សូមស្វែងយល់ទាំងអស់គ្នា! តើ​ទូ «ATM»​ត្រូវបាន​បង្កើតឡើង​តាំងពី​ពេលណា​?
Connect with us

គួរដឹង

សូមស្វែងយល់ទាំងអស់គ្នា! តើ​ទូ «ATM»​ត្រូវបាន​បង្កើតឡើង​តាំងពី​ពេលណា​?

​នៅក្នុង​សម័យថ្មី​នៃ​បច្ចេកវិទ្យា​ទំនើប​នេះ ការប្រើប្រាស់​លុយ​ជា​ទម្រង់​ឌីជីថល​បាន​កើន​ឡើងជា​លំដាប់ ជាមួយនឹង​ភាពងាយស្រួល លឿនរ​ហ័យ និង​ចំណាយ​កម្លាំង​មនុស្ស​តិច​ជាមុន​។ បើ​និយាយ​អំពី​ចលនា​របស់​សាច់ប្រាក់​នៅក្នុង​សង្គម​ជឿនលឿន​សព្វថ្ងៃ យើង​មិនអាច​ចាក់​ឆ្ងាយ​ចេញពី​វត្ត​មាននៃ​ទូដក និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ ដែល​មនុស្ស​ទូទៅ​ហៅថា «ATM» នោះឡើយ​។ ATM មានន័យ​ពេញ​ថា «Automated Teller Machine»​។ ចំពោះ​ម៉ាស៊ីន​ដែល​មនុស្ស​ភាគច្រើន​ប្រើប្រាស់​សឹងតែ​ជាប្រចាំ​មួយ​នេះ តើ​មាន​ប្រវត្តិ​តាំងពី​ឆ្នាំ​ណា​មក​? បង្កើតឡើង​ដោយ​អ្នកណាខ្លះ​?

គេហទំព័រ​ប្រវត្តិសាស្ត្រ history.com បាន​ពន្យល់ថា លំនាំ​នៃ​ម៉ាស៊ីន ATM ដំបូង​ត្រូវបាន​បង្កើតឡើង​ដោយ​លោក Luther Simjian ដែលជា​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​អាមេរិក​ម្នាក់​ល្បីល្បាញ​ខាង​ផ្នែក​បង្កើត​ឧបករណ៍​បច្ចេកវិទ្យា​ថ្មីៗ​ទំនើបៗ​។ ម៉ាស៊ីន​ដក​ដាក់​ប្រាក់​របស់លោក​ដំបូង​មាន​វត្តមាន​នៅក្នុង​ទីក្រុង​ញូយ៉ក នា​ឆ្នាំ​១៩៦០ ដែល​ត្រូវបាន​គេ​ហៅថា​«Bankograph»​។ ម៉ាស៊ីន​របស់លោក​មាន​ផ្ទុក​កាមេរ៉ា​តូចៗ​ដែល​អាច​ចាប់យក​រូបភាព​នៃ​សន្លឹក​លុយ​ដែលមាន​ដាក់ចូល នឹង​បញ្ចេញ​រូបភាព​នោះមក​កាន់​អតិថិជន​វិញ​ក្នុងន័យ​ជា​វិ​កិ​យ​ប័ត្រ​។ លោក​ធ្វើ​ដូច​ច្នេះ​គឺ​ក្នុងន័យ​បង្វែរ​អារម្មណ៍​របស់​ម​នុស្ស​ទូទៅ​ឲ្យ​មានការ​ទុកចិត្ត​លើ​ម៉ាស៊ីន ក្នុងការ​ប្រើប្រាស់​លុយរ​បស់​ពួកគេ​។ តែ​ម៉ាស៊ីន​ដក​ដាក់​ប្រាក់​របស់លោក Luther Simjian មិនត្រូវ​បានទទួល​ជោគជ័យ​ប៉ុន្មាន​នោះទេ​។ 

​នៅ​ចុង​ទសវត្សរ៍​ទី​៦០ ការជឿទុកចិត្ត​របស់​ប្រជាជន​ទៅកាន់​សេវាកម្ម​ស្វ័យប្រវត្តិ​ផ្សេងៗ​កាន់​តែមាន​ភាពប្រសើរ​ឡើងៗ​។ ក្នុង​ឆ្នាំ​១៩៦៧ អ្នកវិទ្យាសាស្ត្រ​ជនជាតិ​ស្កុ​តម្នាក់​ដែលមាន​ឈ្មោះថា John Shepherd Barron បាន​សហការ​ជាមួយនឹង​ធនាគារ Barclays របស់​ទីក្រុង​ឡុ​ដ៏​ក្នុងការ​ដាក់​ឲ្យ​ដំណើរការ​នៃ​ម៉ាស៊ីន ATM ។ កាលពី​ពេលនោះ​ម៉ាស៊ីន​របស់លោក​មិនទាន់​ត្រូវបាន​គេ​ប្រើប្រាស់​កាត់​ATM​ប្លា​ស្ទិ​ច​នៅឡើយ​ទេ​។ ដោយឡែក គេ​ប្រើប្រាស់​ក្រដាស​ដែល​ព្រី​ន​ចេញពី​ទឹកប៊ិច​ពិសេស ដែល​ម៉ាស៊ីន​អាច​អាន​បាន​។ 

​ចំណែកឯ​នៅក្នុង​ឆ្នាំ​១៩៦៩​វិញ លោក Donald Wetzel ដែលជា​វិទ្យាសាស្ត្រ​ជនជាតិ​អាមេរិក​បាន​បង្កើត​ម៉ាស៊ីន​ATM​ជាមួយនឹង​ការប្រើប្រាស់​កាត​ATM​ប្លា​ស្ទិ​ច​ស្រដៀង​គ្នា​នឹង​សព្វថ្ងៃ​។ កាត​ATM​នេះ​មាន​ផ្ទុក​កូន​មេដែក​ម៉ាញេ​ទិច​តូចៗ ដែល​ម៉ាស៊ីន​អាច​បកប្រែ​ទម្រង់​នៃ​មេដែក​នេះ​ឲ្យ​ទៅជា​ទិន្នន័យ​សំខាន់ៗ ដូចជា​លេខ​គណនី ចំនួន​សាច់ប្រាក់ និង​ឈ្មោះ​អ្នកប្រើប្រាស់​ជាដើម​។ នៅក្នុង​ឆ្នាំ​១៩៧០ ធនាគារ​នានា​នៅក្នុង​ប្រទេស​អាមេរិក​បាន​ផ្សព្វផ្សាយ​ម៉ាស៊ីន​ATM​នៅតាម​បណ្តាញ​វិទ្យុ និង​ទូរទស្សន៍ ក្នុងការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នកប្រើប្រាស់​ឲ្យ​កាន់តែច្រើន​។ ទូ ATM​មិនមែនជា​ការបង្កើត​ឡើង​ដោយ​មនុស្ស​ណា​ម្នាក់​នោះទេ តែ​វា​ជា​ការវិវត្ត​នៃ​គំនិត និង​ការបង្កើត​ថ្មី​របស់​មនុស្ស​ជាច្រើនរូប​។ 

​ក្នុងពេល​បច្ចុប្បន្ន ទូ ATM​ប្រមាណ​ជា​២​លាន​គ្រឿង​ត្រូវបាន​គេ​ដាក់​ឲ្យ​ប្រើប្រាស់​នៅតាម​តំបន់​នានា​ជុំវិញ​ពិភពលោក​។ ក្នុងនោះ ទូ ATM​ចំនួន​២​គ្រឿង​ក៏មាន​វត្ត​មាននៅ​ទ្វីប​អង់​តាក​ទិច​ផងដែរ ដែលជា​ទ្វីប​ដាច់ស្រយាល​ជាងគេ មាន​ទីតាំងនៅ​ខាងត្បូង​នៃ​ភពផែនដី​៕

ប្រភព៖ thmeythmey.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK