អ្នកនៅផ្ទះជួល បើចេះក្បួនចាយលុយ៧យ៉ាងនេះ មិនយូរទេមានលុយទិញផ្ទះបាននៅ
Connect with us

គួរដឹង

អ្នកនៅផ្ទះជួល បើចេះក្បួនចាយលុយ៧យ៉ាងនេះ មិនយូរទេមានលុយទិញផ្ទះបាននៅ

មាន​ផ្ទះ​សមរម្យ​រស់​នៅ​ផ្ទាល់​ខ្លួន ដោយ​មិន​មែន​នៅ​ផ្ទះ​ជួល គឺ​ជា​គោលដៅ​សំខាន់​បំផុត​ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ។ ដូច្នេះ​ប្រសិន​បើ​កំពុង​នៅ​ផ្ទះ​ជួល​នៅ​ឡើយ តើ​គួរ​ធ្វើ​ដូច​ម្ដេច​ទើប​ឆាប់​មាន​លទ្ធភាព ទិញ​ផ្ទះ​ស្នាក់​នៅ? ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក​ពី​បទ​ពិសោធន៍​ល្អៗ ពី​អ្នក​ធ្លាប់​ឆ្លង​កាត់​ការ​រស់​នៅ​ផ្ទះ​ជួល​រហូត​មាន​លទ្ធភាព​អាច​ទិញ​ផ្ទះ​រស់​នៅ​បាន៖

១. មិន​បាច់​សង្វាត​ផ្ទះ​ធំ​តម្លៃ​ថ្លៃ​ពេក​ទេ

ប្រសិន​បើ​ត្រឹម​ជួល​ផ្ទះ​ស្នាក់​នៅ មិន​ចាំបាច់​សង្វាត​ផ្ទះ​ធំ និង​តម្លៃ​ថ្លៃ​ពេក​នោះ​ទេ។ ច​រកបន្ទប់​ស្នាក់​នៅ​តូច​មួយ​តម្លៃ​ត្រឹម ៤០​ដុល្លារ ឫ​៥០​ដុល្លារ បាន​ហើយ​ទោះ​អាច​នៅ​ឆ្ងាយ​បន្តិច ប៉ុន្តែ​អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ស្នាក់​នៅ​ច្រើន។ ដូច្នេះ​លុយ​ដែល​សល់​ពី​ការ​បង់​ថ្លៃ​ស្នាក់​នៅ​អាច​ទុក​សន្សំ​ទោះ​តិច ឬ​ច្រើន​ក្ដី។

អ្នក​ខ្លះ​ខំ​ធ្វើ​ការ​រក​លុយ​យ៉ាង​លំបាក តែ​ត្រូវ​មក​ចំណាយ​ថ្លៃ​ផ្ទះ​អស់​ច្រើន​ទៅ​វិញ។ វិធីសាស្ត្រ​ល្អ មួយ​ទៀត​គឺ​អាច​ស្នាក់​នៅ​ជាមួយ​មិត្ត​ភក្ដិ និង​អ្នក​ណា​ដែល​ទុក​ចិត្ត​បំផុត ដើម្បី​រំលែក​ការ​ចំណាយ។ ប្រសិន​បើ​បន្ទប់​មួយ​តម្លៃ ៦០​ដុល្លារ​នៅ​គ្នា ២​នាក់ គឺ​ត្រូវ​អស់​តែ​ ៣០​ដុល្លារ​ទេ។​

២. កុំ​ចំណាយ​ដោយ​ប្រើ​អារម្មណ៍ តែ​ត្រូវ​មើល​ពី​តម្រូវការ

វិធី​សាស្ត្រ​ក្នុង​ការ​សន្សំ​មួយ​ទៀត​នោះ គឺ​កុំ​ចំណាយ​ទៅ​តាម​អារម្មណ៍​ចង់​បាន គឺ​ត្រូវ​មើល​ទៅ​លើ​តម្រូវ​ការ​ជាក់​ស្ដែង។  នៅ​ពេល​ដែល​មនុស្ស​មាន​លុយ​ច្រើន ប្រទះ​ឃើញ​អ្វី​មួយ​ដែល​ខ្លួន​ស្រឡាញ់ គឺ​មិន​គិត​ច្រើន​នោះ​ទេ ទោះ​បី​របស់​នោះ​មិន​មែន​ជា​តម្រូវ​ការ​ចាំបាច់​ក៏​ដោយ។ ដូច្នេះ​ហើយ ប្រសិន​បើ​ចាយ​លុយ​ទៅ​តាម​អារម្មណ៍ គឺ​គ្មាន​ថ្ងៃ​សល់​នោះ​ទេ ទោះ​រក​បាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ។ ម្យ៉ាង​វិញ​ទៀត​ បើ​នៅ​បន្ទប់​ជួល​បែប​នេះ​ផង កាន់​តែ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ចំណាយ ត្រូវ​ចំណាយ​ដោយ​ការ​វិភាគ និង​គិត​ឱ្យ​បាន​ល្អិត​ល្អន់។

៣. សន្សំ​លុយ​តាម​កម្រិត​ប្រាក់​ខែ​ពី​តិច​ទៅ​ច្រើន

គន្លឹះ​សំខាន់​បំផុត ដើម្បី​ឆាប់​មាន​លុយ​ទិញ​ផ្ទះ គឺ​កើត​ចេញ​ពី​ការ​សន្សំ​តាំង​ពី​ប្រាក់​ខែ​តិច​ស្ដួចស្ដើង​នេះ​ហើយ។ ចំណុច​នេះ​គឺ​មាន​ន័យ​ថា ត្រូវ​ដក​លុយ​ប្រាក់​ខែ​ទុក​សន្សំ​រៀង​រាល់​ខែ បើ​ប្រាក់​ខែ​តិច ត្រូវ​សន្សំ​ច្រើន​ជាង​ចំណាយ ហើយ​ប្រាក់​ខែ​ច្រើន​ហើយ ក៏​នៅ​តែ​ចាយ​តិច​សន្សំ​ច្រើន​ដដែល។

ឧទាហរណ៍​ថា ប្រសិន​បើ​ប្រាក់​ខែ ១០០​ដុល្លារ​ គួរ​ចាយ ៥០​ដុល្លារ​ ហើយ​ប្រាក់​ខែ​កើន​ដល់ ១៥០​ដុល្លារ​នៅ​តែ​ចាយ ៥០​ដុល្លារ​ដដែល។ ដូច្នេះ​ប្រាក់​ខែ​កាន់​តែ​ច្រើន អាច​សន្សំ​កាន់​តែ​ច្រើន ចំណែក​ឯ​ការ​ចំណាយ​នៅ​ដដែល​មិន​មែន លុយ​តិច​ចាយ​តិច ហើយ​នៅ​ពេល​មាន​លុយ​ច្រើន​ចាយ​ច្រើន​នោះ​ទេ។

៤. កត់ត្រា​ការ​ចំណាយ​ប្រចាំ​ថ្ងៃ និង​ដាក់​កំហិត​ខ្លួន​ឯង

ដើម្បី​អាច​សន្សំ​លុយ​បាន​ច្រើន លុះ​ត្រា​តែ កំណត់​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ឱ្យ​បាន​ច្បាស់​លាស់ និង​រៀន​ដាក់​កំហិត​ខ្លួន​ឯង​ខ្លះ តែ​មិន​មែន​រហូត​ដល់​ថ្នាក់​ដាច់​បាយ​នោះ​ទេ។ ចំណុច​សំដៅ​ថា ត្រូវ​កត់ត្រា​ការ​ចំណាយ​គ្រប់​ពេល​ថា ថ្ងៃ​នេះ​ទិញ​អ្វី​ខ្លះ​ អស់​ប៉ុន្មាន? តើ​ការ​ចំណាយ​នោះ​អាច​លើស​ពី​ការ​កំណត់​ឫ​ទេ? ប្រសិន​បើ​លើស​មក​ពី​មូល​ហេតុ​អ្វី​?

ត្រូវ​កំណត់​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ថា ក្នុង​១​ថ្ងៃ​ត្រូវ​ចាយ​ប៉ុន្មាន? ១៥ ០០០​រៀល ឫ​២០ ០០០​រៀល?   ការ​ដាក់​កំហិត​ខ្លួន​ឯង ដើម្បី​សល់​លុយ រស់​នៅ​ស្រួល​ទៅ​ថ្ងៃ​ក្រោយ មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ តែ​ក៏​មិន​ត្រូវ​ឱ្យ​ខ្លួន​ឯង​អត់​ឃ្លាន​ដែរ។

៥. លុប​បំបាត់​ការ​ចំណាយ​មិន​សូវ​បាន​ប្រយោជន៍​ទាំង​អស់

វិធី​សាស្ត្រ​ដ៏​ល្អ​មួយ​ទៀត​សម្រាប់​អ្នក​ជួល​បន្ទប់​ស្នាក់​នៅ គឺ​មិន​គួរ​ចំណាយ​ណា​មិន​សូវ​បាន​ប្រយោជន៍​ទេ ដូច​ជា ដាក់​ម៉ាស៊ីន​ត្រជាក់ ទិញ​របស់​ទ្រព្យ​ដាក់​ផ្ទះ តុប​តែង​ច្រើន។ល។ ការ​ចំណាយ​ទាំង​នេះ​គ្រាន់​តែ​ល្អ​ភ្នែក​ តែ​មិន​ចំណេញ​អ្វី​ទេ គ្រាន់​តែ​រៀប​ចំ​ឱ្យ​មាន​របៀប​រៀបរយ​ទៅ​បាន​ហើយ ត្រូវ​ទុក​លុយ ពី​ការ​ចំណាយ​ទាំង​នោះ ទៅ​បើក​កុង​ធនាគារ ឫ​ទិញ​កូន​ជ្រូក​សន្សំ​វិញ។ 

៦. កុំ​ទុក​ពេល​វេលា​ទំនេរ​ច្រើន​ពេក

ជួប​ជាមួយ​យុវជន​ពូកែ​តស៊ូ និង​សន្សំ វណ្ណ វណ្ណៈ ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ បាន​ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ថា មុន​នឹង​អាច​ឈាន​ដល់​ទិញ​ផ្ទះ​បង់​រំលស់​នេះ​ គឺការធ្វើ​ការ​គ្មាន​ពេល​ទំនេរ​នេះ​ហើយ។ យុវជន​រូប​នេះ​ប្រាប់​ថា ប្រសិន​បើ​មាន​ឱកាស​ហើយ​ការងារ​អ្វី​ក៏​ធ្វើ​ទៅ មិន​ថា​បាន​លុយ​តិច​ លុយ​ច្រើន យក​មក​ផ្សំ​គ្នា​ទៅ យ៉ាង​ហោច​ណាស់​ក្នុង​១​ខែ​ក៏​អាច​រក​បាន​ជិត ១០០០​ដុល្លារ​ដែរ។

ជាក់​ស្ដែង​រូប​លោក​ធ្វើ​ការ​ដល់​ទៅ​២​កន្លែង ១​ធ្វើ​ពេល​ថ្ងៃ និង​១​កន្លែង​ទៀត​ឆ្លៀត​ធ្វើ​ពេល​យប់ ទោះ​អាច​ហត់​បន្តិច តែ​សល់​លុយ​សន្សំ​មួយ​ខែ​បាន ៥០០​ដុល្លារ​ដែរ រហូត​អាច​មាន​លទ្ធភាព​សន្សំ​លុយ​ទុក​កក់​ផ្ទះ ហើយ​ឈប់​នៅ​ផ្ទះ​ជួល​ត​ទៅ​ទៀត។

៧. ប្រើ​វិធីសាស្ត្រ​រំលស់​ដោយ​វិភាគ​ពី​ចំណូល

យុវជន​ វណ្ណ វណ្ណៈ ដដែល​លើក​ឡើង​ចំណុច​ចុង​ក្រោយ​ថា ក្រោយ​ពេល​សន្សំ​ដោយ​ដាក់​ផែន​ការ និង​កាល​កំណត់​ច្បាស់​លាស់​រួច​មក រូប​គេ​​អាច​មាន​លទ្ធភាព​ដើម្បី​ទិញ​ផ្ទះ​បង់​រំលស់​បាន ដោយ​វិភាគ​ទៅ​លើ​ប្រាក់​ចំណូល​របស់​ខ្លួន និង​ដក​ការ​ចំណាយ​ចាំ​បាច់​ឱ្យ​អស់។ យ៉ាង​ណា​ក្ដី យុវជន​ខាង​លើ​និយាយ​ថា មុន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​ណា​មួយ​ត្រូវ​សិក្សា ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់ ប្រយ័ត្ន​ទិញ​ចំ​ផ្ទះ​មាន​តែ​ប្លង់។ ម្យ៉ាង​វិញ​ទៀត​ក៏​ត្រូវ​មាន​គ្រួសារ​នៅ​ពី​ក្រោយ​ដែរ ប្រសិន​បើ​មាន​បញ្ហា​លុយ​កាក់​​ខ្វះ​ខាត​អី​គួរ​ពឹង​អ្នក​ផ្ទះ​ខ្លះ បើ​ម្នាក់​ឯង​សុទ្ធ​ក៏​រត់​មិន​រួច​ដែរ៕

អត្ថបទដោយ៖ ថោ ច័ន្ទឬទ្ធិ

ប្រភព៖news.sabay.com.kh

មតិយោបល់

Trending

Copyright © 2019 ANARCHAK