ចាប់ផ្តើមរកស៊ីពេលខ្លួននៅកំលោះ និងពេលរៀបការរួច មួយណាល្អជាង?
Connect with us

គ្រួសារ & ស្នេហា

ចាប់ផ្តើមរកស៊ីពេលខ្លួននៅកំលោះ និងពេលរៀបការរួច មួយណាល្អជាង?

យុវជនមួយចំនួនធំ ប្រឡូកខ្លាំងទៅក្នុងការការប្រកបអាជីវកម្មពេលខ្លួននៅទំនេរ ដោយសារខ្លួនគិតថា ចង់ឲ្យជោគជ័យនៅក្នុងអាជីវកម្មសិន មុននឹងខ្លួនសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍។ ចំណែកយុវជនមួយចំនួនទៀត គិតថា ពួកគេខិតខំសន្សំប្រាក់ដើម្បីប្រកបរបរនៅពេលដែលរៀបការរួច។ ត្រង់ចំណុចនេះ មានមនុស្សជាច្រើន បានលើកជាសំនួរថា តើគួរចាប់ផ្តើមពេលដែលខ្លួននៅទំនេរ ឬពេលដែលខ្លួនរៀបការរួច?

ជាការពិតណាស់ អ្វីៗសុទ្ធតែមានផលល្អ និងផលអាក្រក់។ សម្រាប់មនុស្សមួយចំនួន ដែលគិតថាគួរតែរៀបការរួចចាំប្រកបអាជីវកម្ម ពួកគេផ្តល់ហេតុផលថា ការចាប់ដៃគ្នាបង្កើតអាជីវកម្មមួយ មានភាពនឹងនរ និងមិនសូវមានហានិភ័យខ្ពស់ប៉ុន្មានទេ ដោយសារតែពួកគេមានដៃគូជីវិតរបស់ខ្លួនជួយគាំទ្រទាំងកម្លាំងចិត្ត និងហិរញ្ញវត្ថុ។ មិនតែប៉ុណ្ណោះ បើទោះបីជាដៃគូជីវិតខ្លួនមិនមានលទ្ធភាពជួយយើងនៅពេលអាជីវកម្មធ្លាក់ចុះ ក៏គ្រួសារទាំងសងអាចព្យាយាមជួយដែរ។ នេះមានន័យថា យើងមានមនុស្សច្រើនសម្រាប់ជួយយើងក្នុងពេលមានហានិភ័យអ្វីមួយ។

ប៉ុន្តែសម្រាប់មនុស្សដែលគិតថាគួរតែចាប់ផ្តើមអាជីវកម្មពេលខ្លួននៅលីវ ជឿថាខ្លួនមានសេរីភាពខ្ពស់ក្នុងការសម្រេចចិត្តធ្វើអ្វីៗ ដើម្បីឲ្យអាជីវកម្មបានជោគជ័យ។ បើទោះបីជាត្រូវបរាជ័យ ពួកគេក៏មិនមានបន្ទុកច្រើនដែលត្រូវទទួលខុសត្រូវដែរ ព្រោះពួកគេមានតែខ្លួនមួយ។ នៅត្រង់ចំណុចនេះ លោកបណ្ឌិត គីម ហ៊ាង ដែលជាម្ចាស់ក្រុមហ៊ុន Khmer Real Estate បានលើកឡើងថា យុវជននៅក្មេងៗ គួរតែចាប់ផ្តើមអាជីវកម្មនៅពេលដែលខ្លួននៅលីវ ដោយសារតែពួកគេមិនចាំបាច់រងបន្ទុកច្រើន ដូចអ្នកមានគ្រួសារនោះទេ ប្រសិនបើអាជីវកម្មរបស់ពួកគេត្រូវបរាជ័យនោះ។

លោកបន្ថែមទៀតថា បើសិនជាយុវជនមានគំនិតរកស៊ីនោះ ពួកគេត្រូវចាប់ផ្តើមពេលខ្លួននៅក្មេង​ បើទោះបីជាគេត្រូវបរាជ័យ ខាតដើមរហូតដល់ដេកតាមរបងវត្ត ក៏មិនមាននាំទុក្ខដល់អ្នកដទៃដែរ។ ប៉ុន្តែសម្រាប់អ្នកដែលមានគ្រួសារហើយ ប្រសិនបើពួកគេបរាជ័យវិញនោះ ពួកគេនឹងត្រូវរងបន្ទុកជាច្រើន ដូចជា ការចំណាយរបស់គ្រួសារ ដែលមានប្រពន្ធ និងកូន ការចំណាយថ្លៃសិក្សាកូន ការចំណាយសព្វបែបយ៉ាងរបស់គ្រួសារ ដូចជាថ្លៃទឹកភ្លើងជាដើម។

សរុបមកវិញ បើទោះបីជាអ្នកសម្រេចចិត្តបង្កើតអាជីវកម្ម មុនពេល ឬក្រោយពេលរៀបការ វាសុទ្ធតែមានផលល្អនិងផលអាក្រក់។ ប៉ុន្តែអ្នកគួរតែជ្រើសរើសយកជម្រើសណាមួយ ដែលផ្តល់ផលល្អច្រើនសម្រាប់រូបអ្នក និងអាជីវកម្មអ្នក ជាងផលអាក្រក់។​ ឧទាហរណ៍ ប្រសិនបើអ្នកមានអាជីវកម្មមួយ ហើយអ្នកគិតថា អ្នកត្រូវការមនុស្សច្រើននៅជួយផ្តល់ជំនួយសម្រាប់អាជីវកម្មរបស់អ្នក នោះវាជាការល្អមួយ បើសិនជាអ្នកចាប់ដៃគ្នាក្រោយរៀបការ បង្កើតអាជីវកម្ម៕

Trending

Copyright © 2019 ANARCHAK