ចូលរួមអភិរក្ស! ទេសចរណ៍​រទេះ​គោ​ទៅ​កាន់​ព្រះវិហារ​​ពោធិរុក្ខារាម កំពុងក្លាយជាផ្នែកមួយជួយ​ថែ​រក្សា​ប្រពៃណី និង​វប្បធម៌ដូនតាខ្មែរ​​
Connect with us

ថ្មីៗ

ចូលរួមអភិរក្ស! ទេសចរណ៍​រទេះ​គោ​ទៅ​កាន់​ព្រះវិហារ​​ពោធិរុក្ខារាម កំពុងក្លាយជាផ្នែកមួយជួយ​ថែ​រក្សា​ប្រពៃណី និង​វប្បធម៌ដូនតាខ្មែរ​​

កំពង់ឆ្នាំង៖ បច្ចុប្បន្ន​មិន​សូវ​ឃើញ​មាន​គោ​បែប​ប្រពៃណី​ទឹម​​ជាមួយ​រទេះ​បរ​លើ​ដង​វិថី​ប៉ុន្មាន​​ទេ ចាប់​តាំង​ពី​ពួក​វា​លែង​ក្លាយ​ជា​​កម្លាំង​ចលករ​សំខាន់​ក្នុង​វិស័យ​​កសិកម្ម​ ហើយ​គោ​ភាគ​ច្រើន​ដែល​ពលរដ្ឋ​កម្ពុជា​បន្ដ​ចិញ្ចឹម ​គឺ​ជា​ប្រភេទ​ពូជ​គោ​តូចៗ​សម្រាប់​យក​សាច់​លក់​ប៉ុណ្ណោះ​។

ខ្លះ​ដេក ខ្លះ​ឈរ​ និង​ខ្លះ​ទៀត​ស៊ី​​ទំពា​​​​អៀង​ ដែល​ទំនង​ជា​កំពុង​​បញ្ចូល​ថាមពល​ត្រៀម​​កម្លាំង​ចុះ​បេសកកម្ម​ក្នុង​ពេល​ឆាប់ៗ​​។ គោ​រាប់​សិប​ក្បាល​ដ៏​​​​រដូក​រណែល​ពេញ​ផ្លូវ​ទាំង​នេះ​មិន​មែន​ត្រៀម​ខ្លួន​ចុះ​ភ្ជួរ​រាស់​ធ្វើ​ស្រែ​ចម្ការ​ឡើយ តែ​ពួក​វា​កំពុង​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ទៅ​លេង​​អារាម​ចំណាស់​ក្នុង​ស្រុក​កំពង់​ត្រឡាច​។

លោក តឹក ទ្រើង ប្រធាន​សមាគម​​រទេះ​គោ ជាមួយ​កង​​រទេះ​គោ​របស់​ប្រជា​សហគមន៍​ដទៃ​​ទៀត បាន​ត្រៀម​ខ្លួន​រួច​ស្រេច​​​ក្នុង​ការ​​​​ទទួល​ភ្ញៀវ​ទេសចរ​​ ដែល​នឹង​ទទួល​បាន​នូវ​បទពិសោធ​ជិះ​រទេះ​ដំបូង​ក្នុង​ឆាក​ជីវិត​​ទៅ​កាន់​អារាម​ចំណាស់​រាប់​រយ​ឆ្នាំ​នៃ​ខេត្ដ​កំពង់ឆ្នាំង​។

លោក តឹក ទ្រើង ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​អំឡុង​ពេល​រង់ចាំ​ភ្ញៀវ​ឡើង​ពី​នាវា​កម្សាន្ដ​ថា​៖ «​ថ្ងៃ​​នេះ យើង​បាន​ទទួល​ភ្ញៀវ​ ៣ នាវា​ហើយ ដោយ​ពេល​ព្រឹក​ យើង​បាន​នាំ​ភ្ញៀវ​ជិះ​រទេះ​គោ​ ២ ក្រុម​ធំៗ​ ហើយ​ឥឡូវ​នេះ យើង​នឹង​ដឹក​ភ្ញៀវ​មួយ​ក្រុម​ធំ​ទៀត ដែល​មាន​ចំនួន​ភ្ញៀវ​ជិត ៦០ នាក់​ទៅ​​កាន់​វត្ដ​ពោធិរុក្ខារាម។ យើង​បាន​រៀបចំ​រទេះ​គោ​របស់​សមាគម​​យើង​ចំនួន ២៣ រទេះ​»។

