ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង
Connect with us

គួរដឹង

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ឈឺ​ក្បាល​ជា​អាការៈ​មួយ​តែង​កើត​ជា​ញឹក​ញាប់​បំផុត​ចំពោះ​មនុស្ស​គ្រប់​រូប។ ឈឺ​ក្បាល​ខ្លះ គេ​គិត​ថា វា​ជា​រឿង​ធម្មតា​គ្មាន​អ្វី​គួរ​ព្រួយ​បារម្ភ​ឡើយ​ ប៉ុន្តែ​ការ​ឈឺក្បាល​ខ្លះ​បញ្ជាក់​ពី​ជំងឺ។ លោក​ឧកញ៉ា វេជ្ជ​បណ្ឌិត គួច ម៉េងលី បាន​មាន​ប្រសាសន៍​ថា ​ការ​ឈឺ​ក្បាល​ខ្លះ​មាន​អាការៈ​ចាប់​ពើតៗ​ខ្ទោកៗ​រយៈ​ពេល​ពី​បី​បួន​ម៉ោង​ឬ​ឈឺ​រហូត​ដល់​ទៅ​បី​បួន​ថ្ងៃ​ទើប​បាន​បាត់​ទៅ​វិញ ហើយ​ជួន​កាល​អាច​ឈឺ​យូរ​ជាង​នេះ​ទៅ​ទៀត។ ការ​ឈឺក្បាល​បែប​នេះ ភាគ​ច្រើន​ឈឺ​ពេញ​មួយ​ចំហៀង​ក្បាល។​ ការ​ឈឺ​ពេញ​មួយ​ចំហៀង​ដោយ​មិន​ដឹង​ពី​មូល​ហេតុ គឺ​ជា​ការ​ឈឺក្បាល​ប្រកាំង ឬ​ភាសា​អង់គ្លេស​ហៅ​ថា Migraine Headache ហើយ​ជា​ទូទៅ​ការ​ឈឺ​ក្បាល​ប្រកាំង​កើត​តែ​ចំពោះ​នារី​ច្រើន​ជាង​បុរស។​

លោក​វេជ្ជ​បណ្ឌិត បញ្ជាក់​ថា ការ​ឈឺក្បាល​មាន​ពីរ​ប្រភេទ​ដែល​តែង​តែ​កើត​មាន​ចំពោះ​ប្រជាជន​ខ្មែរ។ ការ​ឈឺក្បាល​រ៉ាំរ៉ៃ​មួយ​មក​ពី​ការ​គេង​មិន​គ្រប់​គ្រាន់​ ការ​បរិភោគ​ខ្វះ​ជីវ​ជាតិ ឬ​សារ​ធាតុ​ផ្សេងៗ និង​ឈឺក្បាល​ដោយ​សារ​មាន​បញ្ហា​នឹង​ជំងឺ​ផ្សេងៗ។ ឯ​ឈឺក្បាល​មួយ​ទៀត​គេ​ហៅ​ថា ឈឺ​ក្បាល​ប្រកាំង​នេះ​ឯង។

ឆ្លើយ​តប​នឹង​សំណួរ​សួរ​ថា តើ​អ្វី​បណ្តាល​ឱ្យ​ឈឺ​ក្បាល​ប្រកាំង? លោក​ឧកញ៉ា វេជ្ជ​បណ្ឌិត គួច ម៉េងលី ពន្យល់​ថា អ្នក​ដែល​ឈឺ​ក្បាល​ប្រកាំង​រ៉ាំរ៉ៃ ​គេ​អាច​ស្ទង់​មើល​លើ​បរិស្ថាន​រ​ស់​នៅ និង​បញ្ហា​តំណ​ពូជ។ ចំពោះ​នារីៗ​ដែល​កើត​មាន​បញ្ហា​នេះ​ហើយ អាច​មាន​បញ្ហា​មួយ​ទៀត ទាក់​ទង​នឹង​បញ្ហា​ឬ​វិបត្តិ​ផ្លូវ​ចិត្ត​ ដូច​ជា​ជំងឺ​ភ័យ​ស្លន់​ស្លោ ជំងឺ​ពិបាក​ចិត្ត និង​ជំងឺ​សតិ​អារម្មណ៍​ផ្សេងៗ​មួយ​ចំនួន​ទៀត។ នារីៗ​មាន​រោគ​ទាំង​អស់​នេះ ដែល​ជា​មូល​ហេតុ​បង្ក​ឱ្យ​មាន​សញ្ញា​ឈឺ​ក្បាល​ប្រកាំង​បំផុត។ ​ចំណែក​បុរស​ក៏​មាន​ជំងឺ​ឈឺ​ក្បាល​ដោយ​មិន​ដឹង​មូល​ហេតុ​នេះ​ដូច​គ្នា គ្រាន់​តែ​ថា​ភាគរយ​នៃ​ការ​ឈឺ​តិច​ជាង​នារី។​ អ្នក​ដែល​កើត​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​តែង​តែ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ប្រាប់​ឱ្យ​ដឹង ដូច​ជា​ព្រឹល​ឬ​ស្រវាំង​ក្នុង​ការ​ស្រមៃ​មួយ​រំពេច​ក៏​បាត់​វិញ​ភ្លាម។ នេះ​គឺ​ជា​សញ្ញា​ចាប់​ផ្ដើម​ឈឺ​ក្បាល​ប្រកាំង។ សញ្ញា​ផ្សេង​ទៀត​ សូម្បី​តែ​ពន្លឺ​ខ្លាំង​ពេក មាន​សំឡេង​ឮ​ខ្លាំង​ពេក និង​មាន​ក្លិន​អ្វី​មួយ​ប្លែក​ខុស​ប្រក្រតី​ធ្វើ​ឱ្យ​គាត់​មាន​ជំងឺ​ឈឺ​ក្បាល​នេះ​ភ្លាម។ ក្រៅ​ពី​នេះ​មាន​អាការៈ​ក្អួត​ចង្អោរ​ ស្មុគ​ស្មាញ ពិបាក​ក្នុង​អារម្មណ៍​ជាដើម។

លោក​វេជ្ជ​បណ្ឌិត គួច ម៉េងលី ប្រាប់​ឱ្យ​ចង់​ចាំ​ថា ជំងឺ​ឈឺ​ក្បាល​ប្រកាំង គឺ​ជា​ជំងឺ​ឈឺ​ដោយ​មិន​ដឹង​មូល​ហេតុ​អ្វី​ទេ គ្រាន់​តែ​ក្តៅ​ខ្លាំង ពន្លឺ​ខ្លាំង សំឡេង​ខ្លាំង មួម៉ៅ ក្បាល​ចាប់​ផ្ដើម​ឈឺ​មួយ​រំពេច​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​មក​ពី​អ្វី។ ដូច្នេះ​សម្រាប់​អ្នក​មាន​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​មិន​ចូល​ចិត្ត​ក្មេង​មាត់​ឡូឡា​រញ៉េរញ៉ៃ​ឡើយ។ ​ការ​មិន​ចូល​ចិត្ត​ក្មេង​មាត់​ឡូឡា​នេះ​ មិន​មែន​ន័យ​ថា គាត់​ស្អប់​ក្មេង​នោះ​ទេ​ គឺ​គាត់​មិន​ចូល​ចិត្ត​សំឡេង​ក្មេង​មាត់​ឡូឡា ព្រោះ​សំឡេង​ក្មេង​មាត់​ឡូឡា​ធ្វើ​ឱ្យ​គាត់​ឈឺ​ក្បាល​ ម្ល៉ោះ​ហើយ​គាត់​មិន​ចូល​ចិត្ត​ក្មេង​ទេ។

នៅ​លើ​ពិភព​លោក មាន​ប្រមាណ​១៥% ដែល​កើត​មាន​ជំងឺ​ប្រកាំង​នេះ។ អ្នក​កើត​ជំងឺ​នេះ​ពិបាក​ព្យាបាល​ណាស់ ​ថ្នាំ​បំបាត់​ការ​ឈឺ​ក្បាល​ល្មមៗ​មិន​អាច​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​ឈឺក្បាល​នេះ​ដែរ។ នៅ​ប្រទេស​អភិវឌ្ឍ​មាន​ថ្នាំ​ម្យ៉ាង​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ចំពោះ​ជំងឺ​ឈឺក្បាល​ប្រកាំង​ ប៉ុន្តែ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​វិញ អ្នក​ជំងឺ​ពិបាក​ស្វែង​រក​ណាស់ ជាពិសេស​អ្នក​នៅ​តាម​ជនបទ​ឆ្ងាយ​ពី​ទី​ក្រុង។ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំ​ថា ទោះ​អ្នក​មិន​ប្រាដក ឬ​ប្រាដក​ថា ​ខ្លួន​មាន​ជំងឺ​ឈឺក្បាល​ប្រកាំង​យ៉ាង​ណា​ក៏​ដោយ សូម​កុំ​ទទួល​ទាន​ថ្នាំ​ផ្ដេស​ផ្ដាស ព្រោះ​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​លើស​ដើម។ ប្រសិន​ច្បាស់​ថា ​ខ្លួន​ឯង​ឈឺ​ក្បាល​ប្រកាំង​មែន គេ​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ឈឺ​ក្បាល​ប្រកាំង។ ថ្នាំ​ព្យាបាល​ជំងឺ​ឈឺក្បាល​ប្រកាំង​ដែល​មាន​ប្រសិទ្ធភាព មាន​ថ្នាំ EXCEDRIND និង​មាន​ថ្នាំ ​IBUPROFEN ជាដើម។

ក្រៅ​ពី​ការ​ទទួល​ទាន​ថ្នាំ អ្នក​ជំងឺ​អាច​កាត់​បន្ថយ​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​នេះ​បាន​ដែរ ដោយ​គ្រាន់​តែ​ព្យាយាម​ទៅ​កន្លែង​ណា​ដែល​ធ្វើ​ឱ្យ​ខ្លួន​ស្ងប់​អារម្មណ៍​ ដក​ខ្លួន​ចេញ​ពី​ភាព​ស្មុគ្រស្មាញ ចេញ​ពី​កន្លែង​ដែល​មាន​សំឡេង​រំខាន និងគួរ​ស្ដាប់​​ចម្រៀង​ស្រស់​ស្រាយ​អារម្មណ៍។

ដោយ​ឡែក​អ្នក​ឈឺក្បាល​ដែល​មិន​ដឹង​មូលហេតុ​មក​ពី​អ្វី ហើយ​មាន​ករណី​ឈឺ​ខ្លាំង​ទ្រាំ​មិន​បាន​រហូត​ដល់​ស្រែក​យំ ត្រូវ​ប្រញាប់​ប្រញាល​ទៅ​មន្ទីរ​ទេព្យ​ជំនាញ​ ដើម្បី​គេ​ស្កែន​មើល ថា​តើ​ការ​ឈឺក្បាល​នោះ​វា​បណ្ដាល​មក​ពី​អ្វី​ឱ្យ​ប្រាកដ។ ការ​ឈឺ​ក្បាល​ខ្លាំង​រហូត​ទ្រាំ​មិន​បាន​ដូច​នេះ អាច​បណ្ដាល​មក​ពី​មហារីក​ខួរក្បាល​ ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល និង​បញ្ហា​ផ្សេង​ទៀត​ដែល​បណ្ដាល​ឱ្យ​ឈឺក្បាល​ខ្លាំង​ទាំ​មិន​បាន​ដូច្នេះ៕

ប្រភព៖ www.interconrooster.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK