ចង់ជោគជ័យក្នុងជីវិតការងារ និងជីវិតរស់នៅ អ្នកត្រូវសម្គាល់មនុស្សប្រភេទនេះ
Connect with us

គួរដឹង

ចង់ជោគជ័យក្នុងជីវិតការងារ និងជីវិតរស់នៅ អ្នកត្រូវសម្គាល់មនុស្សប្រភេទនេះ

នៅក្នុងជីវិតការងារក្តី ជីវិតរស់នៅក្តី ការរាប់អានមនុស្សសុទ្ធតែមានឥទ្ធិពលមកលើភាពជោគជ័យ ឬបរាជ័យរបស់ការងារ ឬការរស់នៅរបស់អ្នក។ ដូច្នេះ វាជារឿងចាំបាច់បំផុត ដែលអ្នកត្រូវគិតពិចារណាឲ្យបានត្រឹមត្រូវ និងត្រូវកំណត់ដឹងពីប្រភេទមនុស្សដែលអ្នកគួររាប់អានដើម្បីភាពជោគជ័យ និងភាពស្រស់បំព្រងនៃជីវិត។ ការសម្គាល់ដឹងពីប្រភេទមនុស្សបែបនេះ អាចជួយឲ្យអ្នកអាចបត់បែនតាមស្ថានភាពនៃបុគ្គលនោះ ដោយជួយឲ្យអ្នកជៀសវាងពីការរំខានដោយប្រភេទមនុស្សទាំងនោះ។

ខាងក្រោមនេះ គឺជាប្រភេទមនុស្ស ដែលអ្នកគួរសម្គាល់ឲ្យបានច្បាស់ ប្រសិនបើអ្នកមិនចង់បរាជ័យក្នុងជីវិត និងការងារ៖

១. មនុស្សដែលទុកអ្នកគ្រាន់តែជាការកំដរ

ជាការរាប់អានមនុស្ស វាសំខាន់ណាស់ដែលយើងត្រូវផ្តល់តម្លៃឲ្យគេ ហើយគេក៏ត្រូវផ្តល់តម្លៃមកឲ្យយើងវិញដែរ ដើម្បីធ្វើឲ្យការរួមសហការគ្នាអាចដំណើរការទៅយ៉ាងរលូនបាន។ ប្រសិនបើមនុស្ស ដែលមិនផ្តល់តម្លៃដល់ដៃគូ ឬមិត្តភក្តិខ្លួនទេ ទោះបីជាមិត្តរួមការងារ ឬមិត្តភក្តិធម្មតាក្តី វានឹងធ្វើឲ្យរាំងស្ទះដល់ការងារ និងមិត្តភាពនោះ។ ការណ៍ដែលទុកមនុស្សគ្រាន់តែជាការកំដរ វាគឺជាការមិនផ្តល់តម្លៃមួយ ដល់មិត្តភក្តិម្ខាងទៀត ហើយបើនិយាយពាក្យឲ្យងាយស្តាប់គឺ ការមិនទុកបុគ្គលនោះ នៅក្នុងកែវភ្នែក។ នៅពេលដែលគេអផ្សុក ឬត្រូវការយើងកំដរ គេនឹងហៅយើង ឬរាប់អានយើង។ ប៉ុន្តែនៅពេលដែលគេមិនត្រូវការយើង គេនឹងមិននឹកនាយើងនោះឡើយ។ អ្នកក៏ត្រូវតែបត់បែន និងកំណត់ឲ្យបានច្បាស់នូវមិត្តភាពបែបកំដរនេះ ឲ្យបានច្បាស់ ឬក៏អាចកាត់ផ្តាច់មនុស្សប្រភេទនេះពីជីវិតអ្នក ដើម្បីកុំឲ្យប៉ះពាល់ដល់ការងារ ឬជីវិតឯកជនរបស់អ្នក។

២. មនុស្សដែលចាត់ទុកអ្នកជាជម្រើសចុងក្រោយបង្អស់

ជាទូទៅ នៅក្នុងចិត្តមនុស្សម្នាក់ៗ សុទ្ធតែមានការចាត់ចំណាត់ថ្នាក់នៃមនុស្ស ឬមិត្តភក្តិទៅតាមភាពសំខាន់របស់គេនីមួយៗ។ មនុស្ស ដែលសំខាន់នៅក្នុងចិត្តមនុស្សម្នាក់ នឹងត្រូវបានចំណាត់ថ្នាក់ខ្ពស់។ ប៉ុន្តែអនិច្ចាសម្រាប់អ្នកដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ចុងក្រោយបង្អស់ ដែលមានន័យថា អ្នកនឹងត្រូវបានគេនឹកឃើញ នៅពេលដែលជម្រើសខាងដើមត្រូវបានគេជម្រុះអស់។ មនុស្សដែលនៅជាជម្រើសចុងក្រោយ បានត្រឹមតែជាអ្នកកំដរគេប៉ុណ្ណោះ ហើយនោពេលដែលអ្នកត្រូវការគេវិញ គេនឹងមិនខ្វល់ពីអ្នកឡើយ។ ដូច្នេះ អ្នកគប្បីបង្កើនគុណតម្លៃសម្រាប់ខ្លួនរបស់អ្នក ដោយជម្រុះចោលមនុស្សប្រភេទនេះចេញពីជីវិត។

៣. មនុស្សដែលក្រឡុកច្រើន

មនុស្សប្រភេទនេះ ភាគច្រើន មាននៅកន្លែងធ្វើការងារ ដែលពួកគេព្យាយាមធ្វើយ៉ាងណាឲ្យមានបញ្ហាច្រើននៅក្នុងកន្លែងធ្វើការងារ។ ជាទូទៅ ពួកគេនឹងប្រើគ្រប់វិធីដើម្បីធ្វើឲ្យអ្នកឈឺក្បាលជាមួយនឹងបញ្ហាដែលពួកគេលើកឡើងមក ប្រហែលដោយសារតែពួកគេមិនចូលចិត្តអ្នក។ ដូច្នេះអ្នកគប្បីនិយាយទល់មុខជាមួយគាត់ដើម្បីដោះស្រាយបញ្ហាដែលមាននោះជាមួយគាត់ ឬអ្នកអាចផ្លាស់ប្តូរកន្លែងការងារនោះបាន ឬក៏អ្នកអាចស្នើឲ្យថ្នាក់លើគិតពិចារណាអំពីបុគ្គលនោះ។

៤. មនុស្ស ដែលច្រើនតែធ្វើឲ្យអ្នកខកបំណង

មនុស្សប្រភេទនេះ មិនថានៅក្នុងការងារ ឬជីវិតរស់នៅនោះទេ តែងធ្វើអ្វីដែលផ្ទុយពីការរំពឹងទុករបស់អ្នក។ អ្នកអាចជឿទុកចិត្តទៅលើបុគ្គលប្រភេទនេះ ប៉ុន្តែពួកគេមិនអាចធ្វើឲ្យចេញជាលទ្ធផលតាមដែលអ្នករំពឹងទុកនោះទេ។ ជាការពិត ការធ្វើឲ្យខកបំណងម្តង ឬពីរដង វាអាចជាកំហុសអចេតនារបស់ពួកគេ ប៉ុន្តែប្រសិនបើពួកគេសាងកំហុសដដែលៗ ដែលធ្វើឲ្យអ្នកខកចិត្ត វាប្រហែលមិនមែនជាកំហុស ឬការធ្វេសប្រហែសទៀតនោះទេ។ ដូច្នេះ វាជារឿងមួយល្អ ប្រសិនបើអ្នកអាចកាត់បន្ថយក្តីរំពឹងទៅលើពួកគេ ហើយព្យាយាមដកខ្លួនចេញពីពួកគេ៕

Trending

Copyright © 2019 ANARCHAK