សមាគម​រទេះ​គោ​ឃុំ​កំពង់​ត្រឡាច​លើ ត្រូវ​បាន​បង្កើត​ឡើង​​ជិត ២០ ឆ្នាំ​មក​ហើយ ហើយ​គោល​បំណង​ចម្បង ​គឺ​បម្រើ​ក្នុង​វិស័យ​ទេសចរណ៍​ ដោយ​ការ​ប្រើ​​គោ​ និង​រទេះ​សាលីជា​យាន​យ៉ាង​ពិសេស​សម្រាប់​ភ្ញៀវ​។

សមាគម​រទេះ​គោ​ បាន​បែង​ចែក​ប្រជា​សមាគម​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​​ជា ​២ ក្រុម​ធំៗ ដែល​​មាន​ប្រជាពលរដ្ឋ ​២ ភូមិ​ចូលរួម គឺ​ភូមិ​អ្នក​តា​ហាង និង​ភូមិ​កំពង់​ត្រឡាច​លើ​ ជាមួយ​រទេះ​គោ​ចំនួន ៧០ រទេះ​។

ប្រធាន​សមាគម​រូប​នេះ​បាន​និយាយ​ថា​៖ «​មក​ដល់​ចំណត​នេះ ភ្ញៀវ​ទេសចរ​ចង់​ជិះ​រទេះ​គោ​​ធ្វើ​ដំណើរ​លើ​ចម្ងាយ​ផ្លូវ​ប្រមាណ ២ គីឡូម៉ែត្រ​ទៅ​កាន់​វត្ដ​បុរាណ​ពោធិរុក្ខារាម​»។

លោក តឹក ទ្រើង បាន​បន្ដ​ថា ដំណើរ​កម្សាន្ដ​​របស់​នាវា​ទេសចរណ៍ ​ផ្ដើម​​​ពី​ប្រទេស ​វៀតណាម​ ឆ្លង​កាត់​រាជធានី​​ភ្នំពេញ ផ្សារ​កំពង់​លួង ខេត្ដ​កណ្ដាល វត្ដ​ពោធិរុក្ខារាម ​ស្រុក​កំពង់​ត្រឡាច ហើយ​វា​នឹង​បន្ដ​ទៅ​កាន់​​ក្រុង​កំពង់ឆ្នាំង ​និង​ពោធិ៍សាត់​។

លោក ទ្រើង​ បាន​និយាយ​មុន​​ពេល​ទឹម​គោ​ចូល​នឹម​ត្រៀម​ចេញ​ដំណើរ​ថា​៖ «យើង​ទទួល​ភ្ញៀវ​ជា​ប្រចាំ​ ដោយ​ផ្អាក​តែ​អំឡុង​ខែ​ឧសភា និង​មិថុនា​ ដោយសារ​ទឹក​រាក់​ពេក ហើយ​ដល់​ខែ​កក្កដា ភ្ញៀវ​ចាប់​ផ្ដើម​ចុះ​មក​វិញ​ហើយ​»។

ដល់​ពេលវេលា​កំណត់​ ភ្ញៀវ​ចាប់​ផ្ដើម​យាត្រា​ចេញ​ពី​នាវា​ដែល​​សំចត​នៅ​កំពង់​ទូក​ក្បែរ​ផ្សារ​មួយ​ក្នុង​ភូមិ​អ្នក​តាហាង​​ ដោយ​ដៃ​កាន់​ភ្ជាប់​មក​ជាមួយ​នូវ​ឆត្រ​បាំង​ការពារ​កម្ដៅ​ថ្ងៃ​។ ក្រោម​ការ​រៀបចំ​របស់​មគ្គុទេ្ទសក៍​ និង​ប្រធាន​សមាគម​រទេះ​គោ ក្បួន​រទេះ​គោ​ប្រវែង​ជាង ១០០ ម៉ែត្រ​ចាប់​ផ្ដើម​អូស​ខ្លួន​បរ​លើ​ផ្លូវ​កៅស៊ូ​ឆ្ពោះ​ទៅ​កាន់​អារាម​ចំណាស់​ ដោយ​ឆ្លង​កាត់​វាល​ស្រែ​ជាប់​សង​ខាង​ផ្លូវ​។

ជាមួយ​សំណើច​សើច​ក្អាកក្អាយ​ ខ្លះ​ក្រឡេក​មើល​ឆ្វេង​មើល​ស្ដាំ​ ខណៈ​អ្នក​ខ្លះ​ទៀត​ដៃ​កាន់​កាមេរ៉ា​ភ្ជង់​តម្រង់​គោលដៅ ​ដើម្បី​ផ្ដិត​យក​ទស្សនីយភាព​​ពុំ​ធ្លាប់​បាន​ឃើញ​សម្រាប់​ទុក​ជា​អនុស្សាវរីយ៍​ ក្បួន​រទេះ​គោ​បាន​ឈាន​ដល់​គោលដៅ​ដោយ​បាន​ចំណាយ​ពេល​ប្រមាណ ២០ នាទី​។

ចុះ​ពី​លើ​រទេះ​គោ ភ្ញៀវ​ទេសចរ​បាន​ទទួល​ការ​ណែនាំ​ខ្លះៗ​ចំពោះ​ឥរិយាបថ​ចូល​អារាម​ព្រះ​​ពុទ្ធ​សាសនា​ ក៏​ដូចជា​រៀប​រាប់​អំពី​​ប្រវត្ដិ​​អតីតកាល​ត្រួសៗ​​អំពី​វត្ដ​ចំណាស់​នេះ ​ដែល​ត្រូវ​បាន​រក្សា​ទ្រង់ទ្រាយ​ដើម​​ មុន​ពេល​បែង​ចែក​គ្នា​ជា​ក្រុម​តូចៗ​ដើរ​ចូល​ព្រះវិហារ​។

លោក សេង សាលី ប្រធាន​មន្ទីរ​​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា វត្ដ​ពោធិរុក្ខារាម ឬ​វត្ដ​កំពង់​ត្រឡាច​លើ​ ​នេះ​មាន​អាយុ​ចំណាស់​ជាង ១០០ ឆ្នាំ​។ ​​គំនូរ​បុរាណ​​ជា​លក្ខណ​ពិសេស ​ត្រូវ​បាន​​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ រក្សា​ទុក​ដោយ​មិន​​អនុញ្ញាត​ឲ្យ​មាន​ការ​ឈូស​ឆាយ ឬ​លុប​អ្វី​ឡើយ​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខាង​ក្រសួង​ការពារ​អភិរក្ស​ ដោយ​មិន​ឲ្យ​មាន​ការ​ជួស​ជុល​អ្វី​ទេ​។ បើ​មាន​ការ​ជួសជុល​ ទាល់​តែ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ធម្មការ និង​ក្រសួង​វប្បធម៌​ជា​មុន​សិន​»។

និមន្ដ​គង់​នៅ​ពី​មុខ​ព្រះពុទ្ធ​បដិមា​ស្ថិត​ចំ​កណ្ដាល​ព្រះវិហារ ព្រះ​តេជគុណ ម៉ែន តុត ព្រះ​ជន្ម ៧៤ វស្សា ជា​ចៅ​អធិការ​វត្ដ​​ពោធិរុក្ខារាម នឹង​ធ្វើ​ពិធី​ប្រោះ​ព្រំ​​ និង​ចង​អំបោះ​ក្រហម​ដល់​ភ្ញៀវ​ទេសចរ​បរទេស​ ក្រោយ​ពី​ពួក​គេ​ដើរ​ទស្សនា​គំនូរ ​១ ​ជុំ​។

ព្រះ​តេជគុណ មាន​សង្ឃដីកា​​ថា​៖​ «​គំនូរ​សម័យ​ដើម​នេះ មាន​​​ភាព​លម្អិត​ចំពោះ​ដំណើរ​រឿងរ៉ាវ​នៅ​លើ​ជញ្ជាំង​ ខណៈ​គំនូរ​សម័យ​បច្ចុប្បន្ន​គេ​គូរ​ឡើង​ដោយ​​​ចោះៗ​ ដែល​ពិបាក​ដឹង​សាច់​រឿង»​។

ចៅ​អធិការ​វត្ដ​ពោធិរុក្ខារាម ដែល​អះអាង​ថា​អារាម​ចំណាស់​​នេះ​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ ​១៨៤៧ ឬ​មាន​អាយុ ១៧៣ ឆ្នាំ​ បាន​បន្ដ​ថា៖ «ចំពោះ​ការ​រៀប​រាប់​ដំណើរ​​រឿង​ មហាវេស្សន្ដរ​ជាតក តាម​គំនូរ​នីមួយៗ​ភ្ញៀវ​ទេសចរ​បរទេស​មិន​បាន​ទទួល​ព័ត៌មាន​លម្អិត​ពី​ជីវ​ប្រវត្ដិ​ព្រះបរមគ្រូ​នៃ​យើង​នោះ​ទេ ដោយសារ​​អ្នក​បក​ប្រែ​ក៏​មាន​ការ​លំបាក​ក្នុង​ការ​ប្រែ​សម្រួល​អត្ថន័យ​ប្រាប់​ភ្ញៀវ​ផង​ដែរ​»។

ក្រៅ​ពី​សំណង់​អគារ​ព្រះវិហារ​​ចំណាស់​ ដែល​សង់​ជំទើត​លើ​ខឿន​ថ្ម​បាយ​ក្រៀម​ ជាមួយ​រូប​គំនូរ​រលុប​ដោយ​អន្លើ​នៅ​មាន​អគារ​សាលា​ឆាន់​ថ្ម​លាយ​ឈើ​ប្រក់​ក្បឿង​មួយ​ទៀត ដែល​ស្ថិត​ក្នុង​សភាព​ទ្រុឌ​ទ្រោម​។

ភ្ញៀវ​ទេសចរ​នាំ​គ្នា​ឡើង​ត្រឹម​កាំ​ជណ្ដើរ​ថ្ម រួច​អើត​ឈ្ងោក​មើល​ទិដ្ឋភាព​សាលា​ឆាន់​ខាង​ក្នុង​ ដោយ​មិន​ហ៊ាន​ឈាន​ចូល​នោះ​ឡើយ ពី​ព្រោះ​ពួក​គេ​បារម្ភ​ពី​ការ​បាក់​រលំ​។

ជាមួយ​​ភាព​រីករាយ​នឹង​​វត្ដមាន​​មិន​ដាច់​របស់​ភ្ញៀវ​ទេសចរ ជាពិសេស​ទេសចរ​បរទេស​ធ្វើ​ដំណើរ​តាម​នាវា​កម្សាន្ដ​ជា​ហូរហែ ពលរដ្ឋ​ឃុំ​កំពង់​ត្រឡាច​នៅ​​បន្ដ​ថែ​រក្សា​ប្រពៃណី​ចិញ្ចឹម​គោ​ និង​រទេះ​សាលី​រហូត​ដល់​បច្ចុប្បន្ន​។

លោក តឹក ទ្រើង បាន​និយាយ​​ពេល​រង់​ចាំ​ជូន​ភ្ញៀវ​​ត្រឡប់​ទៅ​កាន់​នាវា​វិញ​ នៅ​ក្រោម​ម្លប់​ស្វាយ​​ថា ​​ដោយសារ​តែ​វត្ដមាន​ភ្ញៀវ​​ទេសចរ​បែប​នេះ​ហើយ​ ទើប​​សហគមន៍​របស់​លោក​នៅ​បន្ដ​ចិញ្ចឹម​គោ​ ដើម្បី​ជា​ប្រយោជន៍​​នាំ​ភ្ញៀវ​ជិះ​ដើរ​កម្សាន្ដ និង​បន្ដ​អត្ដសញ្ញាណ​បុរាណ​ខ្មែរ។

លោក​អះអាង​ថា​៖ «​បើ​អត់​មាន​ភ្ញៀវ យើង​ប្រាកដ​ជា​លក់​វា​ចោល និង​លក់​ទាំង​រទេះ​​អស់​ហើយ ពីព្រោះ​ការ​ធ្វើ​​កសិកម្ម​ យើង​លែង​ប្រើ​គោ​ជា​កម្លាំង​អូស​​ទាញ​ទៀត​ហើយ»​។

លោក​រំឭក​ថា៖ «​ពី​មុន​មក​មាន​តិច​ទេ មួយ​សប្ដាហ៍​មាន​ត្រឹម ​៣ កប៉ាល់​ប៉ុណ្ណោះ​ទេ​ តែ​ក្រោយ​មក​កប៉ាល់​កាន់​តែ​ច្រើន​​ឡើង​។ ឥឡូវ​យើង​សង្កេត​ឃើញ​​ថា មាន​កប៉ាល់​ចំនួន ១៦ គ្រឿង»​។

វត្ដ​ពោធិរុក្ខារាម ស្ថិត​ក្នុង​ភូមិ​កំពង់​ត្រឡាច​លើ ឃុំ​កំពង់​ត្រឡាច ស្រុក​កំពង់​ត្រឡាច ​ខេត្ដ​កំពង់ឆ្នាំង​ ដែល​មាន​ចម្ងាយ​ប្រមាណ​ ៤៥ គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ឆ្នាំង និង​ប្រមាណ ៦១ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​៕

ចុចទីនេះដើម្បីមើលវិឌីអូរ

ប្រភព៖ www.postkhmer.com

ពីនេះពីនោះ12 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ15 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ18 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ18 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

ពីនេះពីនោះ1 day ago

ក្រុមឪពុកម្តាយទារក នាំគ្នាដាក់ពាក្យទៅក្រសួងសុខាភិបាល ប្តឹងម្សៅទឹកដោះគោ Nutrilatt ថាធ្វើឲ្យទារក កើតជំងឺខ្វះគ្រាប់ឈាម និង…

Trending

Copyright © 2019 ANARCHAK