កូនខ្មែរគួរដឹង! ឈ្វេងយល់ពីប្រវត្តិ របាំស្នែងទន្សោង ដែលជិតនឹងបាត់បង់នៅកម្ពុជា…
Connect with us

គួរដឹង

កូនខ្មែរគួរដឹង! ឈ្វេងយល់ពីប្រវត្តិ របាំស្នែងទន្សោង ដែលជិតនឹងបាត់បង់នៅកម្ពុជា…

របាំខ្មែរមាន​ច្រើន តែនៅថ្ងៃនេះ សូមលើក​ឡើងពី​ប្រវត្តិ​របាំស្នែងទន្សោង ដើម្បី​ជាការ​ត្រិះរិះ និង​ជាចំណេះដឹង​ផ្នែកវប្បធម៌ អារ្យធម៌​ខ្មែរ ដែល​ជាមរតកវប្បធម៌​មន-ខ្មែរ បានប្រសូតឡើង​នាសម័យ បុរេ​ប្រវត្តិសាស្ត្រ ហើយ​ត្រូវ​បាន​រក្សា​រហូត​ដល់​សព្វថ្ងៃ​ដោយ​អ្នកស្រុកខ្មែរ​នៅតំបន់​ព្រៃភ្នំ នៅភូមិអញ្ចាញរូងនៅក្នុងខេត្តកំពង់ឆ្នាំង​បច្ចុប្បន្ន ។

បើនិយាយពីរបាំស្នែងទន្សោង គឺជារបាំមួយប្រភេទ ដែលប្រជាជនខ្មែរពេញ​និយមសម្ដែង​នៅក្នុង​សម័យបុរាណកាល ហើយ​ប្រវត្តិរបាំនេះ គេតែង​ចងចាំ និងឮការនិទាន​តៗគ្នាពីអ្នក​ភូមិនៅ​ក្នុងតំបន់​មួយចំនួន​ផងដែរ។

របាំ​ស្នែង​ទន្សោងនេះ ក៏ត្រូវបាន​អ្នកភូមិ​អញ្ចេញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​និទានតៗ​គ្នាដែរថា កាលសម័យ​មួយនោះ មានព្រាន​ព្រៃម្នាក់ បាន​ទទួល​ព្រះរាជ​បញ្ជា​ពីស្ដេច ដើម្បី​បរបាញ់​ទន្សោង។ ប៉ុន្តែ ក្រោម​ពេល​ត្រឡប់​មកវិញ មិនបាន​ទន្សោង​នោះទេ ស្តេចក៏​ត្រាស់​សួរថា ហេតុអ្វីក៏​ពុំបាន​ទន្សោង​មួយសោះ ដូច្នោះ? ព្រានព្រៃ ក្រាបទូលថា ទូលព្រះបង្គំ​បានទៅ​ដល់ព្រៃ ដែល​សម្បូរ​ទៅ​ដោយ​សត្វទន្សោង និង​ម្រឹគ​ដទៃៗ​ទៀត​ដែរ ប៉ុន្តែ​ដោយ​ទូល​ព្រះបង្គំ​រវល់​តែ​មើលទស្សនីយ​ភាព​មួយ​យ៉ាង​ចម្លែក​ណាស់ គឺ​សត្វទ្សោង​មួយគូ​មានញី​ឈ្មោល​ចេះរេរាំ​បាន​យ៉ាង​ស្រស់​ស្អាត ជាហេតុ​នាំឱ្យ​ទូល​ព្រះបង្គំ​ជក់ចិត្ត​មើល​មិន​អាច​ដាច់​ចិត្ត​បាញ់​វា​កើត​ឡើយ។​ គ្រា​​ដំបូង​ទូល​ព្រះបង្គំ គង​ស្នាលើ​ស្មាលបៗ​ចូលទៅ​ប្រុញបាញ់​ដែរ តែដោយ​សារសោភណភាព​នៃក្បាច់ ចង្វាក់​រេរាំរបស់​សត្វនេះ ស្រស់ស្អាតពេក ក៏ខកខាន​រកតែ​តម្រង់​ព្រួញ​ឱ្យរត់​ទៅមុខ​មិន​កើតទេ។ លើសពី​នេះ ក៏មាន​ខ្លា​ធំមួយ​បាន​លបមក​បម្រុង​នឹង​ចាប់​ទន្សោង​នោះ​ដែរ តែ​ចាប់​មិន​កើត បែរជា​គោះជើង ធ្វើជា​ចង្វាក់​ឱ្យសត្វ​នោះ​រាំទៅ​វិញ។ ក្រៅពីនេះ សត្វ​កន្លង់​មួយហ្វួង ប្រទក្សិណ​ជុំវិញ​ទន្សោង​ទាំង​ពីជួយ ធ្វើ​ជា​សូរ​សៀង​ពីរោះ​ល្វើយៗ​គួរ​ឱ្យ​ចង់​ស្ដាប់​។​

ក្រោយពីព្រាន​រៀបរាប់​ប្រាប់ ព្រះរាជា​ទ្រង់ព្រះសណ្តាប់​ដូច្នេះហើយ ក៏បង្គាប់​ឱ្យព្រាន​ធ្វើត្រាប់​តាមទស្សនីភាព​នោះ​ថ្វាយព្រះអង្គទត។ ព្រាន​ខំធ្វើ​ត្រាប់​ឱ្យបាន​គ្រប់​កាយ​វិការ និង​សូសៀង​សត្វ​ថ្វាយ​ព្រះរាជា​ទ្រង់​ទត​គ្មាន​សល់​ចន្លោះ​អ្វី​ឡើយ។​

ការសម្តែងកាយវិកាយ​របស់ព្រានព្រៃថ្វាយ​ព្រះរាជានេះហើយ ក៏បានកើតជា​របាំស្នែង​ទន្សោង​នេះឡើង រហូត​ដល់​បច្ចុប្បន្ននេះ។ ដោយ​ក្នុង​នោះ អ្នកពាក់​ស្នែងពីរនាក់ ជាតំណាង​ទន្សោងញី ឈ្មោល និង​មាន​សម្លេង​ស្គរ តំណាង​សន្ធឹក​ខ្លាធំ សម្លេង​ព្លយ​ជាតំណាង​សូរសត្វ​កន្លង់។ វង់ភ្លេង​នៃ​របាំនេះ គេហៅថា «ភ្លេងមហោពរ» គឺគេសម្គាល់​តាម​ឈ្មោះ​ព្រាន ពរ ដែល​ជាអ្នក​បង្កើត​ឡើង។​

បើ​វិភាគតាមបែបជាតិពិន្ទុសាស្រ្ត គេយល់ម្យ៉ាងទៀតថា ក្នុងចំណោម​ជនជាតិដើម​ភាគតិច នៅក្នុ្ងង​ប្រទេសកម្ពុជា មានជនជាតិ​មួយហៅថា «ព័រ» ដែលច្រើន​រស់នៅ​តាម​ជួរភ្នំក្រវាញ ត្រង់​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សត្វ និង​ស្រុក​ភ្នំស្រួច ខេត្តកំពង់​ស្ពឺ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ព្រមទាំង​ពួក ព័រ នៅក្នុង​ខេត្តកោះកុង ជាដើម។ ដូច្នេះ គេតែង​សន្និដ្ឋាន​បានថា ព្រាន ពរ នេះ គឺជា​ជាតិសាសន៍ព័រ។​

បើតាមការសង្កេតឃើញថា ការលេង​ ឬសម្ដែងបាំទន្សោងនេះ គឺមានមនុស្សចំនួនប្រមាណជា ១០ នាក់ ដោយមានប្រុស ២ នាក់ ជាអ្នកច្រៀង​ទំនុក​ទន្សោង និងអ្នករាំស្រី ៨ នាក់ កាន់ឧបករណ៍ភ្លេង តួទន្សោង ១ នាក់ និង​អ្នករាំ​អម​ទន្សោង ២នាក់ ។

បុរស និងស្ត្រី ទាំង១០រូបនេះ គឺគេជ្រើស​ភាគច្រើន​ស្ថិតក្នុងវ័យ​កណ្ដាល ដែលមានបទពិសោធ​ក្នុងការ​បរបាញ់ក្នុង​អាជីព​ជាប្រចាំថ្ងៃ។ ក្បាច់ដែល​ពួកគេរាំនោះ គឺមានលក្ខណៈ​យឺតៗ​មិនញាប់​នោះទេ ដៃទាំង​ពី​ររបស់​អ្នករាំ មិន​រាប​ស្មើ ពោលគឺ​រេចុះ រេឡើង បត់ចុះ បត់ឡើង មកលើ​ត្រឹម​ចង្កេះ ត្រាប់​តាមកាយវិការ​របស់​ទន្សោង​គោព្រៃ ដែលមើល​ទៅគួរឱ្យ​កោត​សរសើរ​យ៉ាង​ក្រៃ​លែង ។​

ចំពោះចម្រៀងរបាំនេះ គឺមានលក្ខណៈ​លន្ល​ង់លន្លោច​គួរឱ្យ​រន្ធត់​ជាពន់ពេក​ដោយ​ហេតុថា អ្នកដែល​ច្រៀង​នោះមាន​ទេពកោសល្យ។ អ្នករាំប្រុស ជាអ្នកតំណាង​ឱ្យទន្សោង​ឈ្មោល និង​អ្នករាំស្រី តំណាង​ឱ្យ​ទន្សោង​ញី ដែល​ពាក់​ស្នែង​ពិត ព្រោះ​តំណាង​ឱ្យសត្វ​ព្រៃ​ពិតៗ។ រាល់កាយ​វិការ​សម្ដែង គឺប្រៀប​ដូចជា​កាយវិការ​របស់​សត្វ​ទន្សោង​គោព្រៃ​ពិតៗ។​

ជារួម របាំទន្សោង ជាមរតកវប្បធម៌ អរិយធម៌ខ្មែរ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ របាំនេះ បានឆ្លុះបញ្ជាំងឱ្យឃើញពីភាពសិ្នទ្ធរវាងសត្វ និងមនុស្ស ឬបរិស្ថាន សម្រាប់ជីវភាពរស់នៅតាមព្រៃភ្នំ ដែលភាគច្រើនចិញ្ចឹមជីវិត ដោយការបរបាញ់សត្វ៕

ឯសារយោង
១. អក្សរសាស្រ្តខ្មែរថ្នាក់ទី១១ ក្រសួង អបរំយុវជន យុវជន និងកីឡា
២. អរិយធម៌ខ្មែរ ថ្នាក់បញ្ជប់ ដោយ អ្នកស្រី ត្រឹង ងាបោះពុម្ពនៅឆ្នាំ១៩៧៤
៣. អក្សរសិល្ប៍ប្រជាប្រិយ ដោយ បណ្ឌិត អ៊ីវ ថុង បោះពុម្ពនៅឆ្នាំ២០១៣
៤. អរិយធម៌ខ្មែរ សម្រាប់ឆ្នាំមូលដ្ឋាន ឆ្នាំ២០១៦

អត្ថបទដោយ៖ ឈឺន ពិសី

ដកស្រង់ដោយ៖ www.interconrooster.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK