អ្នកចិញ្ចឹមគោយកសាច់អាចមានទីផ្សារ ខណៈដែលបរទេសបង្កើនការនាំចេញសាច់គោពីកម្ពុជា
Connect with us

គួរដឹង

អ្នកចិញ្ចឹមគោយកសាច់អាចមានទីផ្សារ ខណៈដែលបរទេសបង្កើនការនាំចេញសាច់គោពីកម្ពុជា

បច្ចុប្បន្នយើងមើលឃើញថា ការចិញ្ចឹមគោយកសាច់ហាក់មានសន្ទុះនៃការចិញ្ចឹមមានការកើនឡើង ស្របពេលជាមួយគ្នានេះដែរ យើងមើលឃើញថាប្រជាកសិករដែលចិញ្ចឹមគោយកសាច់អាចនឹងមានទីផ្សារខ្ពស់ខណៈពេលដែលឈ្មួញបរទេសកំពុងបង្កើនការនាំចេញសាច់គោពីកម្ពុជា។

ជាមួយគ្នានេះកាលពីពេលថ្មីៗកន្លងទៅនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Doan Nyuyen Duc ប្រធានក្រុមហ៊ុនហ័ងអាញយៀកឡាយ អាហ្គ្រីកូ (HAGL AGRICO) និងសហការី ដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាពដែលក្រុមហ៊ុនសម្រេចបានលើផែនការវិនិយោគសម្បទានដីសេដ្ឋកិច្ចដំណាំឧស្សាហកម្ម។

ក្នុងជំនួបពិភាក្សានេះ លោក Doan Nyuyen Duc តាំងនាមឲ្យក្រុមហ៊ុនហ័ងអាញយៀកឡាយ អាហ្គ្រីកូ ដែលក្នុងនោះមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធចំនួន៥ គឺក្រុមហ៊ុនហ័ងអាញអណ្តូងមាស ក្រុមហ៊ុនហ័ងអាញលំផាត់ ក្រុមហ៊ុនស៊ីអរឌី ក្រុមហ៊ុនហេងប្រាឌឺ និងក្រុមហ៊ុនហ័ងអាញអូយ៉ាដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងអស់ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងល្អប្រសើរមកដល់ក្រុមហ៊ុន។ លោកបន្ថែមថា ការគាំទ្រនិងកិច្ចសហការនេះហើយ បានលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យបន្ត និងបង្កើនការវិនិយោគក្នុងវិស័យនេះ បើទោះបីជាក្រុមហ៊ុនបានជួបនូវបញ្ហាប្រឈមជាច្រើននាពេលកន្លងមក រហូតមកសម្រេចបានសមិទ្ធផលដ៏ធំធេងមួយនាពេលថ្មីៗនេះ គឺការសម្ពោធជាផ្លូវការនៃការនាំចេញចេកអំបូងលឿងកម្ពុជាឆ្ពោះត្រង់ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មលើផ្ទៃដី ១៨ពាន់ហ.ត ក្នុងនោះបានដំណើរការរៀបចំចំការចេកលើផ្ទៃដីជាង ៧ពាន់ហ.ត ក្នុងនោះជាង ៣ពាន់ហ.ត កំពុងប្រមូលផល ដែលបានប្រើប្រាស់ទុនវិនិយោគជាង ៤០០ លានដុល្លារ សម្រាប់រៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំដី ប្រព័ន្ធទឹក ការរៀបចំកូនដាំ ការរៀបចំរចនាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ និងឃ្លាំងស្តុកចំនួន២ ដោយរចនាសម្ព័ន្ធវេចខ្ចប់ចំនួន ៨ ដែលបានចែកចេញជា២ស្តង់ដាគឺ ចិន និងជប៉ុន។ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូលប្រើប្រាស់ពលកម្មសរុប ២០០នាក់។ ក្រុមហ៊ុនក៏មានរោងចក្រវេចខ្ចប់ចំនួន ១០ ផងដែរ ដែលមានសមត្ថភាពផលិតបាន ២៥ម៉ឺនតោនក្នុង១ឆ្នាំ។

ហើយក្នុងឆ្នាំ ២០២០នេះ ក្រុមហ៊ុននឹងបង្កើនបរិមាណផលិតកម្មចេកស្រស់ឲ្យកើនឡើងដល់ ៥០០ពាន់តោន និងបន្តជំរុញការដាំដុះ កែច្នៃ និងនាំចេញដំណាំមួយចំនួនទៀតដូចជាស្វាយ ក្រូចថ្លុង ស្រកានាគ និងខ្មុរ ដែលត្រូវការកំលាំងពលកម្មក្នុងស្រុកជាង ១៥ពាន់នាក់បន្ថែមទៀត។ ដូច្នេះ តាមរយៈឯកឧត្តមរដ្ឋមន្ត្រី លោកសូមស្នើដល់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធជួយទាកទាញកំលាំងពលកម្ម ទាំងពលករដែលបានចំណាក់ស្រុកហើយ និងពលករដែលកំពុងនៅក្នុងស្រុកមកធ្វើការនៅក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៥ ដែលកំពុងប្រទះនូវបញ្ហាកង្វះខាតពលកម្ម។ 

មួយវិញទៀត ក្រុមហ៊ុនក៏មានផែនការពង្រីកការវិនិយោគផងដែរ ដោយសំដៅទៅលើការបង្កើតកសិដ្ឋានចិញ្ចឹមគោយកសាច់ចំនួន ៥ពាន់ក្បាលដើម្បីរួមចំណែកក្នុងការជំរុញកំណើននៃការចិញ្ចឹមសត្វក្នុងស្រុក ជាពិសេសនាំចេញនាពេលអនាគត។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គ និងបញ្ហាប្រឈម រហូតដល់សម្រេចបានសមិទ្ធផលដ៏សំខាន់ៗជាច្រើន ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាប្រកបដោយចីរភាព និងនិរន្តរភាព។ ចំពោះផែនការវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រីស្វាគមន៍ និងគាំទ្រជាខ្លាំង ព្រោះថានេះគឺជាការវិនិយោគដ៏ធំមួយក្នុងអនុវិស័យផលិតកម្មសត្វដែលប្រាកដថានឹងចូលរួមជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះលោកស្នើឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្នុងការបំពេញបែបបទក្នុងការបង្កើតកសិដ្ឋានប្រកបដោយស្តង់ដារ និងអនាម័យ៕

អត្ថបទដោយ៖ សម្បត្តិ សុខឡាង

ប្រភព៖ www.business-cambodia.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK