ដឹងពីវិធីនេះ ធានាថាអ្នកចង់ធ្វើទម្លាប់អាក្រក់ក្នុងជីវិតក៏មិនបានដែរ
Connect with us

គួរដឹង

ដឹងពីវិធីនេះ ធានាថាអ្នកចង់ធ្វើទម្លាប់អាក្រក់ក្នុងជីវិតក៏មិនបានដែរ

មនុស្សម្នាក់ សុទ្ធតែមានទម្លាប់ល្អ និងទម្លាប់អាក្រក់រៀងៗខ្លួន។ សំនួរសួរថា ប្រសិនបើដឹងថាទម្លាប់នោះជាទម្លាប់អាក្រក់ហើយ ហេតុអ្វីបានជាគេមិនព្រមកែប្រែទម្លាប់អាក្រក់នោះចេញ ហើយជំនួសមកវិញដោយទម្លាប់ល្អ? សំនួរនេះងាយស្រួលសួរ ប៉ុន្តែពិបាកក្នុងការប្រតិបត្តិ។ មានមនុស្សមិនតិចទេ ដែលព្យាយាមលុបបំបាត់ទម្លាប់អាក្រក់របស់ខ្លួន ប៉ុន្តែពួកគេបានត្រឹមតែស្រមៃតែប៉ុណ្ណោះ ហើយក៏មានមនុស្សមិនតិចដែរ ដែលធ្វើបានតែពាក់កណ្តាលទី ហើយក៏បោះបង់ការកែប្រែទម្លាប់អាក្រក់នោះទៅ។

គ្រប់គ្នាសុទ្ធតែទទួលស្គាល់ថា ប្រសិនបើយើងមានទម្លាប់ល្អកាន់តែច្រើន នោះយើងនឹងមានឳកាសឈានទៅភាពជោគជ័យក៏ច្រើនដែរ ប៉ុន្តែវាហាក់ដូចជាពិបាកណាស់ក្នុងការលុបបំបាត់ទម្លាប់អាក្រក់នោះចេញ។ អ្នកវិទ្យាសាស្រ្តព្យាយាមសិក្សាស្រាវជ្រាវរកមូលហេតុ ដែលទម្លាប់នីមួយៗ កើតមានឡើងក្នុងជីវិតមនុស្ស ដូចជាការដុះធ្មេញនៅពេលព្រឹក ការធ្វើលំហាត់ប្រាណ ជាដើម។ ទម្លាប់ទាំងអស់នេះ គឺជាទម្លាប់ដែលល្អ ហើយយើងមិនមានបង្ខំខ្លួនឯងឲ្យធ្វើវានោះទេ ប៉ុន្តែវាកើតឡើងដោយឯកឯងតែម្តង។

យោងតាមសៀវភៅ “អំណាចនៃទម្លាប់” ដែលសរសេរដោយលោក Charles Duhigg បានពន្យល់យ៉ាងក្បោះក្បាយថា ទម្លាប់ដែលយើងមានសព្វថ្ងៃ គឺជាកើតចេញពីចំណុចសំខាន់៣ធំៗ។ ទីមួយ គឺតម្រុយ ឬរំញោច ដែលជាសញ្ញាបញ្ជាប្រាប់មកខួរក្បាលរបស់យើងជាស្វ័យប្រវត្តិថាឲ្យធ្វើអ្វីមួយ។ ឧទាហរណ៍ ឲ្យតែភ្ញាក់ពីដំណេក យើងទៅដុះធ្មេញ។ ចំណុចពេល ដែលយើងភ្ញាក់ពីដំណេកនេះហើយ គឺជាតម្រុយ ឬការរំញោច ដែលធ្វើឲ្យយើងក្រៅពីគ្រែទៅដុះធ្មេញ។ ទីពីរការឆ្លើយតប ដែលជាការធ្វើសកម្មភាព ក្រោយពេលដែលការបញ្ជាជាស្វ័យប្រវត្តិរបស់ការរំញោច។ នៅពេលដែលខួរក្បាលប្រាប់យើងថា ពេលនេះជាពេលព្រឹកហើយ ហើយយើងភ្ញាក់ពីដំណេកហើយ នោះយើងក៏ទៅដុះធ្មេញដោយស្វ័យប្រវត្តិដែរ។ សកម្មភាពដុះធ្មេញនេះ ជាការឆ្លើយតបទៅនឹងការរំញោច។ ទីបី គឺរង្វាន់ ដែលជាលទ្ធផលក្រោយពីអ្វីដែលយើងបានធ្វើ។ ក្រោយពីយើងដុះធ្មេញហើយ យើងទទួលបានធ្មេញស្អាត ដែលជាអ្វីដែលយើងចង់បាន។ នៅក្នុងសៀវភៅរបស់លោក គាត់បានលើកឡើងពីការពិសោធន៍លើសត្វកណ្តុរ ហើយប្រតិកម្មរបស់សត្វកណ្តុរនោះ គឺដូចទៅនឹង៣ចំណុចដែលយើងបានរៀបរាប់ខាងដើមដូច្នោះដែរ។

ដំណឹងអាក្រក់នោះ គឺនៅពេលដែលយើងបានកសាងទម្លាប់ណាមួយហើយ វានឹងជាប់នៅក្នុងខ្លួនរបស់យើងរហូត ហើយយើងលុបបំបាត់វាបានទេ។ នេះហើយ ជាមូលហេតុ ដែលមនុស្សជាច្រើនព្យាយាមលុបបំបាត់វា ប៉ុន្តែត្រូវទទួលបរាជ័យ។ ប៉ុន្តែ ដំណឹងល្អនោះ គឺយើងអាចកែប្រែវាបានដោយវិធីខាងក្រោម៖

១. ឆន្ទៈខ្ពស់

ជាដំបូងបំផុត យើងត្រូវកំណត់ដឹងថា ទម្លាប់ដែលយើងចង់កែនោះ ជាទម្លាប់អាក្រក់សិន។ បន្ទាប់មកយើងត្រូវតែដាក់គោលដៅថា ត្រូវតែកែប្រែទម្លាប់នោះឲ្យបាន ដោយឆន្ទៈរបស់យើង។

២. កំណត់ឲ្យបានការឆ្លើយតប ទៅនឹងរំញោច ដែលយើងចង់បាន

ប្រសិនបើយើងមិនចូលចិត្តអានសៀវភៅ នោះគ្រាន់តែឃើញសៀវភៅ យើងនឹងមានអារម្មណ៍ហត់នឿយ និងអស់កំលាំងបានទៅហើយ ដោយសារតែទម្លាប់ចាស់របស់យើង។ ដូច្នេះ យើងត្រូវកំណត់ឲ្យបានច្បាស់ ពីផែនការ​ និងសកម្មភាព ដែលយើងចង់បាន។ បើយើងចង់ទម្លាប់អានសៀវភៅ បើទោះបីជាមានរំញោចមិនល្អនោះក៏ដោយ យើងគួរធ្វើសកម្មភាពអានអ្វីដែលយើងចូលចិត្តជាមុន ដូចជាអានរឿងកំប្លែងជាដើម។ ហើយយើងត្រូវកំណត់ពីទីតាំងដែលល្អសម្រាប់ការអាន ដូចជានៅបណ្ណាល័យ រយៈពេលនៃការអានជាដើម។

៣. កំណត់ឲ្យដឹងពីរំញោច

ព្យាយាមផ្តល់រំញោច ដែលល្អសម្រាប់ការអាន។ ក្រោយពីអ្នកកំណត់បានពីការឆ្លើយតបហើយ អ្នកគួរតែដាក់ផែនការអនុវត្ត ដោយគ្រាន់តែដល់ពេលនោះ ឬឃើញសៀវភៅ អ្នកត្រូវតែអានសៀវភៅជាដើម។ វាអាចពិបាកបន្តិចក្នុងពេលដំបូង ប៉ុន្តែអ្នកនឹងមានអារម្មណ៍ល្អឡើងនោះពេលក្រោយចំពោះសៀវភៅ។

៤. ផ្តល់រង្វាន់បន្តិចបន្តួច ចំពោះជោគជ័យ

រង្វាន់អាចក្លាយជារំញោច ដល់ទម្លាប់ថ្មី ដែលអ្នកព្យាយាមកសាងឡើង។ នៅពេលដែលអ្នកធ្វើសកម្មភាពថ្មី ដោយគ្រាន់តែទទួលបានរំញោចថ្មី​ អ្នកទទួលបានរង្វាន់ថ្មីពីជោគជ័យបន្តិចបន្តួច អ្នកនឹងមានកម្លាំងចិត្តបន្តទៅមុខទៀត។ ឧទាហរណ៍ អ្នកធ្វើបានថ្ងៃទី១ ដោយអានបាន៣០ទំព័រ។ ក្រោយពីការអាន អ្នកអាចផ្តល់ពេលវេលាសម្រាប់ខ្លួនឯង ដោយនិយាយលេងជាមួយមិត្ត ឬញ៉ាំអាហារដែលអ្នកចូលចិត្តជាដើម។ ថ្ងៃទី២ អ្នកផ្តល់រង្វាន់ដល់ខ្លួនឯងដូច្នេះទៀត។ ដូច្នេះ វានឹងក្លាយជាទម្លាប់នៅពេលដែលអ្នកអនុវត្តវារយៈពេលយូរទៅ៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK