ផ្លូវដែលយុវជនមិនគួរដើរជាដាច់ខាត បើមិនចង់លំបាកពេលចាស់ទៅ
Connect with us

បែបផែនជីវិត

ផ្លូវដែលយុវជនមិនគួរដើរជាដាច់ខាត បើមិនចង់លំបាកពេលចាស់ទៅ

មនុស្សម្នាក់ៗ សុទ្ធតែធ្លាប់ឆ្លងកាត់ភាពជាយុវវ័យ ដែលពួកគេសុទ្ធតែដឹងថាតើយុវវ័យមានអារម្មណ៍ និងការគិតបែបណា។ ជាទូទៅ យុវវ័យ មិនសូវខ្វល់ពីបញ្ហាផ្សេងៗនៅក្នុងជីវិតទេ។ អ្វីដែលពួកគេព្រួយបារម្ភភាគច្រើន គឺតើពួកគេគួរធ្វើយ៉ាងណាដើម្បីឲ្យសប្បាយ។ អ្នកខ្លះថែមទាំងនិយាយថា៖ “សប្បាយទាន់ខ្លួននៅក្មេង” ដែលជាពាក្យមួយ ធ្វើឲ្យពួកគេមិនគិតអ្វីសោះឡើយ នៅក្នុងជីវិត។ ប៉ុន្តែ ពួកគេមិនដឹងឡើយថា អ្វីដែលពួកគេកំពុងតែគិត និងប្រតិបត្តិនេះ គឺជាកំហុសឆ្គង ដែលមិនអាចនឹងត្រឡប់ក្រោយបានឡើយ។

ខាងក្រោមនេះ គឺជាផ្លូវជីវិតខុសទាំង៥ ដែលយុវជនមិនគួរដើរជាដាច់ខាត បើមិនចង់មានការលំបាកនៅវ័យចំណាស់៖

១. គិតតែពីសប្បាយ

ជាទូទៅ យុវវ័យ គឺជាវ័យដែលនៅមានកម្លាំង ដែលមនុស្សគួរតែយកទៅប្រើដើម្បីក្រេបយកចំណេះ ជំនាញ និងបទពិសោធន៍ផ្សេងៗ។ ផ្ទុយមកវិញ យុវជនភាគច្រើន បានប្រើប្រាស់វ័យមួយនេះ ដើម្បីតែភាពសប្បាយរីករាយ ជាមួយមិត្តភក្តិ បនភឿន ដោយសារតែពួកគេមិនមានខ្វល់អ្វីទាល់តែសោះ។ យុវជនមួយចំនួន ថែមទាំងនិយាយថា បើនៅក្មេងមិនស្គាល់ភាពសប្បាយ ចាស់ទៅដឹងតែគ្មានពេលសប្បាយទេ។ អ្វីដែលពួកគេនិយាយនេះ គឺជាពាក្យដែលអូសទាញឲ្យយុវជនឈប់គិតខ្វល់ពីការអនាគត និងភាពជោគជ័យក្នុងជីវិត។

២. សុខភាព

យុវជនជាច្រើន អាងថាខ្លួនឯងនៅក្មេង មានកម្លាំងពលំខ្លាំង ហើយពួកគេមិនសូវខ្វល់ពីការថែរក្សាសុខភាពរ​បស់ខ្លួនឡើយ។ ពួកគេគិតថា ទាល់តែវ័យចំណាស់បន្តិច ទើបត្រូវគិតគូរពីសុខភាព ហើយគេមិនចាំបាច់គិតពីសុខភាពពេកទេ នៅវ័យក្មេង។ ការគិតបែបនេះ គឺជាការគិតខុស ដោយសារតែសុខភាពដែលបាត់បង់ហើយ យើងមិនអាចទាញយកត្រឡប់មកវិញបានទេ។ បើអ្នកគ្មានសុខភាពល្អទេ អ្នកនឹងមិនអាចធ្វើអ្វីៗបានជោគជ័យបានទេ។

៣. ព្រងើយនឹងការពង្រឹងខ្លួន

ដោយសារតែភាពសប្បាយពេក យុវ័យមិនគិតខ្វល់ពីការបន្តអភិវឌ្ឍខ្លួនឡើយ។​ ភាគច្រើន ពួកគេគិតថា ពួកគេនៅមានពេលវេលាច្រើន ដើម្បីអភិវឌ្ឍខ្លួន ក្រេបយកចំណេះ ជំនាញ។ ដូច្នេះ ពួកគេគិតតែពីសប្បាយរីករាយក្នុងពេលដែលពួកគេគួរចំណាយពេលសម្រាប់រៀនសូត្រ។

៤. ខ្ជះខ្ជាយ

ជាការពិតណាស់ មនុស្សភាគច្រើន មិនសូវចេះធ្វើផែនការហិរញ្ញវត្ថុនោះទេ បើទោះបីជារៀននៅក្នុងសាលាក៏ដោយ។ ជាទូទៅ យុវជនចេះតែចំណាយប្រាក់ ដែលពួកគេមាននៅក្នុងហោប៉ៅ ទៅតាមចំណង់របស់ពួកគេ។ ឧទាហរណ៍ ប្រសិនបើពួកគេមានប្រាក់៥០ដុល្លារ ហើយពួកគេចង់បានស្បែកជើងមួយគូ ដែលមានតម្លៃ៤០ដុល្លារ ពួកគេមិនខ្លាចនឹងចំណាយនោះទេ ដែលធ្វើឲ្យពួកគេមិនមានសល់ប្រាក់ ប្រើប្រាស់សម្រាប់មុខរបរ ឬអ្វីផ្សេង ដែលចាំបាច់នោះទេ។

៥. គ្មានគោលដៅជីវិត

ចំណុចនេះ គឺជាកំហុសធំជាងគេបំផុត ដែលយុវជនតែងបង្កើតឲ្យមាន។ ប្រហែលជាពួកគេ មិនត្រូវបានបង្រៀនឲ្យចេះបង្កើតគោលដៅជីវិត ពេលដែលពួកគេនៅសាលា ឬពួកគេមិនដឹងថាខ្លួនឯងគួរធ្វើអ្វី ឬប្រហែលមកពីពួកគេកើតនៅក្នុងគ្រួសារ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភហើយ ធ្វើឲ្យពួកគេមិនខ្វល់ពីគោលដៅជីវិតឡើយ៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK