ក្រសួងអប់រំសម្រេចឲ្យផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅគ្រប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជននៅរាជធានីភ្នំពេញ និងសៀមរាប - ANARCHAK
Connect with us

ពីនេះពីនោះ

ក្រសួងអប់រំសម្រេចឲ្យផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅគ្រប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជននៅរាជធានីភ្នំពេញ និងសៀមរាប

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន (វិស្សមកាលតូចមុនកាលកំណត់) នៅសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាលារដ្ឋ និងឯកជនទាំងអស់ នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

ក្រសួងអប់រំសូមបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការរកឃើញជាបន្តបន្ទាប់ នូវជំងឺ Covid-19 លើជនបរទេសមួយចំនួន ហើយជាវិធានការការពារទប់ស្កាត់បន្ទាន់ នៃការរីករាលដាលនជំងឺដ៏សាហាវនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងក្រុងសៀមរាបដូចតទៅ៖

១៖ ចាប់អនុវត្តវិស្សមកាលតូចមុនកាលកំណត់ ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ រហូតដល់ពេលចូលរៀនឡើងវិញ

២៖ សម្រាប់គ្រឹះស្ថានដែលមិនទាន់បញ្ចប់ ការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងឆមាសទី១ ក្រសួងតម្រូវឲ្យយកលទ្ធផលសិក្សាជាមធ្យមភាគ នៃពិន្ទុប្រចាំខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ ជាមធ្យមភាគពិន្ទប្រចាំឆមាសទី១

៣៖ ចំពោះគ្រឹះស្ថានសិក្សាអន្តរជាតិ គណៈគ្រប់គ្រងត្រូវពិគ្រោះយោបល់ជាមួយមាតាបិតាសិស្ស ដើម្បីចាត់វិធានការទប់ស្កាត់ និងអនុវត្តតាមវិធានការបង្ការ និងទប់ស្កាត់របស់អង្គការសុខភាពពិភពលោក

៤៖ ក្នុងអំឡុងវិស្សមកាលតូច មាតាបិតា គ្រប់រូបត្រូវជំរុញឲ្យកូនចៅធ្វើស្វ័យសិក្សា នៅតាមផ្ទះ និងត្រូវមើលថែកូនចៅ និងចៀសវាងទៅកន្លែងមួយចំនួន ដែលប្រឈមមុខនឹងការឆ្លងវីរុស ដូចជាកន្លែងហែលទឹកសាធារណៈ កន្លែងហាត់ប្រាណ សួនកុមារ និងកន្លែងផ្សេងៗទៀត ដែលមានហានិភ័យឆ្លង Covid-19

៥៖ អនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សា៕


ប្រភព៖ freshnewsasia.com

Trending

Copyright © 2019 ANARCHAK