តើ​ការជួល​ផ្ទះ​មិន​ធ្វើ​កិច្ចសន្យា ​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ?
Connect with us

គួរដឹង

តើ​ការជួល​ផ្ទះ​មិន​ធ្វើ​កិច្ចសន្យា ​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ?

ដើម្បី​ឲ្យ​គ្រប់លក្ខណៈ​តាមច្បាប់​ចៀសវាង​គ្មាន​ការទទួល​ខុសត្រូវ​ពេល​មាន​វិវាទ​ចៃដន្យ​កើតឡើង​ភាគី​អ្នក​ជួល​ផ្ទះ និង​ម្ចាស់ផ្ទះ​ត្រូវ​ធ្វើ​កិច្ចសន្យា​ឲ្យ​​ច្បាស់លាស់​ដើម្បី​ផលប្រយោជន៍ ពេល​មាន​ហានិភ័យ​ណាមួយ​។ ដើម្បី​ឲ្យ​អ្នកអាន​បាន​ស្វែងយល់​ពី​កិច្ចការ​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក អ៊ឹម រចនា ក្រុម​មេធាវី ដឺ ហ្ល្វេក​ (The FLAG LAW GROUP) ​ដែលមាន​ការិយាល័យ​​ផ្ទះ​លេខ​ ២A ផ្លូវ​លេខ ៥៦៦ ​កែង​ ៦០៨ សង្កាត់​បឹងកក់ ២ ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម ៖

ឧបមាថា លោក​ (​ក​) ​បាន​ជួល​ផ្ទះ​ទៅ​ឲ្យ​លោក​ (​ខ​) ​ប៉ុន្តែ​មិនបាន​ធ្វើ​កិច្ចសន្យា​ជាមួយ​គ្នា​​ទេ​។ ​ចៃដន្យ​ផ្ទះ​នោះ​ត្រូវ​ភ្លើង​ឆេះ​​បណ្តាល​ឲ្យ​លោក​ (​ខ​) ​ស្លាប់​។ តើ​ក្នុង​ករណី​បែប​នេះ​លោក​ (​ក​) ​ដែល​ជា​ម្ចាស់ផ្ទះ​ត្រូវ​ទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ ឬ​ផ្នែក​សំណង​រដ្ឋប្បវេណី​ទេ​?

បច្ចុប្បន្ននេះ​កំណើន​នៃ​ការផ្លាស់ទី​ពី​តំបន់​ដាច់ស្រយាល​មក​ស្នាក់នៅ​ទីប្រជុំជន​ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ ឬ​ធ្វើ​អាជីវកម្ម​ និង​សកម្មភាព​ផ្សេងៗ​ទៀត​ដើម្បី​រកប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​​ប្រចាំថ្ងៃ​គឺមាន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។

ដោយសារ​តែ​អ្នក​ដែល​បាន​ផ្លាស់​ទី​ពី​តំបន់​ដាច់ស្រយាល​មក​នៅ​ទីប្រជុំជន​ទាំងនោះ​កាន់តែ​ច្រើន និង​ពុំ​មាន​ផ្ទះ​ ឬ​អគារ​ផ្ទាល់ខ្លួន​សម្រាប់​ស្នាក់​ ឬ​ធ្វើ​អាជីវកម្ម​នោះទេ ដូច្នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​អចលនទ្រព្យ​ (​ដីធ្លី និង​អគារ​) ​ភាគច្រើន​ត្រូវ​បាន​គេ​ដាក់​ជួល​ ដើម្បី​បម្រើ​តាម​តម្រូវការ​ក្នុងនោះ​ក៏មាន​ការប្រើប្រាស់​ជា​ការិយាល័យ​របស់​ក្រុមហ៊ុន​ ឬ​អង្គការ​ជាដើម​។ ក្នុង​ទំនាក់ទំនង​ប្រតិបត្តិការ​នៃ​ការជួល​នេះ​គឺ​ភាគច្រើន​គេ​បាន​ធ្វើ​តាមរយៈ​កិច្ចសន្យាជួល​ ឬ​ពេលខ្លះ​គេ​គ្រាន់តែ​ធ្វើឡើង​តាមរយៈ​ការព្រមព្រៀង​ផ្ទាល់មាត់​ក៏មានដែរ​។

“​កិច្ចសន្យាជួល​” ​ឬ​យើង​អាច​ហៅ​បាន​ម្យ៉ាង​ទៀតថា​ “​ភតិសន្យា​” ​គឺជា​ទំនាក់ទំនង​គតិយុត្ត​ដែល​ភាគី ​“​ម្ចាស់​វត្ថុ​” (​ភតិបតី​) ​យល់​ព្រម​ឱ្យ “​អ្នក​ជួល​” (​ភតិកៈ​) ​ប្រើប្រាស់ និង​អាស្រ័យ​ផល​លើ​វត្ថុ​ (​ចលនវត្ថុ ឬ​អចលនវត្ថុ​) ​ដែល​ជា​កម្មវត្ថុ​នៃ​កិច្ចសន្យាជួល​។

ដូច​បាន​បញ្ជាក់​ជូន​ខាងលើ​ហើយ​ថា “​កិច្ចសន្យាជួល​” ជា​ទំនាក់ទំនង​រវាង “​ម្ចាស់​វត្ថុ​” និង​ “​អ្នក​ជួល​” ដែល​តាមរយៈ​នេះ​វត្ថុ​ដែលជា​កម្មវត្ថុ​នៃ​កិច្ចសន្យា​ជួល​ត្រូវ​ស្ថិតក្រោម​ការប្រើប្រាស់​ និង​អាស្រ័យផល​ជាប្រចាំ​របស់​អ្នក​ជួល​សម្រាប់​បម្រើ​ឲ្យ​គោលបំណង​របស់​អ្នក​ជួល​។ ក្រៅពី​ការប្រើប្រាស់​ខាងលើ​ក៏​តម្រូវ​ឱ្យ​មាន​ការថែទាំ​វត្ថុ​ជួល​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​ល្អប្រសើរ​ព្រមទាំង​តម្រូវឱ្យ​ប្រើប្រាស់​អចលនវត្ថុ​ជួល​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ និង​ស្របច្បាប់​ផងដែរ​។ បើទោះ​ជា​មាន​ការតម្រូវ និង​ការធានា​ដោយ​ផ្ទាល់មាត់​ក្ដី និង​ដោយ​ការធ្វើ​ជា​លាយលក្ខណ៍អក្សរ​ក្ដី​ក៏​នៅតែ​មាន​ការលេចចេញ​នូវ​បញ្ហា​មួយចំនួន​ផងដែរ​។ ជាក់ស្តែង​ខាងក្រោម​នេះ​ជា​ឧទាហរណ៍​មួយ​ក្នុង​ចំណោម​ឧទាហរណ៍​ជាច្រើន​។

ឧទាហរណ៍​៖ ​លោក​ “​ក​” (​ម្ចាស់​​ផ្ទះ​) ​ជួល​ផ្ទះ​របស់គាត់​ទៅឱ្យ​លោក “​ខ​” (​អ្នក​ជួល​ផ្ទះ​)​។ ដោយសារ​អ្នក​ទាំង​ ២ ​ជា​មិត្តភក្តិ​នឹង​គ្នា​ទើប​លោក “​ក​” និង​លោក “​ខ​” ពុំ​បាន​ធ្វើ​កិច្ចសន្យា​ជួល​ផ្ទះ​ឡើយ​។ ចៃដន្យ​មាន​អគ្គិភ័យ​កើតឡើង​ដោយសារ​ទុស្សេ​ខ្សែភ្លើង​បណ្តាល​ឱ្យ​ផ្ទះ​នោះ​ត្រូវ​ឆេះ​អស់ហើយ​លោក​ “​ខ​” (​អ្នក​ជួល​ផ្ទះ​) ​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​នោះ​។ តើ​លោក “​ក​” ដែល​ជា​ម្ចាស់ផ្ទះ​នោះ​ត្រូវ​ទទួល​ខុសត្រូវ​ដែរ​ឬ​ទេ​?

តាមរយៈ​ឧទាហរណ៍​ខាងលើ​នេះ​ខ្ញុំបាទ​សូម​ធ្វើការ​បកស្រាយ​ពី​ទិដ្ឋភាព​ច្បាប់ និង​ការជួបប្រទះ​ជាក់ស្ដែង​តាម​លក្ខខណ្ឌ និង​តាម​ស្ថានភាព​ខុសៗ​គ្នា​ដូច​ខាងក្រោម​នេះ ៖

(១)-​លក្ខខណ្ឌ​នៃ​ការជួល​អចលនវត្ថុ​ដោយ​ពុំមាន​កិច្ចសន្យា​ជួល ៖

​ដោយ​ពិនិត្យ​លើ​អង្គហេតុ​ក្នុង​ឧទាហរណ៍​ខាងលើ​យើង​ឃើញថា អគ្គិភ័យ​ដែល​កើតឡើង​ដោយសារ​ទុស្សេ​ខ្សែភ្លើង មាន​ប្រភពពី​ផ្ទះ​របស់​លោក “​ក​”​។ លោក ​“​ក​” ​ដែល​ជា​ម្ចាស់​​ផ្ទះ​អាច​បញ្ចៀស​នូវ​ហានិភ័យ​នេះ​ជាមុន​ដោយ​ត្រូវ​ភ្ជាប់​នូវ​ឧបករណ៍​សុវត្ថិភាព​ដែល​អាច​ផ្តាច់​ចរន្តអគ្គិសនី​ជា​ស្វ័យប្រវត្តិ (​ឌីសង់ទ័រ​) ដើម្បី​បង្ការ​ករណី​ទុស្សេ​នេះ​។ ប៉ុន្តែ​ដោយ​មូលហេតុ​ធ្វេសប្រហែស​នេះ ទើប​បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​កើតឡើង​។ ​មិន​តែ​ប៉ុណ្ណោះ​ដោយសារ​ទំនាក់ទំនង​ជួល​របស់​លោក​ “​ក​” ​និង​លោក​ “​ខ​” ​មិន​បាន​កើតឡើង​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ជួល​ផ្ទះ​ដែល​ចែង​លក្ខខណ្ឌ​ដើម្បី​បញ្ចៀស​ការទទួល​ខុស​​ត្រូវ​ណាមួយ​របស់​ម្ចាស់ផ្ទះ​។ (​ក្រមរដ្ឋប្បវេណី​មាត្រា​ ៦០២)

តាមរយៈ​នេះ​លោក “​ក​” អាច​ត្រូវបាន​ដាក់ឱ្យ​ទទួលខុស​ត្រូវ​ចំពោះ​ព្យសនកម្ម (​ការខូចខាត​) ​ដែល​កើតចេញ​ពី​អគ្គិភ័យ​នោះ​ក្រោម​លក្ខខណ្ឌ​នៃ​ការទទួល​ខុសត្រូវ​ចំពោះ​អំពើ​អនីត្យានុកូល​។ ​”​អំពើ​អនីត្យានុកូល​” ​ត្រូវបាន​ក្រមរដ្ឋប្បវេណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​កំណត់ថា ជា​អំពើ​ប្រព្រឹត្ត​ដោយ​ចេតនា​ក្តី​ ឬ​អចេតនា​ក្តី​ដែល​បំពាន​ដោយ​ខុសច្បាប់​ដល់​សិទ្ធិ​ ឬ​ផលប្រយោជន៍​របស់​អ្នកដទៃ ហើយ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ត្រូវ​ទទួលខុសត្រូវ​សង​ការខូចខាត​ដែល​កើតឡើង​ដោយ​អំពើ​នេះ​។ (​សូម​រង់ចាំ​អាន​វគ្គ​បន្ត​នៅ​សប្ដាហ៍​ក្រោយ​)

ប្រភព៖ postkhmer

មតិយោបល់

ថ្មីៗ2 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង3 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ2 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ2 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ1 week ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK