មន្ត្រី​បង្កើត​ពាក្យស្លោក​៖«​អង្គរ​ឈរ​ជាង​១​ពាន់​ឆ្នាំ រង់ចាំ​អ្នក​មក​ទស្សនា កុំ​ភ័យ​កុំ​ខ្លាច​កូ​រ៉ូ​ណា ២-៣​ថ្ងៃ​ទើបនឹង​កើត​ទេ​»
Connect with us

ថ្មីៗ

មន្ត្រី​បង្កើត​ពាក្យស្លោក​៖«​អង្គរ​ឈរ​ជាង​១​ពាន់​ឆ្នាំ រង់ចាំ​អ្នក​មក​ទស្សនា កុំ​ភ័យ​កុំ​ខ្លាច​កូ​រ៉ូ​ណា ២-៣​ថ្ងៃ​ទើបនឹង​កើត​ទេ​»

សៀមរាប​៖ «​អង្គរ​ឈរ​ជាង​១​ពាន់​ឆ្នាំ រង់ចាំ​អ្នក​មក​ទស្សនា កុំ​ភ័យ​កុំ​ខ្លាច​កូ​រ៉ូ​ណា ២-៣​ថ្ងៃ​ទើបនឹង​កើត​ទេ​» គឺជា​ពាក្យស្លោក​របស់​មន្ត្រី​ក្រសួងទេសចរណ៍ ដើម្បី​បំផុស​ចលនា​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​ខេត្តសៀមរាប​នា​អំឡុង​ពេលដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ​នៃ​វីរុស​កូ​រ៉ូ​ណា​។ មន្ត្រី​ក្រសួងទេសចរណ៍​បាន​បង្កើត​ពាក្យស្លោក​នេះ​ឡើង ក្នុងន័យ​លើកទឹកចិត្ត​ប្រតិបត្តិ​ករ​ទេសចរណ៍ ក៏ដូចជា​ភ្ញៀវទេសចរ​កុំឱ្យ​បារម្ភ​ខ្លាំងពេក​ចំពោះ​មេរោគ​ដែល​ទើបនឹង​កើត​មួយ​នេះ​។

​ក្នុង​កិច្ចប្រជុំ​ការងារ​ទេសចរណ៍​ជាមួយ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ នៅ​សាលា​ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី​១០ កុម្ភៈ លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានបង្ហាញ​ពី​ការតាំង​ចិត្ត ក៏ដូចជា​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា​។ មន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ​អះអាងថា កម្ពុជា​នៅតែ​ជា​គោលដៅ​ទេសចរណ៍​ដែលមាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ ទោះ​បច្ចុប្បន្នកំពុង​កើត​វីរុស​កូ​រ៉ូ​ណា​ក្ដី​។ លោក​ជឿជាក់ថា វិបត្តិ​នេះ​នឹង​ដោះស្រាយបាន​នា​រយៈពេល​ដ៏​ខ្លី​ខាងមុខ ហើយ​ស្ថានការណ៍​នឹង​វិលត្រឡប់​មករក​សភាព​ដើម​វិញ​។​

បើតាម​ការអះអាង​រប​ស់លោក ទិ​ត ចន្ថា នៅ​កម្ពុ​ជាមាន​ករណី​វីរុស​កូ​រ៉ូ​ណា​តែមួយ​ករណី​នៅ​ក្រុងព្រះសីហនុ​តែប៉ុណ្ណោះ ហើយក៏​បានជា​សះស្បើយ​ហើយ​ដែរ​។ ចំណែក​ខេត្តសៀមរាប​មិនទាន់មាន​ករណីនេះ​ទេ ហើយ​សកម្មភាព​ទេសចរណ៍​នៅមាន​សភាព​ធម្មតា គ្រាន់តែ​ថមថយ​ទេសចរ​ជនជាតិ​ចិន ដែល​កំពុង​ផ្ទុះ​ជំងឺ​ប្រភេទ​ថ្មី​នេះ​។ នេះ​ជា​លើកឡើង​របស់លោក ទិ​ត ចន្ថា ទៅកាន់​មន្ត្រី និង​វិស័យ​ឯកជន​ដែល​ចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​។​

​ដ្បិតថា កម្ពុ​ជាមាន​ស្ថានភាព​ល្អប្រសើរ​ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​ក៏ពិតមែន តែ​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងទេសចរណ៍​ប្រាប់ថា ក្រសួង​នៅតែ​បន្ដ​តាមដាន​ស្ថានការណ៍​នេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត និង​បើកទ្វារ​ស្វាគមន៍​គ្រប់​ជាតិ​សាសន៍​ចូលមក​ទស្សនា​កម្ពុជា ក្រោម​ការត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​។​

​លោក ទិ​ត ចន្ថា បញ្ជាក់ថា អំឡុង​ពេលដែល​មានកា​រ​ថមថយ​ទេសចរ​បរទេស​នេះ ក្រសួង​កំពុង​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក​ឱ្យមាន​សកម្មភាព​កាន់តែ​ខ្លាំងក្លា ព្រោះថា​ប្រជាជន​ក្នុងស្រុក​នាពេល​បច្ចុប្បន្ន​ក៏មាន សកម្មភាព​ដំណើរ​ទេសចរណ៍​មិន​ចាញ់​បរទេស​ប៉ុន្មាន​ទេ​៕

ដោយ: អ៊ី សារ៉ហានី (Isa Rohany) 

ប្រភព៖ thmeythmey.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK