គួរឱ្យគោរពណាស់! ចាស់​ព្រឹទ្ធិ​ចា​រ្យ​បងប្អូន​ដែល​លះបង់​ពេលវេលា​ជិត​៣០​ឆ្នាំ ​ក្នុង​ការជួយ​ជួសជុល​ប្រាសាទ​ឥដ្ឋ
Connect with us

ពួកគេជានរណា

គួរឱ្យគោរពណាស់! ចាស់​ព្រឹទ្ធិ​ចា​រ្យ​បងប្អូន​ដែល​លះបង់​ពេលវេលា​ជិត​៣០​ឆ្នាំ ​ក្នុង​ការជួយ​ជួសជុល​ប្រាសាទ​ឥដ្ឋ

សៀមរាប​៖ អស់​រយៈពេល​ជិត​៣០​ឆ្នាំ​មកហើយ ដែល​លោកតា ស៊ឹម អៃ និង​លោកតា ស៊ឹម អឿ​ម បាន​ចូលរួម​បំពេញការងារ​ជួសជុល​ប្រាសាទ​ឥដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ ច្រើន​ឆ្នាំ​មកនេះ ចាស់​ព្រឹទ្ធិ​ចា​រ្យ​ទាំងពីរ​បាន​ជួយ​ជួសជុល​ប្រាសាទ​ច្រើន​កន្លែង ពិសេស​ក្រុម​ប្រាសាទ​ឥដ្ឋ​ដែល​លោកតា​ចេះ​ជំនាញ​នេះ​ពី​អ្នកជំនាញ​ការបរទេស​តាំងពី​ឆ្នាំ ១៩៩៣​មក​។ ការជួសជុល​ប្រាសាទ​ឥដ្ឋ​មិនមែនជា​រឿង​ងាយស្រួល​ទេ ហើយក៏​មិនសូវមាន​អ្នកចេះ​ដែរ​។ សម្រាប់​លោកតា ដ្បិតថា​វា​មានការ​លំបាក នឿយហត់ រួម​និង​ប្រាក់​ថ្ងៃ​មិនសូវ​បាន​ច្រើន តែដោយសារ​ក្ដី​ស្រឡាញ់ ស្ដាយ និង​ចង់​អភិរក្ស​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​យល់ថា​វត្តមាន​ប្រាសាទ​នេះហើយ ទើប​ទាក់ទាញ​ទេសចរ​មក​កម្ពុ​ជាច្រើន​លាន​នាក់​ក្នុង​មួយឆ្នាំៗ ទើប​លោកតា​ប្ដេជ្ញា​មិន​បោះបង់​ការងារ​នេះឡើយ​។ ចាស់​ព្រឹទ្ធិ​ចា​រ្យ​អ្នកជំនាញ​ជួសជុល​ប្រាសាទ​ឥដ្ឋ​ប្រាប់ថា នេះ​ជា​អ្វី​ដែ​លោកតា​អាចជួយ​ប្រទេសជាតិ​បាន ជំនួស​ឱ្យ​ការ​កាន់​អាវុធ​ដើម្បី​ការពារ​ប្រទេសជាតិ​។​

លោកតា ស៊ឹម អឿម (ឆ្វេង) លោកតា ស៊ឹម អៃ (ស្ដាំ) អង្គុយនៅជណ្ដើរជ្រុងខាងត្បូងនៃប្រាសាទបាគង ថ្ងៃទី២១ មករា ឆ្នាំ២០២០

​ឆ្នាំនេះ លោកតា អៃ ដែលជា​បង​មាន​អាយុ​៧៥​ឆ្នាំ រីឯ​លោកតា អឿ​ម ជា​ប្អូន​អាយុ​៦៧​ឆ្នាំ​។ ទោះ​រាងកាយ​ចាស់​ក៏ពិតមែន តែ​លោក​ទាំងពីរ​នៅតែមាន​កម្លាំង​សម្រាប់​កិច្ចការ​អភិរក្ស​ប្រាសាទ​។ លោក​ទាំងពីរ​ប្រាប់ថា មានការ​សោកស្ដាយ អាណិត​ប្រាង្គ​ប្រាសាទខ្មែរ​ដែលមាន​ចំនួន​ច្រើនសន្ធឹក និង​រង​ការខូចខាត​ច្រើន​ដែល​ត្រូវការ​ការជួសជុល​ឡើងវិញ​។ លោកតា​ថា អ្វីដែល​លោក​កំពុង​ធ្វើ​រាល់ថ្ងៃនេះ គឺ​ដោយសារ​ចិត្ត​នឹក​ស្ដាយ និង​ចង់​ជួសជុល​ប្រាសាទ​ទាំងនោះ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានឃើញ ពិសេស​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ទាំងមូល​។​

​ជាមួយគ្នា​នោះ លោកតា​ក៏​បារម្ភ​ពី​ចំនួន​កម្មករ​ដែល​ចេះ​ជួសជុល​ប្រាសាទ​ឥដ្ឋ ថា​នៅមាន​ចំនួន​តិច​។ លោកតា​ចង់ឱ្យ​រាជរដ្ឋាភិបាល​លើកទឹកចិត្ត​ដល់​អ្នកជំនាញការ​ឬ​កម្មករ​ជួសជុល​ប្រាសាទ​ទាំងអស់ ដូចជា​ផ្តល់​ប្រាក់ខែ​សមរម្យ ព្រោះថា​ពួកគេ​ជា​មនុស្ស​សំខាន់​ក្នុងការ​អភិរក្ស និង​ជួសជុល​ប្រាសាទបុរាណ​ខ្មែរ​ឱ្យមាន​ព្រលឹង​ឡើងវិញ​៕

ប្រភព៖ thmeythmey.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK