ចូរឈ្វេងយល់! តើ​ជំងឺកូវីដ១៩ ខុស​និង​ដូច​ជំងឺ​គ្រុន​ផ្តាសាយ​ធំ​ យ៉ាងណា​ខ្លះ?
Connect with us

គួរដឹង

ចូរឈ្វេងយល់! តើ​ជំងឺកូវីដ១៩ ខុស​និង​ដូច​ជំងឺ​គ្រុន​ផ្តាសាយ​ធំ​ យ៉ាងណា​ខ្លះ?

ក្នុង​មួយ​ឆ្នាំៗ មាន​ពលរដ្ឋ​បារាំង​​ធ្លាក់​ខ្លួន​ឈឺ​គ្រុន​ផ្តាសាយ​ធំ ប្រមាណ​ពី ២​លាន​ទៅ​៦លាននាក់ និង​ស្លាប់​ ​ ​ចំនួន ១ម៉ឺននាក់ជា​មធ្យម។ បើនៅ​ទូទាំង​ពិភពលោក​វិញ គ្រុន​ផ្តាសាយ​ធំ​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​​មនុស្ស​​ប្រមាណ​ពី ២៩០០០០​នាក់​ទៅ ៦៥០០០០​នាក់​ស្លាប់​ ក្នុង​មួយ​ឆ្នាំៗ។ នេះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក។ ចំណែក​ជំងឺ​កូវីដ​១៩ បាន​សម្លាប់​ជីវិតជនជាតិ​បារាំង​​អស់​ ១៩នាក់​ គិត​ត្រឹម​ថ្ងៃទី ៩​មីនា​២០២០ និង​ជាង​បី​ពាន់​នាក់​​នៅ​ទូទាំង​ពិភពលោក។

សូមអាន ៖ គ្រុន​ផ្តាសាយ​ធំ និង​ការ​ចាក់​ថ្នាំបង្ការ

​គ្រុន​ផ្តាសាយ​ធំ ក៏ជា​តំណាង​គ្រោះ​ថ្នាក់​យ៉ាង​ណា​ចំពោះ​សុខភាពដែរ។ ប៉ុន្តែ​ គេ​នៅ​មិន​អាច​អះអាង​បាន​ដោយ​ប្រាកដ​ថា​កូវីដ១៩​ កាច​ជាង​គ្រុន​ផ្តាសាយ​ ឬ​ផ្តាសាយ​កាច​ជាង​កូរ៉ូណាវីរុស​បាន​ទេ ដោយ​ត្រឹម​តែ​ធ្វើការ​​ប្រៀបធៀប​អត្រាមរណៈ​របស់​​គ្រុន​ផ្តាសាយ និងអត្រាមរណៈ​របស់​​ជំងឺ​កូវីដ១៩​ ​បាន​ទេ។ ម្យ៉ាង​វិញ​ទៀត​ នៅ​ក្នុង​ដំណាក់កាល​នេះ គេ​នៅ​មិន​ទាន់​អាច​វាយតម្លៃ ​អំពី​អត្រា​មរណៈ​បង្ក​ឡើង​ដោយ​កូរ៉ូណាវីរុស​បាននៅ​ឡើយ​ផង។ អ្វី​ដែល​គេ​អាច​បញ្ជាក់​បាននៅ​ថ្ងៃនេះ គឺ​​គេ​សង្កេត​ឃើញ​ថាអ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី ច្រើន​តែ​ធ្លាក់​ខ្លួន​ឈឺ ក្នុង​ទម្រង់​ធ្ងន់​ធ្ងរ​ខ្លាំង​ជាង​អ្នក​ជំងឺ​​មាន​ផ្ទុក​វីរុស​​​គ្រុន​ផ្តាសាយធំ។ អត្រា​​អ្នក​ជំងឺឆ្លង​កូរ៉ូណា​ថ្មី​ចូល​ពេទ្យ​ទទួល​ការព្យាបាលនៅ​​ផ្នែក​​សង្គ្រោះ​ មាន​ខ្ពស់ជាងច្រើន។ ភាព​កំណាច​​​របស់​កូវីដ​១៩ដែល​ធ្វើ​ឱ្យ​អ្នក​ជំងឺ​អាច​ស្លាប់ មាន​អត្រា​ប្រមាណ​ពី ២,៥ទៅ ៣% ពោល​គឺ​៣០​ដងច្រើន​ជាងគ្រុន​ផ្តាសាយ​ធំ ដែល​មាន​អត្រា​មរណៈ​ត្រឹម​តែ​០,១%។​ ​​​

ម្យ៉ាង​វិញ​ទៀត សន្ទស្សន៍​នៃ​ការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ របស់​មេរោគកូរ៉ូណាថ្មី មាន​កំរិត ១,៥ទៅ​៣,៥ ដែល​ស្មើ​នឹង​ពីរ​ដង​នៃ​សន្ទស្សន៍​ឆ្លង​របស់​វីរុសគ្រុន​ផ្តាសាយធំ។ នេះ បើ​តាម​ការ​សិក្សា​ជា​ច្រើន​ចេញ​ផ្សាយ​នៅក្នុង​ខែ​កុម្ភៈ (របស់​មជ្ឈមណ្ឌល​ការពារ​និង​ត្រួត​ពិនិត្យ​សុខភាព​ចិន ទស្សនាវដ្តី​វេជ្ជសាស្ត្រ​អង់គ្លេស The Lancet ភ្នាក់ងារ​សុខាភិបាល​សាធារណៈ​កាណាដា និង​បារាំង)។

សូម​អាន ៖ តើ​កូរ៉ូណាវីរុស​ថ្មី ជា​អ្វី ?

ចំណុច​មួយ​ទៀត ដែល​គេ​គួរយកមក​ពិចារណា​ដែរ គឺ​ទម្រង់​បុគ្គលដែល​កើត​​ជំងឺទាំង​ពីរ។ កុមារ​និង​ក្មេង​កើត​ឆ្លង​កូរ៉ូណាវីរុស​យ៉ាង​តិច​តួច​បំផុត។ មាន​ក្មេង​អាយុក្រោយម​១០ឆ្នាំ មិន​ដល់​១%​ទេ កើត​ជំងឺ​កូវីដ១៩។ នេះ​បើយោង​​តាម​តួលេខ​របស់​អាជ្ញាធរ​សុខភាព​​​ចិន។ ចំណែកគ្រុន​ផ្តាសាយ​ធំ​វិញ មនុស្ស​ចាស់​និង​កុមារ​ជា​ជន​រងគ្រោះ​សំខាន់​ជាងគេ។ ចំនួន​​​កុមារ​កើត​ជំងឺ​ផ្តាសាយ មាន​​ច្រើន​ជាង​ចំនួន​កុមារ​កើត​កូវីដ១៩ ​ឆ្ងាយ​ណាស់ គ្រាន់​​តែ​ថា អត្រា​ស្លាប់​របស់​កុមារ​ព្រោះ​ផ្តាសាយធំ​ទាប​ខ្លាំងមែនទែន មិន​ដូច​អត្រា​ស្លាប់​របស់​មនុស្ស​ចាស់​អាយុ​លើស​ពី​៦៥​ឆ្នាំ។ នៅ​ប្រទេស​បារាំង នៅ​ឆ្នាំ​២០១៨-១៩ ជនរងគ្រោះ​ស្លាប់​ដោយ​ជំងឺ​ផ្តាសាយ​ធំ ចំនួន​៦៤%​ជាមនុស្ស​ចាស់​អាយុ​លើស​ពី​៦៥ឆ្នាំ។ ចំពោះ​កូរ៉ូណា​វីរុស​វិញ គឺ​មនុស្ស​ពេញ​វ័យ​អាយុលើស​៥០និង​​ក្រោម​៦០​ឆ្នាំ​ដែលងាយ​មាន​គ្រោះ​ឆ្លង​កូវីដ១៩​ក្នុង​ទម្រង់​ធ្ងន់។

តែ​យ៉ាង​ណា​ក៏​ដោយ ក៏​សម្រាប់​ពេល​នេះ គេ​នៅ​ពុំ​ទាន់​អាចប្រៀបធៀប​ជំងឺ​ទាំង​ពីរ និង​​ផ្តល់​ចម្លើយដោយ​ពិតប្រាកដ​​បាន​ទេ ព្រោះ​គេ​នៅ​មិនទាន់​ដឹង​ថា​តើ​កូវីដ១៩​ នឹង​ធ្វើ​ការ​រាតត្បាត​យ៉ាង​ណា ក្នុង​ទិស​ណា​និង​ក្នុង​កំរិត​ណា​ នៅ​ក្នុង​ប្រទេស​មួយ និង​​នៅលើ​ពិភពលោក។ ការ​ដែល​មិន​ដឹង​ច្បាស់ ​ពុំ​ទាន់​សូវ​ស្គាល់​មេរោគ​ថ្មី ពី​សំណាក់​អ្នក​វិទ្យាសាស្ត្រ​និង​វេជ្ជសាស្ត្រទើប​ការ​ព្រួយ​បារម្ភ​មាន​ខ្លាំង។ លោកអ្នក​ព្រួយ​បារម្ភ​ មិន​ខុស​ទេ ប៉ុន្តែ​អ្នក​ខ្លះ​ព្រួយ​បារម្ភ​ជ្រុល ហួសហេតុ ដែល​អាច​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ទៅ​វិញ។

បើ​ដូច្នេះ​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ នៅ​ពេល​យើង​ប្រឈមនឹង​រោគ​សញ្ញា​សង្ស័យនោះ បើជំងឺ​ទាំង​ពីរ​ផ្តល់​អាការៈ​សញ្ញា​ដូច​គ្នា​នៅ​ពេល​ដំបូង​អ៊ីចឹង​នោះ ?!

ជា​ការពិត ! កូវីដ១៩​និង​ផ្តាសាយ​ធំ ផ្តល់​អាការៈ​សញ្ញា​ស្រដៀង​នៅ​គ្រា​ដំបូង។ ហៀរ​សម្បោរ ក្តៅ​ខ្លួន​ ក្អក ឈឺខ្លួន​ឈឺ​ប្រាណ ល្ហិតល្ហៃអស់​កម្លាំង រោគសញ្ញា​ដំបូង​នៃ​ជំងឺ​កូវីត​១៩ និង​ជំងឺ​គ្រុន​ផ្តាសាយធំ។ ​វីរុស​បង្ក​ជំងឺ​ទាំង​ពីរ​ប្រភេទ​នេះ ចម្លង​តាម​ផ្លូវ​ដង្ហើម​ដូច​គ្នា តាមរយៈ​ការ​ ​​ក្អក ឬកណ្តាស់ ដែល​ធាក់​ ​វីរុសខ្ទាតចេញ​ពី​មនុស្ស​ម្នាក់​ទៅ​ចម្លង​មនុស្ស​ម្នាក់​ទៀត​ នៅ​ជិត​នោះ ឬ​វីរុស​ទៅ​តោង​លើ​វត្ថុ​អ្វី​មួយហើយ ដៃ​មនុស្ស​ផ្សេង​ទៅ​ប៉ះលើ​វត្ថុ​មិន​ស្អាត​នោះ ហើយ​មក​ប៉ះច្រមុះ​មាត់ខ្លួន​ឯង។ ហេតុ​ដូច្នេះ​ហើយ​បាន​អាជ្ញាធរ​សុខាភិបាល​​ចេញ​សេចក្តី​ណែនាំ​ហើយ​ណែនាំ​ទៀត ឱ្យ​ពលរដ្ឋ​គ្រប់​រូប​ប្រកាន់​ទម្លាប់​ល្អ ក្អក​ កណ្តាស់​ដោយ​បិទ​មាត់​នឹង​កន្សែង​ក្រដាស នឹង​ក្រមា ឬ​នឹង​កែងដៃ​អាវ​ខ្លួន​ឯង ហើយ​ត្រូវ​លាង​ដៃ​នឹង​សាប៊ូ​រយៈ​ពេល​២០​វិនាទី ឱ្យ​បាន​ញឹកញាប់។

អាការៈ​សញ្ញា​នៃ​ជំងឺ​កូវីដ១៩ និង​ផ្តាសាយ​ដូច​គ្នា​ខ្លាំងណាស់ ដែល​មិន​អាច​ញែក​ដោយ​ភ្នែក​​ទទេ​បាន​ទេ។ ដើម្បី​អាច​បញ្ជាក់​ថា​ជន​មានមាន​ផ្ទុក​កូរ៉ូណាវីរុស ឬ​គ្មាន វិទ្យាស្ថាន​បាស្ទ័រ​រំពឹង​លើ​ការ​តាមដាន​អង្កេត​មើល​អាការៈ​សញ្ញា​​នៃការ​ចម្លង​រោគ​លើ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ ដោយ​ចោទ​សួរ​ប្រវត្តិ​អ្នក​ជំងឺ​ថា ទើប​ធ្វើ​ដំណើរ​មក​ពី​តំបន់​មាន​ផ្ទុះ​កូរ៉ូណាវីរុស​ដែរ​ឬអត់ ? មាន​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នរណា​ម្នាក់​ដែល​ធ្លាប់​នៅ​តំបន់​មាន​កូវីដ១៩​ទេ?

តាម​ធម្មតា បើ​ជា​គ្រុន​ផ្តាសាយ​ធំ​ នោះ​រោគ​សញ្ញា​ឆាប់លេច​ឡើង​ណាស់ តែក្នុង​រវាង​មួយ​ថ្ងៃទៅ ៤​បួន​ថ្ងៃ (ជាមធ្យម​ពីរ​ថ្ងៃ) តែ​បើ​ជា​ជំងឺ​កូវីដ១៩​វិញ វីរុស​អាច​សំងំ​ក្នុង​ខ្លួនមនុស្សយូរ​ថ្ងៃ​ (២​ទី​១៤ថ្ងៃ) ជាមធ្យម​៦​ថ្ងៃ ទើប​ស្តែង​ចេញ​ជា​អាការៈ​រោគ​ឡើង។ ហេតុ​ដូច្នេះហើយ​បាន​ជាក្នុង​ករណី មានការ​សង្ស័យ គេឃុំ​​ជនសង្ស័យ​​ទុក​រយៈ​ពេល​២​សប្តាហ៍ ដើម្បី​តាមដាន​សុខភាព និង​បង្ការ​ការ​ចម្លង​ទៅ​កាន់​អ្នក​នៅ​ជុំ​វិញ​ខ្លួន៕

ប្រភព៖ www.rfi.fr

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK