កាលពី​ថ្ងៃអាទិត្យ​បានរៀបចំ​ជើង​ហោះហើរ​ចំនួន​ ២ ដោយ​បាន​ដឹក​អ្នកដំណើរ​សរុប ៤៤៦ នាក់​ទៅ​ប្រទេស​អាល្លឺម៉ង់​។ ក្នុង​ចំនួន​នេះ​រួមមាន​ជនជាតិ​អាល្លឺម៉ង់ ៣០២ ​នាក់ បែលហ្ស៊ិក ៣២ រូម៉ានី ២១ ​នាក់​ស្វ៊ីស​ ៦ ​នាក់ និង​ជនជាតិ​ផ្សេងទៀត​ដែល​រស់នៅ​អចិន្រៃ្តយ៍​នៅ​អាល្លឺម៉ង់​។ ប៉ុន្តែ​អាល្លឺម៉ង់​មិនមាន​គម្រោង​រៀបចំ​យន្តហោះ​ដើម្បី​ធ្វើ​មាតុភូមិ​និវត្តន៍​បន្តទៀត​ទេ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ស្ថានទូត​អាល្លឺម៉ង់​។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​បាន​ជួប​ជាមួយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ដោយ​លោក​ស្នើសុំ​ឲ្យ​កម្ពុជា ជាពិសេស​ក្រសួងមហាផ្ទៃ​ និង​ក្រសួងការបរទេស​យោគយល់​ដល់​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​នៅ​កម្ពុជា​ដែល​ទិដ្ឋាការ​របស់​ពួកគេ​ផុតកំណត់​។

លោកស្រី Emily Zeeberg អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ថ្លែងថា ក្រសួងការបរទេស​អាមេរិក​បាន​ប្រាប់​ប្រជាពលរដ្ឋ​របស់ខ្លួន​កាលពី​ថ្ងៃទី​ ១៩ ខែមីនា មិន​ឲ្យ​ធ្វើដំណើរ​លក្ខណៈ​អន្តរជាតិ​។ លោកស្រី​ថា ពួកគេ​គួរ​ប្រញាប់​ត្រឡប់​ទៅវិញ​តាម​ជើងហោះហើរ​ពាណិជ្ជកម្ម ហើយ​មិនត្រូវ​រង់ចាំ​ការជម្លៀស​តាម​យន្តហោះ​របស់​រដ្ឋាភិបាល​ទេ ព្រោះ​កម្ពុជា​មិន​ស្ថិត​ក្នុង​តារាង​អាទិភាព សម្រាប់​ពលរដ្ឋ​អាមេរិកកាំង​ទេ​។

ចំណែក​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បច្ចុប្បន្ននេះ​មាន​ពលរដ្ឋ​ពី​ចក្រភព​អង់គ្លេស​ប្រមាណ ២៥០ នាក់​កំពុង​ស្ថិតនៅ​កម្ពុជា ដោយសារ​តែ​ជើងហោះហើរ​ចេញពី​ភ្នំពេញ​ត្រូវ​បាន​លុបចោល ដោយមាន​ការជូនដំណឹង​ខ្លី​បំផុត​។

លោកស្រី វុទ្ធី សុកញ្ញា អ្នកនាំពាក្យ​ស្ថានទូត​អង់គ្លេស​បាន​ថ្លែងប្រាប់​តាម​អ៊ីមែល​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​យើង​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ហោះហើរ​បន្ថែម​លទ្ធភាព​ដឹក​សម្រាប់​ជើង​ហោះហើរ​ណា​ដែល​នៅមាន ដូចជា​ក្រុមហ៊ុន Qatar Airways នៅមាន​ការហោះហើរ​ទេ​កាលពី​ថ្ងៃ​អង្គារ ហើយ​យប់​ថ្ងៃ​អង្គារ​ក៏មានដែរ​ហើយ​ឲ្យ​ពួកគេ​បន្ត​ហោះហើរ​ទៀត​។ ទោះ​យ៉ាងណា​ក្រុមហ៊ុន​ហោះហើរ​គឺជា​ក្រុមហ៊ុន​ធ្វើ​ពាណិជ្ជកម្ម​បើសិន​ជា​ពួកគេ​គ្មាន​អ្នកជិះ​មក​ទេ​ដោយសារ​តែ​ការរឹតបន្តឹង​ការ​ចូលមក​កម្ពុជា​នោះ ពួកគេ​នឹង​សន្មត​ថា ពួកគេ​មិនអាច​ដំណើរការ​ហោះហើរ​បានទេ​»​។

លោកស្រី​បន្តថា សា្ថនទូត​អង់គ្លេស​កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ហោះហើរ​ដើម្បី​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​រៀបចំ​ការហោះហើរ​ពិសេស ដើម្បី​មក​ទទួល​ពលរដ្ឋ​ចក្រភព​អង់គ្លេស​ពី​កម្ពុជា​។ ស្ថានទូត​ក៏បាន​ស្នើ​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដោយ​ស្នើ​ឲ្យ​ពន្យារ​ទិដ្ឋាការ​ដោយ​ស្វ័យប្រវត្តិ ដោយសារ​តែ​អ្នកដំណើរ​ជាច្រើន​បារម្ភ​អំពី​ការរស់នៅ​កម្ពុជា​ដោយ​ផុត​សុពលភាព​។

កម្ពុជា​កំពុង​រៀបចំ​បង្កើត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​។ កាលពី​ម្សិលមិញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ការប្រជុំ ដើម្បី​ពិនិត្យ​លើ​ខ្លឹមសារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ​មុននឹង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នឹង​អនុម័ត​ច្បាប់​នេះ​នៅ​ថ្ងៃ​សុក្រ​។

ក្រសួង​ការបរទេស​កាលពី​សប្ដាហ៍​មុន​បានចេញ​សេចក្ដី​ជូនដំណឹង​អំពី​ការរឹតបន្តឹង​ការធ្វើដំណើរ​សម្រាប់​ជនបរទេស​ដែលមាន​បំណង​ចូលមក​កម្ពុជា ដោយ​ការរឹតបន្តឹង​នោះ​បាន​ចូល​ជា​ធរមាន​កាលពី​យប់​ថ្ងៃ​ចន្ទ​។ វិធានការ​នេះ​រួមមាន​ផ្អាក​គោលការណ៍​លើកលែង​ទិដ្ឋាការ​តម្រូវ​ឲ្យ​ជនបរទេស​មាន​លិខិតធានា​សុខភាព​ដែល​បញ្ជាក់ថា​គ្មាន​ជំងឺ​កូវីដ​១៩ និង​មាន​ទឹកប្រាក់​ធានារ៉ាប់រង​ ៥ ​ម៉ឺន​ដុល្លារ និង​ត្រូវ​នៅ​ដាច់ដោយឡែក​ពេលមកដល់​។

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​រំឭក​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​អំពី​បម្រាម​នេះ​ព្រម​ទាំង​បាន​បន្ថែម​លក្ខខណ្ឌ​មួយចំនួន​ទៀត​។ លក្ខខណ្ឌ​នោះ​គឺ​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ណាមួយ​ដឹក​ជនបរទេស​ដែល​មាន​ជំងឺ​កូវីដ ១៩ ដាច់ខាត​។

រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​សរសេរ​ថា​៖ «​បើសិន​ជាមាន​ករណី​បែប​នេះ​កើតឡើង ក្រុមហ៊ុន​ត្រូវ​ទទួលខុស​ត្រូវ​ទាំងស្រុង​ក្នុង​ការនាំ​យក​អ្នកដំណើរ​រូបនោះ​ត្រឡប់​ទៅកាន់​គោលដៅ​ដើម​របស់គាត់​វិញ​»​។ ទោះយ៉ាងណា​គោលការណ៍​រឹតបន្តឹង​ការធ្វើដំណើរ​មិន​ត្រូវ​បាន​អនុវត្ត​សម្រាប់​បុគ្គលិក​ក្រុមហ៊ុន​ទេ​។

លោក​ តុប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​ថ្លែង​ពី​ម្សិលមិញ​ថា ក្រសួង​ទេសចរណ៍​មិនមាន​សមត្ថកិច្ច​លើ​ការដោះស្រាយ​ផ្នែក​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​ទេ​។ ក្រសួង​ក៏​មិនមាន​តួលេខ​ចំនួន​ភ្ញៀវ​ដែល​នៅ​កម្ពុជា​ដែរ​។

លោក​ ផាត សុផានិត អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​ថ្លែង​ពី​ម្សិលមិញ​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​សុំ​គោលការណ៍​សម្រេច​ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​រួចហើយ​។ លោក​ស្នើ​ឲ្យ​ទាក់ទង​ទៅ​លោក កែវ វណ្ណថន អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ប៉ុន្តែ​លោក​ វណ្ណថន មិនអាច​ទាក់ទង​បានទេ​។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ថា​ប្រទេស​នានា​កំពុង​ប្រឈម​នឹង​សត្រូវ​រួម​គឺ​កូវីដ​១៩​។ ដូច្នេះ​បញ្ហា​នានា​រឿង​នយោបាយ គួរទុក​មួយ​ឡែក​ហើយ​យក​ឱកាស​នេះ​បង្ហាញ​ការរួបរួម​សហការ​គ្នា​។

គិត​ត្រឹម​ថ្ងៃ​អង្គារ​ម្សិលមិញ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ សរុប​ចំនួន​ ១០៩ នាក់​ដោយមាន​អ្នក​ឆ្លង​ថ្មី​ចំនួន​ ២ ​នាក់​ទៀត​គឺ​ម្ដាយ​ និង​កូន​នៅ​ខេត្តសៀមរាប​។ អ្នក​ទាំង​ ២ បាន​ឆ្លង​ពី​បុរស​ជា​ស្វាមី និង​ឪពុក​ដែល​បាន​ទៅ​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ចុងខែ​កុម្ភៈ​៕

ប្រភព៖ www.postkhmer.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK