ដើម្បី​ក្លាយជា​អវកាសយានិក តើ​អ្នក​ត្រូវមាន​លក្ខណៈសម្បត្តិ​អ្វីខ្លះ​?
Connect with us

គួរដឹង

ដើម្បី​ក្លាយជា​អវកាសយានិក តើ​អ្នក​ត្រូវមាន​លក្ខណៈសម្បត្តិ​អ្វីខ្លះ​?

​វា​អាចជា​ការងារ​មួយ​ដែល​ទាមទារ​ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍​ជ្រៅជ្រះ​ខ្លាំងណាស់ ជាមួយនឹង​ការទទួលខុសត្រូវ​យ៉ាង​សម្បើម​។ លំហ​មិនមែនជា​កន្លែង​ការងារ​សម្រាប់​មនុស្ស​សាមញ្ញ​នោះឡើយ​។ ទីនោះ​គឺជា​កន្លែង​ដែលមាន​ហានិភ័យ​ខ្ពស់ និង​ស្មុគស្មាញ​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​។ ហេតុដូចនេះ​ហើយ​ទើប​អវកាសយានិក​គឺជា​ក្រុមមនុស្ស​ដែលមាន​សមត្ថភាព​ខ្ពស់​នៅក្នុង​ផ្នែក​ជាច្រើន​នៃ​មុខវិជ្ជា​វិទ្យាសាស្ត្រ​។

​ជាធម្មតា អវកាសយានិក​មាន​អាយុ​ចាប់ពី​៣០​ឆ្នាំទៅ​៤០​ឆ្នាំ​។ ពេលខ្លះ​ពួកគេ​អាច​ចាក​ចេញពី​ការងារ​ផ្សេងៗ​ដែល​ពួកគាត់​មាន ដើម្បី​ការងារ​អវកាស​មួយ​នេះ​។ ទោះបីជា​ម៉ោង​ធ្វើការ​មាន​ចំនួន​ច្រើន ជាមួយនឹង​ការធ្វើដំណើរ​ទៅ​ទីតាំង​នានា​ជាច្រើន​មែន​ក្តី គេ​មិនអាច​ធានាថា អ្នក​ដាក់​ការងារ​មួយ​នេះ​នឹង​ត្រូវបាន​បញ្ជូនទៅ​លំហ​នោះទេ​។ 

​ដោយ​ដកស្រង់​ចេញពី​គេហទំព័រ space.com អង្គការ NASA មាន​លក្ខ​ខ​ណ្ខ​ច្បាស់លាស់​ខ្លាំងណាស់​ក្នុងការ​ជ្រើស​រើសយក​អវកាសយានិក​។ សុខភាព​រឹងមាំ និង​ចំណេះ​នានា​ក្នុងការ​ប្រើប្រាស់​យានអវកាស​។ លក្ខ​ខ​ណ្ខ​ដំបូងៗ​មានដូចជា​ការបញ្ចប់​បរិញ្ញាបត្រ​ក្នុង​វិស័យ​វិស្វកម្ម វិស័យ​ជីវសាស្ត្រ វិទ្យាសាស្ត្រ​រូប វិទ្យាសាស្ត្រ​កុំព្យូទ័រ ឬ​គណិតវិទ្យា​ជាដើម បូករួម​ទាំង​រយៈពេល​ជាង​១០០០​ម៉ោង​ក្នុង​ការបើកបរ​យន្តហោះ​ល្បឿន​លឿន​។ 

​អ្នកចូលរួម​ក៏ត្រូវ​ប្រលង​វិញ្ញាសារ ដែល​ពិនិត្យ​អំពី​សុខភាព​ខ្លួនប្រាណ​នៃ​ក្រុម​អវកាសយានិក​ផងដែរ​។ ថែម​ពីនេះ​ទៅទៀត ជំនាញ​ក្នុងការ​ហែល​ក្រោម​ទឹក ជំនាញ​ក្នុង​ការរស់នៅ​ក្នុងព្រៃ ជំនាញ​ក្នុង​ការដឹកនាំ និង​ភាសាបរទេស ជាពិសេស​ភាសា​រុស្សី​។ 

​ជាទូទៅ​មនុស្ស​ជាច្រើន​បានឃើញ​យានអវកាស​យានិក​នៅពេល​ដែល​ពួកគេ​បំពេញការងារ​ក្នុងពេល​បេសកកម្ម​ប៉ុណ្ណោះ​។ ប៉ុន្តែ​បេសកកម្ម​គឺជា​ពេលវេលា​មួយ​ខ្លី​សម្រាប់​ពួកគេ​ទៅវិញ​ទេ ពួកគេ​ត្រូវ​ទាមទារ​ឲ្យ​មានការ​ហាត់រៀន​ជាច្រើន​ម៉ោង ច្រើន​ថ្ងៃ មុនពេល​ចេញទៅ​បំពេញបេសកកម្ម​ដែល​យើង​ឃើញ​ក្នុង​វី​ឌី​អូ​ទាំងនោះ​។ ដំបូង គេ​ត្រូវ​ទទួល​ការបង្រៀន​រយៈពេល​ពីរ​ឆ្នាំ​នៃ​ចំណេះ​ទូទៅ​ផ្នែក​អវកាស​វិទ្យា បច្ចេកទេស ភាសា មុននឹង​ក្លាយទៅជា​ជំនួយការ​ពិសេស​នានា​នៅក្នុង​ស្ថាប័ន​អវកាស​ទាំងនោះ​។ 

​បន្ទាប់មក គេ​នឹង​ត្រូវបាន​បង្ហាត់​អំពី​ការដើរ​ក្នុង​លំហ រៀន​អំពី​គ្រឿងយន្ត​ស្វ័យប្រវត្តិ បើក​យន្តហោះ និង​ការគ្រប់គ្រង​ស្ថានីយ​អវកាស​អន្តរជាតិ​។ ក្រៅពីនេះ ពួកគេ​ត្រូវ​ចេះ​រៀន​រស់នៅ​ជាមួយនឹង​ក្រុម​អ្នក​អវកាសយានិក​ជាច្រើន​អ្នកផ្សេងៗ​ទៀត ដែល​មកពី​ប្រទេស​ខុសៗ​គ្នា និង​វប្បធម៌​ខុសៗ​គ្នា​នៅក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ​។ ក្នុងពេលខ្លះ ជាមួយនឹង​អ្នកដាក់ពាក្យ​ជិត​២​ម៉ឺន​នាក់ មាន​តិចជាង​១០​នាក់​ប៉ុណ្ណោះ​ដែល​អាច​ជាប់​ក្លាយជា​អវកាសយានិក​បាន​៕

ប្រភព៖ thmeythmey.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK