គន្លឹះមាស ចែករំលែកដោយស្រ្តីជោគជ័យ ៤ រូប ដើម្បីឆ្ពោះឲ្យដល់គោលដៅមិនរាថយ
Connect with us

គួរដឹង

គន្លឹះមាស ចែករំលែកដោយស្រ្តីជោគជ័យ ៤ រូប ដើម្បីឆ្ពោះឲ្យដល់គោលដៅមិនរាថយ

នៅ​ពេល​​មាន​ឱកាស​បាន​ឭ​នូវ​ការ​ចែក​រំលែក​គន្លឹះ​សំខាន់​ៗ ពី​ស្រ្តី​ជោគជ័យ​ល្បីៗ​ អ្នក​គួរ​ងាក​មក​ចាប់​អារម្មណ៍​និង​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។ ស្រ្តី​ជោគជ័យ​ទាំង​អស់​ គ្មាន​អ្វី​ខុស​គ្នា​​ជាមួយ​​មនុស្ស​ស្រី​ទូទៅ​ឡើយ​ ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុច​ពិសេស​​នោះ​គឺ​​ ​​ពួក​គេ​មាន​ការ​ប្តេជ្ញា​ចិត្ត រួម​ទាំង​កម្លាំង​ចិត្ត​ខ្លាំង​​ខុស​ពី​អ្នក​ដទៃ​។ បញ្ចេញ​សកម្មភាព​​ប៉ុន្តែ​ខ្វះ​ទ្រឹស្តី នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ ដូច្នេះ​គួរ​ស្វែង​យល់​​ពី​គំនិត​ល្អៗ​​របស់​ស្រ្តី​ជោគជ័យ​ល្បី​ៗ​ទាំង​ ៤ រូប។

១​. ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​​មនុស្ស​ស្រី​នៅ​ជុំវិញ​ខ្លួន​អ្នក

និយាយ​ដល់​ចំណុច​នេះ អ្នក​ស្រី​ Victoria Beckham ពិត​ជា​យក​ចិត្ត​ទុក​ដាក់ និង​ខិតខំ​ធ្វើ​វា​ឲ្យ​បាន​ល្អ​បំផុត។ បើ​ក្រឡេក​ទៅ​មើល​ពី​ភាព​ជោគជ័យ​​របស់​អ្នក​ស្រី​វិញ​ គឺ​មាន​ការ​ជ្រោមជ្រែង​​យ៉ាង​ធំធេង​ពី​មនុស្ស​ស្រី ដូច្នេះ​ហើយ​ទើប​បាន​ជា​ អតីត​តារា​ចម្រៀង​និង​ជា​អ្នក​ច្នៃ​​ម៉ូដ​សម្លៀកបំពាក់​​រូប​នេះ តែង​តែ​រិះ​រក​វិធី​ដើម្បី​លើក​ទឹក​ចិត្ត​​​ស្រី​ៗ ទាំង​ចំពោះ​រឿង​ការងារ​និង​រឿង​ផ្ទាល់​ខ្លួន​។

មុខ​ជំនួញ​ ៣/៤ របស់​អ្នក​ស្រី Victoria មាន​វត្តមាន​​ស្រ្តី​រឹងមាំ​​ជា​ច្រើន​ ដែល​ជា​អ្នក​ចាត់​ចែង​​ធ្វើ​ឲ្យ​មាន​ដំណើរការ​ល្អ។ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត ត្រូវ​រវល់​ជាមួយ​​ការងារ​ផង គ្រួសារ​ផង ហើយ​នៅ​តែ​អាច​​តាំង​ចិត្ត​មោះមុត ​រហូត​ទទួល​បាន​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ។ វា​ក៏​ជា​មូលហេតុ​មួយ​​ ដែល​នាំ​​ឲ្យ​អ្នក​ស្រី មាន​កម្លាំង​ចិត្ត​តស៊ូ​ទ្វេដង​។

Victoria Beckham បាន​និយាយ​​ថា “កាល​ពី​មុន​ មិន​មែន​មនុស្ស​ស្រី​ទាំង​អស់ សុទ្ធ​តែ​អាច​សម្រេច​ក្តី​សុបិន​របស់​ខ្លួន​​នោះ​ទេ ប៉ុន្តែ​ដរាបណា​​មាន​ការ​គាំទ្រ ផ្តល់​កម្លាំង​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន ទើប​អាច​ជួយ​នាង​ឆ្ពោះ​ទៅ​មុខ​បន្ត​​”។”ចូរ​ធ្វើ​ជា​មនុស្ស​ស្រី ពោរពេញ​ដោយ​ភាព​វៃ​ឆ្លាត មាន​គំនិត​ចាស់​ទុំ មិន​ច្រណែន​ឈ្នានីស​គ្នា​ ប៉ុន្តែ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​ជា​រឿង​ប្រពៃ” អ្នក​ស្រី​បន្ត។

២. ក្តោប​ក្តាប់​មហិច្ឆតា​របស់​ខ្លួន

Tory Burch ដែល​ជា​មនុស្ស​ស្រី​​ជោគជ័យ​ផ្នែក​ជំនួញ​ម៉ាក​យីហោ​ដ៏​ល្បី បាន​កំណត់​គោលដៅ​ និង​​មាន​ចក្ខុវិស័យ​ច្បាស់លាស់ ដើម្បី​ដើម្បី​ជំរុញ​ទឹក​ចិត្ត​ខ្លួន​ឯង។

ស្រប​ពេល​ជាមួយ​គ្នា អ្នក​ស្រី​មិន​​ក៏​មិន​ដែល​គិត​ចង់​​បោះ​មហិច្ឆតា​ផ្ទាល់ខ្លួន រួម​ទាំង​ការ​គោរព​ឲ្យ​តម្លៃ​ចំពោះ​អ្នក​ដទៃ​នោះ​ដែរ។ ទោះ​បី​ពាក្យ​ថា “មហិច្ឆតា” និយាយ​ចំពោះ​នារី ស្តាប់​ទៅ​ហាក់​បី​​ដូច​ជា​អវិជ្ជមាន​​​បើ​ប្រៀបធៀប​ទៅ​នឹង​​បុរស ឬ​អាច​ធ្វើ​ឲ្យ​អ្នក​ខ្វះ​ភាព​ក្លាហាន​នឹង​បញ្ចេញ​មក​ខាង​ក្រៅ​។ យ៉ាង​ណា​មិញ គ្មាន​​រឿង​អ្វី​គួរ​ឲ្យ​លាក់បាំង​ទេ ព្រោះ​មនុស្ស​ស្រី​រឹងមាំ មាន​គោលដៅ​ក្នុង​ជីវិត តែ​មាន​មហិច្ឆតា​​ជាប់​ខ្លួន។

៣. មិន​ចាំ​​ពឹង​ពាក់​អ្នក​ដទៃ​តែ​មួយ​មុខ

​​​អ្នក​ស្រី Sheryl Sandberg ដែល​ជាប្រធានប្រតិបត្តិការ​នៃ​ក្រុម​ហ៊ុន​ហ្វេសប៊ុក បាន​លើក​ឡើង​ថា “រឿង​ដ៏​គ្រោះ​ថ្នាក់​បំផុត​របស់​មនុស្ស​ស្រី គឺ​នៅ​ពេល​ដែល​នាង នៅ​ស្ងៀម​មិន​ព្រម​ធ្វើ​អ្វី​ហើយ​​រង់ចាំ​ព្រះអង្គ​ម្ចាស់​មក​ជួយ​ដូច​ក្នុង​រឿង​ព្រេង​និទាន ដើម្បី​​អាច​រស់​នៅ​ក្នុង​ជីវិត​សុខ​ស្រួល មាន​សុភមង្គល​ដោយ​​ពុំ​ចាំ​បាច់​នឿយ​ហត់​​”។ គ្រប់​យ៉ាង​ផ្ទុយ​ពី​ការពិត​ទាំង​ស្រុង មនុស្ស​ស្រី​សម័យ​នេះ​ តែង​ចេះ​ហក់​លោត​ដោយ​ខ្លួន​​ឯង មិន​ដេក​ចាំ​ពឹង​ពាក់​តែ​​លើ​កម្លាំង​អ្នក​ដទៃ។ នាង​​ប្រើ​ប្រាស់​សមត្ថភាព​ផ្ទាល់​ខ្លួន នាង​​ស្ដាប់​គំនិត​យោបល់​មនុស្ស​ជោគជ័យ នាង​ពិចារណា​រក​ខុស​ត្រូវ នាង​អនុវត្ត​ និង​មិន​ខ្លាច​នូវ​ភាព​បរាជ័យ ព្រោះ​នាង​ចង់​ស្គាល់​ភាព​ជោគជ័យ ដែល​ចេញ​ពី​ខ្លួន​ឯង​។ នេះ​ហើយ​ជា​សុភមង្គល​ពិត ដោយ​មិន​នៅ​ទន្ទឹង​រង់​ចាំ​ភាព​ស្រពិចស្រពិល​ពី​នរណា​ម្នាក់​ឡើយ។​​

៤. មិន​បោះ​បង់​ចោល​ដោយ​​ងាយ​ៗ

អ្នក​ស្រី ​Maria Hatzistefanis ដែល​ជា​ម្ចាស់​យីហោ​មាន​ឈ្មោះ​ល្បី Rodial និង​ជា​អ្នក​និពន្ធ​សៀវភៅ ‘How To Be An Overnight Success’ (គួរធ្វើបែបណា ទើបអាចជោគជ័យត្រឹមរយៈពេល១យប់)។ ក្នុង​សៀវ​ភៅ​នោះ​ដែរ អ្នក​ស្រី​ Maria បាន​ចែក​រំលែក​គន្លឹះ​សំខាន់​ៗ សម្រាប់​អ្នក​ចង់​ទៅ​ដល់​​គោលដៅ ត្រូវ​តែ​ព្យាយាម​បន្ត​ដំណើរ​​ឲ្យ​ដល់​ទី​បំផុត​ មិន​ថា​ពេល​​យប់​ជ្រៅ ពេល​​ព្រឹក​ព្រហាម​ ឬ​ស្ថិត​ក្នុង​កាលៈទេសៈ​យ៉ាប់យ៉ឺន​យ៉ាង​ណា​ក៏​ដោយ។ នៅ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ ច្បាស់​ណាស់​ប្រាកដ​ ជា​មាន​មនុស្ស​នៅ​ចាំ​រិះ​គន់ បំបាក់​ទឹក​ចិត្ត​ បង្អាក់​ដំណើរ​រារាំង​​អ្នក​ ប៉ុន្តែ​ដាច់​ខាត​មិន​ត្រូវ​បោះ​បង់​ចុះ​ចាញ់​ដោយ​ងាយ​ៗ​នោះ​ទេ​។​​​

ប្រភព៖ Careergirldaily 

ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

ប្រភព៖ kanha.sabay.com.kh

មតិយោបល់

Trending

Copyright © 2019 ANARCHAK