អាជ្ញាធរ​អំពាវនាវ​ សូមឲ្យ​ពលរដ្ឋ​ឈប់​បង្ហោះគោម ក្រោយ​ភ្លើង​ឆេះ​ភ្នំ​៣​កន្លែង​នៅ​ក្រុង​សិរីសោភ័ណ​
Connect with us

ថ្មីៗ

អាជ្ញាធរ​អំពាវនាវ​ សូមឲ្យ​ពលរដ្ឋ​ឈប់​បង្ហោះគោម ក្រោយ​ភ្លើង​ឆេះ​ភ្នំ​៣​កន្លែង​នៅ​ក្រុង​សិរីសោភ័ណ​

​ភ្នំពេញ​៖ កាលពី​យប់​ថ្ងៃទី​៨ កុម្ភៈ អគ្គិភ័យ​បាន​ឆាបឆេះ​ភ្នំ​ចំនួន ៣  គឺ​ភ្នំ​ជញ្ជាំង​,​ភ្នំ​បាក់ និង​ភ្នំ​កង​វ៉ា ដែល​ស្ថិតនៅក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ អាជ្ញាធរ​សន្និដ្ឋានថា វា​បង្កឡើង​ដោយ​ការ​បង្ហោះគោម​របស់​ពល​រដ្ឋ ក្នុង​ថ្ងៃ​មាឃបូជា​។ 

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ហេតុការណ៍​ឆេះ​ភ្នំ​ទាំង​៣​ទីតាំង​នេះ កើតឡើង​មុន​ក្រោយ​គ្នា​បន្តិច​ប៉ុណ្ណោះ នៅ​ព្រលប់​ថ្ងៃទី​៨ កុម្ភៈ ដែលជា​បុណ្យមាឃបូជា​។ លោក​បន្តថា អគ្គិភ័យ​បាន​រលត់ទៅវិញ ក្រោយ​មាន​អន្តរាគមន៍​ទាន់ពេលវេលា និង​មិន​បណ្តាល​ឲ្យ​រាលដាល ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ឡើយ​។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖ «​តាម​ការសន្និដ្ឋាន គឺ​៨០​ភាគរយ នៃ​អគ្គិភ័យ​នេះ បង្កដោយ​ការ​បង្ហោះគោម ព្រោះ​មុន​កើតមាន​អគ្គិភ័យ មាន​គោម​ធ្លាក់​នៅ​តំបន់​នេះ​។ ខ្ញុំ​គិតថា ខែ​នេះ​មិនគួរ​បង្ហោះគោម​ឡើយ ព្រោះ​ស្លឹកឈើ និង​ស្មៅ​ងាប់ ដែល​ងាយ​នឹង​កើត​គ្រោះ​អគ្គិភ័យ​បែបនេះ​»​។​

​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​អគ្គិភ័យ​បង្កឡើង​ដោយសារ​ការ​បង្ហោះគោម នៅ​ស្រុក​សិរីសោភ័ណ​។ តាម​លោក​អភិបាលក្រុង កាលពីមុន គោម​ដែល​ពលរដ្ឋ​បង្ហោះ បាន​ធ្លាក់ចំ​ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង ប៉ុន្តែ​សំណាងល្អ ដែល​វា​មិន​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​។

​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​បែបនេះ លោក ហ៊ឹ​ល រ៉ា​យ៉ា បញ្ជាក់ថា ជំហាន​ដំបូង អាជ្ញាធរ​នឹង​ចុះ​ណែនាំ​នៅតាម​វត្ត​អារាម​ដែលជា​ទីតាំង​សំខាន់ ដើម្បី​បញ្ឈប់​ការ​បង្ហោះគោម​។ បន្ទាប់​អាជ្ញាធរ នឹង​សុំ​គោលការណ៍​ពី​ថ្នាក់លើ​ដើម្បី​ចេញ​បំរាម​បង្ហោះគោម នៅក្នុង​ក្រុង​សិរីសោភ័ណ​។ នេះ​បើតាម​លោក​អភិបាលក្រុង​៕

ប្រភព៖ thmeythmey.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK